លោកអ្នកប្រាកដជាតែងតែគិតប្រាថ្នាចង់ឱ្យខ្លួនលោកអ្នកក្លាយជាមនុស្សម្នាក់ដ៏មានឥទ្ធិពល មានអំណាចលើមនុស្សដែលនៅជុំវិញខ្លួន និងប្រាថ្នាចង់ធ្វើអ្វីមួយប្រកបដោយសេចក្ដីសម្រេចជោគជ័យ។ ទន្ទឹមនឹងនេះលោកអ្នកមួយចំនួនប្រហែលជាធ្លាប់គិត ហើយថាគ្រប់យ៉ាងដែលទទួលបានផលនិងសម្រេចនោះកើតឡើងពីការតាំងចិត្ដ កម្លាំងចិត្ដ ឬដោយកម្លាំងពលកម្មខ្លួនឯងនោះឡើយ ។ មនោមយិទ្ធិជាវិធីបែបផ្លូវចិត្ដខាងសាសនា ដែលលោកអ្នកស្ទើរតែមិនធ្លាប់ជួប មិនធ្លាប់ឮតាំងពីដើមមកសោះ ហើយក៏កាន់តែមិនធ្លាប់ស្គាល់ថា តើមនោមយិទ្ធិនោះជាអ្វី? ប្រើដើម្បីអ្វីនោះឡើយ?
មានចម្ងល់ត្រូវតែស្វែងរកដំណោះស្រាយ ស្រាវជ្រាវរកចម្លើយ និងបកស្រាយបំភ្លឺ ហើយដែលពេលនេះទស្សនាវដ្ដី សុខភាពយើង សូមនាំអារម្មណ៍របស់លោកអ្នកអានឱ្យមកធ្វើការស្វែងយល់អំពីមនោមយិទ្ធិ។
មនោមយិទ្ធិ ជាអ្វី?
មនោមយិទ្ធិ(មៈ-នោ-មៈ-យិត-ធិ) មានន័យប្រហាក់ប្រហែលជាមួយនឹងពាក្យជាភាសាអង់គ្លេសថា វីលផាវវើ (Will Power)។ ពាក្យថាមនោមយិទ្ធិនេះ ជាវាក្យស័ព្ទខាងព្រះពុទ្ធសាសនាមានន័យថា ឫទ្ធិដែលសម្រេចដោយចិត្ដ។ ប៉ុន្ដែក្នុងការបកប្រែពីពាក្យ វីលផាវវើ ជាភាសាអង់គ្លេសវិញ គឺសំដៅដល់អំណាចដែលធ្វើឱ្យអ្វីៗសម្រេចផល និងដែលកើតឡើងពីកម្លាំងចិត្ដរបស់មនុស្សម្នាក់ៗ។
មនោមយិទ្ធិកើតមាននៅកន្លែងណា?
តាមការពិតទៅមនោមយិទ្ធិ គឺជាអ្វីដែលមាននៅក្នុងខ្លួនមនុស្សយើងគ្រប់ៗគ្នា ពោលគឺកម្លាំងចិត្ដ កម្លាំងប្រាថ្នា កម្លាំងអធិដ្ឋាន កម្លាំងតាំងចិត្ដដ៏ជាក់លាក់ ឬជាកម្លាំងនៃកិលេសតណ្ហា ដែលជាគ្រឿងភ្ញោចឱ្យលោកអ្នកមានសកម្មភាពផ្សេងៗរៀងខ្លួន និងនាំឆ្ពោះទៅកាន់គោលបំណងរបស់លោកអ្នក។ ទាំងនេះសុទ្ធសឹងជាមនោមយិទ្ធិវិជ្ជមាន(មនោមយិទ្ធិផ្នែកដែលល្អ) ឬមនោមយិទ្ធិអវិជ្ជមាន (មនោមយិទ្ធិផ្នែកមិនល្អ ឬផ្នែកអាក្រក់)។ មនុស្សដែលមានមនោមយិទ្ធិច្រើនរមែងមានការប្រាថ្នាអ្វីយ៉ាងខ្លាំងក្លា រហូតសុខចិត្ដ ប្ដូរជីវិត ដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ ចំណែកលោកអ្នកដែលមិនមានមនោមយិទ្ធិតែងតែមានអារម្មណ៍រារែកនឹងធ្វើអ្វីមួយ ដែលជាហេតុធ្វើឱ្យមិនសូវបានផលសម្រេច ឬធ្វើបានតែពាក់កណ្ដាលទីក៏បោះបង់ចោល។
ហេតុអ្វីត្រូវសាងមនោមយិទ្ធិ?
ការដែលមនុស្សយើងមានវណ្ណៈ ឬជីវភាពរស់នៅ តំណែងក្នុងសង្គមខុសប្លែកពីគ្នា ក្រៅពីកើតឡើងដោយសារចំណេះដឹង និងសមត្ថភាព វាក៏មានផលប៉ះពាល់ដែលបណ្ដាលមកពីមនោមយិទ្ធិផងដែរ។ ប៉ុន្ដែគ្រាន់តែថាមនុស្សភាគច្រើនមិនយល់ ហើយបែរជាគិតថាវាកើតឡើងតាមអំណាចព្រេងវាសនា ឬរាសីទៅវិញ។ អ្វីដែលសំខាន់បំផុតនោះ គឺកម្លាំងតណ្ហាដែលផុសចេញពីជម្រៅនៃដួងចិត្ដ ឬមនោមយិទ្ធិនេះឯងដែលសម្ដែងនូវភាពអស្ចារ្យគួរស្ញប់ស្ញែង គឺវាអាចជំរុញមនុស្សដែលមានឋានៈទាបឱ្យឈានឆ្ពោះទៅកាន់ឋានៈមួយដែលខ្ពង់ខ្ពស់បាន។
មនោមយិទ្ធិអាចមានប្រយោជន៍អ្វីខ្លះ?
ចិត្ដមនុស្សយើងមានអំណាចអស្ចារ្យណាស់ បើហ្វឹកហាត់ក្នុងផ្លូវណា ច្រើនតែកើតបានជាផលក្នុងផ្លូវនោះវិញ។ មនុស្សដែលបណ្ដោយចិត្ដគំនិតឱ្យអណ្ដែតអណ្ដូងរវើរវាយញយៗដង លទ្ធផលដែលទទួលបានគឺមួយជីវិតរបស់ពួកគេនឹងមិនទទួលបានប្រយោជន៍ជាធំដុំ ជាដុំកំភួននោះទេ។ ប៉ុន្ដែចំណែកឯមនុស្សដែលមានការតាំងចិត្ដយ៉ាងមុតមាំជាក់លាក់ ពួកគេរមែងធ្វើការអ្វីៗបានសម្រេច និងទទួលបានផលគួរជាទីមោទនៈ និងគួរឱ្យអស្ចារ្យណាស់។ ការហាត់កសាងអំណាចចិត្ដ ឬមនោមយិទ្ធិឱ្យក្លាយទៅជាទម្លាប់ គឺជាអ្វីដែលមានគុណតម្លៃបំផុត ហើយសំខាន់ជាងការហ្វឹកហាត់ចំណេះដឹង ឬក៏ការហ្វឹកហាត់ផ្សេងៗទៀត។ ពីព្រោះផលសម្រេចគ្រប់យ៉ាងសុទ្ធតែមានមនោមយិទ្ធិជាគ្រឹះ ជាមូលដ្ឋាន។ អ្នកដែលមានមនោមយិទ្ធិ គឺជាមនុស្សដែលមានប្រៀបលើអ្នកដទៃ។
មធ្យោបាយហ្វឹកហាត់មនោមយិទ្ធិ
ការធ្វើអ្វីមួយឱ្យបានសម្រេច និងទទួលផលជាវិជ្ជមាននោះ ជាចាំបាច់ត្រូវមានគោលការណ៍ច្បាស់លាស់ ហើយក៏ត្រូវទាមទារនូវមធ្យោបាយជាក់លាក់ដែរ។
- ហ្វឹកហាត់ប្រាថ្នានូវអ្វីដែលខ្លួនបានប៉ាន់ស្មានថាអាចនឹងធ្វើទៅបានដោយកម្លាំងថ្វីដៃរបស់ខ្លួនឯងផ្ទាល់ ហើយតាំងចិត្ដ យ៉ាងជាក់លាក់ក្នុងការធ្វើកិច្ចការនោះឱ្យបានសម្រេច។ ហាត់ធ្វើញយៗដោយជ្រើសរើសយកពីងាយទៅមុន ដូចជាការដើរដោយជើង នៅលើថ្នល់ សម្លឹងមើលផ្លាកសញ្ញាខាងមុខហើយតាំងចិត្ដទៅឱ្យដល់ផ្លាកសញ្ញានោះ។ ការធ្វើដូចនេះមើលទៅហាក់ដូចជាងាយស្រួលណាស់ ប៉ុន្ដែអាចជួយក្នុងការហ្វឹកហាត់ចិត្ដឱ្យស៊ាំនឹងផលសម្រេច ហើយបើកាលណាស៊ាំញយៗកម្លាំងនឹងកើនច្រើនឡើង។
- គិតប៉ងធ្វើអ្វីមួយត្រូវធ្វើឱ្យបាន ពោលគឺត្រូវតាំងចិត្ដធ្វើឱ្យបានសម្រេច ទោះបីជាមានឧបសគ្គច្រើនប៉ុណ្ណាក្ដី និងទោះបីជាត្រូវធ្វើរហូតទៅដល់រាប់ពាន់ដង ច្រើនខែឆ្នាំ ក៏នៅតែព្យាយាមធ្វើឱ្យទាល់តែបានជោគជ័យ។
- មិនត្រូវយកកិច្ចការមកធ្វើម្ដងច្រើនមុខព្រមៗគ្នានោះទេ តែត្រូវជ្រើសរើសកិច្ចការណាមួយមកធ្វើជាមុន និងធ្វើទៅតាមលំដាប់លំដោយ សំខាន់ព្យាយាមធ្វើដោយប្រកាន់ខ្ជាប់នូវការសមាធិ និងអត់ធ្មត់។
- ត្រូវសង្ឃឹម និងជឿជាក់លើខ្លួនឯង ពឹងខ្លួនឯង និងជួយខ្លួនឯងគ្រប់ពេលវេលា។
បណ្ដាំផ្ញើ
ការព្យាយាមជាប្រការការមួយដែលលោកអ្នកគួរតែអនុវត្ដ ឯការតាំងចិត្ដឱ្យល្អក៏ជាសីលធម៌មួយដ៏ប្រពៃក្នុងការរស់នៅជាមនុស្សដែរ។ ការព្យាយាមយកឈ្នះលើចិត្ដអ្នកដទៃមិនមែនជារឿងដែលធ្វើទៅក្នុងរយៈពេលខ្លីមួយឬពីរថ្ងៃបាននោះទេ វាទាមទារនូវការព្យាយាម និងអត់ធ្មត់។ ការព្យាយាមឱ្យមានប្រៀបលើអ្នកដទៃទៀតសោត ក៏មិនមែនជាការព្យាយាមដោយខុស ឬការតាំងចិត្ដឱ្យមានមនោមយិទ្ធិអវិជ្ជមាន ឬផ្នែកអាក្រក់នោះឡើយ។ សូមលោកអ្នកតាំងចិត្ដឱ្យជ្រះថ្លា ប្រមើលមើលនូវអំពើល្អ ទើបជាជោគជ័យក្នុងជីវិត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧
Leave a Reply