ជម្រាបសួរលោកគ្រូ លី ចេងហ៊ុយ ខ្ញុំឧស្សាហ៍ឃើញលោកគ្រូនៅតាមកញ្ចក់ទូរទស្សន៍ និងនៅលើទំព័រទស្សនាវដ្ដី សុខភាពយើង។ លោកគ្រូពេទ្យពិតជាគ្រូពេទ្យខ្មែរដ៏គួរឱ្យកោតសរសើរ និងគោរពនៃប្រជាពលរដ្ឋខ្មែរ។ ឆ្នាំនេះខ្ញុំមានអាយុ១៧ឆ្នាំ។ ខ្ញុំចង់សួរថាតើអាចដឹងថាក្មេងប្រុស ឬក្មេងស្រីមានចំណង់ផ្លូវភេទដោយសារអ្វីទៅ សូមអរគុណលោកគ្រូ។ លោក ម. ម. រ អាយុ១៧ឆ្នាំ កំពង់ចាម
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ខ្ញុំសប្បាយរីករាយណាស់នៅពេលដែលឃើញយុវវ័យខ្មែរមួយរូបដូចជាប្អូនប្រុសយកចិត្ដ ទុកដាក់នឹងសុខភាព ព្រមហ៊ានសួរអំពីរឿងផ្ទាល់ខ្លួន និងរឿងផ្លូវភេទមកកាន់ខ្ញុំបាទ។ ពេលដែលមនុស្សមានអារម្មណ៍ផ្លូវភេទ អាការៈដែលអាចកត់សម្គាល់បានគឺស្ដែងចេញជាទឹកមុខ ការសម្លឹង និងអាកប្បកិរិយាមួយខុសពីធម្មតា។ តាមលក្ខណៈជិវសាស្ដ្រ ប្រសិនបើក្មេងប្រុស ឬក្មេងស្រីម្នាក់មានតម្រេក ឬចំណង់ផ្លូវភេទខ្លាំង ដង្ហើម និងបេះដូងរបស់គេដើរញាប់ជាងធម្មតា មុខឡើងក្រហម បែកញើស និងក្បាលដោះទាំងពីរឡើងរឹង។ រីឯនៅលើប្រដាប់ភេទក៏មានការប្រែប្រួលខុសប្រក្រតីដែរគឺ ៖
– ចំពោះក្មេងស្រី ៖ នៅលើមាត់ទ្វារមាស គ្លីតូរីសឡើងរឹង(ជាទម្រង់ឡើងរឹងនៃលិង្គ) បបេរទ្វារមាសប៉ោង ទ្វារមាសរីកធំ ជាតិសំណើមកើតមាននៅក្នុងទ្វារមាស(ទឹករំអិលភេទ) ទាំងនេះជាការសម្រួលដល់ការស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាស។
– ចំពោះក្មេងប្រុស ៖ នៅលើប្រដាប់ភេទ លិង្គរបស់គាត់ងើបឡើងរឹង និងវែងជាងពេលស្រក ក្បាលលិង្គក្រឡិត និងឡើង ក្រហម។ ស្របពេលនោះ ទឹកកាមអាចចេញមកបន្សើមតិចៗនៅក្បាលលិង្គ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply