បើតាមការស្រាវជ្រាវក្នុងពេលថ្មីៗនេះបានឱ្យដឹងថា យុវវ័យដែលមានអាយុចន្លោះពី១០ទៅ២៤ឆ្នាំ គឺជាមុខសញ្ញានៃការប្រឈមមុខខ្ពស់ទៅនឹងគ្រោះថ្នាក់នៃការឆ្លងមេរោគអេដស៍ តាមរយៈការរួមភេទមិនប្រើស្រោមអនាម័យក្នុងចំណោមបុរសស្ដ្រីជាដៃគូសង្សារ។
លោក ឈា ឆវណ្ណ មន្ដ្រីស្រាវជ្រាវផ្ដល់ជំនួយបច្ចេកទេសដល់អង្គការខាន់ណា បានប្រាប់ទស្សនាវដ្ដី សុខភាពយើង កាលពីថ្ងៃព្រហស្បតិ៍ថា ដើម្បីធ្វើការកំណត់រកឥរិយាបថប្រកបដោយគ្រោះថ្នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សាផ្លូវភេទ និងការរួមភេទដែលមិនបានការពារ អង្គការខាន់ណាបានរៀបចំការស្រាវជ្រាវមួយពាក់ព័ន្ធនឹងយុវវ័យនាពេលបច្ចុប្បន្ននេះ
លោកបន្ដថា នៅក្នុងការស្រាវជ្រាវនេះអង្គការខាន់ណាបានជ្រើសរើសយកខេត្ដចំនួន៨នៅកម្ពុជា ដែលមានភ្នំពេញ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម កោះកុង ក្រុងព្រះសីហនុ និងខេត្ដស្វាយរៀង។ ហើយខេត្ដទាំងនោះត្រូវធ្វើការ ជ្រើសរើសយុវវ័យដែលនិយមចូលចិត្ដជួបជុំគ្នា នៅតាមក្លឹបកម្សាន្ដ តាមបា ខារ៉ាអូខេ និងកន្លែងលេងល្បែងភ្នាល់ជាដើម។ លោកថ្លែងថា ៖ “ការស្រាវជ្រាវរបស់យើង មិនត្រឹមតែចង់ដឹងពីគ្រោះថ្នាក់ដែលប៉ះពាល់ដល់យុវវ័យនោះទេ ប៉ុន្ដែយើងក៏ចង់ដឹងដែរថា នៅពេលពួកគេមានបញ្ហាកើតឡើង តើត្រូវទៅរកសេវាថែទាំសុខភាពនៅទីណា?”។
យោងតាមការស្រាវជ្រាវរបស់អង្គការខាន់ណា នៅដើមឆ្នាំ២០០៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០១០បានឱ្យដឹងថា ក្នុងចន្លោះអាយុពី១០ទៅ២៤ឆ្នាំ យុវតីប្រមាណ៣៦ភាគរយក្នុងចំណោមយុវតី១២៦០នាក់ បានធ្លាប់អនុវត្ដការរួមភេទ ក្នុងនោះមានត្រឹមតែ៣០ភាគរយប៉ុណ្ណោះដែលរួមភេទបានប្រើស្រោមអនាម័យជាមួយនឹងដៃគូសង្សារ។ រីឯយុវជនវិញ អត្រារួមភេទមានរហូតដល់ទៅ៦០ភាគរយក្នុងចំណោមយុវជន១២៦០នាក់ រីឯការប្រើប្រាស់ស្រោមអនាម័យស្ទើរតែ៨០ភាគរយជាមួយនឹងស្ដ្រីបម្រើសេវាកម្សាន្ដ។ លោក ឈា ឆវណ្ណ បានថ្លែងថា ៖ “យើងមានការព្រួយបារម្ភចំពោះភាគរយនៃការប្រើប្រាស់ស្រោមអនាម័យរបស់យុវតីនៅក្នុងចំណោមដៃគូសង្សាររបស់ពួកគេ ព្រោះយុវតីអាចនឹងប្រឈមមុខគ្រោះថ្នាក់ខ្ពស់ក្នុងការឆ្លងជម្ងឺការរម្លូតកូន និងអន់ខ្សោយផ្នែកសុខភាពថែមទៀតផង។ រីឯបុរសវិញ បើទោះបីជាការប្រើប្រាស់ស្រោមមានកម្រិតខ្ពស់ក៏ដោយ ប៉ុន្ដែយើងគិតថា វានៅមិនទាន់មានសុវត្ថិភាពទេ។
លោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថា លទ្ធផល និងអនុសាស្ដ្រនៃការអង្កេតនេះ គឺជាផែនទីបង្ហាញផ្លូវឱ្យគ្រប់គ្នាបានយល់ដឹងអំពីឥរិយាបថដែលប្រឈមនឹងគ្រោះថ្នាក់ខ្ពស់របស់យុវវ័យដែលកំពុងតែប្រព្រឹត្ដព្រមទាំងអនុសាសន៍សម្រាប់ធ្វើការឆ្លើយតបឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។ លោកស្រីថ្លែងថា ៖ “ចំណុចគន្លឹះដែលយើងបានដកស្រង់ចេញពីការអង្កេតនេះគឺជារបកគំហើញនូវឥរិយាបថ ដែលប្រឈមគ្រោះថ្នាក់ផ្ទួនៗគ្នានៅក្នុងចំណោមយុវវ័យដែលប្រឈមគ្រោះថ្នាក់មួយចំនួន។ លោកស្រីថា ៖ “យើងមានការទទួលស្គាល់នូវលទ្ធផលអង្កេតនេះ ព្រោះយុវវ័យនាពេលបច្ចុប្បន្ននេះ បានឈានទៅរកការប្រឈមមុខរួចទៅហើយ ដូច្នេះយើងនឹងធ្វើការពង្រឹងនូវប្រព័ន្ធអប់រំបន្ថែមទៀត ដើម្បីឱ្យពួកគេកាន់តែយល់ច្បាស់រាល់ការប្រឈមមុខដែលប្រកបទៅដោយគ្រោះថ្នាក់នេះ”។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០
Leave a Reply