ប៉ុន្មានខែនេះ នាងខ្ញុំមានបបូរមាត់ស្ងួត និងប្រេះជាប្រចាំ។ ពេលខ្លះនាងខ្ញុំមានអារម្មណ៍ឈឺផ្សា។ តើមកពីមូលហេតុអ្វី? ហើយនាងខ្ញុំ ត្រូវធ្វើដូចម្ដេច?
អ្នកនាង ម.ក.ព អាយុ២៨ឆ្នាំ ខេត្ដសៀមរាប
វេជ្ជបណ្ឌិតយើងៈ ដើម្បីឆ្លើយនឹងសំណួរប្អូនស្រីបានសុក្រិត វេជ្ជបណ្ឌិតយើងមានសំណួរខ្លះចង់សួរប្អូនស្រី តែមិនអាចទាក់ទងបាន។ ទោះជាយ៉ាងណាក៏ដោយ យើងសូមធ្វើការឆ្លើយតបដូចតទៅនេះ។ ប្រសិនបើប្អូនស្រីពិសាទឹកបានត្រឹមត្រូវជាប្រចាំ ដោយបានពី១លីត្រកន្លះទៅ២ លីត្រក្នុងមួយថ្ងៃ នោះប្អូនស្រីនៅតែមានអាការបបូរមាត់ស្ងួត។ បែបនេះអាចបណ្ដាលមកពីបរិយាកាសខាងក្រៅ ថ្នាំពេទ្យ ជម្ងឺមួយចំនួន ឬសារធាតុដែលធ្វើឱ្យបបូរមាត់ស្ងួត។ បរិយាកាសខាងក្រៅ មានដូចជាអាកាសធាតុក្ដៅ រដូវរងា ពន្លឺថ្ងៃ ខ្យល់បក់(ខ្យល់ជំនោរ) ម៉ាស៊ីនត្រជាក់ជាដើម។ រីឯការប្រើប្រាស់ថ្នាំពេទ្យ និងជម្ងឺមួយចំនួន អាចជាដើមហេតុនៃការស្ងួតបបូរមាត់នេះបានដែរ ដូចជាថ្នាំព្យាបាលរោគមុន ថ្នាំព្យាបាលជម្ងឺផ្ដាសាយ ជម្ងឺសើរស្បែក ប្រតិកម្មអាកាសធាតុជាដើម។ ចំពោះសារធាតុដែលធ្វើឱ្យបបូរមាត់ប្រេះនោះមានច្រើនប្រភេទណាស់ ដូចជាក្រែមលាបបបូរមាត់ សារធាតុបម្រុងអាហារ ថ្នាំដុសធ្មេញដែលមានផ្លុយអររីដច្រើនជ្រុល ទឹកថ្នាំខ្ពុលមាត់ដែលមានជាតិអាល់កុលច្រើនជ្រុលជាដើម។ ការប្រើមាត់ខាំចំណីអាហារដែលមានជាតិអាស៊ីដ ដូចជាសម្បកក្រូច ខ្ទឹម ម្នាស់ ខ្ញីជាដើម អាចបង្កការស្ងួតបបូរមាត់បានដែរ។
ដើម្បីបំបាត់អាការៈស្ងួតបបូរមាត់ និងប្រេះមាត់នេះ ប្អូនស្រីសាកល្បងពិនិត្យមើលខ្លួនឯង មើលថាតើប្អូនស្រីរងផលប៉ះពាល់មួយណា។ បន្ទាប់មកសូមតែតម្រូវប្រការប៉ះពាល់។ ប្អូនស្រីអាចសាកល្បងលាបក្រែមថែបំប៉នស្បែក បរិវេណបបូរមាត់ ឬប្រើក្រែមផ្ដល់ជាតិខ្លាញ់ ឬសំណើមលើស្បែកក៏បាន ដើម្បីឱ្យស្បែកបបូរមាត់ទន់ និងមានសំណើម។ ប្រសើរបំផុត សូមប្អូនស្រីទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលដំបូន្មាន និងការព្យាបាលត្រឹមត្រូវ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply