ពាក្យថាមានបញ្ហាផ្លូវចិត្ដ ឬវិបត្ដិផ្លូវចិត្ដ គឺជាផលប៉ះពាល់មួយទៅលើផ្លូវចិត្ដរបស់បុគ្គល ដែលបុគ្គលនេះបានទទួលបញ្ហាផ្លូវចិត្ដច្រើនសព្វបែបយ៉ាងដែលមានកត្ដាសង្គមសាស្ដ្រ កត្ដាចិត្ដសាស្ដ្រ និងកត្ដាជីវសាស្ដ្រ។ ដោយឡែកចំពោះភាពពិការគឺស្ថិតនៅក្នុងផ្នែកសង្គមសាស្ដ្រ។ កាលណាបុគ្គលណាមួយមានបញ្ហាក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដូចជារឿងគ្រួសារ ភាពក្រីក្រ បូកជាមួយពិការ ភាពទាក់ទងទៅនឹងផ្នែកពិការរាងកាយ វាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងអារម្មណ៍ និងផ្លូវចិត្ដរបស់បុគ្គលនីមួយៗ។ កត្ដាទាំងនេះហើយវាជាចំណុចដែលងាយបង្កឱ្យកើតមានវិបត្ដិផ្លូវចិត្ដបំផុត។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសវិកលវិទ្យានៃគ្លីនិកសាន់រ៉ាយ ទទួលយកការបកស្រាយអំពីវិបត្ដិផ្លូវចិត្ដមនុស្សពិការដើម្បីឱ្យលោកអ្នកនាងកញ្ញាបានជ្រាបនិងយល់ឱ្យកាន់តែច្បាស់អំពីបញ្ហានេះ។
ទំនាក់ទំនងវិបត្ដិផ្លូវចិត្ដនិងមនុស្សពិការ
ជាទូទៅលោកអ្នកត្រូវយល់ដឹងថា តើផ្លូវចិត្ដបណ្ដាលមកពីមូលហេតុអ្វីខ្លះ។ បញ្ហាផ្លូវចិត្ដឬវិបត្ដិផ្លូវចិត្ដគឺជាផលប៉ះពាល់ មួយទៅលើផ្លូវចិត្ដបុគ្គលដែលបានទទួលរងនូវបញ្ហាផ្លូវចិត្ដច្រើន ដូចជាកត្ដាសង្គមសាស្ដ្រ កត្ដាចិត្ដសាស្ដ្រ និងកត្ដាជីវសាស្ដ្រ។ ជាទូទៅលោកអ្នកនាងកញ្ញាតែងតែប្រើពាក្យថា “កែវភ្នែកឬក៏រូបសម្ផស្សមានតម្លៃស្មើនឹងជីវិត”។ ចុះបើសិនជារូបសម្ផស្ស ឬក៏កាយសម្បទា ណាមួយបានបាត់បង់ទៅ តើបុគ្គលនេះមានបញ្ហាអ្វីកើតឡើងទាំងផ្នែកអារម្មណ៍និងផ្នែកផ្លូវចិត្ដនោះ គឺប្រាកដជាមានផលប៉ះពាល់ជាខ្លាំង។ ដោយឡែកជម្ងឺផ្លូវចិត្ដនិងពិការ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុត ហើយវាងាយ និងកើតមានជម្ងឺផ្លូវចិត្ដណាស់ បើសិនជាបុគ្គលប្រភេទនេះ មិនទទួលបាននូវការលើកទឹកចិត្ដ មិនទទួលបានការចូលរួមអំពីការយល់ដឹងផ្សេងៗនៅក្នុងសង្គមនោះ។ យុវជនដែលធ្វើសង្គ្រាមនៅសមរភូមិ ដែលមានបុគ្គលខ្លះជួបគ្រោះថ្នាក់ត្រូវគ្រាប់មីន ដែលធ្វើឱ្យដាច់ដៃ ដាច់ជើង និងឈានទៅដល់ពិការ បុគ្គលទាំងនោះតែងតែមានបញ្ហាផ្លូវចិត្ដ ឬជម្ងឺផ្លូវចិត្ដ។ ប៉ុន្ដែមិនមែនបុគ្គលដែលពិការទាំងអស់សុទ្ធតែអាចកើតមានបញ្ហាផ្លូវចិត្ដ
និងជម្ងឺផ្លូវចិត្ដនោះទេ។ ព្រោះបុគ្គលដែលមានភាពពិការប្រភេទខ្លះ ទទួលបានការលើកទឹកចិត្ដ មានការងារធ្វើត្រឹមត្រូវ សង្គមមិនរើសអើង បុគ្គលប្រភេទនោះមិនងាយកើតមានបញ្ហាផ្លូវចិត្ដនោះទេ។
មូលហេតុដែលបណ្ដាលឱ្យមនុស្សពិការកើតមានវិបត្ដិផ្លូវចិត្ដ
លោកអ្នកបានដឹងហើយថា ភាពពិការបណ្ដាលមកពីកត្ដាច្រើនយ៉ាង ៖
- ពិការដោយសារសង្គ្រាម ដែលបណ្ដាលឱ្យកំបុតដៃ កំបុតជើង ពិការភ្នែក ឬក៏មានស្លាកស្នាមដែលនាំឱ្យពិការភាពជាដើម។
- ពិការដោយមានការធ្វេសប្រហែសចំពោះខ្លួនឯង ដូចជាជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ដោយសង្កេតឃើញថាកើតមានច្រើន ដោយសារការបើកបរគ្មានភាពប្រុងប្រយ័ត្ន គ្មានភាពអធ្យាស្រ័យគ្នា ជាហេតុធ្វើឱ្យកើតមានភាពពិការកើតឡើង ជាពិសេសបញ្ហាគ្រាប់មីន និងបញ្ហាផ្សេងៗជាច្រើនទៀត។
- ការបរាជ័យ ឬក៏ភាពតក់ស្លុតនៅក្នុងសង្គ្រាម ដូច្នេះធ្វើឱ្យបុគ្គលប្រភេទនេះកើតមានបញ្ហាផ្លូវចិត្ដអាចក្លាយទៅជាជម្ងឺបាក់ស្បាត។
- កាលណាបុគ្គលទាំងនេះកើតមានភាពពិការហើយ ពួកគេត្រូវបានអ្នកដែលនៅជុំវិញខ្លួនមាក់ងាយ រើសអើង សង្គមមិនទទួលស្គាល់ គ្មានអ្នកផ្ដល់កម្លាំងចិត្ដ គ្មានអ្នកគាំទ្រ នោះបុគ្គលប្រភេទនេះងាយទទួលរងនូវបញ្ហាផ្លូវចិត្ដបំផុត។ លោកអ្នកនាងកញ្ញាត្រូវគិតថា បុគ្គលមួយចំនួនតូចដែលមានកាយសម្បទាគ្រប់គ្រាន់ក៏នៅតែមានវិបត្ដិផ្លូវចិត្ដ ចុះទម្រាំតែអ្នកដែលពិការ តើអាច មានបញ្ហាផ្លូវចិត្ដយ៉ាងណាដែរ? បើសិនជាពួកគេមិនទទួលបានការគាំទ្រ និងការលើកទឹកចិត្ដនោះ។ ជួនកាលអាចកើតទៅជាជម្ងឺថប់អារម្មណ៍ ជម្ងឺបាក់ស្បាត ជម្ងឺវិកលចរិត និងជម្ងឺធ្លាក់ទឹកចិត្ដផ្សេងទៀតជាច្រើនដែលមិនអាចស្មានដល់។
ផលប៉ះពាល់ចំពោះអ្នកពិការដែលមានវិបត្ដិផ្លូវចិត្ដ
បុគ្គលដែលពិការ ហើយកើតមានបញ្ហាផ្លូវចិត្ដ ឬក៏ជម្ងឺផ្លូវចិត្ដអាចទទួលរងនូវផលប៉ះពាល់ជាច្រើនដូចជា ៖
- ប៉ះពាល់ទៅលើបុគ្គលខ្លួនឯង ដែលធ្វើឱ្យសុខភាពផ្នែកផ្លូវចិត្ដមិនបានល្អ កាលណាផ្លូវចិត្ដមិនល្អអាចធ្វើឱ្យបុគ្គលប្រភេទនេះអស់សង្ឃឹម បាត់បង់ជំនឿទុកចិត្ដលើខ្លួនឯង លែងចង់បំពេញការងារ និងលែងប្រកបរបរដើម្បីចិញ្ចឹមជីវិតខ្លួនឯង និងចិញ្ចឹមគ្រួសារ។
- សង្គមមិនឱ្យតម្លៃ សង្គមមាក់ងាយ សង្គមរើសអើង នៅពេលដែលឃើញបុគ្គលពិការ ហើយមានបញ្ហាផ្លូវចិត្ដ។ ដូចនេះធ្វើឱ្យបុគ្គលប្រភេទនេះមិនមានទឹកចិត្ដធ្វើការងារ ព្រោះថាមានបុគ្គលមួយចំនួនដែលពិការហើយចង់ធ្វើការងារ ប៉ុន្ដែសង្គមរើសអើង សង្គមមិនឱ្យតម្លៃ។ នេះគឺជាផលប៉ះពាល់របស់ជនពិការ ធ្វើឱ្យកើតមានបញ្ហាទាំងបញ្ហាសេដ្ឋកិច្ច បញ្ហាគ្រួសារ និងបញ្ហាដែលទាក់ទងទៅនឹងសង្គមផងដែរ។
- ធ្វើឱ្យប៉ះពាល់ដល់សង្គម ព្រោះសង្គម ឬប្រទេសនីមួយៗត្រូវការមនុស្សដែលមានសុខភាពល្អ មានកាយសម្បទាគ្រប់គ្រាន់ មានចំណេះដឹងខ្ពស់ដើម្បីកសាងប្រទេសទាំងមូលឱ្យរីកចម្រើន ចុះបើប្រទេសមួយដែលពោរពេញទៅដោយជនពិការ តើប្រទេសនេះអាចជឿនលឿនដែរឬអត់?
- ទាក់ទងទៅនឹងផ្លូវច្បាប់អំពើហិង្សានៅក្នុងសង្គម ជាធម្មតាបុគ្គលដែលពិការភាពមួយចំនួនអាចឈានទៅរកការសេពគ្រឿងស្រវឹង ឈានទៅប្រើប្រាស់គ្រឿងញៀន ដោយសារតូចចិត្ដខ្លួនឯង អស់ង្ឃឹម មិនសប្បាយចិត្ដ ឈឺចាប់ដោយសារពិការភាព ដោយយកគ្រឿងស្រវឹង និងគ្រឿងញៀន ដើម្បីបំបាត់ភាពឈឺចាប់ផ្លូវចិត្ដ។ កាលណាបុគ្គលប្រភេទនេះឈានទៅដល់ការប្រើប្រាស់គ្រឿងញៀនទាំងនេះហើយ អាចឈានទៅដល់ការប្រើប្រាស់អំពើហិង្សានៅក្នុងគ្រួសារ និងនៅក្នុងសង្គមជាដើម។
វិធីព្យាបាលអ្នកពិការដែលមានវិបត្ដិផ្លូវចិត្ដ
របៀបនៃការព្យាបាលជម្ងឺផ្លូវចិត្ដគឺមានច្រើនយ៉ាង ប៉ុន្ដែអាស្រ័យទៅលើការវិភាគរបស់គ្រូពេទ្យ។ មុននឹងចាត់ទុកថា បុគ្គលប្រភេទនេះកើតមានបញ្ហាផ្លូវចិត្ដ ដូចដែលបានរៀបរាប់ខាងលើមកហើយ មិនមែនមានន័យអ្នកពិការទាំងអស់អាចកើតមានវិបត្ដិផ្លូវចិត្ដនោះទេ។ បុគ្គលខ្លះមានពិការភាពមែន ប៉ុន្ដែពួកគេចេះជួយខ្លួនឯង និងគ្រួសារ ចេះលើកទឹកចិត្ដ សង្គមចេះឱ្យតម្លៃ ធ្វើឱ្យបុគ្គលប្រភេទនេះមិនមានបញ្ហាផ្លូវចិត្ដនោះទេ។ សម្រាប់បុគ្គលពិការភាព ដែលកើតមានបញ្ហាផ្លូវចិត្ដ តើត្រូវព្យាបាលដូចម្ដេច?
