ជំងឺគ្រុនឈាម​សម្លាប់កុមារ​កម្ពុជាចំនួន​១៣៤នាក់ហើយ​រហូតមក​ទល់ពេលនេះ

ដោយសារ​ឆ្នាំនេះ​ជាវដ្ត​នៃការ​ផ្ទុះជំងឺ​គ្រុនឈាម ទើបគិត​រហូតមក​ទល់ពេល​នេះ មាន​កុមារ​ចំនួន​១៣៤នាក់​បានស្លាប់ ក្នុង​ចំណោម​កុមារ​ធ្លាក់ខ្លួន​ឈឺ​សរុប​ចំនួនប្រ​មាណ​៣២.០០០​នាក់។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា នាយករង​មជ្ឈមណ្ឌល​ជាតិ​កំចាត់​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្រ្ត និង​បាណក​សាស្រ្ត ក្រសួង​សុខាភិបាល​បានមាន​ប្រសាស​ន៍​ឲ្យដឹង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ស្តី​ពីការ​ពង្រាង និង​កែសម្រួល​ទ្បើងវិញ​​នូវសម្ភារៈ​អប់រំ​សុខភាព​កាលពី​ព្រឹកថ្ងៃ​អង្គារ ទី១៨​កញ្ញា​កន្លងមក​ថា អត្រា​ឈឺ​ដោយសារ​ជំងឺគ្រុន​ឈាម​ឆ្នាំនេះ មានការ​កើនទ្បើង​៣០០ទៅ​៣៥០​ភាគយ ធៀប​នឹង​ឆ្នាំ២០០៧ ដែលជា​ឆ្នាំផ្ទុះ​ជំងឺ​គ្រុនឈាម​ដ៏អាក្រក់​នៅកម្ពុជា ដែលបាន​សម្លាប់​​កុមារ​កម្ពុជា​រហូតដល់​៤០០នាក់ និង​មានកុមារ​ឈឺរហូត​ដល់​៣៧.០០០នាក់​គិតក្នុង​​រយៈពេល​ដូចគ្នា​នាឆ្នាំ​នេះ។

លោកបន្ត​ថា “អ្វីដែល​ជាមោទនភាព​របស់​កម្មវិធី​ជាតិ គឺ​ឆ្នាំនេះ​អត្រាស្លាប់​​មានត្រឹម​០.៤ភាគរយ ដោយសារ​មានការ​ចូលរួម​ពីមន្រ្តី​ពាក់ព័ន្ឋ​ទាំង២៤ខេត្ត​ក្រុង ព្រោះ​ប្រសិន​ជាពួកគាត់​មិនបាន​ចូលរួម យើង​មិន​ទទួលបាន​ជោគជ័យ​ទេ”។ លោក​បន្តថា “ការ​កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​របស់​កុមារ ទាមទារ​មានការ​ចូលរួមពី​សហគមន៍ ពី​មាតាបិតា​អាណាព្យាបាល​កុមារ ទើប​មានការ​ថយចុះ ហេតុនេះ​​យើង​ទាមទារ​អប់រំ​ពួកគេ ពីការ​យល់ដឹង​មកផ្លាស់ប្តូរ​ឥរិយាបទ​របស់​ខ្លួន ”។

លោក ច័ន្ទថា បានបន្ត​ថា អត្រា​ស្លាប់​ភាគច្រើន ដោយសារ​ឪពុក ម្តាយ​អាណាព្យាបាល​កុមារ​ព្យាបាល​កូនដោយ​ខ្លួនឯង និងយក​កូនទៅ​ព្យាបាល​នៅតាម​សេ​វា​ឯកជន​ដែលគ្មាន​ឳសថ​សម្ភារៈ​គ្រប់គ្រាន់ ហើយ​នៅពេល​កុមារ​ធ្លាក់ខ្លួន​ឈឺធ្ងន់ ទើប​បញ្ជូន​មកមន្ទីរពេទ្យ​សាធារណៈ ដែល​ធ្វើឲ្យ​គ្រូពេទ្យ​ជួបការ​លំបាក​ក្នុងការ​ព្យាបាល និង​​សង្រ្គោះ។

