តាមការសិក្សារបស់សមាគមអ្នកព្យាបាលដោយចលនាកម្ពុជាកាលពីពេលថ្មីៗនេះបានឱ្យដឹងថា អ្នកជម្ងឺប្រព័ន្ធប្រសាទច្រើនជាង៦៦ម៉ឺននាក់នៅកម្ពុជា កំពុងតែត្រូវការសេវាព្យាបាលដែលប្រកបដោយប្រសិទ្ធភាព។
លោក អ៊ុង សម្បត្ដិ ប្រធានសមាគមអ្នកព្យាបាលដោយចលនាកម្ពុជាបានប្រាប់ទស្សនាវដ្ដី សុខភាពយើង កាលពីថ្ងៃទី៨ ខែវិច្ឆិកាថា ក្នុងពេលថ្មីៗនេះខាងសមាគមបានស្រាវជ្រាវរកឃើញថា មានអ្នកជម្ងឺច្រើនជាង៦៦ម៉ឺននាក់កំពុងតែត្រូវការសេវាព្យាបាលជម្ងឺប្រភេទនេះយ៉ាងចាំបាច់ ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ពួកគេ។ លោកបន្ដថា ៖ “ជម្ងឺប្រព័ន្ធប្រសាទគឺជាជម្ងឺម្យ៉ាង ដែលពិបាកធ្វើការព្យាបាល ហើយភាគច្រើនបានកើតឡើងបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ ជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម ការផ្ទុកមេរោគអេដស៍ដ៏ធ្ងន់ធ្ងរ និងតាមរយៈប្រភេទជម្ងឺផ្សេងៗទៀតជាច្រើនដែរ”។ លោកថា ៖ “ដើម្បីធ្វើការសង្គ្រោះអាយុជីវិត មនុស្សទូទាំងប្រទេសបាន យើងទាំងអស់គ្នាត្រូវធ្វើការពង្រឹងសមត្ថភាពរបស់គ្រូពេទ្យជាបឋម”។
កាលពីថ្ងៃទី៨ ខែវិច្ឆិកានេះ សមាគមអ្នកព្យាបាលដោយចលនាកម្ពុជា រួមសហការជាមួយអ្នកជំនាញផ្នែកស្ដារលទ្ធភាព ពលកម្មមកពីប្រទេសអូស្ដ្រាលីបានបើកវគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល៥ថ្ងៃ ពីថ្ងៃទី៨ដល់ថ្ងៃទី១២ ដើម្បីធ្វើការពង្រឹងសមត្ថភាពរបស់មន្ដ្រីពេទ្យដែលកំពុងបម្រើការងារនៅតាមមន្ទីរពេទ្យនីមួយៗ ឱ្យយល់ច្បាស់អំពីវិជ្ជាជីវៈពាក់ព័ន្ធ និងផ្នែកព្យាបាល ដោយចលនានេះ។ លោក អ៊ុង សម្បត្ដិ ថ្លែងថា ៖ “វគ្គបណ្ដុះបណ្ដាលនេះ មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធ្វើការជំរុញឱ្យគ្រូពេទ្យ ដែលកំពុងស្ដារនៅតាមមន្ទីរពេទ្យនីមួយៗកាន់តែយល់ច្បាស់អំពីជំនាញរបស់ខ្លួន ពាក់ព័ន្ធនឹងការព្យាបាលដោយចលនាលើផ្នែកប្រព័ន្ធប្រសាទឱ្យប្រកបទៅដោយប្រសិទ្ធភាពខ្ពស់។
បើយោងតាមលោក អ៊ុង សម្បត្ដិ ប្រភេទអ្នកជម្ងឺដែលអាចចាត់ទុកថា មានជម្ងឺប្រព័ន្ធប្រសាទបាន មានដូចជាអ្នកជម្ងឺដែលបានស្លាប់មួយចំហៀងខ្លួន អ្នកជម្ងឺដែលមិនអាចធ្វើចលនាដៃជើងបាន ជនពិការ ព្រមទាំងអ្នកដែលមានជម្ងឺប្រព័ន្ធប្រសាទខួរក្បាលផងដែរ។ លោកថា ៖ “ករណីតារាចម្រៀង ពៅ បញ្ញាពេជ្រ និងតារាចម្រៀង ទូច ស៊ុននិច ក៏អាចចាត់ទុកថាជាអ្នកជម្ងឺប្រព័ន្ធប្រសាទបានដែរ”។
លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងនៅក្នុងវគ្គបណ្ដ្ដុះបណ្ដាល នៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្ដ្រថា ជាការពិតណាស់ជនពិការត្រូវការសិទ្ធិដូចមនុស្សដែលមិនពិការដែរ ដើម្បីចូលរួមគ្រប់សកម្មភាពសង្គមទាំងអស់ ក៏ប៉ុន្ដែបើគាត់មិនធ្វើអ្វីបានសូម្បីតែកម្រើកដៃ-ជើងផងនោះ តើគាត់មានលទ្ធភាពឯណា ដើម្បីប្រកបរបររកទទួលទាននឹងគេទៅ។ លោកថ្លែងថា ៖ “ខ្ញុំគិតថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាផ្ដល់ប្រយោជន៍ដល់សិក្ខាកាមមួយចំនួនថែមទៀត លើចំណេះដឹងជាមូលដ្ឋានដែលមានស្រាប់ ដើម្បីទទួលបានគុណភាពនៃការថែទាំព្យាបាល និងស្ដារលទ្ធភាពពលកម្មកាយសម្បទា។
លោក សុខ នី សិក្ខាកាមផ្នែកព្យាបាលជម្ងឺដោយចលនាបានប្រាប់ថា វាពិតជាការប្រសើរណាស់ដែលសិក្ខាកាមទាំងអស់បានធ្វើការបណ្ដុះបណ្ដាលជាមួយនឹងគ្រូជំនាញមកពីប្រទេសអូស្ដ្រាលី។ លោកថ្លែងថា ៖ “ដោយសារតែមុខវិជ្ជានេះ វាពិបាកនៅក្នុងការសិក្សា ទើបវគ្គបណ្ដុះបណ្ដាលលើកនេះត្រូវការដាក់បង្រៀនចំនួន១៧នាក់”។ លោកថា ៖ “ចំពោះខ្ញុំមុខវិជ្ជានេះ វាពិតជាសាំញ៉ាំបន្ដិចមែន ប៉ុន្ដែខ្ញុំត្រូវតែខិតខំស្រាវជ្រាវសិក្សាទៅលើផ្នែកនេះបន្ថែមទៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០
Leave a Reply