- នៅពេលដែលបុគ្គលមានលក្ខណៈពិការភាពស្រាល សំខាន់បុគ្គលខ្លួនឯងត្រូវចេះជួយខ្លួនឯង ត្រូវចេះលួងលោម ចេះផ្ដល់កម្លាំងចិត្ដលើខ្លួនឯង ដើម្បីខ្លួនឯងស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្ដល្អ។ ជួនកាលមានអ្នកជិតខាងមួយចំនួនរើសអើង បុគ្គលប្រភេទនេះត្រូវតែចេះលើកទឹកចិត្ដខ្លួនឯង ដើម្បីកុំឱ្យខ្លួនឯងមានបញ្ហាផ្លូវចិត្ដធ្ងន់ធ្ងរ។
- ក្រុមគ្រួសារគឺជាចំណែកសំខាន់បំផុតនៅក្នុងការជួយលើកទឹកចិត្ដ និងគាំទ្រ ត្រូវចេះឱ្យតម្លៃ ជាពិសេសអ្នកដែលជិតស្និទ្ធ ជាមួយគាត់ដូចជាប្ដីប្រពន្ធ។
- សង្គមក៏មិនត្រូវរើសអើងដែរ សង្គមគឺត្រូវគាំទ្រលើកទឹកចិត្ដ ផ្ដល់ឱកាសឱ្យបុគ្គលដែលពិការភាពធ្វើការងារបាន ត្រូវជួយលើកកម្ពស់ជីវភាព លើកកម្ពស់ស្មារតី ឬក៏ផ្លូវចិត្ដទៅដល់អ្នកពិការភាពដូចជាជួយឱ្យមានការងារល្អៗធ្វើជាដើម។
- ត្រូវផ្ដល់ឱកាសឱ្យពួកគេបានចូលរួមនៅក្នុងសង្គម បង្កើតកម្មវិធីកីឡា ការប្រឡងចម្រៀង និងការចូលរួមកម្មវិធីផ្សេងៗជាច្រើនទៀត។
- រីឯការព្យាបាលតាមបែបអ្នកជំនាញ បើសិនជាអ្នកជំនាញបានវិភាគឃើញថាបុគ្គលប្រភេទនេះអាចកើតមានបញ្ហាផ្លូវចិត្ដ ឬជម្ងឺផ្លូវចិត្ដ អ្នកជំនាញធ្វើកាព្យាបាលដោយថ្នាំ និងព្យាបាលដោយចិត្ដសង្គម ព្យាបាលតាមបែបប្រឹក្សា ឬក៏ព្យាបាលតាមបែបចិត្ដសាស្ដ្រនេះ គឺជារបៀបនៃការព្យាបាលបែបអ្នកជំនាញ។
វិធីការពារដើម្បីកុំឱ្យអ្នកពិការកើតមានវិបត្ដិផ្លូវចិត្ដ
នេះគឺជាវិធីល្អបំផុតសម្រាប់លោកអ្នកដែលជាឪពុកម្ដាយ បងប្អូន ប្ដីប្រពន្ធ ឬមិត្ដភក្ដិ ត្រូវតែមានការគាំទ្រផ្លូវចិត្ដចំពោះបុគ្គលដែលពិកាដើម្បីការពារកុំឱ្យកើតមានជម្ងឺផ្លូវចិត្ដ។ សង្គមគ្រួសារនិងសហគម គួរតែឱ្យបុគ្គលនេះចូលរួមបញ្ចេញមតិយោបល់ ចូលរួមនៅក្នុងកម្មវិធីផ្សេងៗទៀតនៅក្នុងសង្គម ដូចជាតន្ដ្រី កីឡា ដើម្បីធ្វើឱ្យបុគ្គលបានសប្បាយចិត្ដ មិនមានការរើសអើង ធ្វើឱ្យបុគ្គលប្រភេទនេះមិនអាចកើតមានវិបត្ដិផ្លូវចិត្ដ។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើលោកអ្នកនាងកញ្ញាកើតមានពិការភាព ហើយកើតមានបញ្ហាផ្លូវចិត្ដ ឬក៏សង្ស័យខ្លួនថាអាចកើតមានញ្ហាផ្លូវចិត្ដ គួរតែស្វែងរកសេវាថែទាំសុខភាពផ្លូវចិត្ដឱ្យបានទាន់ពេលវេលា ចៀសវាងកើតមានជម្ងឺផ្លូវចិត្ដធ្ងន់ធ្ងរ។ ព្រោះជម្ងឺផ្លូវចិត្ដមានច្រើនប្រភេទ ហើយមានកម្រិតខ្លះនៅពេលដែលធ្ងន់ធ្ងរគ្រូពេទ្យក៏មិនអាចជួយសង្គ្រោះបាន។ ដូចនេះត្រូវស្វែងរកសេវាព្យាបាលឱ្យបានទាន់ពេលវេលា នៅពេលដែលបានដឹងឬសង្ស័យថាអាចកើតមានជម្ងឺផ្លូវចិត្ដ។ លោកអ្នកនាងកញ្ញាត្រូវតែគិតថាអ្នកដែលកើតមានពិការភាពមិនត្រូវរើសអើងនោះទេ ត្រូវតែចេះជួយលើកទឹកចិត្ដ។ លោកអ្នកត្រូវដឹងថាគ្មានអ្នកណាម្នាក់ចង់ពិការនោះទេ គឺវាកើតឡើងដោយសារបុព្វហេតុជាតិ កើតឡើងដោយគ្រោះថ្នាក់ដោយចៃដន្យដែលមិនអាចព្រាងទុក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០
Leave a Reply