ព្រះមហាក្សត្រកម្ពុជាសម្តេចព្រះបរមនាថ នរោត្តមសីហមុនី កាលពីព្រឹកថ្ងៃសៅរ៍ ទី២២ កញ្ញាបានយាងចូលរួមក្នុងព្រះរាជពិធីរំលឹកខួបលើកទី២០នៃការបង្កើតមន្ទីរពេទ្យគន្ឋបុប្ផា និងសម្ភោធដាក់ឲ្យប្រើប្រាស់នូវម៉ាស៊ីនIRMនៅមន្ទីរពេទ្យគន្ឋបុប្ផាទី៥។
លោកសាស្រ្តាចារ្យ បេអាត រីចនើ(Beat Richner)ស្ថាបនិកមន្ទីរពេទ្យគន្ឋបុប្ផា និងជាប្រធានមូលនិធិគន្ឋបុប្ផាបានមានប្រសាសន៍ រំលឹកពីការកកើតមន្ទីរពេទ្យគន្ឋបុប្ផា និងប្រវត្តិលោកបានមកកាន់ប្រទេសនេះ ជាលើកតំបូងនៅឆ្នាំ១៩៧៤ និងចាកចេញមុនរបបខ្មែរក្រហមចូលមកដល់។ លោកបន្តថា ថ្មីៗនេះរដ្ឋាភិបាលស្វីសបានជួយបង្កើនថវិការដល់មន្ទីរពេទ្យនេះពី៣ទៅ៤លានដុល្លារស្វីសហ្រ្វង់ ហើយលោកសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងជួយបង្កើនទឹកប្រាក់ពី២លានដល់៤លានដុល្លារក្នុងមួយឆ្នាំ។
លោកបន្តថា “ខ្ញុំសូមអរគុណសម្តេចហ៊ុន សែន ដែលបានផ្តល់ថវិការ១លានដុល្លារតាមរយៈក្រសួងសុខាភិបាល លោកជំទាវគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាតក្រហមកម្ពុជា បានឧបត្ថម្ភ១លានដុល្លារ និងអរគុណដល់លោកជំទាវ ហ៊ុន ម៉ាណា ដែលបានជួយឧបត្ថម្ភចំនួន៣០០.០០០ដុល្លារ និងសន្យាបន្តជួយរកជំនួយបន្តទៀត ”។
លោកបន្តថា “ខ្ញុំសង្ឃឹមថាសហគមន៍ជាតិ អន្តរជាតិគួរជួយដល់មន្ទីរពេទ្យគន្ឋបុប្ផា ហើយខ្ញុំក៏សង្ឃឹមថាសហគមន៍អាស៊ាននឹងជួយដល់មន្ទីរពេទ្យនេះផងដែរ ព្រោះកុមារខ្មែរនៅតែក្រីក្រមិនមានលទ្ឋភាពបង់ប្រាក់នោះទេ”។ លោកបន្ថែមថា “ឥទ្បូវនេះខ្ញុំអាចលេងសែលទ្បូបាន ប៉ុន្តែប្រហែលរយៈពេល៥ឆ្នាំទៀតខ្ញុំលេងលែងកើត ខណៈមន្ទីរពេទ្យត្រូវការថវិការសម្រាប់រយៈពេល២០ឆ្នាំខាងមុខទៀត ហេតុនេះខ្ញុំសង្ឃឹមថាសហគមន័ជាតិ អន្តរជាតិ រដ្ឋាភិបាលនឹងជួយដល់ដំណើរការរបស់មន្ទីរពេទ្យនេះ ”។
ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះមន្ទីរពេទ្យបានទទួលកុមារចូលមកសម្រាកព្យាបាលជាង១.៣៥០.០០០នាក់ និងពិគ្រោះជម្ងឺក្រៅជាង១១លាននាក់ និងចំណាយថវិការសរុបចំនួន៤៦៥លានដុល្លារ។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ការសម្រេចបាននូវសមិទ្ឋិផលធំៗ របស់មន្ទីរពេទ្យគន្ឋបុប្ផាក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ គឺដោយសាទេពកោសល្យ និងការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់លោកសាស្រ្តាចារ្យ Beat Richner ដែលសមិទ្ឋិផលនេះ ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខ ដែលដាក់ចេញនូវគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក។
លោកបន្តថា “សមិទ្ឋិផលនេះ ក៏មិនអាចកាត់ផ្តាច់ចេញពីការជួយជ្រោមជ្រែង បូជាកំលាំងកាយចិត្ត ពីថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យនេះ និងសូមមេត្តាបន្តយកចិត្តទុកដាក់ខ្ពស់ជួយព្យាបាល ថែរទាំនិងផ្តល់ភាពកក់ក្តៅដល់កុមារបន្ថែមទៀត ”។
ក្នុងឳកាសនោះព្រះមហាក្សត្រមានព្រះរាជបន្ទូលថ្លែងអំណរគុណដល់សប្បុរសជនជាតិ អន្តរជាតិដែលបានឧបត្ថម្ភគាំទ្រមន្ទីរពេទ្យ ក្នុងរយៈពេល២០ឆ្នាំកន្លងមក និងបានថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឧបត្ថម្ភថវិការជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗដល់មន្ទីរពេទ្យនេះ។ អរគុណដល់លោកជំទាវគតិព្រឹទ្ឋិបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា ដែលបានឧបត្ថម្ភថវិការ១លានដុល្លារ និងលោកស្រីហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ននិងជាអគ្គនាយកវិទ្យុនិងទូរទស្សន៍បាយ័ន ដែលបានជួយឧបត្ថម្ភដល់មន្ទីរពេទ្យនេះចំនួន៣០០០០០ដុល្លារអាមេរិក។
សម្តេចព្រះមរបនាថនរោត្តម សីហមុនីបានមានបនញទូលបន្តថា “ការថែររក្សាសុខមាលភាពសង្គមជាភារៈកិច្ចសំខាន់ ដែលយើងទាំអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់ អភិវឌ្ឈន៍ឲ្យបានកាន់តែប្រសើរ សំដៅថែររក្សាការពារ និងព្យាបាលសុខភាពជូនប្រជារាស្រ្តនៅទូទាំងប្រទេស”។ ព្រះអង្គមានបន្ទូលបន្តថា “ព្រះករុណាព្រះមហាវីរក្សត្រ និងព្រះសម្តេចអគ្គមហេសី ជាទីគោរពដ៏ខ្ពង់ខ្ពស់ ព្រះអង្គតែងប្រោសព្រះរាជទានការលើកទឹកចិត្ត ដល់ការថែរសុខភាពរបស់ប្រជានុរាស្រ្ត កូនចៅចៅទួតរបស់ព្រះអង្គ ពិសេសចំពោះកុមារនិងស្រ្តី ”។
ដើម្បីរួមចំណែកជាមួយសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រះអង្គបានប្រោសព្រះរាជឧបត្ថម្ភផ្ទៃដីមួយចំនែកនៃព្រះបរមរាជវាំង និងព្រះរាជទ្រព្យមួយចំនួនដល់លោកសាស្រ្តាចារ្យ Beat Richner ដើម្បីកសាងមន្ទីរពេទ្យគន្ឋបុប្ផាទី១ រហូតដល់ទី៥ ដែលជាការចូលរួមលើកកំពស់សុខភាពកុមារជាកូនចៅ ចៅទួតរបស់ព្រះអង្គ។
ព្រះអង្គបានប្រទាននូវព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គចំនួន១០.០០០ដុល្លារដល់លោកសាស្រ្តាចារ្យ Beat Richnerផងដែរ។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១២
Leave a Reply