ស្បែកមុខសស្អាតគ្មានស្លាកស្នាម ទោះជាស្ថិតនៅក្នុងលំដាប់ណា វ័យណាក៏ចង់បានដែរមិនដែលស្ថិតនៅឆ្ងាយពីដួងចិត្ដ របស់មនុស្សគ្រប់រូបទេ។ ហេតុនេះហើយទើបមានអ្នកខ្លះខិតខំចំណាយប្រាក់កាសជាច្រើនដើម្បីកែច្នៃធ្វើយ៉ាងណាឱ្យតែបានផ្ទៃមុខស ស្អាតផូផង់ ដោយមិនបានគិតពីផលប៉ះពាល់ផ្សេងៗដែលកើតមានឡើងនៅពេលក្រោយ។
នៅពេលនេះលោកអ្នក ជាពិសេសសុភាពនារីទាំងអស់នឹងបានជ្រាបអំពីអាថ៌កំបាំងដែលធ្វើឱ្យមុខសដោយមិនចាំបាច់ចំណាយប្រាក់ទេ រួមជាមួយនឹងបញ្ហាមួយចំនួនរបស់ផ្ទៃមុខដែលទស្សនាវដ្ដី សុខភាពយើងទទួលបានពីការបកស្រាយជម្រាបជូនពីលោក វេជ្ជបណ្ឌិត ថៃ គា អ្នកឯកទេសជម្ងឺសើស្បែក និងកាមរោគ។
ការកែប្រែសម្បុរស្បែក
តាមពិតមនុស្សយើងម្នាក់ៗ ទោះជាមានសម្បុរស្បែកបែបណាក៏ដោយសុទ្ធតែបានបង្កប់នូវភាពស្រស់ស្អាតរបស់ស្បែករួច ជាស្រេចទៅហើយ។ លោកអ្នកមិនមានអ្វីដែលគួរឱ្យចង់បានលើសពីនេះទៀតទេ។ មានការយល់ច្រឡំមួយចំនួនក្នុងករណីរបស់អ្នក ចម្រៀងម៉ៃឃើល ជែកសាន់ ដែលបានធ្វើការកែប្រែស្បែកខ្មៅធម្មជាតិរបស់ខ្លួនទៅជាស្បែកស។ ឃើញដូចនេះទើបលោកអ្នកមួយ ចំនួនចង់ធ្វើតាមដោយខំប្រឹងប្រែងរិះរកគ្រប់វិធីដើម្បីកែសម្បុរស្បែករបស់ខ្លួន។ បញ្ហានេះបើតាមបច្ចេកទេស គឺមិនងាយនឹងធ្វើបាន ឡើយ បើបានត្រូវត្រូវចំណាយប្រាក់ច្រើន ព្រមទាំងប្រឈមមុខនឹងគ្រោះថ្នាក់ទៀតផង។
វិធីធ្វើឱ្យស្បែកមុខស
វិធីពិសេសបំផុតដែលលោកអ្នកមិនបាច់ចំណាយប្រាក់នោះ គឺត្រូវចៀសវាងពីពន្លឺថ្ងៃ។ ព្រោះពន្លឺថ្ងៃមានការប៉ះពាល់ច្រើន ប្រការណាស់នៅលើស្បែកមុខដែលនៅកណ្ដាលវាលមិនមានអ្វីបិទបាំងដូចដែលបានលើកមកជម្រាបជូនលោកអ្នកអាននៅក្នុងអត្ថបទ “ វិធីថែទាំស្បែកពេលនៅហាលថ្ងៃ” ចេញផ្សាយលេខ០០៧ ខែសីហា ២០០៦ របស់ទស្សនាវដ្ដីសុខភាពយើង។ លោកអ្នកសាកល្បង គិតបន្ដិចទៅមើល កាលពីលោកអ្នកនៅវ័យកុមារភាពស្បែករបស់លោកអ្នកស្អាតដោយមិនមានអ្វីជាជំនួយទេ។ ម្យ៉ាងទៀត លោកអ្នកអាចប្រៀបធៀបជាមួយនឹងស្បែកដែលនៅក្នុងម្លប់រាប់សិបឆ្នាំ(ស្បែកក្នុងអាវឬខោ)លោកអ្នកនឹងឃើញសភាពម៉ដ្ឋរលោងរបស់ស្បែកមិនខានឡើយ នោះហើយគឺជាលទ្ធផលនៃការចាកផុតពីពន្លឺថ្ងៃ។ ដូចនេះដើម្បីឱ្យស្បែកសមិនមានអ្វីច្រើនទេ ដោយគ្រាន់តែ លោកអ្នករក្សាភាពស្រស់ស្អាតបែបនេះរហូតនោះជាការស្រេចទៅហើយ។ ក្រៅពីនេះចំណីអាហារដែលសម្បូរដោយពពួកវីតាមីនជា ច្រើនប្រភេទ ដោយរាប់តាំងពីបន្លែដែលមានពណ៌បៃតងទឹកក្រូចលឿងជាដើមក៏អាចរួមចំណែកជួយលោកអ្នកក្នុងរឿងនេះបាន។
គ្រោះថ្នាក់នៃការប្រើផលិតផលធ្វើឱ្យស្បែកមុខស
នៅក្នុងស្រទាប់ស្បែករបស់មនុស្សយើង មានកោសិកាពីរប្រភេទដែលទ្រទ្រង់ភាពមាំទាំរបស់ស្បែកគឺកោសិកាសម្រាប់ ជួយឱ្យស្បែកលូតលាស់និងកោសិកាដែលបញ្ចេញជាតិមេឡានីនសម្រាប់ឱ្យពណ៌ដល់ស្បែកឱ្យមានសម្បុរដូចគ្នាគ្រប់ទីកន្លែងទាំងអស់ ទៅតាមជាតិសាសន៍នីមួយៗ។ បើសិនជាលោកអ្នកចង់ឱ្យស្បែកមុខសលើសពីស្បែកធម្មជាតិលោកអ្នកយល់ខុសហើយ។ ផ្ទុយទៅវិញគ្រប់ផលិតផលដែលធ្វើឱ្យស្បែកមុខសទាំងអស់សុទ្ធតែមានសារជាតិថ្នាំសម្រាប់កាត់ស្បែកមុខឱ្យស្ដើង ទើបអាចមើលទៅសជាងមុន និងទប់ស្កាត់កោសិកាស្បែកដែលជួយឱ្យស្បែកលូតលាស់មិនឱ្យដុះឡើងបាន។ បន្ទាប់ពីសហើយ លោកអ្នកនឹងត្រូវប្រឈមមុខនឹងការ ជាំមុខ ការរលាកស្បែក បើធ្ងន់ធ្ងរនោះជម្ងឺមហារីកស្បែកកំពុងរងចាំលោកអ្នកមិនខានឡើយ។
ដំបូន្មានអ្នកជំនាញ
សូមលោកអ្នកមេត្ដាកុំចង់ឱ្យមុខសធ្វើអ្វី ព្រោះវាអាចធ្វើឱ្យលោកអ្នកស្ដាយក្រោយមិនខាននៅពេលដែលលោកអ្នកខូច ស្បែកមុខ ព្រោះមិនមានថ្នាំសម្រាប់ជួយលោកអ្នកឡើយ។ លោកអ្នកនឹងមានស្បែកមុខដ៏ស្អាតផូផង់ដោយគ្រាន់តែលោកអ្នកថែរក្សា វាកុំឱ្យខ្មៅជាងស្បែកធម្មជាតិទៅ វាគ្រប់គ្រាន់ណាស់ទៅហើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧
Leave a Reply