អត្រាស្លាប់ដោយសារជម្ងឺគ្រុនចាញ់បានធ្លាក់ចុះពី៤៦នាក់ មកនៅត្រឹម៣១នាក់ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ដែលស្មើនឹង៣៣ភាគរយនេះបើតាមការឲ្យដឹងពីមន្រ្តីជំនាញសុខាភិបាល។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ឋនឹងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ឲ្យដឹងក្នុងរបាយការណ៍ ដែលនិយាយអំពីស្ថានភាពជម្ងឺគ្រុនចាញ់កាលពីថ្ងៃពុធទី១៩កញ្ញាកន្លងមកថា អ្នកជម្ងឺគ្រុនចាញ់ដែលមកព្យាបាលដោយមណ្ឌលសុខភាព និងមន្ទីរពេទ្យសាធារណៈក្នុងរយៈពេល៨ខែដើមឆ្នាំនេះ មានចំនួន៣១៤៨៤ករណី គឺថយចុះ១៩ភាគរយ ដែលរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១ មានអ្នកជម្ងឺចំនួន៣៨៦៦៥ករណី ហើយខេត្តដែលមានអត្រាស្លាប់ថយចុះជាងគេ គឺខេត្តសៀមរាប និងខេត្តរតនគិរី។
លោកបន្តថា “ខ្ញុំសូមជូនសារទៅប្រជាជន ដែលរស់នៅតំបន់គ្រុនចាញ់ឬប្រជាជនចំណាកស្រុក សូមប្រើប្រាស់មុងឲ្យបានត្រឹមត្រូវ ពេលមានសញ្ញាសង្ស័យកើតជំងឺគ្រុនចាញ់ សូមប្រញាប់ទៅរកការថែរទាំសុខភាព និងបើពិនិត្យឈាមឃើញថាមានមេរោគគ្រុនចាញ់ ត្រូវលេបថ្នាំឲ្យបានបីថ្ងៃ ដើម្បីធ្វើឲ្យប្រាកដថាជំងឺពិតជាបានជាសះស្បើយ ”។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ បានបន្តថា ឆ្នាំនេះមានចលនាជនចំណាកស្រុក ទៅធ្វើការនៅតំបន់គ្រុនចាញ់ច្រើន ព្រោះបើយោងតាមរបាយការណ៍របស់អង្គការURCបានបង្ហាញថា នៅប៉ៃលិន សំទ្បូត សំពៅលូន ម៉ាទ្បៃមានជនចំណាកស្រុកជាង៣០០.០០០នាក់ចូលទៅរកការងារធ្វើពេលរដូវធ្វើតំទ្បូងម្តងៗ។ របាយការណ៍នេះក៏បាកឲ្យដឹងផងដែរថា ជនចំណាកស្រុកដែលកំពុងធ្វើការនៅប្រទេសថៃខេត្តជាប់ព្រំដែនជាមួយកម្ពុជាចំនួន២ គឺខេត្តចាន់បុរី និងខេត្តត្រាតមានជនចំណាកស្រុកប្រមាណ៣០០០០០នាក់ឆ្លងដែន ហើយពួកគេរង់ចាំនៅច្រកល្បៀងខេត្តកោះកុង ពោធិសាត់ និងប៉ៃលិន ដែលជាតំបន់ប្រឈមមុខនឹងជំងឺគ្រុនចាញ់ខ្ពស់។
តើការអន្តរាគមន៍ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់ត្រូវធ្វើរបៀបណា លោកវេជ្ជបណ្ឌិត ច ម៉េងចួ បានបន្តពន្យល់ថា ដើម្បីសម្រេចបំណងនេះយើងមានយុទ្ឋសាស្រ្តអន្តរាគមន៍ចំនួនបី ទី១ ការពារមិនឲ្យមូសដែកគោលញីចំលងជំងឺគ្រុនចាញ់ តាមរយៈការជំរុញឲ្យប្រជាជនដែលរស់នៅជាអិចន្រ្តៃយ៍ ឬជនធ្វើចំណាកស្រុកចូលក្នុងតំបន់គ្រុនចាញ់ ត្រូវសម្រានក្នុងមុងជ្រលក់ថ្នាំជាប្រចាំ ទី២ ការធានាឲ្យមានការធ្វើរោគវិនិច្ឆ័យព្យាបាលទាន់ពេលវេលា ដោយចាប់ផ្តើមពីថ្នាក់ភូមិ និងគ្មានការបង់ថ្លៃសេវាសាធារណៈ និងទី៣ ការផ្តល់ព៌តមានជូនប្រជាជន គឺប្រកាន់ឥរិយាបថ មានសុវត្ថិភាពក្នុងការបង្ការ ឬការទទួលសេវាធ្វើរោគវិនិច្ឆ័យជំងឺគ្រុនចាញ់ទាន់ពេលវេលា មានប្រសិទ្ឋិភាព និងសុវត្ថិភាពខ្ពស់។
អត្ថដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២
Leave a Reply