លោកអ្នកដែលតែងតែនោមច្រើនលើសពីធម្មតាដោយមានទៅដល់៣លីត្រ ឬ៨លីត្រនៅក្នុង២៤ម៉ោង នេះគឺជាបញ្ហាសម្រាប់លោកអ្នក។ ប្រសិនបើមានបញ្ហានេះកើតឡើង សូមលោកអ្នកនាងកញ្ញាគិតទៅដល់បញ្ហាជម្ងឺទឹកនោមសាប។ ជម្ងឺទឹកនោមសាបគឺជាជម្ងឺកម្រមួយ ហើយវាក៏មិនមែនជាជម្ងឺដែលធ្ងន់ធ្ងរនោះដែរ។
ទស្សនាវដ្ដី សុខភាពយើង ជួបសម្ភាសផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជម្ងឺទឹកនោមផ្អែម ក្រពេញ និងជម្ងឺទូទៅនៃមន្ទីរពេទ្យកាល់ម៉ែត និងមជ្ឈមណ្ឌលវេជ្ជសាស្ដ្រអ៊ិលស៊ីស៊ី នឹងពន្យល់អំពីជម្ងឺទឹកនោមសាប ដើម្បីឱ្យលោកអ្នកបានយល់ និងជ្រាបកាន់តែច្បាស់អំពីបញ្ហានេះ។
ជម្ងឺទឹកនោមសាប
ជម្ងឺទឹកនោមសាបគឺជាជម្ងឺមួយដែលស្ដែងចេញជាអាការ ដូចជានោមច្រើនលើសពី៣លីត្រក្នុង២៤ម៉ោង ហើយពេលខ្លះអាចមានទៅដល់៨ទៅ១០លីត្រ។ ជាធម្មតានៅពេលដែលលោកអ្នកទទួលទានទឹកច្រើន នោះលោកអ្នកនឹងបត់ជើងតូចច្រើនទៅតាមនោះដែរ។ ជម្ងឺទឹកនោមសាបនេះមិនទាក់ទងទៅនឹងបរិមាណទឹកដែលលោកអ្នកទទួលទាននោះទេ បើទោះបីជាលោកអ្នកមិនទទួលទានទឹកក្ដីក៏ទឹកនោមនៅតែច្រើនដែរ។
មូលហេតុដែលបណ្ដាលឱ្យកើតមានជម្ងឺទឹកនោមសាប
មូលហេតុដែលបណ្ដាលឱ្យកើតមានជម្ងឺទឹកនោមសាបរួមមាន ៖
1 . ក្រពេញអីប៉ូហ្វីសនៅក្នុងខួរក្បាលបញ្ចេញអ័ម៉ូនទប់កុំឱ្យមានទឹកនោមច្រើនខ្វះ
2 . តម្រងនោមមិនស្ដាប់បញ្ជា របស់អ័រម៉ូនដែលទប់កុំឱ្យមានទឹកនោមច្រើន
3 . ខូចក្រពេញអ៊ីប៉ូតាឡាមុសនៅក្នុងខួរក្បាល ដែលជាកន្លែងគ្រប់គ្រងត្រួតពិនិត្យការស្រេកទឹក។ ពេលនោះទោះបីជាមានអ័រម៉ូនទប់កុំឱ្យមានទឹកនោមច្រើនក៏អ្នកជម្ងឺនៅតែនោមច្រើនដែរ ព្រោះលោកអ្នកស្រេកទឹករហូតដែលធ្វើឱ្យលោកអ្នកទទួលទានទឹករហូត។ ករណីនេះក៏មិនខុសអំពីអ្នកដែលមានរោគចិត្ដ ដែលចូលចិត្ដទទួលទានទឹកច្រើន ព្រោះអ្នកមានរោគចិត្ដមិនមានខូចក្រពេញឬប្រព័ន្ធត្រួតពិនិត្យការស្រេកទឹកក្នុងខ្លួននោះទេ។
4 . អ័រម៉ូនដែលទប់កុំឱ្យមានទឹកនោមច្រើនត្រូវបានកម្ទេចចោល ដូចជាក្នុងករណីស្ដ្រីមានផ្ទៃពោះខ្លះ។
រោគសញ្ញាជម្ងឺទឹកនោមសាប
ជាទូទៅជម្ងឺទឹកនោមសាបនេះបណ្ដាលឱ្យមានរោគសញ្ញាភ្លាមៗ ហើយអាការទាំងនេះរួមមាន ៖
1 . នោមច្រើន(អាចដល់៨ទៅ១០លីត្រក្នុងមួយថ្ងៃ)។ ទឹកនោមឡើងពណ៌ថ្លាមិនលឿងខ្ចីដូចទឹកនោមធម្មតាទេ។ បើសិនជាយកទឹកនោមនេះទៅវិភាគមើលកំហាប់ នោះឃើញថាកំហាប់ទឹកនោមរបស់អ្នកជម្ងឺថយចុះ បើប្រៀបធៀបទៅនឹងអ្នកគ្មានជម្ងឺទឹកនោមសាប។
2 . ទទួលទានទឹកច្រើន ដោយសារបាត់បង់ទឹកច្រើន។ សារពាង្គកាយមនុស្សយើងតម្រូវឱ្យខ្លួនយើងទទួលទានទឹកឱ្យបានច្រើន ដើម្បីការពារកុំឱ្យខ្វះជាតិទឹកនៅក្នុងខ្លួន ដែលខុសអំពីការដែលនោមច្រើន ដោយសារលោកអ្នកទទួលទានទឹកច្រើន។
3 . ក្រៅពីអាការរៀបរាប់ខាងលើនេះ អ្នកជម្ងឺច្រើនតែមានអាការធម្មតា។
4 . ទោះបីជាយ៉ាងណាលោកអ្នកត្រូវតែទាត់ចោលមូលហេតុដទៃទៀត ដែលអាចបណ្ដាលឱ្យមានអាការនោមច្រើនផងដែរ ហើយក្នុងនោះមាន ៖
- ជម្ងឺទឹកនោមផ្អែម
- ការប្រើថ្នាំបញ្ចុះទឹកនោមលើសកម្រិត
- លើសជាតិកាល់ស្យូមច្រើននៅក្នុងឈាម
- ជាតិប៉ូតាស្យូមចុះច្រើនពេកក្នុងឈាម
- អ្នកជម្ងឺរោគចិត្ដដែលទម្លាប់ទទួលទានច្រើនលើសពីធម្មតា។
តើធ្វើដូចម្ដេចទើបដឹងថាមានជម្ងឺទឹកនោមសាប?
បើសិនជាលោកអ្នកមានអាការសង្ស័យ លោកអ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យ។ ជាបឋមគ្រូពេទ្យព្យាបាលពិនិត្យ និងសាកសួររកកត្ដាមួយចំនួនដែលអាចធ្វើឱ្យមានទឹកនោមច្រើន ដែលអាចច្រឡំទៅនឹងជម្ងឺទឹកនោមសាបនេះ។ ក្រៅពីនេះគ្រូពេទ្យត្រូវធ្វើតេស្ដ ៖
- តេស្ដតមទទួលទានទឹក ៖ គួរធ្វើនៅមន្ទីរពេទ្យក្រោមការតាមដាន។ បើអ្នកជម្ងឺក្រោយពីមិនទទួលទានទឹកហើយ លោកអ្នកនៅតែនោមច្រើនទៀតនោះ អាចបញ្ជាក់ថាកាលដែលលោកអ្នកនោមច្រើននេះមិនមែនមកពីការទទួលទានច្រើននោះទេ គឺលោកអ្នកអាចមានជម្ងឺទឹកនោមសាប។
- តេស្ដដោយប្រើថ្នាំ ៖ ថ្នាំឈ្មោះមីនីរ៉ាំងជាអ័រម៉ូនដែលបញ្ចេញដោយក្រពេញអ៊ីប៉ូហ្វីសនៅក្នុងខួរក្បាល ហើយវាមានតួនាទីទប់កុំឱ្យបញ្ចេញទឹកនោមច្រើនពេក។ នៅក្រោយពេលដែលទទួលទានថ្នាំនេះហើយ អ្នកជម្ងឺមិននោមមានន័យថាអ្នកជម្ងឺខ្វះអ័រម៉ូនទប់កុំឱ្យមានទឹកនោមដែលបញ្ចេញដោយអ៊ីប៉ូហ្វីស។
ផលប៉ះពាល់នៃជម្ងឺទឹកនោមសាប
ជម្ងឺនេះអាចបង្កឱ្យមានគ្រោះថ្នាក់ បើសិនជាអ្នកជម្ងឺមិនបានទទួលការព្យាបាលឱ្យបានត្រឹមត្រូវទេនោះ។ ហើយកត្ដាគ្រោះថ្នាក់អាចបណ្ដាលមកពីអ្នកជម្ងឺនោមច្រើនដែលធ្វើឱ្យខ្សោះជាតិទឹកនៅក្នុងខ្លួន។
វិធីព្យាបាលជម្ងឺទឹកនោមសាប
ចំពោះវិធីព្យាបាលតម្រូវឱ្យអ្នកជម្ងឺជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសឬមានបទពិសោធន៍លើជម្ងឺទឹកនោមសាបនេះ។ ការព្យាបាលជាទូទៅគឺប្រើថ្នាំមីនីរ៉ាំង ក្នុងករណីដែលខ្វះអ័រម៉ូនទប់កុំឱ្យបញ្ចេញទឹកនោមច្រើន ដែលបញ្ចេញដោយក្រពេញអ៊ីប៉ូហ្វីស។ អ្វីដែលល្អជាងនេះ លោកអ្នកគួរតែមកពិភាក្សាជាមួយគ្រូពេទ្យទើបជាការប្រសើរ។
វិធីការពារដើម្បីកុំឱ្យកើតមានជម្ងឺទឹកនោមសាប
ពុំមានវិធីការពារណាកុំឱ្យកើតមានជម្ងឺនេះបានទេ តែទោះបីជាយ៉ាងណាក៏ដោយក៏ជម្ងឺទឹកនោមសាបនេះវាជាជម្ងឺកម្រមួយ ហើយវាមិនមែនជាជម្ងឺធ្ងន់ទេ។
ដំបូន្នានអ្នកជំនាញ
ជម្ងឺទឹកនោមសាបជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើននៃអាការនោមច្រើន។ ថ្វីបើវាជាជម្ងឺកម្រ តែបើសិនជាលោកអ្នកនាងកញ្ញាមិនបានយកចិត្ដទុកដាក់ព្យាបាលខ្លួនឱ្យបានត្រឹមត្រូវ អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០
Leave a Reply