ដោយមើលឃើញពីសារៈសំខាន់នៃឳសថបុរាណ និងចង់បង្ហាញពីរបៀបប្រើប្រាស់ឳសថប្រភេទនេះឲ្យបានត្រឹមត្រូវ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបុរាណបាននិងកំពុងធ្វើការបោះពុម្ពសៀវភៅឳសថបុរាណជាង៦០០មុខបន្ថែមទៀត។
លោក ហ៊ាង ពន្លៃ អតីតៈនាយកមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបុរាណនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃសៅរ៍ទី២៩ កញ្ញាកន្លងមកថា ក្រសួងសុខាភិបាលកំពុងបោះពុម្ពសៀវភៅ ឳសថបុរាណចំនួនពីរមុខបន្ថែមទៀត ដើម្បីចែកចាយដល់មន្ទីរសុខាភិបាលគ្រប់ខេត្ត ក្រុងយកទៅប្រើប្រាស់ និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ ក៏ដូចជាសម្រាប់អ្នកជំនាន់ក្រោយបានស្គាល់ និងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត។ លោកបន្តថា កន្លងមកយើងបានបោះពុម្ពសៀវភៅ២ចំណងជើងរួចហើយ ដែលមានឳសថបុរាណចំនួនជាង១៥០មុខ ត្រូវបានបង្ហាញពីរបៀបប្រើប្រាស់។
ចំណែកការបោះពុម្ពលើកទី១នេះ មានសៀវភៅ២ចំណងជើង ទី១ សៀវភៅបកប្រែពីសាស្រ្តាស្លឹករឹត ទី២ សៀវភៅបង្ហាញពីរូបមន្តនៃការព្យាបាលចំនួនជាង៦០០មុខ។
លោកបន្តថា “ការប្រើប្រាស់ឳសថបុរាណនៅកម្ពុជា មិនសូវមានការពេញនិយមទេ ដោយសារប្រជាពលរដ្ឋមិនសូវមានជ្រួតជ្រាប និងដឹងពីសារៈសំខាន់របស់វា”។ លោកបន្តថា “ឳសថបុរាណប្រើប្រាស់សម្រាប់ព្យាបាលជម្ងឺមិនសូវមានប្រសិទ្ឋិភាពលឿនដូចឳសថសម័យទេ។ វាអាចព្យាបាលជម្ងឺបានតែចំណាយពេលយូរជាងឳសថសម័យ និងមិនមានផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដូចឳសថសម័យទេ ”។
សៀវភៅនេះ នឹងបោះពុម្ពចំនួន២០០០ច្បាប់ និងគ្រោងចេញផ្សាយនៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ។ ការបោះពុម្ពសៀវភៅនេះ ចំណាយថវិការរបស់ក្រសួងសុខាភិបាល។ រហូតមកទល់ពេលនេះ ឳសថបុរាណចំនួន៧៦៦មុខរួចហើយត្រូវបានបោះពុម្ពផ្សាយ។ នេះបើតាមការឲ្យដឹងពីលោក ហ៊ាង ពន្លៃ។
លោកបន្តថា “ខ្ញុំសូមឲ្យកូនខ្មែរជំនាន់ក្រោយ បន្តធ្វើការស្រាវជ្រាវឳសថបុរាណជាបន្តទៀត ព្រោះនៅមានឳសថបុរាណរាប់ពាន់មុខ មិនទាន់បានធ្វើការស្រាវជ្រាវ និងមិនទាន់បានដាំដុះ”។ លោកបន្ថែមថា“យើងបានដាំរុក្ខជាតិជាឳសថបុរាណចំនួនជាង៥០០មុខរួចមកហើយ ដែលមានទីតាំងនៅឧទ្យានជាតិគិរីរម្យ ហេតុនេះសូមកូនខ្មែរជំនាន់ក្រោយ បន្តធ្វើការដាំដុះបន្តទៀត ដើម្បីកុំឲ្យបាត់បង់នូវរុក្ខជាតិដ៏មានតំលៃរបស់យើង”។
ឳសថបុរាណមិនសូវមានផលិត និងប្រើប្រាស់នៅកម្ពុជាទេ ខុសពីប្រទេសជិតខាង ដែលមានការប្រើប្រាស់ឳសថបុរាណច្រើន។ កង្វះខាតការផលិត និងស្រាវជ្រាវដោយសារកង្វះធនធានថវិការ និងគ្មានអ្នកវិនិយោគលើផ្នែកនេះ។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២
Leave a Reply