អាហារ​ជំនួយ​ស្បែក

មិនមែន​តែ​រាងកាយ​ទេដែល​ត្រូវការ​ចំណីអាហារ​ដើម្បី​ចិញ្ចឹម​ជីវិត សូម្បីតែ​ស្បែក​ក៏ត្រូវការ​ចំណី​អាហារ​របស់វា​ដាច់ដោយ ឡែក​ដែរ។ ក្រៅពី​កត្ដា​មួយចំនួន​ស្ដីពី​សុខភាព បរិស្ថាន ការ​ប្រើប្រាស់​ផលិតផល​រក្សា​ស្បែក និង​កត្ដា​ធម្មជាតិរ​បប​ទទួលទាន ដើរតួនាទីសំខាន់​បំផុត​សម្រាប់​សោភ័ណភាព​ស្បែក។ តើ​ចំណី​អាហារ​ប្រភេទណា​ដែលអាច​ជួយ​រក្សា​សម្រស់​របស់ស្បែក​បាន?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកអ្នក​ជាពិសេស​សុភាពនារី​ទាំងអស់​នឹងបាន​ជ្រាប​កាន់តែ​ច្បាស់អំពី​ប្រភេទ​អាហារ​មួយចំនួន​ដែល​ស្បែក​ត្រូវការ​ជាចាំ
បាច់​ប្រចាំថ្ងៃ តាមរយៈ​ការ​បកស្រាយ​របស់​លោកវេជ្ជបណ្ឌិត ថៃ គា អ្នក​ឯកទេស​ជម្ងឺ​សើស្បែក​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

1 . របប​អាហារ​ត្រឹមត្រូវ ៖ របប​ទទួលទាន​មួយដ៏​សមស្រប​បំផុត​អាចជួយ​ឱ្យស្បែក​មាន​សុខភាព​ល្អបាន។ ការ​ទទួលទាន​អាហារ ត្រឹមត្រូវ​អាចជួយ​ឱ្យ​រាងកាយ​មាន​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ និង​ការពារ​ផ្ទៃស្បែក​ឱ្យម៉ត់​រលោង រក្សា​បាននូវ​កម្រិត​តឹង និងយឺត​ដែលជា​ភាព​ចាំបាច់​ជំរុញ​ឱ្យស្បែក​មានភាព​ស្រស់ថ្លា។ ការ​ទទួលទាន​មិនបាន​ត្រឹមត្រូវ​អាចធ្វើ​ឱ្យស្បែក​ប្រឈម​មុខនឹង​ការវិវត្ដន៍​ទៅរក​ភាពចាស់ជរា​តាមរយៈការ​ស្ដែងចេញ​ជារោគ​សញ្ញា​មួយចំនួន ដូចជា​ស្បែក​លឿង ស្បែក​ស្លេកស្លាំង ស្បែក​ស្ងួត ស្បែក​រលាក​បែកស្រកា​ជាដើម។ ក្នុង​របប​អាហារ​មួយពេល គួរតែ​មាន​តុល្យភាព​រវាង​បរិមាណ​ប្រូតេអ៊ីន និង​ជាតិខ្លាញ់ ព្រោះថា​បើបរិភោគ​អាហារពីរ ប្រភេទនេះ​ច្រើនពេក​អាចធ្វើ​ឱ្យឡើង​មុនខ្សាច់​នៅលើ​ស្បែក។ ជាពិសេស​ពពួក​វីតាមីន​មួយចំនួន​ជាអាហារ​សំខាន់​សម្រាប់​ស្បែក។

2 . វីតាមីន​អា ៖ មាន​ភាពចាំបាច់​ជួយ​រក្សា និង​ផ្សារភ្ជាប់​ជាលិកា​ទាំងឡាយ​របស់ស្បែក​ធ្វើឱ្យ​ស្បែក​មិនសូវ​ជ្រីវជ្រួញ។ វីតាមីន​នេះ មាន​នៅក្នុង​ចំណី​អាហារ​ដែលសម្បូរ​ទៅដោយ​បេតាការ៉ូទីន​ដែល​រាងកាយ​អាច​ផ្លាស់ប្ដូរ​មកជាវីតាមីន​អា ដូចជា​ផ្នែក​ក្រហម​នៃស៊ុត ងាវ ការ៉ុត ប៉េងប៉ោះ ដំឡូង​បារាំង ឪឡឹក ល្ហុង ស្ពៃបៃតង​ជាដើម។

