នាងខ្ញុំឈ្មោះ ម. វ. ធ រស់នៅទីក្រុងភ្នំពេញ។ នាងខ្ញុំតែងតែអានទស្សនាវដ្ដី សុខភាពយើងគ្រប់លេខ។ នាងខ្ញុំមានការចាប់អារម្មណ៍រាល់អត្ថបទនិងខ្លឹមសារដែលបានចុះផ្សាយស្ដីពីជម្ងឺផ្សេងៗ។ ពេលខ្លះនាងខ្ញុំពុំសូវយកចិត្ដទុកដាក់ក្នុងការថែទាំសុខភាពខ្លួនឯងឱ្យគ្រប់គ្រាន់ឡើយ ប៉ុន្ដែនៅពេលដែលនាងខ្ញុំចាប់ផ្ដើមអានទស្សនាវដ្ដីនេះមក ធ្វើឱ្យនាងខ្ញុំចាប់ផ្ដើមគិតគូរពីបញ្ហាសុខភាពរបស់ខ្លួនឯងឡើងវិញ ដូចពាក្យរបស់លោកវេជ្ជបណ្ឌិតសរសេរនៅក្នុងអារម្ភកថា ថា“សម្រស់ជាមាសសុខភាពជាពេជ្រ”។
ពេលនេះដែរនាងខ្ញុំក៏មានសំណួរខ្លះចង់សួរទៅលោកវេជ្ជបណ្ឌិតថា នាងខ្ញុំតែងតែគេងយល់សប្ដិជារៀងរាល់យប់ និងតែងតែមមើនិយាយជារៀងរាល់យប់មិនដែលខានម្ដងណាឡើយ។ នៅពេលក្រោកឡើងធ្វើឱ្យនាងខ្ញុំមានអារម្មណ៍អស់កម្លាំងហាក់ដូចជា គេងមិនបានស្កប់ទាល់តែសោះ។ នៅពេលទៅធ្វើការនាងខ្ញុំតែងតែស្ងាបស្ទើរតែគ្រប់ពេល ធ្វើឱ្យមិត្ដភក្ដិមួយចំនួនសួរខ្ញុំថារាល់យប់ ធ្វើអីបានជាស្ងាបរហូតបែបនេះ។ តើអាការទាំងអស់នេះបណ្ដាលមកពីអ្វី?
តើមានវិធីអាចព្យាបាលទេ?
នាងខ្ញុំនឹងរង់ចាំចម្លើយពីលោកវេជ្ជបណ្ឌិត តាមរយៈទស្សនាវដ្ដី សុខភាពយើងនៅលេខក្រោយៗទៀត។
សូមគោរពជូនពរលោកវេជ្ជបណ្ឌិត និងសហការីទាំងអស់ឱ្យជួបតែសុខភាពល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។
អ្នកនាងម. វ. ធ រស់នៅក្រុងភ្នំពេញ
វេជ្ជបណ្ឌិតយើង ៖ សូមអរគុណប្អូនស្រីហើយដែលបានគាំទ្រខ្ញុំបាទ និងទស្សនាវដ្ដី សុខភាពយើង។ សូមទោសសុំអនុញាតិហៅ ថាប្អូនស្រី។ មនុស្សកើតមកត្រូវការការទទួលទាន ការធ្វើការងារ ការកម្សាន្ដ ការសម្រាកកាយ និងការទទួលទានដំណេកដើម្បីរស់រានមានជីវិត។ នៅតាមបណ្ដាប្រទេសមួយចំនួនគេបានប្រៀបធៀបជីវិតទៅនឹងបីចំណុច“ធ្វើការ ធ្វើដំណើរ និងដេក”។ តាមការគុណគូរ មនុស្សត្រូវការទទួលទានដំណេកជាមធ្យម៨ម៉ោងក្នុងមួយថ្ងៃ។ ដូច្នេះក្នុងមួយជីវិត មនុស្សត្រូវចំណាយពេលដេកដល់ទៅមួយភាគបីនៃជីវិតរបស់ខ្លួន។ បើមនុស្សម្នាក់រស់បានដល់អាយុ៧៥ឆ្នាំ គឺត្រូវដេកអស់២៥ឆ្នាំហើយ។ ដូច្នេះ គុណភាពដំណេកលង់លក់ សំខាន់ខ្លាំងណាស់។
ក្នុងមួយយប់ៗ យើងត្រូវទទួលទានដំណេកដោយឆ្លងកាត់ជាច្រើនចក្រ ឬខួបនៃដំណេក។ ចក្រទាំងឡាយត្រូវវិលចុះវិល ឡើងជាបន្ដបន្ទាប់គ្នា ៤ទៅ៥ជុំឯណោះ ក្នុងមួយយប់។ ក្នុង១ចក្រ ឬ១ខួបដំណេក មានរយៈពេលពីមួយម៉ោងកន្លះទៅពីរម៉ោង។ នៅក្នុងចក្រដំណេកនីមួយៗ ត្រូវបានបែងចែកជា៥វគ្គ ឬ៥ដំណាក់កាលនៃដំណេក។ ដំណាក់កាលទី១ជាដំណាក់កាលលក់“រលីវ” ដំណាក់កាលទី២ ទី៣ និងទី៤ ជាដំណេកលក់“ស្កប់ស្កល់” និងដំណាក់កាលទី៥ ជាដំណេកលក់“លាយសុបិន្ដ”។ ដូច្នេះការយល់សប្ដិរបស់មនុស្សជារឿងធម្មតាទេ។ ជាអាទិចាប់ពីពាក់កណ្ដាលយប់ទៅ ដំណេកលក់“លាយសុបិន្ដ”មានរយៈពេលរិតតែច្រើននាទី រីឯដំណេកលក់“ស្កប់ស្កល់”មានរយៈពេលរិតតែខ្លី។ ដូច្នេះហើយបានជាយើងឧស្សាហ៍មានការយល់សប្ដិ ឬយល់សុបិន្ដ និងមមើមមាយតែពេល មានមាន់រងាវ ឬពេលជិតភ្លឺ។ (ដកស្រង់ពីសៀវភៅ“២៤ម៉ោងដើម្បីសុខភាពល្អ” និពន្ធដោយលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ)។
ដោយសារមិនបានជួបផ្ទាល់ និងស្គាល់ច្បាស់ ខ្ញុំបាទពិបាកឆ្លើយបន្ដិចទាក់ទងនឹងមូលហេតុ និងវិធីព្យាបាលទប់ទល់ តែខ្ញុំ បាទនឹងខិតខំឆ្លើយជាគោលសំខាន់ៗ។ មនុស្សវ័យក្មេង និងពេញកម្លាំងទទួលទានដំណេកបានច្រើន(៤ទៅ៥ចក្រដំណេក)យ៉ាងងាយ រីឯមនុស្សវ័យចាស់ដេកបានតិចជាង។ វ័យកាន់តែចាស់ រយៈពេលដំណេកលក់“រលីវ”កាន់តែវែង និងភ្ញាក់កណ្ដាលយប់កាន់តែញឹក ញាប់។ ដំណេកលក់ពាក់ព័ន្ធទៅនឹងកត្ដាជាច្រើន ដូចជាសម្លេង សុខភាពផ្លូវចិត្ដ សុខភាពផ្លូវកាយ ជម្ងឺតម្កាត់ ជីវភាព ជីវិត វិជ្ជាជីវៈ ជាដើម។ រីឯការយល់សប្ដិឬមមើច្រើនក៏ទាក់ទងទៅនឹងកត្ដាទាំងនេះដែរ។ ស្ងាបជាសញ្ញាបញ្ជាក់ថាទទួលទានដំណេកមិនបានគ្រប់គ្រាន់ទេ។ ដូច្នេះការដិតដាមនឹងការងារ និងជីវិតពេលថ្ងៃ អាចបន្សល់រហូតដល់ពេលយប់។
ហេតុដូច្នេះដើម្បីទប់ទល់ការទទួលទានដំណេកមិនសូវលក់ ឬមិនស្កប់ និងកាត់បន្ថយការយល់សប្ដិ សូមប្អូនស្រីត្រួតពិនិត្យ ខ្លួនឯងឡើងវិញ ថាជីវិតប្រចាំថ្ងៃមានផលប៉ះពាល់ដល់ដំណេកឬទេ។ តែទោះជាយ៉ាងណា សូមរៀបចំកន្លែងទទួលទានដំណេកឱ្យបានត្រឹមត្រូវ ដូចជាគ្រែដេកស្រួល កម្ដៅល្មម បន្ទប់ស្ងាត់ គ្មានពន្លឺរំខានជាដើម។ ជាពិសេសសូមទទួលទានត្រឹមត្រូវ ហាត់ប្រាណ និងលេងកីឡានៅពេលព្រឹក កុំលេងនៅពេលល្ងាច។ បើអនុវត្ដតាមវិធីទាំងនេះដោយខ្លួនឯង នៅតែគ្មានប្រសិទ្ធភាព សូមរួសរាន់ទៅជួបគ្រូពេទ្យព្យាបាល ប្រយោជន៍ទទួលការព្យាបាលដោយឱសថ ឬវិធីសាស្ដ្រផ្សេងៗទៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Leave a Reply