កម្មវិធី​ជាតិ​កំចាត់​ជម្ងឺរបេង​នឹងផ្តោត​លើការ​ស្រាវជ្រាវ​របេង​លើមនុស្ស​បីក្រុម

មជ្ឈមណ្ឌល​ជាតិ​កំចាត់​ជម្ងឺ​របេង និង​ហង់សិន​នឹង​ធ្វើការ​ស្រាវជ្រាវ​ជាពិសេស ដើម្បី​រកជម្ងឺរបេង​លើមនុស្ស​ចាស់ កុមារ​រស់នៅ​ក្នុង​គ្រួសារ​ដែល​មាន​សមាជិក​កើតជម្ងឺរបេង និង​អ្នកកើតជម្ងឺ​ទឹកនោម​​ផ្អែម។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ទីប្រឹក្សា​អម​ក្រសួង​សុខាភិបាល និង​ជានាយក​មជ្ឈមណ្ឌល​ជាតិ​កំចាត់​ជម្ងឺរបេង និង​ហង់សិន​បានមាន​ប្រសាសន៍​ឲ្យដឹងកាល​ពីថ្ងៃ​ពុធទី១២ កញ្ញា​កន្លងមក​ថា មជ្ឈមណ្ឌល​ជាតិ​នឹងធ្វើការ​ស្រាវ​ជ្រាវ​​រក​ជំងឺ​របេង​លើមនុស្ស​ចាស់ ដែលមាន​អាយុ​៦០ឆ្នាំ​ទ្បើង និង​ធ្វើការ​ស្រាវ​ជ្រាវ​ជំងឺ​របេង​លើអ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម ដោយសារ​តាម​រយៈ​លទ្ឋផល​អង្កេ​ត​​ស្រាវជ្រាវ​រកអត្រា​ប្រេវ៉ាទ្បង់​ជំងឺ​របេង​លើកទី២ និង​ចេញ​ផ្សាយ​កាលពី​ឆ្នាំមុន​បាន​បង្ហាញ​ថា មនុស្ស​ចាស់ និង​អ្នកជំងឺ​ទឹកនោម​ផ្អែម​មានជំងឺ​របេង​ច្រើនជាង​ប្រជាជន​ធម្មតា។

លោក​បន្តថា “មូលហេតុ​ដែល​ពួកគាត់​មានជម្ងឺរបេង​ច្រើន​ជាង​ប្រជាជន​ធម្មតា ដោយសារ​ពួកគាត់​មាន​ប្រព័ន្ឋ​ការពារ​រាងកាយ​ចុះខ្សោយ ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់​ងាយរង​គ្រោះ​ដោយសារ​ជំងឺរបេង ”។

លោក​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​បានបន្ត​ឲ្យដឹង​ថា កម្មវិធី​ជាតិ​កំចាត់រោគ​របេង​គ្រោង​នឹងធ្វើការ​ស្រាវជ្រាវ​ជម្ងឺរបេង​លើកុមារ ដែល​រស់នៅ​ក្នុង​គ្រួសារ​ដែលមាន​សមាជិក​កើតជំងឺ​របេង​ផងដែរ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត ទៀង ស៊ីវណ្ណា អនុ​ប្រធាន​ការិយាល័យ​បច្ចេកទេស​នៃ​​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង​បានមាន​ប្រសាសន៍​ឲ្យដឹង​ថា ការ​ស្រាវជ្រាវ​ជម្ងឺរបេង​លើមនុស្ស​ចាស់ អ្នកជម្ងឺ​ទឹកនោម​ផ្អែម និង​កុមារ​រស់នៅ​ជាមួយ​គ្រួសារ​មាន​សមាជិក​កើតជំងឺ​របេង គឺជា​​ការ​បំផុស​ឲ្យមន្រ្តី​កម្មវិធី​ជាតិ​កំចាត់​រោគរបេង ធ្វើការ​ផ្តោត​ជាពិសេស​ដល់ក្រុម​គោលដៅ​ទាំងនេះ ដោយសារ​ប្រជាពលរដ្ឋ​ក្នុងក្រុម​ប្រឈម​ទាំងនេះ មានផ្ទុក​ជំងឺ​រេបង​ច្រើនជាង​ប្រជាពលរដ្ឋ​ធម្មតា ព្រោះ​ប្រព័ន្ឋ​ការពារ​រាងកាយ​ពួកគេ​ចុះ​ខ្សោយ។

លោក​បន្តថា “ក្រុម​ប្រឈម​មុខ​ទាំងនេះ​ងាយកើត​ជម្ងឺរបេង ដូចអ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ផងដែរ ព្រោះ​ថាកាល​ណា​រាងកាយ​ពួកគេចុះ​ខ្សោយ ពួកគេ​ប្រឈមមុខ​នឹងការ​ឆ្លងជម្ងឺរបេង​ខ្ពស់”។

លោក វណ្ណា បានបន្ត​ថា កុមារ​ដែល​រស់នៅ​ក្នុង​គ្រួសារ​ដែលមាន​សមាជិក​កើត​ជម្ងឺ​របេង ពួកគេ​មាន​ហានិភ័យ​ខ្ពស់​ណាស់ ក្នុងការ​ប្រឈម​មុខនឹង​ការឆ្លង​ជម្ងឺរបេង​ពីសមាជិក​គ្រួសារ​របស់​ពួកគេ។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២

Categories: , , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *