វិធី​បិទ​រោមភ្នែក

សុភាព​នារី​មួយចំនួន​ធំអាច​បិទរោម​ភ្នែក​ដោយ​ខ្លួនឯង ហើយ​ក៏នៅមាន​មួយចំនួន​ដែល​មិនទាន់​អាច​ធ្វើបាន។ ការ​ស្វែងយល់​ពីវិធី​បិទរោម​ភ្នែក​នឹងអាច​ជួយ​សម្រួល​ពេលវេលា​សម្រាប់​សុភាពនារី​ក្នុងការ​ចេញទៅ​រកអ្នក​ជំនាញ​ដើម្បី​តុបតែង​មុខ។ ជាងនេះ​ទៅទៀត បើសិនជា​សុភាពនារី​ស្ទាត់ជំនាញ​ក្នុងការ​ផាត់មុខ​ទៀតនោះ​កាន់តែ​ប្រសើរ។

រួបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​បង្ហាញ​ជូនមិត្ដនារី​ដែល​មិនទាន់​យល់ច្បាស់​អំពីវិធី​បិទរោម​ភ្នែកនេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​ធ្វើជាកិច្ច​សម្ភាសន៍​ជាមួយ​កញ្ញា បេអង មេជាង​ប្រចាំហាង​ស៊ីនឌី។

របៀប​ជ្រើសរើស​រោមភ្នែក

ការ​តុបតែង​ភ្នែក​ជាផ្នែក​សំខាន់​មួយដែល​ជួយលើក​សម្រស់​នារី​ក្នុងកម្មវិធី​ពិសេស​ណាមួយ។ ភាព​ស្រស់ស្អាត និងភាព​សិចស៊ីរបស់​ស្ដ្រី​ក៏កើត​ចេញពីការ​តុបតែង​ភ្នែក​នេះផង​ដែរ។ ទន្ទឹម​នឹងភ្នែក​ដែល​គួរជាទី​ទាក់ទាញ​ហើយ​នោះ រោមភ្នែក​កាន់តែ​សំខាន់​ក្នុងការ​បន្ថែម​សម្រស់​ដល់​លោកស្រី​អ្នកនាង​កញ្ញា។ ដើម្បីឱ្យ​កាន់តែ​មានភាព​ឥតខ្ចោះ​នោះ ការ​ប្រើប្រាស់​រោមភ្នែក​ជាការ​ចាំបាច់ សម្រាប់​ស្ដ្រី​ដែលត្រូវ​ការឱ្យ​ភ្នែកស្អាត។ ដើម្បី​ជ្រើសរើស​រោមភ្នែក​ឱ្យសក្ដិសម​នឹងភ្នែក​លោកស្រី​អ្នកនាង​កញ្ញា គឺ​ត្រូវមើល​ទៅលើ​ទំហំភ្នែក និង​ប្រវែង​នៃរោមភ្នែក​ដែលត្រូវ​បិទ និងការ​ណែនាំ​បន្ថែម​ពីអ្នក​ជំនាញ។ ប៉ុន្ដែ​បើគិត​ថារោមភ្នែក​ពីធម្មជាតិ​វែងហើយ​នោះ មិនចាំបាច់​បិទបន្ថែម​ទៀតនោះទេ ព្រោះ​លក្ខណៈ​ពីធម្មជាតិ​ទទួលបាន​ភាពស្រស់​ល្អស្អាត​គួរឱ្យ​គយគន់។ មួយវិញ​ទៀតនោះ ការ​បិទរោមភ្នែក​ក៏អាច​ប៉ះពាល់​ដល់ការ​ជ្រុះរោមភ្នែក​ធម្មជាតិ​ផងដែរ បើសិនជា​មិនមាន​វិធីបិទ និង​បក​ត្រឹមត្រូវ។

វិធី​បិទរោម​ភ្នែក

ការបិទ​រោមភ្នែក​ជាដំបូង​ត្រូវ​វាស់ប្រវែង​ត្របកភ្នែក បន្ទាប់​មកបិទ​ឱ្យស្មើនឹង​គន្លាក់ភ្នែក និង​នៅលើ​រោមភ្នែក។ បន្ទាប់មក​សូម​ចាប់ផ្ដើម​បិទរោមភ្នែក​ដែល​ត្រូវពាក់​ដាក់លើ​រោមភ្នែក​ធម្មជាតិ​តែម្ដង ដោយចាប់​អូសពី​ចុងភ្នែក​ម្ខាង​ទៅដល់​ចុងភ្នែក​ម្ខាងទៀត​ថ្នមៗ។ វិធីបិទ​រោមភ្នែក​មិនមាន​ការពិបាក​អ្វីច្រើន​នោះទេ សំខាន់​បិទយ៉ាង​ណាក៏បាន​ឱ្យតែ​មាន​លក្ខណៈ​ស្មើលើរោម​ភ្នែក​ធម្មជាតិ​គឺជាការ​ស្រេច។ វិធីនេះ​ជាកិច្ចការ​ងាយស្រួល​មួយ​សម្រាប់​ឱ្យសុភាពនារី​តុបតែង​ដោយ​ខ្លួនឯង ប៉ុន្ដែ​បើសិនជា​យល់ថា​មានការ​ពិបាកនោះ គឺអាច​ស្វែងរក​អ្នកជំនាញ​ជួយ។

ដំបូន្មាន​អ្នក​ជំនាញ

បើសិនជា​បិទមិន​ត្រូវនឹង​ត្របកភ្នែក​នោះទេ ក៏អាច​ធ្វើឱ្យ​រោមភ្នែក​ដែលបិទ​នោះចាក់​ភ្នែក បណ្ដាល​ឱ្យភ្នែក​លោកស្រី​អ្នកនាង​កញ្ញា​ឡើង​ក្រហម​ក៏មានដែរ។ មួយវិញទៀត​គប្បី​ជ្រើសរើស​រោមភ្នែក​ណាដែល​មាន​ប្រវែង​សមល្មម មិនត្រូវ​វែងពេក ឬក៏​មិនត្រូវ​ខ្លីពេក​ដែរ ដើម្បីមើល​ទៅកាន់តែ​សក្ដិសម។ ការ​ជ្រើសរើស​រោមភ្នែក​ក៏អាស្រ័យ​ទៅលើ​លោកស្រី​អ្នកនាង​កញ្ញា​ផ្ទាល់ ដែល​ចាំបាច់​ត្រូវ​តុបតែង​មុខក្នុង​លក្ខណៈ​ភាព​សិចស៊ី ឬ​ធម្មជាតិ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *