ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសក្នុងការប្រយុទ្ឋរបេងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ដោយមន្រ្តីជំនាញមកពីបណ្តាប្រទេសជាង១០មកចូលរួម ។
លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ឋនឹងរបេងបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីពិធីបើកកិច្ចប្រជុំរយៈពេល៣ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី២២ ដល់២៤តុលានេះថា កិច្ចប្រជុំនេះដើម្បីពិនិត្យមើលយុទ្ឋសាស្រ្តក្នុងការប្រយុទ្ឋរបេងថ្នាក់តំបន់ និងយុទ្ឋសាស្រ្តការអនុវត្តន៍សកម្មភាពប្រយុទ្ឋរបេងថ្នាក់តំបន់របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ដែលមានប្រទេសជាង៣២ជាសមាជិក ក្នុងនោះប្រទេសចំនួន៧មានបន្ទុករបេងធ្ងន់ធ្ងរជាងគេ។ លោកបន្តថា កិច្ចប្រជុំនេះក៏ពិនិត្យមើលផងដែរនូវគោលនយោបាយ ផែនការយុទ្ឋសាស្រ្តនៅពេលខាងមុខ ដោយចាប់ផ្តើមពីពេលនេះរហូតដល់ឆ្នាំ២០១៥ និងពីឆ្នាំ២០១៥តទៅមុខទៀត។
កិច្ចប្រជុំនេះក៏មានការពិភាក្សាអំពីការធ្វើរោគវិនិច្ឆ័យថ្មីៗ និយមន័យនៃជាដើម ដែលយើងតែងធ្វើរៀងរាល់២ឆ្នាំម្តងប្រចាំតំបន់នេះ ពិសេសផ្តោតលើប្រទេសចំនួន៧ដែលមានបន្ទុករបេងធ្ងន់ធ្ងរជាងគេ ដូចជាប្រទេសចិន វៀតណាម ហ្វីលីពីន កម្ពុជា ទ្បាវ ប៉ាពួរញូហ្គីណេ មុងហ្គោលី ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា នេះជាលើកទី៣ដែលក្រសួងសុខាភិបាលបានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់បែបនេះទ្បើង ដែលវាជាឳកាសមួយដ៏ល្អក្នុងការជួយប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់សម្រេចបានដោយជោគជ័យ នូវការងារប្រយុទ្ឋនឹងរបេង។ លោកបន្តថា ប្រសិនជាយើងសម្លឹងមើលអតីតៈកាល យើងបានមើលឃើញពីការធ្វើការងារយ៉ាងលំបាក ក្នុងការប្រយុទ្ឋរបេងក្នុងពិភពលោក ឧទាហរណ៍រយៈពេល១៧ឆ្នាំកន្លងមកនេះ អ្នករបេងចំនួន៥១លាននាក់ត្រូវបានថែរទាំព្យាបាលជាសះស្បើយនៅទូទាំងពិភពលោក ហើយប្រសិនជាគ្មានការពិនិត្យព្យាបាលដោយត្រឹមត្រូវទេ ប្រជាជនចំនួន២០លាននាក់នឹងស្លាប់ដោយសារនេះ។
លោកបន្តថា “យើងអាចសម្លឹងត្រលប់ទៅក្រោយ និងអរគុណដល់ការងារដែលយើងសម្រេចបានកន្លងមក ប៉ុន្តែសហសេវិកទាំងអស់ យើងក៏ត្រូវសម្លឹងទៅកាន់អនាគតដែរ ព្រោះនៅមានការងារច្រើនណាស់ដែលយើងត្រូវធ្វើក្នុងការធ្វើឲ្យប្រាកដថាផែនការរយៈពេលខ្លី និងរយៈពេលវែងរបស់យើងបានសម្រេចដល់គោលដៅ ”។
លោករដ្ឋមន្រ្តីបានបន្តថា យើងត្រូវការធ្វើការងារយ៉ាងលំបាកដើម្បីកាត់បន្ថយអត្រាប្រេវ៉ាទ្បង់ អាំងស៊ីដង់របេង និងការកាត់បន្ថយអត្រាស្លាប់ដោយសាររបេង ដូចដែលបានលើកទ្បើងក្នុងកិច្ចប្រជុំថ្នាក់តំបន់កាលពីឆ្នាំ២០១០។
លោកវេជ្ជបណ្ឌិត ភីតធើ វ៉ាម៉ារ៉េន (Pieter Van Maaren) ប្រធានតំណាង អង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានមានប្រសាសន៍ថាប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោម៧ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានបន្ទុករបេងធ្ងន់ធ្ងរជាងគេ និងដែលបានទទួលជោគជ័យ ក្នុងការធ្វើការរួមគ្នារវាងកម្មវិធីរបេងអេដស៍ ដែលវាជាភាពអស្ចារ្យមួយសម្រាប់កិច្ចប្រជុំនេះ ត្រូវពិនិត្យមើល។ លោកបន្តថា អង្គការសុខភាពពិភពលោក មានក្តីសោមនស្សយ៉ាងក្រៃលែង ដែលបានធ្វើការរួមគ្នាយ៉ាងលំបាកក្នុងការប្រយុទ្ឋនឹងរបេង ជាមួយអ្នកគ្រប់គ្រងកម្មវិធីរបេង បុគ្គលិករបស់ពួកគេ និងជាមួយដៃគូដទៃទៀត។
លោកបន្តថា កាលពីឆ្នាំ២០១០អង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច បានធ្វើការអភិវឌ្ឈន៍នូវយុទ្ឋសាស្រ្តផ្តល់ប្រឹក្សាយោបល់ជាមួយបណ្តាប្រទេសសមាជិក ហើយផែនការយុទ្ឋសាស្រ្តថ្នាក់តំបន់ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំប្រឹក្សាយោបល់នាពេលនោះ។ យើងបានផ្តោតលើផែនការយុទ្ឋសាស្រ្តចំនួន៥ ដូចជាទី១ ពង្រឹងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលប្រកបដោយគុណភាពដល់ប្រជាពលរដ្ឋគ្រប់រូប ទី២ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងការចង្អុលបង្ហាញការធ្វើរោគវិនិច្ឆ័យថ្មី ទី៣ លើកកំពស់ការគ្រប់គ្រងកម្មវិធីអ្នករបេងស៊ាំនឹងឳសថ ទី៤ពង្រីកសកម្មភាពសហប្រតិបត្តិការរវាងកម្មវិធីរបេង អេដស៍ និងទី៥ ពង្រឹងកម្មវិធីគ្រប់គ្រងការងាររបេង និងសមត្ថភាពការងាររបេងតាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការស្រាវជ្រាវ។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២
Leave a Reply