ប្រទេសកម្ពុជាមានកន្លែង ដែលមានដាក់បំរាមហាមឃាត់ការជក់បារីជាង៦០០កន្លែងនៅទូទាំងប្រទេស ដែលជាវិធានការណ៍មួយចូលរួមកាត់បន្ថយការជក់បារី និងផលប៉ះពាល់ដោយសារផ្សែងបារីទៅលើសុខភាព។
លោកបណ្ឌិត ឃុន សូគ្រីន ប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃច័ន្ទទី១៧ កញ្ញាកន្លងមកថា ការដាក់ស្លាកបំរាមហាមឃាត់ការជក់បារីទាំងនោះមាននៅតាមមន្ទីរពេទ្យ និងសាលារៀន ដែលវិធានការណ៍នេះមានប្រសិទ្ឋិភាពណាស់ក្នុងការកាត់បន្ថយផលប៉ះពាល់ដោយសារផ្សែងបារី និងបញ្ឈប់ការជក់បារីនៅកម្ពុជា។ លោកបន្តថា គ្រាន់តែក្នុងឆ្នាំ២០១១ និង២០១២នេះយើងបានដាក់បំរាមជក់បារីជាង១០០កន្លែងនៅទូទាំងប្រទេស។ រយៈពេល៥ឆ្នាំគិតចាប់តាំងពីឆ្នាំ២០០៥ ២០១០យើងបានកាត់បន្ថយការជក់បារី ក្នុងចំណោមបុរសបាន៦ភាគរយ និងស្រ្តីបាន២ភាគរយ។
លោកបន្តថា“ការដាក់បំរាមជក់បារី គឺផ្តោតសំខាន់លើការអប់រំពីផលវិបាកនៃការប្រើប្រា់ស់ថ្នាំជក់ និងផលប៉ះពាល់នៃការស្រូបផ្សែងបារីពីគេ ហើយយើងនឹងពង្រីកសកម្មភាពនេះជាបន្តឥតឈប់ឈរ ”។
លោកបណ្ឌិត ឃុន សូគ្រីន បានបន្តថា តាមធម្មតាមុនពេលដាក់បំរាមជក់បារីនៅកន្លែងណាមួយដូចជានៅសាលារៀន យើងតែងធ្វើការបណ្តុះបណ្តាល និងអប់រំសិស្ស គ្រូបង្រៀន ឲ្យយល់ដឹងពីការស្រូបផ្សែងបារីពីគេ និងផលវិបាកនៃការប្រើប្រាស់ថ្នាំជក់មកលើសុខភាព និងជំរុញឲ្យអ្នកជក់បារីកាត់បន្ថយការជក់បារី និងលះបង់ទម្លាប់ជក់បារី។ លោកបន្តថា មជ្ឈមណ្ឌលជាតិគ្រោងជ្រើសរើសយកទីរួមខេត្តណាមួយ ដើម្បីសាកល្បងដាក់ជាកន្លែងគ្មានផ្សែងបារី ប្រសិនជាទទួលបានជោគជ័យយើងនឹងអនុវត្តន៍នៅតាមបណ្តាខេត្តដទៃទៀត។
លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គកាចលនាដើម្បីសុខភាពបានមានប្រសាសន៍ថា ក្រសួងចំនួន១៤រួចមកហើយ បានចេញសារាចរណែនាំពីការហាមឃាត់ការជក់បារីនៅកន្លែងធ្វើការរបស់ខ្លួន ប៉ុន្តែការហាមឃាត់ការជក់បារីនៅតាមសេវាធ្វើដំណើរសាធារណៈ និងតាមភោជនីយដ្ឋាន និងកន្លែងដទៃទៀតមិនទាន់បានអនុវត្តន៍នៅទ្បើយ។ លោកបន្តថា បច្ចុប្បន្ននៅកម្ពុជាបុរសមានអាយុ១៥ឆ្នាំទ្បើងចំនួន៤២ភាគរយជក់បារី និងស្រ្តី៣.៥ភាគរយជក់បារីផងដែរ។ ប្រជាជនកម្ពុជាចំណាយប្រាក់ជិត១០០លានដុល្លារសម្រាប់ទិញបារីក្នុងមួយឆ្នាំ។
លោកបន្តថា “ការដាក់បំរាមហាមជក់បារីនៅកន្លែងសាធារណៈ ឬកន្លែងធ្វើការជាវិធានការណ៍មួយដ៏មានប្រសិទ្ឋិភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារថ្នាំជក់មកលើសុខភាព និងជាផ្នែកមួយនៃការលើកកំពស់សុខភាពសាធារណៈ ”។
អត្ថដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២
Leave a Reply