ក្រសួងសុខាភិបាលកាលពីសប្ដាហ៍មុននេះ បានធ្វើការកោះប្រជុំជាមួយនឹងម្ចាស់ផលិតផលថ្នាំជក់ចំនួន១៥ក្រុមហ៊ុននៅកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយពីអនុក្រឹត្យស្ដីពីវិធានការហាមឃាត់ចំពោះការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ព្រមទាំងធ្វើការប្រកាសពីឱសាន្ដវាទនៃការដកហូតពាណិជ្ជកម្មគិតត្រឹមរយៈពេល៦ខែ ក្រោយពីអនុក្រឹត្យនេះបានអនុម័តចប់ជាស្ថាពរ។
លោក អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងក្នុងកិច្ចប្រជុំ នៅទីស្នាក់ការក្រសួងសុខាភិបាលកាលពីថ្ងៃច័ន្ទនេះថា គោលបំណងនៃកិច្ចប្រជុំក្នុងថ្ងៃនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយអនុក្រឹត្យ និងចែករំលែកព័ត៌មានដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការស្វែងយល់ និងអនុវត្ដអនុក្រឹត្យនេះឱ្យមានភាពរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកថ្លែងថា ៖ “ការប្រើប្រាស់ថ្នាំជក់ផ្ដល់ផលលំបាកធ្ងន់ធ្ងរចំពោះសុខភាព សេដ្ឋកិច្ច និងបរិស្ថាន ដូច្នេះការអប់រំ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ជាភារកិច្ច យើងទាំអស់គ្នា។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១០ រាជរដ្ឋាភិបាលបានអនុម័តអនុក្រឹត្យស្ដីពីវិធានការហាមឃាត់ផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់
អនុក្រឹត្យនេះតម្រូវឱ្យគ្រប់ក្រុមហ៊ុនថ្នាំជក់ ផលិតករក្នុងស្រុក អ្នកនាំចូលផលិតផលថ្នាំជក់ អាជីវករ អ្នកពាក់ព័ន្ធនឹងការ ផ្សព្វផ្សាយ និងអ្នកចែកចាយផលិតផលថ្នាំជក់នៅក្នុងប្រទេសកម្ពុជាត្រូវតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ជាផ្ទាំងរូបភាព ផ្ទាំងប៉ាណូ ផ្ទាំងបដា ផ្ទាំងគំនូរ ឬប័ណ្ណផ្សព្វផ្សាយផលិតផលថ្នាំជក់ជាសាធារណៈ និងការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ជារូបភាពចល័តនៅលើជញ្ជាំងរថយន្ដ ឬលើយានជំនិះគ្រប់ប្រភេទទាំងស្រុង ក្រោយពីអនុក្រឹត្យនេះចូលជាធរមានរយៈពេល៦ខែ ដែលនេះជាការឆ្លើយតបនឹងមាត្រាទី១៣នៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់។
លោក ឃុន សូគ្រីន ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ៖ “វាគឺជា រឿងមួយល្អ ក្នុងការអញ្ជើញឱ្យម្ចាស់ក្រុមហ៊ុនថ្នាំជក់មកចូលរួមស្ដាប់លើការងាររបស់រដ្ឋាភិបាលដែលបានកំណត់ជូនសម្រាប់ពួកគាត់ ដើម្បីឱ្យពួកគាត់បានជ្រាបជាព័ត៌មានក្នុងការអនុវត្ដប្រកបដោយភាពរលូន”។ លោកថា ៖ “បើទោះបីជាឱសាន្ដវាទជិតចូលដល់ ក៏ដោយ ប៉ុន្ដែនៅពេលនេះយើងមិនទាន់បានដឹងទេ តើមានក្រុមហ៊ុនចំនួនប៉ុន្មានដែលបានអនុវត្ដដកហូតពាណិជ្ជកម្មរបស់ខ្លួននៅតាម គោលដៅនោះ។ ដូច្នេះមុនថ្ងៃឱសាន្ដវាទនេះមកដល់ យើងនិងជំរុញទៅកាន់ក្រុមហ៊ុនថ្នាំជក់បន្ថែមទៀត លើការផ្សព្វផ្សាយពី អនុក្រឹត្យហាមឃាត់ឱ្យបានកាន់តែទូលាយ ដើម្បីឱ្យម្ចាស់ក្រុមហ៊ុនមានការអនុវត្ដតាមការកំណត់របស់រដ្ឋាភិបាល”។
ក្រុមហ៊ុនថ្នាំជក់នឹងទទួលទោសប្រសិនបើមានការអនុវត្ដន៍ផ្ទុយពីច្បាប់កំណត់
យោងតាមអនុក្រឹត្យស្ដីពិវិធានការហាមឃាត់ចំពោះការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ត្រង់មាត្រាទី១០បានចែងថារាល់ក្រុមហ៊ុនថ្នាំជក់ទាំងអស់ដែលមិនគោរពបទប្បញ្ញត្ដិនៃអនុក្រឹត្យនេះត្រូវទទួលទណ្ឌកម្មដូចតទៅ ៖
ទី១ ៖ ព្រមានជាលាយលក្ខណ៍អក្សរ
ទី២ ៖ ដកហូតការផ្សព្វផ្សាយ
ទី៣ ៖ ផ្អាកការប្រកបអាជីវកម្មបណ្ដោះអាសន្ន
ទី៤ ៖ បិទអាជីវកម្មជាស្ថាពរ ក្នុងករណីមិនរាងចាល
លោក កាន់ សារុន ទទួលបន្ទុករដ្ឋបាលនៃក្រុមហ៊ុនថ្នាំជក់វីនីតុនគ្រុបបានប្រាប់ថា លោកមានការគាំទ្រ និងអនុវត្ដតាមអនុ ក្រឹត្យដែលបានរៀបចំឡើងដោយរដ្ឋាភិបាល ប៉ុន្ដែលោកមិនទាន់គាំទ្រចំពោះសេចក្ដីប្រកាសនៅឡើយទេ ត្រង់ប្រការ៣ និងប្រការ៤ ដោយផ្ដោតលើទំហំនៃក្រដាសផ្សាយពាណិជ្ជកម្មបារីនៅកន្លែងលក់វាមានទំហំតូចពេក និងការដាក់តាំងកញ្ចប់បារីក្នុង១មុខបានតែ មួយកញ្ចប់ប៉ុណ្ណោះ ដូច្នេះប្រការពីរនេះវានាំឱ្យខាតបង់ច្រើន។ លោកថ្លែងថា ៖ “ខ្ញុំបានធ្វើការដកហូតពាណិជ្ជកម្មដែលបានដាក់ តាំងនៅសាធារណៈជាបណ្ដើរៗហើយ ដោយយើងបានសន្យាថា ដល់ថ្ងៃកំណត់ នឹងមិនមានការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនយើង ទៀតទេ”។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply