ទស្សនាវដ្ដី សុខភាពយើង បានបង្ហាញជូនលោកអ្នករួចមកហើយនូវសារធាតុរ៉ែខនិជ ជាតិកាល់ស្យូម និងជាតិអ៊ីយ៉ូដ។ រ៉ែខនិជទាំងនេះពិតជាផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយរបស់មនុស្ស។ នៅពេលនេះ សូមលោកអ្នកបន្ដជ្រាបជាមួយរ៉ែខនិជមួយមុខទៀត គឺជាតិដែក។
តួនាទីជាតិដែក
សារធាតុរ៉ែខនិជដែកដែលបានចាត់បញ្ចូលទៅក្នុងចំណាត់ថ្នាក់សារធាតុរ៉ែខនិជ ឬសារធាតុអាហារបំប៉ន គេស្គាល់ថាជា សារធាតុប្រឆាំងនឹងជម្ងឺស្លេកស្លាំង(ខ្វះគ្រាប់ឈាមក្រហម)មានតួនាទីពិសេសដូចតទៅ៖
– ដឹកជញ្ជូនអុកស៊ីសែន ៖ ជាតិដែកមានតួនាទីដឹកជញ្ជូនអុកស៊ីសែន ពោលគឺវាមានសារៈសំខាន់ណាស់នៅក្នុងដំណើរការ សរីរៈសាស្ដ្រកម្រិតជីវិត ជាពិសេសគឺការដកដង្ហើម។
– ប្រឆាំងកង្វះគ្រាប់ឈាមក្រហម ៖ ជាតិដែកជាសារៈធាតុសំខាន់ណាស់សម្រាប់ប្រឆាំងជាមួយជម្ងឺស្លេកស្លាំង ឬជម្ងឺកង្វះ គ្រាប់ឈាមក្រហមដែលមាននៅក្នុងឈាម។
– ជាអង់ទីអុកស៊ីដង់ ៖ នៅក្នុងបរិមាណតិចតួច ជាតិដែកគឺជាអង់ទីអុកស៊ីដង់ ឬប្រឆាំងអុកស៊ីដកម្ម និងជាសារធាតុប្រឆាំង មេរោគបាក់តេរី។ ផ្ទុយទៅវិញ បើវាមានបរិមាណច្រើន គឺជាសារធាតុអនាគតអុកស៊ីដង់ ឬសារធាតុបង្កអុកស៊ីដកម្ម។
– ជួយប្រព័ន្ធប្រសាទ ៖ ជាតិដែកចូលរួមអន្ដរាគមការសំយោគ ឬសារធាតុប្រសាទតំណ ឬណឺរ៉ូត្រង់ស្មែតទ័រ។
របបអាហារូបត្ថម្ភប្រចាំថ្ងៃរបស់ជាតិដែក
ខ្លួនប្រាណមនុស្សត្រូវការទទួលទានចូលជាប្រចាំនូវសារធាតុដែកក្នុងបរិមាណចំនួន៩មីលីក្រាមចំពោះបុរស។ តួលេខនេះ អាចកើនឡើងដល់ទៅ១៦មីលីក្រាមចំពោះស្ដ្រីដែលកំពុងមករដូវ ពី១៦ទៅ៣០មីលីក្រាមសម្រាប់ស្ដ្រីមានផ្ទៃពោះ និង១០ក្រាម សម្រាប់ស្ដ្រីបំបៅកូន ឬស្ដ្រីដែលអស់រដូវ។
កង្វះជាតិដែកនាំឱ្យប៉ះពាល់ដល់សុខភាព
ប្រសិនបើយើងទទួលទានសារជាតិដែកមិនបានគ្រប់គ្រាន់នោះទេ អាចនាំឱ្យប៉ះពាល់ដល់សុខភាពគួរឱ្យកត់សម្គាល់ ជាពិសេសករណីស្ដ្រីតែម្ដង។ ផលប៉ះពាល់ទាំងនេះដែលចម្បងជាងគេគឺជម្ងឺស្លេកស្លាំង សតិស្មារតីខ្សោយ ក្មេងតុះ(រៀនមិនសូវចេះចាំ) ឧស្សាហ៍លាប់ជម្ងឺ កើតជម្ងឺដុំសាច់ អស់កម្លាំង មុខស្លេកស្លាំង ដង្ហក់ពេលហត់ខ្លាំង ញ័រដើមទ្រូង និងឮចង្វាក់បេះដូង។
ចំណីអាហារដែលមានជាតិដែក
ជាតិដែកមាននៅលើចំណីអាហារមួយចំនួន ជាពិសេសមាននៅលើចំណីអាហារ ដូចជាអង្ករ បន្លែក្រៀម ថ្លើមសត្វ ស៊ុត សាច់គោ កាកាវ ងៀវគ្រំ ដំឡូងបារាំង ភ្លៅកង្កែប ស្ពៃ និងគ្រាប់ធញ្ញជាតិជាដើម។ សូមចងចាំថា សារជាតិដែកជ្រាបចូលទៅក្នុង ខ្លួនយ៉ាងពិបាក មានប្រមាណ៨5ប៉ុណ្ណោះដែលអាចជ្រាបចូលតាមពោះវៀន។
ជាតិដែកជាគ្រាប់ថ្នាំអាហារបំប៉ន
ទម្រង់សារជាតិដែកដែលងាយជ្រាបជាងគេគឺ ក្លុយកូណាត ប៊ីគ្លីស៊ីណាត អាស្ពាកាត អាស្ក័របាតនៃជាតិដែក ឬជាតិដែក ប្រូតេអ៊ីន។ គ្រាប់ថ្នាំសារជាតិដែកទាំងនេះមិនត្រូវទទួលទានកៀកពេលទទួលទានសារជាតិអាហារផ្សេងទៀតនោះទេ ខុសគ្នាយ៉ាង ហោចណាស់ក៏៣០នាទីដែរ។ ជាឧទាហរណ៍ បើជ្រើសរើសជាតិរ៉ែដែកស៊ុលហ្វាតគឺត្រូវទទួលទានមុនឬក្រោយជាតិវីតាមីនអឺចំនួន ៨ម៉ោង បើមិនដូច្នេះទេជាតិដែកនឹងត្រូវបានបំផ្លាញ។ មិនត្រូវទទួលទានអាហារបំប៉នជាតិដែកនោះទេ ប្រសិនបើមិនមានការខ្វះ ទោះ បីជាពេលកំពុងមានផ្ទៃពោះក្ដី។ សំខាន់បំផុតគួរធ្វើតេស្ដរាប់ចំនួនថាខ្វះឬក៏អត់។ ព្រោះថាចំពោះស្ដ្រីមានផ្ទៃពោះ ការស្រូបជាតិដែក កើនឡើងពី៣ទៅ១០ដងឯណោះ។
(សូមបន្ដអាននៅលេខក្រោយ)
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply