សូមជម្រាបសួរលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ! ខ្ញុំបាទគឺជាមិត្ដអ្នកអានម្នាក់របស់ទស្សនាវដ្ដី សុខភាពយើង របស់លោកវេជ្ជបណ្ឌិត។ ខ្ញុំមានសំណួរមួយចំនួនដើម្បីសាកសួរដល់លោកវេជ្ជបណ្ឌិត។ សំណួរមានដូចខាងក្រោម ៖
1 . ខ្ញុំមានកម្ពស់១.៧៣សង់ទីម៉ែត្រ ហើយមានទម្ងន់៨២គីឡូក្រាម តើតួលេខទាំងពីរនេះសមាមាត្រគ្នាទេ?
2 . ខ្ញុំចង់ទទួលបានដំបូន្មានពីលោកវេជ្ជបណ្ឌិត ព្រោះថាខ្ញុំចង់បានវិធីសម្រកទម្ងន់ដែលងាយៗ ហើយមានប្រសិទ្ធភាព។
3 . ខ្ញុំមានអាការឆាប់បែកញើសនៅបរិវេណក្លៀក តែមិនមានក្លិនទេ តែញើសច្រើនរហូតសើមអាវគ្រប់ពេល តើវាជាជម្ងឺដែរឬទេ ហើយមានវិធីណាដើម្បីការពារកុំឱ្យវាកើតឡើងទៀត?
សូមលោកវេជ្ជបណ្ឌិតមេត្ដាជួយណែនាំ។ សូមឱ្យទេវតារក្សាលោកនេះតាមថែរក្សាការពារលោកវេជ្ជបណ្ឌិត ឱ្យមានសុខភាពមាំមួន និងជួបតែពុទ្ធពរបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ។ លោក. ស .អ ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជម្រាបសួរប្អូនប្រុស សូមអរគុណដែលបានគាំទ្រទស្សនាវដ្ដី សុខភាពយើង និងសរសេសំបុត្រសួរជាសំណួរមកខ្ញុំបាទ។ ខ្ញុំបាទសូមធ្វើការឆ្លើយនឹងសំណួរប្អូនប្រុសទាំង៣ដូចតទៅ ៖
1 . តាមតួលេខកម្ពស់ និងទម្ងន់ខ្លួនដែលប្អូនប្រាប់មកនេះ យើងអាចធ្វើការគណនាទម្ងន់ខ្លួនត្រឹមត្រូវ ឬមិនត្រឹមត្រូវ គឺជាសមាមាត្រដែលប្រាប់ពីកម្រិតម៉ាសខ្លួន។ ៨២ចែក(១,៧៣ X ១,៧៣)ស្មើ២៧,៤ គឺជាកម្រិតម៉ាសខ្លួនឬសមាមាត្រដែលប្រាប់ថាប្អូនប្រុសលើសទម្ងន់ឬធាត់។ បើតាមកម្ពស់របស់ប្អូនប្រុស១,៧៣ម៉ែត្រ ប្អូនប្រុសត្រូវមានទម្ងន់ខ្លួនត្រឹមត្រូវមួយចន្លោះពី៦០ទៅ ៧១,៥គីឡូក្រាម ដែលជាទម្ងន់មួយធ្វើឱ្យប្អូនប្រុសមានសុខភាពល្អ និងមានសម្រស់រាងកាយសង្ហាឬសមសួន។
2 . បើនិយាយអំពីវិធីសម្រកទម្ងន់ គឺមានច្រើនបែបច្រើនយ៉ាង។ វិធីដែលល្អគឺត្រូវអនុវត្ដតាមបែបធម្មជាតិ គឺរបបនៃការទទួលទានចំណីអាហារ និងការហាត់ប្រាណត្រឹមត្រូវ។ ប្អូនប្រុសត្រូវកាត់បន្ថយការទទួលទាន បើករណីប្អូនប្រុសធាត់ដោយសារទទួលទានច្រើនជ្រុល។ ប្អូនប្រុសអាចបន្ដទទួលទាន៣ពេលក្នុងមួយថ្ងៃដដែល ដោយគ្រាន់តែបន្ថយបរិមាណពីច្រើនជ្រុលមកនៅត្រឹមល្មម។ ព្រោះដោយសារបរិមាណអាហារដែលលើសនោះហើយ បានជាខ្លួនប្រាណប្អូនប្រុសសម្បូរទៅដោយខ្លាញ់ ដែលជាស្ថានភាពលើសទម្ងន់ខ្លួនឬធាត់។ ម្យ៉ាងទៀតការហាត់ប្រាណ ឬការលេងកីឡាជាជំនួយអាចជួយប្អូនប្រុសឱ្យជម្រុះចោលនូវកាឡូរីដែលលើស មិនផ្ដល់ឱកាសឱ្យកាឡូរីដែលសេសសល់ទាំងនោះបង្កើតជាជាតិខ្លាញ់ ដើម្បីស្ដុកទុកនៅក្នុងខ្លួននោះឡើយ។ បែបនេះជាវិធីសម្រកទម្ងន់ធម្មតាដែលប្អូនត្រូវធ្វើ បើនៅតែគ្មានប្រសិទ្ធភាពគឺត្រូវឈានទៅរកការវាយតម្លៃដើម្បីរកវិធីផ្សេងទៀតបែបវេជ្ជសាស្ដ្រ ដែលមានតែគ្រូពេទ្យជំនាញទេដែលអាចជួយប្អូនប្រុសបានត្រឹមត្រូវ និងផ្ដល់ជាការសម្រេចចិត្ដមួយល្អក្នុងការសម្រកទម្ងន់។
3 . ការចេញញើសគឺជាការឆ្លើយតបជាធម្មជាតិរបស់មនុស្ស ជាពិសេសគឺស្ថិតនៅពេលដែលនៅក្នុងស្ថានភាពអាកាសធាតុក្ដៅ សម្លៀកបំពាក់ក្រាស់ ឬប្រតិកម្មទៅនឹងស្បែករបស់ប្អូនប្រុសជាដើម។ វិធីបំបាត់ញើសដ៏មានប្រសិទ្ធភាពគឺត្រូវរកឱ្យឃើញពីមូលហេតុពិតប្រាកដ។ ករណីប្អូនប្រុសអាចមកពីប្អូនប្រុសលើសទម្ងន់ដែលនាំឱ្យជាតិខ្លាញ់នៅក្នុងខ្លួនច្រើន នាំឱ្យមានក្រពេញញើស បញ្ចេញជាតិទឹក និងជាតិខ្លាញ់សេប៊ុមមកក្រៅច្រើន ការក្ដៅស្អុយ ឬស្ថានភាពប្រតិកម្មណាមួយ។ នៅមានកត្ដាផ្សេងទៀត ដូចជាវិបត្ដិមេតាបូលីសក្នុងខ្លួន និងកត្ដាចំណីអាហារដែលអាចធ្វើឱ្យមានវិបត្ដិបែកញើសទាំងនេះកើតឡើងផងដែរ។ ជាដំបូន្មានសម្រាប់ព្យាបាលគឺត្រូវរកឱ្យឃើញពីមូលហេតុ និងកម្ចាត់មូលហេតុទាំងនោះចោល។ ហេតុនេះសូមប្អូនប្រុសទៅជួបគ្រូពេទ្យជំនាញ ដើម្បីដោះស្រាយទើបជាការប្រសើរ។
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០
Leave a Reply