លោក​វេជ្ជបណ្ឌិត ច ម៉េងចួ នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ឋនឹង​ជំ​ងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីត្រ​សាស្រ្ត និង​បាណក​សាស្រ្ត​ក្រសួង​សុខាភិបាល​បានមាន​ប្រ​សាសន៍​ថា រដ្ឋមាន​កាតព្វកិច្ច​ផ្តល់ព៌ត​មានត្រឹម​ត្រូវជូន​សាធារណៈ​ជន ប៉ុន្តែ​រដ្ឋ​មិន​អាច​បញ្ជូន​មន្រ្តីចុះ​ទៅជួយ​ធ្វើ​អនាម័យ ជួយ​បញ្ជូនកូន​របស់ពួ​កគេមក​មន្ទីរពេទ្យ ឬ​យក​រថយន្ត​សាម៊ុយ​ដឹកកូន​របស់​ពួកគេ​មកមន្ទីរពេទ្យ​បានទ្បើយ ព្រោះ​នោះជា​កាតព្វកិច្ច​របស់​សហគមន៍ ឪពុកម្តាយ ដែលត្រូវ​ធ្វើដោយ​ខ្លួនឯង ហើយ​យើង​ចង់ផ្ញើរសារ​នេះទៅ​សាធារណៈជន​ឲ្យយល់។

លោកបន្ត​ថា “នៅលើ​ពិភពលោក​គ្មាន​ប្រទេស​ណាមួយ បញ្ជូន​​មន្រ្តី​របស់ខ្លួន​ចុះ​សំអាត​ផ្ទះ​ប្រជាពលរដ្ឋ និងជួយ​បញ្ជូន​កូន​របស់​ពួកគេមកកាន់​​មន្ទីរពេទ្យ​នោះទេ មានតែ​នៅប្រទេស​សាំងហ្កាពួរ គេបញ្ជូន​មន្រ្តី​ចុះទៅ​ផាកពិន័យ​​ដល់ម្ចាស់​ផ្ទះណា ដែល​បណ្តោយ​ឲ្យមាន​ដង្កូវទឹក​ក្នុងផ្ទះ​របស់ខ្លួន ”។ លោក​បន្ត​ថា “ខ្ញុំសូម​ឲ្យប្រព័ន្ឋ​ផ្សព្វផ្សាយ​ជួយបន្ត​អប់រំ​សារនេះ ទៅកាន់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដឹងថា ការ​សំអាត​លំនៅដ្ឋាន ការ​បញ្ជូន​កូនទៅ​មន្ទីរពេទ្យជាកាតព្វកិច្ច​របស់​ខ្លួន ”។
លោក ធីម៉ូធី ចនស្តុន(Timothy Jonhston)​ប្រធាន​ក្រុមការងា​រ​នៃ​ធនាគារ​ពិភពលោក​បានមាន​ប្រសាសន៍​ថា យើងសូម​ប្រកាសថា​ធនាគារ​ពិភ​ពលោក​ប្តេជ្ញាចិត្ត​គាំទ្រ​យ៉ាងពេញ​ទំហឹង ដល់​ក្រសួង​សុខាភិបាល​ពិសេសកម្ម​វិធី​ជាតិ​ប្រយុទ្ឋ​នឹងជំងឺ​គ្រុនឈាម ដែលបាន​ធ្វើការ​យ៉ាង​ប្រសើរ​លើការ​កាត់បន្ថយ​អត្រាស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម​ក្នុងឆ្នាំ​នេះ។

លោកបន្ត​ថា “យើងអាច​ធ្វើការ​រួមគ្នា​លើការ​កាត់បន្ថយ​អត្រាឈឺស្លាប់​របស់កុមារ​ដោយសារ​ជំងឺ​គ្រុនឈាម តាមរយៈ​ការ​គ្រប់គ្រង​មូសនិង​ការសំអាត​ និងធ្វើអ​នាម័យ​ជុំវិញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ដោយ​ផ្តល់សារ​អប់រំជា​ក់លាក់​ជូន​ពួកគេ”។ លោក​បន្ថែមថា “ខ្ញុំសូម​លើក​ទឹកចិត្ត​ចំពោះ​មន្រ្តី​កម្មវិធីជាតិ​​ឲ្យបន្ត​ខិត​ខំ​ការងារ​របស់ខ្លួន ដើម្បី​គ្រប់គ្រង​តាមដាន​ការរីក​រាលដាល​ជំងឺគ្រុន​ឈាម ”។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១២

Categories: , , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *