ស្បែកស្ងួត និង​រោគ​តម្រង់នោម

សូម​ជម្រាប​សួរលោក​វេជ្ជបណ្ឌិត តើលោក​សុខសប្បាយ​ទេ? ខ្ញុំមាន​សំណួរខ្លះ​ដែល​ចង់សាក​សួរ។ ខ្ញុំមានអា​យុចន្លោះ​ពី៤៨​ទៅ ៦៥​ឆ្នាំ។ ខ្ញុំ​ចង់ដឹង​ថាតើខ្ញុំ​ត្រូវ​ទទួលទាន​ទឹកប៉ុន្មាន​ក្នុងថ្ងៃ។ ព្រោះ​ខ្ញុំមាន​អារម្មណ៍ថា ស្បែក​របស់ខ្ញុំ​ហាក់​ដូចជា​ស្ងួត ហើយ​មួយឆ្នាំ​មុន ខ្ញុំ​ធ្លាប់មាន​បញ្ហា​រោគ​នៅតម្រង់​នោម។ កាលណោះ​ក្នុងមួយ​ថ្ងៃ ខ្ញុំធ្លាប់​បូមឈាម​ជាច្រើន​ដង។ តើខ្ញុំ​ត្រូវធ្វើ​ដូចម្ដេច ដើម្បី​កុំឱ្យ​បញ្ហា ជម្ងឺនេះ​វិលមក​ជាថ្មី? សូម​អរគុណ​លោក​វេជ្ជបណ្ឌិត និង​សូមជូនពរ​លោក​វេជ្ជបណ្ឌិត​មាន​សុខភាព​ល្អព្រ​មទាំង​ក្រុម​គ្រួសារ។
លោកស្រី ស. ម. អាយុ​ចន្លោះ​ពី៤៨ទៅ​៦៥ឆ្នាំ

វេជ្ជបណ្ឌិត​យើង ៖ សូម​អរគុណ​បងស្រី​ដែលបាន​សរសេរ​សំបុត្រ​តាមរយៈ​អ៊ីម៉ែល​មកខ្ញុំ​បាទ។ សូម​អភ័យទោស ខ្ញុំមិន​បានដឹង​ថា ជាបង​ប្រុសឬ​បងស្រីទេ​ ប៉ុន្ដែ​ខ្ញុំសូម​សន្មតថា​ជាបងស្រី​មួយរូប ដើម្បី​ឆ្លើយ​សំណួរ​ឱ្យបាន​ត្រឹមត្រូវ និង​ស្និទ្ធស្នាល។ ខ្ញុំសូម​រំលឹកថា​បុរស និង​ស្ដ្រីមាន​ស្ថានភាព​សុខភាព​មិន​ដូចគ្នា​ទាំងស្រុង​នោះទេ។ ពួកគាត់​មានជម្ងឺ​ប្រចាំ​រាងកាយ​រៀងៗខ្លួន។ ដូច្នេះ​ហើយ​បានជា​មាន​គ្រូពេទ្យ​ជំនាញ​ខាងរោគ​ស្ដ្រី និង​ជំនាញ​ខាងសុខភាព​បុរស។
ងាកមក​សំណួរ​បងស្រីវិញ ហាក់​ដូចជា​មិនសូវ​ច្បាស់ទេ។ ខ្ញុំ​សូមធ្វើការ​សង្ខេប​ជា៣​សំណួរ ៖ ទី១ ការ​ទទួលទាន​ទឹកក្នុង មួយ​ថ្ងៃ ស្បែក​ស្ងួត និង​សំណួរ​ទី៣​វិធី​ទប់ស្កាត់​ជម្ងឺ​តម្រង់នោម​កុំឱ្យ​កើតវិញ​ជាថ្មី។ ទាក់ទង​នឹងការ​ទទួលទាន​ទឹក បងស្រី​អាច​ទទួល ទាន​បាន​ប្រមាណ​ជា១,៥លីត្រ​ក្នុងមួយ​ថ្ងៃ។ បើ​និយាយ​អំពីទឹក គឺ​ជាវត្ថុរាវ​ទាំងឡាយ ដូចជា​ទឹកសម្ល ភេសជ្ជៈ​ជាតិផ្អែម​ផ្សេងៗ​ជាដើម។ ការ​ទទួលទាន​ជាតិទឹក​មិន​គ្រប់គ្រាន់ និងការ​ទទួលទាន​ទឹកច្រើន​ហួសហេតុ​ក៏អាច​មានបញ្ហា​ដែរ។

ចំពោះ​ស្បែកស្ងួត តាម​ខ្ញុំបាទ​ធ្វើការ​ប៉ាន់ស្មាន បងស្រី​មានអាយុ​ចន្លោះពី​៤៨ទៅ៦៥​ឆ្នាំ គឺជា​វ័យ​ចាប់ផ្ដើម​អស់រដូវ ឬ​អស់រដូវ​តែម្ដង។ ចូលដល់​វ័យ​អស់រដូវ​នេះ សុខភាព​ស្ដ្រី​ចាប់ផ្ដើម​ប្រែប្រួល​ដោយសារ​ការ​ប្រែប្រួល ឬ​កង្វះ​ជាតិអ័រម៉ូន។ ជាលទ្ធផល ស្ដ្រី​ក្នុងវ័យ​នេះ​ចាប់ផ្ដើម​ទ្រុឌទ្រោម សុខភាព​ស្បែក​ចាប់ផ្ដើម​ស្ងួត សក់​ចាប់ផ្ដើម​ស្រួយ ឆ្អឹង​ចាប់ផ្ដើម​ពុកផុយ ដែល​បង្កជាការ​ឈឺចាប់​នៅតាម​ឆ្អឹងឆ្អែង។ ហេតុនេះ​អាការស្បែក​ស្ងួត​របស់​បងស្រី​ទាក់ទង​ជាចម្បង​ទៅនឹង​រដូវនេះ​ផ្ទាល់តែ​ម្ដង។

ចម្ងល់​ទី៣​ដែល​ទាក់ទង​នឹង​រោគតម្រង់​នោម និង​វិធី​ទប់ស្កាត់​កុំឱ្យ​កើតមាន​ជាថ្មី។ សំណួរ​នេះមាន​ការ​ពិបាក​ឆ្លើយតប​តាម អ៊ីម៉ែល​ឬតាម​ក្រដាសបន្ដិច ដោយសារ​មិនបាន​ឃើញ​រោគសញ្ញា​ផ្ទាល់ និង​ធ្វើការ​វិភាគ​រករោគ​វិនិច្ឆ័យ​តាមក្បួន​វេជ្ជសាស្ដ្រ​ត្រឹមត្រូវ និង​សព្វ​ជ្រុងជ្រោយ។ ជម្ងឺ​តម្រង់នោម​មានច្រើន​ប្រភេទ​ណាស់ ដូចជា​រោគខ្សោយ​តម្រង់នោម គ្រួស​ក្នុងតម្រង់​នោម មហារីក​តម្រង់នោម រលាក​តម្រង់នោម ឬ​ខូចតម្រង់​នោម។ ជម្ងឺ​ទាំងនោះ​ខ្លះអាច​បង្ការបាន ខ្លះ​មិនអាច​បង្ការបាន ខ្លះអាច​ព្យាបាល​ជា ខ្លះមិន​អាចព្យាបាល​ជា។ ហេតុនេះ ខ្ញុំបាទ​សូមអភ័យ​ទោស មិនធ្វើ​ការឆ្លើយ​លម្អិត​តាមរយៈ​ទំព័រទស្សនាវដ្ដី សុខភាពយើង នោះទេ។ ខ្ញុំសូម​អញ្ជើញ​បងស្រី​ទៅជួប​គ្រូពេទ្យ​ជំនាញ​ខាងរោគ​តម្រង់នោម ដើម្បី​ធ្វើការ​ថតឆ្លុះ វិភាគ​ឈាម និង​ទឹកនោម ប្រហែល​ជាអាច​ជួយបងស្រី​ប្រកប​ដោយ​ប្រសិទ្ធភាព។ សូម​បងស្រី​កុំអស់​សង្ឃឹមអី មានរូប​គឺមាន​ទុក្ខ មានជម្ងឺ​មិនអាច​គេចផុត​ឡើយ។ សូម​ជូនពរ​ឱ្យ​បងស្រី បានជា​សះស្បើយ​ដូច​បំណង និង​ទទួលបាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Categories:

Leave a Reply

Your email address will not be published. Required fields are marked *