មហាសោកនាដកម្មដែលមិនធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រជាតិរយៈពេល៣១ឆ្នាំកន្លងមកនេះ បានធ្វើឱ្យមានការសោកស្ដាយភ្ញាក់ផ្អើល និងរន្ធត់ញាប់ញ័រក្រៃលែង លាយឡំដោយសេចក្ដីក្ដុកក្ដួល។ ព្រឹត្ដិការណ៍សប្បាយរីករាយបានក្លាយជាមហាទុក្ខដ៏ធំធេង នាថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ព្រោះតែកើតមានឧបទ្ទវហេតុនៅបរិវេណស្ពានពេជ្រនៃតំបន់កោះពេជ្រនាវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ដែលយ៉ាងហោចណាស់មានមនុស្សប្រុសស្រី ក្មេងចាស់ប្រមាណ៣៤៩នាក់ស្លាប់ និងជាង៧០០នាក់ទៀតបានរងរបួស។
ក្រោយឧបទ្ទវហេតុប៉ុន្មានម៉ោងតាមកញ្ចក់ទូរទស្សន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការជាបន្ដបន្ទាប់នៅវេលារំលងអធ្រាត្រ និងវេលាទៀបភ្លឺស្ដីពីឧបទ្ទវហេតុនេះ និងបានប្រកាសយកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១០ ជាថ្ងៃកាន់មហាទុក្ខទូទាំប្រទេស ដោយគ្រប់ស្ថាប័នរដ្ឋ គ្រឹះស្ថានសាធារណៈ និងគ្រឹះស្ថានឯកជនត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលដង ជានិមិត្ដសញ្ញានៃការកាន់ទុក្ខដ៏ក្រៀមក្រំនេះ។
ប្រភពព័ត៌មានមិនច្បាស់ដែលទាក់ទិននឹងសោកនាដកម្ម
ទាក់ទិននឹងសោកនាដកម្មដ៏រន្ធត់ខាងលើនេះ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ មនុស្សម្នាយ៉ាងច្រើនកុះកររាប់ពាន់រាប់ម៉ឺននាក់បានធ្វើដំណើរត្រសងដោយរីករាយក្អាកក្អាយចូលទៅកម្សាន្ដការតាំងពិព័រណ៍ ពាណិជ្ជកម្មទំនិញផ្សេងៗនៅកោះពេជ្រ នាឱកាសបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកនាថ្ងៃទី៣ ដែលជាថ្ងៃបង្ហើយ ព្រះរាជពិធីបុណ្យ។ ខណៈពេលនោះបងប្អូនប្រជាពលរដ្ឋបាននាំគ្នាធ្វើដំណើរដោយថ្មើរជើងឆ្លងស្ពានយោលកោះពេជ្រ ពីទិសម្ខាង ទៅទិសម្ខាងទៀត ដោយមានអ្នកឆ្លងទៅ និងឆ្លងមកយ៉ាងណែនតាន់តាប់កកខាប់ពេញលើស្ពានកោះពេជ្រ ដែលមានទំហំទទឹង៨.១៧ ម៉ែត្រ និងបណ្ដោល១០១ម៉ែត្រ។
មូលហេតុនៃការបង្កើតឱ្យមានការផ្អើលរត់ជាន់ជើងគ្នានេះ តាមប្រភពមិនផ្លូវការនៅឡើយបានឱ្យដឹងថា បណ្ដាលមកពីក្រុមជនខិលខូចមួយក្រុមស្រែកតៗគ្នាទាំងស្លន់ស្លោថា “ស្ពានបាក់ សូមរត់ឱ្យលឿនឡើង”។ ផ្ដើមចេញពីព័ត៌មានអកុសលនេះ បានធ្វើឱ្យក្រុមប្រជាពលរដ្ឋនាំគ្នារុញច្រានគ្នាដើម្បីប្រញាប់ឆ្លងស្ពានឱ្យផុត បណ្ដាលឱ្យអ្នកខ្លះដួលគរលើគ្នាស្រែកទ្រហោយំឡើង និងបង្កឱ្យមានសោកនាដកម្មស្លាប់រណែលរាប់រយនាក់ ដេកគរលើគ្នា ដកខ្លួនមិនរួចនៅក្រាលពេញស្ពានតែម្ដង និងដេកត្រួតលើគ្នាពី៣ទៅ៤ត្រួត ខ្ពស់ដូចទំនប់។ ក្នុងឱកាសជ្រួលខ្លាំងនោះដែរក៏មានព័ត៌មានថា មានអ្នកខ្លះប្រថុយលោតពីលើស្ពានបន្ដបន្ទាប់ ដែលនៅក្រោមស្ពាន ក៏មានសមត្ថកិច្ចជើងទឹកចូលមកអន្ដរាគមន៍ជួយស្រង់ផងដែរ។
ប្រភពព័ត៌ផ្សេងទៀតបាននិយាយថា ពេលមានហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងភ្លាមៗ ស្រាប់តែមានជនខិលខូចយកខ្សែច្រវាក់ដែលក្រុមហ៊ុនដាក់ទទឹងស្ពានសម្រាប់ហាមឃាត់ម៉ូតូកុំឱ្យជិះឆ្លងកាត់មកចងទាញទទឹងផ្លូវ ទើបបណ្ដាលឱ្យមានមនុស្សរត់ទាក់ ច្រវាក់ដួលបោកខ្លួនជាបន្ដបន្ទាប់គរលើគ្នាងើបមិនរួច បណ្ដាលឱ្យកើតមានគ្រោះធ្ងន់ធ្ងរក្លាយជាមហាសោកនាដកម្មតែម្ដង។ តាមប្រភពផ្សេងទៀតបាននិយាយថា គ្រោះថ្នាក់នេះបង្កឡើងដោយសារមានការឆក់ចរន្ដអគ្គិសនីនៅលើស្ពាន ធ្វើឱ្យមនុស្សទាំងឡាយនាំគ្នាផ្អើលស្លន់ស្លោកើតឡើង។
ដោយឡែកប្រភពព័ត៌មានផ្លូវការពីលោកឧត្ដមសេនីយ៍ត្រី ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា នៅលើស្ពានកើតមានសោកនាដកម្មខាងលើនេះគឺផ្ដើមចេញពីការភ្ញាក់ផ្អើល ហើយរត់ជាន់គ្នាស្លាប់រណូករណែលតែម្ដង។ លោកស្នងការបានបដិសេធចំពោះពាក្យចចាមអារ៉ាមផ្សេងៗក្រៅពីនេះ។
ការជួយសង្គ្រោះរបស់សមត្ថកិច្ចប៉េអឹម
តាមប្រភពព័ត៌នៅកន្លែងកើតហេតុគេបានសង្កេតឃើញថា វត្ដមានសមត្ថកិច្ចកងរាជអាវុធហត្ថមានការសស្រាក់សស្រាំជាងកងកម្លាំងផ្សេងៗទៀតក្នុងហេតុការណ៍ចូលទៅជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។ លើសពីនេះទៅទៀតគេបានសង្កេតឃើញ ក្រុមសមត្ថកិច្ចមានការយឺតយ៉ាវផងដែរ ក្នុងការចូលទៅអន្ដរាគម៍សង្គ្រោះប្រជាពលរដ្ឋដែលកំពុងនៅគរលើគ្នានេះ។ ធ្ងន់ធ្ងរជាងនេះទៅទៀតហាក់ដូចជាខ្វះបច្ចេកទេសក្នុងការបញ្ជាកម្លាំងជួយអន្ដរាគមន៍សង្គ្រោះពីក្នុងឧបទ្ទវហេតុដែលកើតឡើងភ្លាមៗ។
ក្នុងឧបទ្ទវហេតុខាងលើនេះ គេសង្កេតឃើញនៅមន្ទីរពេទ្យរដ្ឋធំៗនានា រួមមានមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត មន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យកុសុមៈ និងមន្ទីរពេទ្យសម្ពពក្រុង ត្រូវរថយន្ដសង្គ្រោះបន្ទាន់រាប់សិបគ្រឿង ដឹកអ្នករងគ្រោះ រងរបួស និងស្លាប់ទៅព្យាបាល និងតំកល់សពទុកដោយសមរម្យ។
ប្រជាពលរដ្ឋនិយាយពីអបិយជំនឿ
តាមប្រភពព័ត៌មាននានាពីក្រុមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបាននាំគ្នានិយាយតៗគ្នាតាមរបៀបអបិយជំនឿថា មូលហេតុដែលមានមនុស្សស្លាប់ និងរបួសរាប់រយនាក់យ៉ាងច្រើននៅលើស្ពានកោះពេជ្រនោះ គឺបណ្ដាលមកពីម្ចាស់ស្ពានសាងសង់ឡើងពុំបានសែនព្រេនរៀបពិស្ណុការសុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដីឱ្យបានត្រឹមត្រូវ ទើបបារមីម្ចាស់ទឹក ម្ចាស់ដីមានការខឹងសម្បាហើយធ្វើបាបបែបនេះ។
មានការកត់សម្គាល់ឃើញថា នៅរៀងរាល់រដូវព្រះរាជពិធីបុណ្យអុំទូកម្ដងៗ ទាំងមន្ដ្រីរាជការក៏ដូចជាកូនចៅប្រជាពលរដ្ឋ ទាំងប្រទេសតែងតែទន្ទឹងរងចាំចង់ដឹងនូវលទ្ធផលក្រោយការប្រណាំងទូក។ ប៉ុន្ដែដោយឡែកក្រោយលទ្ធផលប្រណាំងទូកឆ្នាំនេះ គឺប្រជាពលរដ្ឋទូទាំងប្រទេសរាប់ទាំងមន្ដ្រីរាជការនានាផងដែរ បែរជារង់ចាំចង់ដឹងនូវលទ្ធផលនៃចំនួនអ្នកស្លាប់ក្នុងសោកនាដកម្មខាងលើទៅវិញ។
ម្យ៉ាងទៀតមិនត្រឹមតែនៅក្នុងប្រទេសនោះទេដែលចាប់អារម្មណ៍និងក្ដុកក្ដួល សូម្បីប្រជាជនខ្មែរយើងដែលរស់នៅពាសពេញពិភពលោកក៏ស្លុតរន្ធត់ចំពោះឧបទ្ទវហេតុនេះដែរ ព្រមទាំងមានទំនាក់ទំនងហូរហែ សួរសុខទុក្ខក្រុមសាច់ញាតិដែលរស់នៅក្នុងប្រទេស។
ក្រោយមហាសោកនាដកម្ម គឺចាប់ផ្ដើមសម្អាតស្ពាន“មច្ចុរាជ”និងប្រារឰពិធីកាន់មរណទុក្ខ
ស្ពានពេជ្រដ៏ល្អត្រកាលនារាត្រីដែលលំអទៅដោយភ្លើង ពេលនេះត្រូវប្រជាពលរដ្ឋខ្លះហៅស្ពាននេះថាជាស្ពាន“មច្ចុរាជ” ព្រោះតែមានមនុស្សរាប់រយនាក់បានស្លាប់ក្រាលលើស្ពានយ៉ាងអាណោចអាធ័មបំផុត។ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានស្លាប់នៅក្នុងមហាសោកនាដកម្មនេះ។ មហាសោកនាដកម្មដ៏ធំធេងមួយមិនមែនរញ្ជួយញាប់ញ័រតែកម្ពុជាទេ តែបានល្បីសុសសាយភ្លាមៗពេញពិភពលោក។
នៅព្រឹកថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០១០ សាលារាជធានីភ្នំពេញបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះនៅទីតាំងស្ពានពេជ្រចាប់ពីម៉ោង៨ព្រឹកតទៅ ដែលគ្រប់មន្ទីរអង្គភាព សាលាខណ្ឌ និងបងប្អូនប្រជាពលរដ្ឋជាច្រើនចូលរួមដោយនាំយកទៅជាមួយនូវផ្កា និងកម្រងផ្កា ឬគ្រឿងសក្ការបូជាដើម្បីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះឱ្យទៅកាន់សុគតិភព។
ជាមួយគ្នានេះក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិក៏បានរៀបចំពិធីបុណ្យបង្សុកូលជាផ្លូវការផងដែរ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១០ វេលាម៉ោង៤រសៀល ដើម្បីគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលដល់ជនរងគ្រោះ។ ក្នុងពិធីនេះសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតិ ទេព វង្ស ព្រមទាំងសម្ដេចសង្ឃ និងព្រះសង្ឃសរុបចំនួន៤៩អង្គ និមន្ដចូលរួមពិធីបុណ្យបង្សុកូល ដោយមានការចូលរួមពីសមាជិកសមាជិការាជរដ្ឋាភិបាល និងមន្ដ្រីរាជការមួយចំនួន ព្រមទាំងអង្គទូត និងតំណាងអង្គការអន្ដរជាតិនៅកម្ពុជា។
សម្រាប់ថ្ងៃកាន់មរណទុក្ខនេះ ការសប្បាយទាំងឡាយត្រូវបានហាមឃាត់នៅតាមទីសាធារណៈ រួមជាមួយនឹងទីតាំង អាជីវកម្មរាំរែកត្រូវឱ្យផ្អាកផងដែរ។ មន្ដ្រីទីស្ដីការគណៈរដ្ឋមន្ដ្រីមួយរូបមានប្រសាសន៍ថា មិនមានការចេញលិខិតណែនាំបន្ថែមទេ លើសារាចរណែនាំដែលចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទាំងសម្រាប់វិទ្យុ ទូរទស្សន៍ និងទីតាំងសប្បាយនានា ព្រោះថាថ្ងៃកាន់មរណទុក្ខគេពិតជាដឹងថា តើផ្សាយពីអ្វីដែលសមស្រប និងការចូលរួមរំលែកទុក្ខនោះហើយ។
កោសល្យវិច័យលើសពជនរងគ្រោះបង្ហាញថា ការស្លាប់គឺដោយសារត់ជាន់គ្នា និងខ្វះខ្យល់អុកស៊ីហ្សែន
ក្រោយពេលធ្វើកោសល្យវិច័យតាមបែបវិទ្យាសាស្ដ្រលើសាកសពជនរងគ្រោះក្នុងឧបទ្ទវហេតុកាលពីថ្ងៃទី២២ ខែវិច្ឆិកា នៅលើស្ពានកោះពេជ្រនោះ គណៈកម្មការកោល្យវិច័យបានបង្ហាញថាជនរងគ្រោះដែលស្លាប់គឺបណ្ដាលមកពីការរត់ជាន់ និងដេកដួលលើគ្នា ព្រមទាំងកង្វះខ្យល់អុកស៊ីហ្សែន។ ទន្ទឹមនឹងនោះ ការធ្វើកោសល្យវិច័យរកមិនឃើញជនរងគ្រោះណាមួយដែលស្លាប់ដោយសារខ្សែភ្លើងឆក់នោះឡើយ។
ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការកោសល្យវិច័យបានបញ្ជាក់ថា ការធ្វើកោសល្យវិច័យតាមវេជ្ជសាស្ដ្រលើគ្រប់សាកសពជនរងគ្រោះ មិនឃើញជនរងគ្រោះណាមួយដែលស្លាប់ដោយឆក់ខ្សែភ្លើង ឬក៏ដោយពុលសារជាតិគីមីនោះឡើយ។ ប៉ុន្ដែជនរងគ្រោះដែលស្លាប់នោះគឺបណ្ដាលមកពីគាបសង្កត់ និងរត់ជាន់លើគ្នា ព្រមទាំងខ្វះខ្យល់អុកស៊ីហ្សែន ដើម្បីចិញ្ចឹមខួរក្បាល និងសរីរាង្គកាយ។ ដូច្នេះការនិយាយតគ្នាថា ជនរងគ្រោះស្លាប់ដោយសារចរន្ដអគ្គិសនីឆក់ ឬពុលជាតិគីមីនោះគឺគ្រាន់តែជាពាក្យចចាមអារ៉ាម។ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា គិតមកដល់ថ្ងៃទី២៤ ខែវិច្ឆិកានេះ អត្រាអ្នកស្លាប់មានចំនួន៣៥១នាក់ ក្នុងនោះស្រីមានចំនួន២២៥នាក់ ប្រុស១២៦នាក់ ចំណែកអ្នករងគ្រោះមានចំនួន៣៩៥នាក់ ក្នុងនោះស្រីមាន២០៩ ប្រុស១៨៦នាក់។
ទោះបីជាមានការបញ្ជាក់ពីតួលេខអំពីអ្នកស្លាប់ និងអ្នករងរបួសក្នុងឧបទ្ទវហេតុលើស្ពានកោះពេជ្រជាបន្ដបន្ទាប់ តែតួលេខនោះហាក់ដូចជាមានការខុសគ្នានៅពេលដែលមានការចុះផ្សាយក្នុងបណ្ដាញសារព័ត៌មានក្នុងស្រុក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០
Leave a Reply