ជាធម្មតាមនុស្សម្នាក់ៗតែងតែមានលក្ខណៈផ្សេងៗពីគ្នា ដោយបុគ្គលខ្លះជាមនុស្សមិនស្ងៀមស្ងាត់ ជាមនុស្សរួសរាយជជែកច្រើនមិនចូលចិត្ដលាក់បញ្ហាដែលកើតមាននៅក្នុងខ្លួន។ ចំណែកឯបុគ្គលខ្លះជាមនុស្សដែលមានសភាពស្ងៀមស្ងាត់តាំងពីកំណើតមកមិនសូវជាចូលចិត្ដនិយាយស្ដីច្រើន មិនសូវជាចេះលេងសើចច្រើនជាដើម។ រីឯបុគ្គលមួយប្រភេទទៀតនោះ គឺជាបុគ្គលដែលមិនស្ងៀមស្ងាត់តែក្រោយមកប្រែទៅជាស្ងៀមស្ងាត់ដោយមិនដឹងមូលហេតុនេះក៏អាចបញ្ជាក់ថា បុគ្គលប្រភេទនេះកំពុងឬក៏អាចកើតមានវិបត្ដិផ្លូវចិត្ដហើយ។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសវិកលវិទ្យានៃគ្លីនិកសាន់រ៉ាយ ធ្វើការពន្យល់បកស្រាយអំពីភាពស្ងៀមស្ងាត់អាចកើតមានវិបត្ដិផ្លូវចិត្ដ ដើម្បីឱ្យលោកអ្នកនាងកញ្ញាបានជ្រាបនិងយល់ឱ្យកាន់តែច្បាស់អំពីបញ្ហានេះ។
ទំនាក់ទំនងវិបត្ដិផ្លូវចិត្ដនិងភាពស្ងៀមស្ងាត់
លក្ខណៈធម្មតារបស់មនុស្សម្នាក់ៗគឺមានអាកប្បកិរិយាខុសប្លែកពីគ្នា ដោយបុគ្គលខ្លះមានទំនាក់ទំនងទៅនឹងសង្គមខាងក្រៅច្រើន ហើយបុគ្គលប្រភេទនេះជាបុគ្គលមានការជជែកនិយាយលេង អាចបញ្ចេញយោបល់ អាចផ្ដោះផ្ដងរាល់សកម្មភាពទាំងឡាយរាល់អារម្មណ៍ទាំងឡាយរាល់បញ្ហាទាំងឡាយទៅជជែកជាមួយមិត្ដភក្ដិជាមួយមហាជនដែលមាននៅជំវ៉ិញខ្លួន ដោយមានតាំងពីរមិត្ដភក្ដិ ក្រុមគ្រួសារ បងប្អូនឬញាតិមិត្ដជិតខាងទាំងឡាយ។ បុគ្គលប្រភេទនេះ មិនមែនជាបុគ្គលស្ងៀមស្ងាត់នោះទេ ជាបុគ្គលដែលអាចជជែកអាចនិយាយ ជាបុគ្គលដែលមានលក្ខណៈបើកចំហដែលអាចវែកញែកអាចបញ្ចេញយោបល់ទៅអ្នកដែលមាននៅជុំវិញខ្លួន។ រីឯបុគ្គលមួយទៀតជាបុគ្គលដែលស្ថិតនៅក្នុងអាកប្បកិរិយាមួយស្ងៀមស្ងាត់ដែលមានតាំងពីកំណើតមក បុគ្គលប្រភេទនេះមិនសូវជាមានពាក្យសម្ដី ឬក៏មិនសូវជាមានទំនាក់ទំនងខាងក្រៅច្រើនពេកនោះទេ ដោយសារតែបុគ្គលប្រភេទនេះចូលចិត្ដនូវអ្វីដែលជាភាពស្ងៀមស្ងាត់ ដោយមិនបានបញ្ចេញមតិឬយោបល់ទាំងឡាយទៅឱ្យអ្នកដទៃបានដឹងច្រើននោះទេ ទោះបីជាចូលនៅក្នុងកម្មវិធីឬក៏ព្រឹត្ដិការណ៍សង្គមណាក៏ដោយ។ជួនកាលបុគ្គលប្រភេទនេះ ទោះបីបានចូលរួមនៅក្នុងសង្គមក៏ដោយតែបុគ្គលប្រភេទនេះ គឺតែងតែស្ថិតនៅក្នុងស្ថានភាពមួយមិនមានមតិយោបល់ ឬទស្សនៈរបស់ខ្លួនឱ្យអ្នកដទៃបានដឹងនោះទេ។ បុគ្គលប្រភេទស្ងៀមស្ងាត់នេះមិនសូវជាមានទំនាក់ទំនងនៅក្នុងសង្គមច្រើនប៉ុន្មាននោះទេ។ ប្រសិនបើនិយាយពីបុគ្គលដែលមានលក្ខណៈមួយទៀត គឺមានទំនាក់ទំនងទៅនឹងចិត្ដសាស្ដ្រ ឬទំនាក់ទំនងទៅនឹងបញ្ហាផ្លូវចិត្ដ ជួនកាលបើសិនជាលោកអ្នកមិនមែនជាអ្នកជំនាញ ហើយលោកអ្នកទៅប្រាស្រ័យទាក់ទងបុគ្គលប្រភេទនេះដោយមិនបានវិភាគមិនបានសាកសួរបានត្រឹមត្រូវ លោកអ្នកមិនអាចមើលដឹងថា បុគ្គលនេះមានបញ្ហាផ្លូវចិត្ដនោះទេ លុះត្រាតែអ្នកជំនាញ អ្នកឯកទេសកលវិទ្យាទើបអាចដឹងថា បុគ្គលស្ងៀមស្ងាត់ប្រភេទនេះមិនមែនជាបុគ្គលធម្មតានោះទេ ជាបុគ្គលដែលមានបញ្ហាឬជម្ងឺផ្លូវចិត្ដ។
រោគសញ្ញានៃភាពស្ងៀមស្ងាត់ដែលអាចបង្កឱ្យកើតមានវិបត្ដិផ្លូវចិត្ដ
ជម្ងឺផ្លូវចិត្ដមានច្រើនណាស់ដែលស្ដែងឱ្យបុគ្គលមានអាកប្បកិរិយាស្ថិតនៅក្នុងស្ថានភាពស្ងៀមស្ងាត់ ឧទាហរណ៍ដូចជាជម្ងឺ ធ្លាក់ទឹកចិត្ដ បុគ្គលនេះជាបុគ្គលស្ងៀមស្ងាត់ ដោយមិនសូវនិយាយច្រើន មិនសូវមានទំនាក់ទំនងទៅនឹងសង្គមច្រើននោះទេ នេះក៏ស្ថិតនៅក្នុងស្ថានភាពស្ងៀមស្ងាត់ដែរ ប៉ុន្ដែបុគ្គលទាំងនេះក្លាយខ្លួនទៅជាអ្នកមានបញ្ហាផ្លូវចិត្ដ ឬមានជម្ងឺផ្លូវចិត្ដទៅហើយ។ ជម្ងឺផ្លូវចិត្ដមានច្រើនទៀត ដូចជាពួកវិកលចរិតមួយចំនួនដែលជាសញ្ញាចាប់ផ្ដើមនៃជម្ងឺផ្លូវចិត្ដ ដំបូងបុគ្គលប្រភេទនេះក៏ជាបុគ្គលស្ងៀមស្ងាត់ដែរ ជាបុគ្គលមួយមិនសូវនិយាយស្ដី សូម្បីតែក្រុមគ្រួសារ សូមី្បតែមិត្ដជាទីស្រឡាញ់ ឬក៏បងប្អូនជាទីស្រឡាញ់ដែលធ្លាប់មានប្រាស្រ័យទាក់ទង ដែលធ្លាប់ធ្វើការសន្ទនាគ្រប់ពេលវេលានោះ បែរជាមានសភាពស្ងៀមស្ងាត់លែងនិយាយស្ដី ពួនសម្ងំតែឯង នេះគឺជាបុគ្គលមួយដែលស្ថិតនៅក្នុងស្ថានភាពដែលមានបញ្ហាផ្លូវចិត្ដឬជម្ងឺផ្លូវចិត្ដ។ ដូចនេះក្រុមគ្រួសារក៏អាចកំណត់ឃើញដែរ គឺត្រូវធ្វើការប្រៀបធៀបដំបូងនិងពេលបច្ចុប្បន្នភាពថា តើកាលពីមុនបុគ្គលម្នាក់នេះមានលក្ខណៈបែបដូចម្ដេច ជាបុគ្គលស្ងៀមស្ងាត់តាំងពីដើមមក ឬក៏ជាបុគ្គលដែលមានសភាពស្ងៀមស្ងាត់នៅក្នុងរយៈកាលខ្លីណាមួយ។ ប្រសិនបើលោកអ្នកសង្កេតឃើញថា បុគ្គលម្នាក់នេះជាបុគ្គលដែលរួសរាយជជែករាក់ទាក់ជាមួយក្រុមគ្រួសារមិត្ដភក្ដិជិតខាង ប៉ុន្ដែនៅក្នុងរយៈកាលក្រោយមកប្រែទៅជាបុគ្គលស្ងៀមស្ងាត់លែងនិយាយស្ដីនេះ គឺជាសញ្ញាសំខាន់ដែលបង្ហាញឱ្យដឹងថា បុគ្គលនេះមានបញ្ហាផ្លូវចិត្ដហើយ។ ដូចនេះត្រូវនាំអ្នកជម្ងឺមកជួបជាមួយអ្នកជំនាញ ដើម្បីធ្វើការពិគ្រោះឬក៏ធ្វើការវិនិច្ឆ័យណាមួយកំណត់ថា បុគ្គលម្នាក់នេះកំពុងមានជម្ងឺផ្លូវចិត្ដបែបណា។ នេះគឺជាស្ថានភាពស្ងៀមស្ងាត់ដែលពីមុនមានលក្ខណៈមួយដែលចេះប្រាស្រ័យទាក់ទងគ្នា ប៉ុន្ដែក្រោយមកប្រែក្លាយទៅជាបុគ្គលស្ងៀមស្ងាត់ នេះគឺជាសញ្ញាសំខាន់ដែលអាចបញ្ជាក់ថា បុគ្គលនេះអាចកើតមានបញ្ហាផ្លូវចិត្ដនិងជម្ងឺផ្លូវចិត្ដ។
ផលប៉ះពាល់ចំពោះបុគ្គលដែលមានសភាពស្ងៀមស្ងាត់
ផ្អែកទៅតាមចិត្ដវិទ្យានិងផ្អែកទៅតាមចិត្ដសាស្ដ្របុគ្គលដែលមានលក្ខណៈស្ងៀមស្ងាត់ ភាគច្រើនងាយរងនូវបញ្ហាផ្លូវចិត្ដ ច្រើនជាងមនុស្សដែលមិនមានភាពស្ងៀមស្ងាត់ ព្រោះកាលណាបុគ្គលស្ងៀមស្ងាត់ប្រភេទនេះមានបញ្ហាអ្វីមួយក្នុងសង្គមដែលរស់នៅប្រចាំថ្ងៃ នៅក្នុងរឿងគ្រួសារក្នុងរឿងបញ្ហាទំនាក់ទំនងណាមួយជាមួយអ្នកណាក្ដី នៅពេលដែលមានបញ្ហា បុគ្គលដែលស្ងៀមស្ងាត់ លាក់ទុក្ខបញ្ហានៅក្នុងចិត្ដដោយមិនបានបញ្ចេញ មិនបានទំនាក់ទំនង មិនបានបកស្រាយរាល់បញ្ហាដែលកើតមានចំពោះខ្លួនទៅឱ្យអ្នកដទៃបានដឹង។ ដូចនេះបើសិនជាបុគ្គលដែលមានភាពស្ងៀមស្ងាត់បែបនេះ ទោះបីជាមិនមានជម្ងឺក៏ដោយឥរិយាបថបែបនេះមិនសមរម្យនោះទេ តែវាងាយនឹងប៉ះទង្គិចច្រើនជាងអ្នកដែលមិនស្ងៀមស្ងាត់ នេះគឺជាផលលំបាកចំពោះអ្នកដែលមានលក្ខណៈស្ងៀម ស្ងាត់់។ នេះជាសារមួយសម្រាប់ឱ្យបុគ្គលដែលមានសភាពស្ងៀមស្ងាត់គួរតែផ្លាស់ប្ដូរឥរិយាបថបន្ដិចម្ដងៗទៅជាបុគ្គលដែលអាចជជែក ដែលអាចប្រាស្រ័យទាក់ទងទៅនឹងសង្គមខាងក្រៅឱ្យបានច្រើន។ ធ្វើដូចនេះបុគ្គលដែលស្ងៀមស្ងាត់ក៏អាចមានទំនាក់ទំនងល្អជាមួយ មិត្ដភក្ដិ សង្គម ក្រុមគ្រួសារ និងសហគមន៍ទាំងមូលផងដែរ។ នេះគឺនិយាយអំពីទំនាក់ទំនងចិត្ដសាស្ដ្រ តែបើនិយាយអំពីបញ្ហាទាក់ទងសង្គមខាងក្រៅនោះ វារឹតតែត្រូវផ្លាស់ប្ដូរឥរិយាបថថែមទៀត។ ឧទាហរណ៍បើសិនជាលោកអ្នកស្ងៀមស្ងាត់ លោកអ្នកចង់ធ្វើមុខជំនួញអ្វីមួយ លោកអ្នកចង់ឈានឡើងដំណាក់កាលដែលល្អបំផុត។ បើសិនជាលោកអ្នកមិនផ្ដល់យោបល់ បើសិនជាលោកអ្នកមិនបញ្ចេញគំនិតបង្ហាញពីគម្រោងដែលត្រូវធ្វើនោះ នោះអ្នកដែលនៅជុំវិញខ្លួនរបស់លោកអ្នកមិនដឹងថា ត្រូវជួយលោកអ្នកដោយវិធីណានោះទេ ដូចនេះគម្រោងនៅតែជាគម្រោងបញ្ហានៅតែជាបញ្ហាក្នុងខ្លួនលោកអ្នកដដែល។ មួយទៀតបើសិនជាបុគ្គលដែលមានសភាពទើបតែស្ងៀមស្ងាត់ដែលកាលពីមុនជាមនុស្សរួសរាយ ជាមនុស្សនិយាយច្រើន តែបែរជាប្រែទៅជាស្ងៀមស្ងាត់ ហើយឪពុកម្ដាយឬក៏បងប្អូន មិត្ដភក្ដិ និងអ្នកដែលនៅជុំវិញខ្លួនមិនបានចាប់អារម្មណ៍ជាមួយនិងបុគ្គលប្រភេទនេះ យូរទៅអាចធ្វើឱ្យបុគ្គលនេះកើតមានបញ្ហាផ្លូវចិត្ដកាន់តែធ្ងន់ធ្ងរ អាចធ្វើឱ្យបុគ្គលនេះគិតខ្លីអាចសម្លាប់ខ្លួន ឬក៏បង្កឱ្យកើតមានបញ្ហាជាច្រើនដែលធ្វើឱ្យប៉ះពាល់ដល់គ្រួសារនិងសង្គម ជាពិសេសបុគ្គលខ្លួនឯងតែម្ដង។
វិធីការពារដើម្បីកុំឱ្យកើតមានភាពស្ងៀមស្ងាត់ ដែលបង្កឱ្យកើតមានវិបត្ដិផ្លូវចិត្ដ
ដើម្បីការពារកុំឱ្យកើតមានភាពស្ងៀមស្ងាត់ ដែលបង្កឱ្យកើតមានវិបត្ដិផ្លូវចិត្ដ បុគ្គលដែលមានសភាពស្ងៀមស្ងាត់តាំងពីកំណើតត្រូវតែផ្លាស់ប្ដូរឥរិយាបថ គឺចេះទំនាក់ទំនងទៅនឹងសង្គមខាងក្រៅ។ ក្រុមគ្រួសារត្រូវតែដឹងថា ឥរិយាបថស្ងៀមស្ងាត់គឺមិនល្អ អ៊ីចឹងត្រូវតែនាំសមាជិកទាំងឡាយនៅក្នុងក្រុមគ្រួសារ នាំបុគ្គលដែលស្ងៀមស្ងាត់ឱ្យចេះនិយាយចេះជជែក គឺចាប់ផ្ដើម ពីមនុស្សដែលស្និទ្ធស្នាលជាងគេ។ ច្រើនត្រូវទុកឱកាសឱ្យបុគ្គលដែលស្ងៀមស្ងាត់និយាយបរិយាយឱ្យបានច្រើន ត្រូវចេះលើកទឹកចិត្ដ ត្រូវឱ្យបញ្ចេញយោបល់បញ្ចេញមតិឱ្យបានច្រើនជាងមនុស្សដែលមិនស្ងៀមស្ងាត់។ បើសិនជានៅក្នុងសាលារៀន សាស្ដ្រាចារ្យឬគ្រូបង្រៀនមិនត្រូវឃើញសិស្សឬនិសិ្សតណាមួយមិននិយាយស្ដីមិនរវល់ឬអើពើជាមួយបុគ្គលប្រភេទនេះនោះទេ គឺត្រូវតែលើកទឹកចិត្ដឱ្យបុគ្គលនេះនិយាយស្ដីឱ្យក្លាហានឱ្យបញ្ចេញមតិឱ្យបានច្រើនជាងគេ នេះគឺជាឥរិយាបថសម្រាប់អ្នកដែលមានសភាពស្ងៀមស្ងាត់ពីកំណើតមក។ រីឯអ្នកដែលមានសភាពទើបតែស្ងៀមស្ងាត់ដែលខុសកាលពីមុន ក្រុមគ្រួសារត្រូវតែយកចិត្ដទុកដាក់ ត្រូវតែតាមដាន ហើយត្រូវនាំមកជួបជាមួយអ្នកមានជំនាញជាប្រញាប់ទើបដឹងថា បុគ្គលនេះមានបញ្ហាអ្វីកើតឡើង។
ដំបូន្មានអ្នកជំនាញ
លោកអ្នកបានជ្រាបរួចមកហើយអំពីផលវិបាកនៃបុគ្គលដែលមានសភាពស្ងៀមស្ងាត់ ដូចនេះសម្រាប់បុគ្គលដែលមានសភាពស្ងៀមស្ងាត់តាំងពីកំណើត គួរតែផ្លាស់ប្ដូរឥរិយាបថបន្ដិចម្ដងៗទៅជាបុគ្គលដែលអាចជជែកដែលអាចប្រាស្រ័យទាក់ទងទៅនឹងសង្គមខាងក្រៅ ត្រូវតែមានទំនាក់ទំនងល្អជាមួយមិត្ដភក្ដិជាមួយក្រុមគ្រួសារ និងសហគមន៍ទាំងមូលឱ្យបានច្រើនទើបជាការប្រសើរ។ តែបើសិនជាបុគ្គលដែលមានសភាពទើបតែស្ងៀមស្ងាត់ ដែលកាលពីមុនជាមនុស្សរួសរាយជាមនុស្សនិយាយច្រើន តែបែរជាប្រែទៅជាស្ងៀមស្ងាត់ ហើយឪពុកម្ដាយ ឬក៏បងប្អូន មិត្ដភក្ដិ និងអ្នកដែលនៅជុំវិញខ្លួនត្រូវតែធ្វើការសង្កេតត្រូវតែចាប់អារម្មណ៍ ត្រូវតែ ស្វែងយល់ថា បុគ្គលនេះកំពុងតែមានបញ្ហាអ្វី។ ជាពិសេសត្រូវលើកទឹកចិត្ដដល់បុគ្គលប្រភេទនេះ ដើម្បីឱ្យបុគ្គលប្រភេទនេះធ្វើការបរិយាយអំពីបញ្ហានិងទុក្ខកង្វល់ដែលមាននៅក្នុងខ្លួន។ ហើយបើសិនជាបុគ្គលប្រភេទនេះនៅតែមានសភាពស្ងៀមស្ងាត់ដដែល ត្រូវតែនាំមកជួបជាមួយអ្នកជំនាញ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០
Leave a Reply