3 . វីតាមីន​បេ ៖ មាន​ប្រសិទ្ធភាព​ផ្លាស់ប្ដូរ​កាឡូរី​ឱ្យក្លាយ​ជាថាមពល​ដើម្បី​ជំនួយ​ដល់ការ​កកើតថ្មី​នៃស្បែក និង​រក្សាស្បែក​ឱ្យមាន​ ជាតិរំអិល និង​សំណើម។ ស្បែក​ក្លាយជា​ស្ងួតគ្រើម ប្រសិនខ្វះ​វីតាមីនបេ។ វីតាមីនបេ​មាន​នៅក្នុង​សាច់មាន់ សាច់ទា ស៊ុត ត្រី ល្ង សណ្ដែកដី និង​គ្រាប់​ធញ្ញជាតិ​គ្រប់ប្រភេទ។
4 . វីតាមីន​សេ ៖ មាន​គុណ​ប្រយោជន៍​អាចជួយ​រក្សា​កូឡាសែន ជាភ្នាស​ក្រោម​រចនាសម្ព័ន្ធ​ស្បែក ជួយ​ធ្វើឱ្យ​ស្បែកតឹង និង​យឺតបានល្អ។ ម្ហូប​អាហារ​សម្បូរ​ទៅដោយ​ជាតិវីតាមីនសេ គឺល្ហុង ក្រូចពោធិសាត់ ក្រូចខ្វិច ទឹក​ផ្លែឈើ សណ្ដែក​បាយ និង​ត្រសក់ស្រូវ។

5 . វីតាមីន​អឺ ៖ មាន​ប្រសិទ្ធភាព​ទប់ទល់​នឹងអុកស៊ីដកម្ម ពន្យឺត​រយៈកាល​ចាស់ជរា​របស់​ស្បែក។ ត្រីសាល់ម៉ុង សណ្ដែក សាច់ឆ្អឹង​ជំនី ក្រូចខ្វិច ប្រេងអូលីវ និង​បន្លែបៃតង ជាម្ហូប​អាហារ​ដែលសម្បូរ​ទៅដោយ​វីតាមីនអឺ។

6 . ជាតិរ៉ែ​សេឡេនាម ៖ អាច​ទប់ស្កាត់​ការជ្រៀត​ចូល​កាំរស្មី​ពណ៌ស្វាយ​បាន ហើយ​អាហារ​ដែលអាច​បំពេញ​បន្ថែម​ជាតិរ៉ែ​នេះ គឺត្រី ប្លាធូ ល្ងរ។ល។

7 . ជាតិ​ស័ង្កសី ៖ អាច​ជំនួយ​ឱ្យស្បែក​មាំទាំ និង​យឺត ព្រមទាំង​បង្ការស្បែក​មិនឱ្យ​ជ្រីវជ្រួញ​ទៀតផង។ គ្រឿង​សមុទ្រ​ មាន់​បារាំង សាច់ជ្រូក សណ្ដែក​សៀង និង​ផ្សិត​គ្រប់​ប្រភេទ​ជាម្ហូបអាហារ​ដែលសម្បូរ​ទៅដោយ​ជាតិស័ង្កសី។

8 . ទឹក ៖ ក្រៅពីអ្វី​ដែលបាន​រៀបរាប់​ខាងលើនេះ​ទឹក​ជាសារធាតុ​ចាំបាច់​មួយ​ប្រភេទ​ដែល​មិនអាច​ខ្វះបាន​ក្នុងជីវិត​រស់នៅ​ប្រចាំថ្ងៃ។ ជាទូទៅ​រាងកាយ​តម្រូវឱ្យយើ​ង​ទទួលទាន​ទឹក​ក្នុងមួយថ្ងៃ​យ៉ាងតិច​បំផុត​មួយលីត្រ​កន្លះ។ ទឹកគ្មាន​កាឡូរី​ទេ ដូច្នេះ​វាមិនមែន​ជាសារធាតុ​ដែល​ផ្ដល់​ថាមពល​ទេ។ ប៉ុន្ដែទឹក​ធ្វើឱ្យ​ផ្លាស់ប្ដូរ​កោសិកា និង​ច្រាន​កាកសំណល់​ចោល។

ដំបូន្មាន​អ្នក​ជំនាញុ

ការរក្សាភាពស្រស់ស្អាត​នៃស្បែក​តាមរយៈការ​ទទួលទាន​អាហារ​អាចធ្វើ​ឱ្យរាងកាយ​មាំមួន ហើយស្បែក​ស្រស់ស្អាត​បាន អង្វែង​ទៀតផង។ ចំណែក​ឯការ​ប្រើប្រាស់​ផលិតផល​ផ្សេងៗ ថ្វីត្បិតតែ​ទទួលបាន​លទ្ធផល​ឆាប់រហ័ស ប៉ុន្ដែ​ក៏មាន​គុណវិបត្ដិ​មិនអាច​មើល​រំលង​បានដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *