ដាច់​សរសៃឈាម​ខួរក្បាល ជាជម្ងឺ​គ្រោះថ្នាក់​ដល់​ជីវិត

សរសៃ​ឈាម​មានតួនាទី​សំខាន់​បំផុត​សម្រាប់​នាំឈាម​ទៅចែកចាយ​គ្រប់ផ្នែក​ទាំងអស់​នៃសព៌ាង្គកាយ ជាពិសេស​សរសៃឈាម​ដែលភ្ជាប់​ខួរក្បាល​ជាផ្នែកមួយ​មិនអាច​ខ្វះបាន។ ដាច់​សរសៃឈាម​ខួរក្បាល បើតាម​ស្ដាប់​ទៅក៏ដឹងថា​ពិតជា​គួរឱ្យ​ភ័យខ្លាច និង​តក់ស្លុត។ ជម្ងឺនេះ​ភាគច្រើន​កើតឡើង​លើ​មនុស្ស​វ័យចំណាស់​ដែល​បង្កនូវ​គ្រោះថ្នាក់​បំផុត ជួនកាល​អាច​បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ក្នុង​រយៈពេល​ដ៏ខ្លី។ តើដាច់​សរសៃឈាម​ខួរក្បាល​បណ្ដាល​មកពី​មូលហេតុ​អ្វី?

រូបភាពទស្សនាវដ្ដីសុខភាពយើង

មាន​គ្រោះថ្នាក់​យ៉ាងណា​ខ្លះ?

លោក​វេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេស​ជម្ងឺ​ប្រព័ន្ធ​ប្រសាទ នៃ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត នឹង​ស្រាយបំភ្លឺ​ជូនមិត្ដ​អ្នកអាន ឱ្យ​បានស្វែងយល់​តាមរយៈ​ទស្សនាវដ្ដី សុខភាព​យើង។

មូលហេតុ​ដាច់​សរសៃឈាម​ខួរក្បាល

ដាច់​សរសៃឈាម​ខួរក្បាល ឬ​ហៅថា​ជម្ងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​ជាប្រភេទ​ជម្ងឺដ៏​ធ្ងន់ធ្ងរ និងមាន​គ្រោះថ្នាក់​បំផុត ដែលអាច​សម្លាប់​មនុស្ស​បានក្នុង​មួយប៉ប្រិច​ភ្នែក។ មូលហេតុ​ចម្បង​នៃជម្ងឺ​នេះ គឺ​បណ្ដាល​មកពីការ​ស្ទះសរសៃឈាម និងការ​ដាច់ សរសៃឈាម។

  • ការស្ទះ​សរសៃឈាម​ខួរក្បាល ៖ មាន​អត្រា​ពី៨០​ទៅ៨៥ភាគរយ បណ្ដាល​មកពី​ជម្ងឺ​សរសៃឈាម​ដែល​ទាក់ទង​ទៅនឹង វ័យ។ មនុស្ស​កាន់តែ​មានវ័យ​ចំណាស់ សរសៃឈាម​រួមត្បៀត​តូច ធ្វើឱ្យ​ចរន្ដឈាម​ដែល​បញ្ជូន​ទៅកាន់​ខួរក្បាល​មិន​គ្រប់គ្រាន់ និង​មាន ការ​ចុះថយ។ ក្រៅពីនេះ ខ្លាញ់​រុំសរសៃឈាម និងជម្ងឺ​បេះដូង​ក៏ជាមូលហេតុ​នាំឱ្យ​ស្ទះសរសៃឈាម​ដែរ។
  • ការដាច់​សរសៃឈាម​ខួរក្បាល ៖ មានអត្រា​ពី១៥​ទៅ២០ភាគរយ​ដែល​ភាគច្រើន​កើតឡើង​ដោយសារ​ជម្ងឺ​លើសឈាម និងការ​ប៉ះទង្គិច​ផ្សេងៗ។ ការដាច់​សរសៃ​ឈាម​អាចកើត​ឡើង​ទាំងក្នុង និងក្រៅ​ខួរក្បាល ដែល​បណ្ដាល​មកពី​កត្ដាធំៗ​ពីរយ៉ាង។ ករណីទី១ គឺជា​កត្ដា​ដែល​មិនអាច​ប្រែប្រួល ឬបង្ការ​បានគឺជា​បញ្ហានៃ​អាយុកាល ពណ៌សម្បុរ ជនជាតិ ពូជសាសន៍ ឬហ្សែន​ជាដើម។ កត្ដា​មួយទៀត​ជាករណី​ដែលអាច​ការពារ និង​ព្យាបាល​បាន ដូចជា​ជម្ងឺ​លើសឈាម ជម្ងឺ​ទឹកនោម​ផ្អែម កំណើន​ជាតិខ្លាញ់​ខ្ពស់ក្នុង សរសៃឈាម​(ខ្លាញ់​រុំសរសៃឈាម) ដែលបាន​មកពីការ​ទទួលទាន​ស្រា បារី គ្រឿងញៀន​ជាដើម។

រោគ​សញ្ញា​ដាច់សរសៃឈាម​ខួរក្បាល
រោគសញ្ញា​មួយចំនួន​ដែល​គួរឱ្យ​កត់សម្គាល់​មាន​ដូចជា​ប្រព័ន្ធ​សរសៃប្រសាទ​ជាដើម​បង្ហាញ​ឱ្យឃើញ​តាមរយៈ​ការចុះ​ខ្សោយនូវ​ចលនា ឬ​ស្ពឹក ធ្ងន់ៗភ្លាមៗ​នៅលើមុខ ដៃជើង និង​មួយចំហៀង​ខ្លួន។ ដាច់​សរសៃឈាម​ខួរក្បាល​ច្រើនកើត​មានចំពោះ​មនុស្សវ័យ ចំណាស់ និង​តិចតួច​ចំពោះ​មនុស្ស​វ័យកណ្ដាល។ វាបាន​ផ្ដល់ជា​រោគសញ្ញា​មួយចំនួន​គួរឱ្យ​កត់សម្គាល់ ជាពិសេស​រោគសញ្ញា​ដែល​ពាក់ព័ន្ធនឹង​វិបត្ដិ​ប្រព័ន្ធប្រសាទ។

  • ការ​ចុះខ្សោយ​នូវចលនា ឬស្ពឹក​ធ្ងន់ៗភ្លាមៗ​នៅលើមុ​ខ ដៃជើង និង​មួយចំហៀង​ខ្លួន
  • ភ្នែកមើល​ឃើញ​ពុំច្បាស់ ឬ​ងងឹត​ភ្លាមៗ ជាពិសេស​ភ្នែក​តែម្ខាង
  • ភ្លាមៗ អ្នកជម្ងឺ​ពិបាក​និយាយ ឬស្ដាប់​បាន តែ​ពុំអាច​និយាយ​កើត ឬ​ស្ដាប់​ពុំយល់​អ្វីដែល​យើង​និយាយ
  • ឈឺក្បាល​ខ្លាំងភ្លាមៗ​ខុសពី​ធម្មតាដោយ​ពុំមាន​មូលហេតុ​ច្បាស់លាស់់
  • ភ្លាមៗ​ពិបាកដើរ ឬ​ជួនកាល​ដួលភ្លាមៗ​តែម្ដង ជាពិសេស​អាចរួម​ផ្សំ​ជាមួយ​រោគសញ្ញា​ណាមួយ​ក្នុងចំណោម​រោគសញ្ញា ទាំងអស់​ខាងលើ។

វិធី​ព្យាបាល​ការដាច់​សរសៃឈាម​ក្នុង​ខួរក្បាល

ដាច់​សរសៃឈាម​ខួរក្បាល​ជាជម្ងឺ​បន្ទាន់​ដែល​ចាំបាច់​ត្រូវជួយ​សង្គ្រោះ​បន្ទាន់។ គេអាច​ព្យាបាល​ដោយ​ឱសថ និងធ្វើ​ចលនា​ក្នុងករណី​ធ្ងន់ធ្ងរ​ចាំបាច់​ត្រូវធ្វើការ​វះកាត់។ រីឯបញ្ហា​ស្ទះសរសៃឈាម​ខួរក្បាល​មិនមាន​ការ​ព្យាបាល​ដោយការ​វះកាត់​នោះទេ លើកលែងតែ​ស្ទះសរសៃឈាម​ធំៗត្រង់​កញ្ចឹងក​ទើបគេ​វះកាត់​ដើម្បី​បកកំណក​ខ្លាញ់ចេញ។ បច្ចុប្បន្ននេះ​មានការ​ដាក់ដែក​នៅត្រង់​នោះថែមទៀត ប៉ុន្ដែ​មានតែ​នៅបរទេស​ប៉ុណ្ណោះ។ ម្យ៉ាងទៀត​ប្រសិនបើ​ការដាច់​សរសៃឈាម​ខួរក្បាល​ផ្នែក​ខាងក្រៅ អាច​ធ្វើការ​វះកាត់ ដោយ​ពេទ្យជំនាញ។ ផ្ទុយ​ទៅវិញ​ការដាច់​សរសៃឈាម​ខួរក្បាល​ផ្នែកខាង​ក្នុង​ចាំបាច់​ត្រូវព្យាបាល​ដោយការ​ប្រើប្រាស់​ឱសថ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែទាំ​អ្នកជម្ងឺ​ដាច់​សរសៃឈាម​ខួរក្បាល

អ្នក​នៅជុំវិញ​អ្នកជម្ងឺ​មាន​តួនាទី​សំខាន់​ក្នុងការ​មើលថែទាំ ទំនុក​បម្រុងការ​ហូបចុក និង​បង្ហាត់បង្រៀន​ដើរ (ការ​ព្យាបាល ដោយ​ចលនា) ជាពិសេស​តាមការ​ណែនាំ​ពីគ្រូពេទ្យ។ មិនតែ​ប៉ុណ្ណោះ​ក្រុមគ្រួសារ​គួរផ្ដល់​កម្លាំងចិត្ដ​ដល់អ្នក​ជម្ងឺ ព្រោះវា​ជាកត្ដា​សំខាន់ ដែល​មិនអាច​អត់បាន។

វិធី​បង្ការការ​ដាច់សរសៃ​ឈាម​ខួរក្បាល

ពុំមានវិធី​ទប់ស្កាត់ ឬ​វិធានការ​ការពារ​ជាក់លាក់​មួយ​រយភាគរយ​នោះទេ ព្រោះជា​ប្រភេទ​ជម្ងឺដែល​វិវឌ្ឍ​ទៅតាម​អាយុ កាលរបស់​មនុស្ស។ ប៉ុន្ដែមាន​វិធានការ​មួយចំនួន​ក្នុងការ​ទប់ស្កាត់​បញ្ហាការ​ដាច់សរសៃ​ឈាមខួរក្បាល​នោះ គឺការ​ទប់ស្កាត់ និង​ព្យាបាល​ជម្ងឺ​លើសឈាម និងជម្ងឺ​ទឹកនោម​ផ្អែម​ឱ្យបាន​ត្រឹមត្រូវ និង​ចៀសវាង​ការ​ប្រើប្រាស់​ឱសថ​ដោយគ្មាន​វេជ្ជបញ្ជា​ដែលវិធី​នេះមាន​ឯកសារខ្លះ​អះអាង​ថាមាន​ប្រសិទ្ធភាព​រហូតដល់​ទៅ៤០ភាគរយ​ឯណោះ។ ចំពោះ​លោកអ្នក​ដែលមាន​បញ្ហា​កំណើន​ជាតិខ្លាញ់ ឬ​ខ្លាញ់រុំ សរសៃ​ឈាម​ត្រូវព្យាបាល​ជាបន្ទាន់ ព្រោះ​ងាយធ្វើ​ឱ្យកើត​មានការ​ដាច់សរសៃ​ឈាម​ខួរក្បាល។ អ្វីដែល​ចាំបាច់​សូម​លោកអ្នក​បញ្ឈប់ ការ​ជក់បារី ពិសាស្រា និង​គ្រឿងញៀន​ផ្សេងៗ។ សូម​ទទួលទាន​របប​អាហារ​ត្រឹមត្រូវ​ដើម្បី​ទប់ស្កាត់​ការធាត់​ជ្រុលពេក និង​ធ្វើឱ្យ​ជាតិ ខ្លាញ់​កើនឡើង និងសូម​លោកអ្នក​ហាត់កីឡា​ឱ្យបាន​យ៉ាងហោច​ណាស់ពី​២០ទៅ៣០​នាទីក្នុង​មួយថ្ងៃ។

ផល​វិបាក​នៃការ​ដាច់សរសៃ​ឈាម​ខួរក្បាល

ដាច់​សរសៃឈាម​ខួរក្បាល​ជាជម្ងឺ​មួយដ៏មាន​គ្រោះថ្នាក់​បំផុត ដែលអាច​ធ្វើឱ្យ​អ្នកជម្ងឺ​ស្លាប់​មួយចំហៀង​ខ្លួន និងស្លាប់​បាត់ បង់​ជីវិត​តែម្ដង។ វា​ផ្ដល់នូវ​ផលវិបាក​យ៉ាងច្រើន ដូចជា​ធ្វើឱ្យ​អ្នកជម្ងឺ​ពិការ និយាយ​មិនបាន ស្ដាប់​មិនឮ ខូច​អារម្មណ៍ វង្វេងវង្វាន់ ប្រកាច់​ជាដើម។

ដំបូន្មាន​អ្នកជំ​នាញ

ដាច់​សរសៃឈាម​ខួរក្បាល​ជាជម្ងឺ​មួយធ្ងន់ធ្ងរ​ណាស់។ សូម​លោកអ្នក​ប្រញាប់​ស្វែងរក​ការ​ព្យាបាល​ជាបន្ទាន់ ប្រសិនបើ លោកអ្នក​សង្ស័យ ឬ​កើតមាន​នូវ​រោគសញ្ញា​ខ្លះៗ​ដូចដែល​បានជម្រាប​ជូន​ខាងលើ។ ជម្ងឺនេះ​បណ្ដាល​មកពី​ជម្ងឺផ្សេងៗ​ជាអ្នក​បង្ក ដូចនេះ​សូម​លោកអ្នក​ព្យាបាល​ជម្ងឺ​មូលហេតុ​ទាំងនោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ចៀសវាង​ដំណាក់កាល​ដាច់​សរសៃឈាម​ខួរក្បាល។ ស្វែងរក​ការ​ព្យាបាល​កាន់តែ​រហ័ស អត្រាស្លាប់ និង​ពិការភាព​ត្រូវបាន​កាត់បន្ថយ​កាន់តែមា​នតិច។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *