ខ្លាច​ថ្នាំ​សន្លប់

សូម​ជម្រាប​សួរ​លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ! នាងខ្ញុំ​មាន​ចម្ងល់​មួយចង់​សួរលោក​វេជ្ជបណ្ឌិត។ នាងខ្ញុំ​ធ្លាប់ចាក់​ថ្នាំ សន្លប់​២ដង​រួចមក ហើយ​លើកទី១​គឺវះកាត់​ពេល​សម្រាល​បុត្រ និង​លើកទី២​ពេល​ធ្វើការ​ឆ្លុះជម្ងឺ​ដំបៅ​ក្រពះ។ កាលពី​សប្ដាហ៍​មុន ពេល​នាងខ្ញុំ​ទៅមន្ទីរពេទ្យ គ្រូពេទ្យ​ឱ្យខ្ញុំ​ឆ្លុះក្រពះ​ម្ដងទៀត។ នាងខ្ញុំ​បដិសេធ ដោយសារ​ភ័យព្រួយ​ពេក តើ​នាងខ្ញុំ​ត្រូវធ្វើ​ដូចម្ដេច​ទៅ?
លោកស្រី ត. ស. ដ អាយុ​៤០ឆ្នាំ ស្វាយរៀង

លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ លោកស្រី​ពិតជា​ភ័យខ្លាំង​ណាស់​មើលទៅ! តាមពិត​ការដាក់​សណ្ដំ​ឬថ្នាំ​សន្លប់ គឺជា​សភាព ដេក​លក់សិប្បនិម្មិត ដែល​កើតមាន​ក្រោយ​ពីដាក់ថ្នាំ​ចូល​ទៅក្នុងខ្លួន​(តាមរយៈការ​ចាក់តាម​សរសៃ ឬការ​ហិតតាម​ផ្លូវដង្ហើម)។ ការ ប្រើ​ថ្នាំសន្លប់​គឺធ្វើ​ឡើង​នៅពេល​មានការ​វះកាត់​ធំ ឬ​ដោយការ​ឈឺចាប់​ខ្លាំង ក្នុង​គោល​បំណង​កុំឱ្យ​អ្នកជម្ងឺ​ឈឺចាប់។ ការធ្វើ​តេស្ដច្រើន តែ​អនុវត្ដ​ឡើង​នៅមុន​ពេលធ្វើ​ការ​វះកាត់ ដើម្បី​ផ្ទៀងផ្ទាត់​ប្រសិទ្ធភាព និង​អវត្ដមាន​ប្រតិកម្ម​ទៅនឹង​ធាតុផ្សំ​នៃឱសថ​សណ្ដំ ឬ​ថ្នាំសន្លប់។ តាមពិត​ការដាស់​ថ្នាំ​សណ្ដំ​ឬសន្លប់​មិនមាន​ផល​ប៉ះពាល់​ធំដុំនោះ​ទេ លើកលែង​តែផល​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះ​ក្រោយពេល​ដឹងខ្លួន​មកវិញ ដូចជា​អាការ​ក្អួតចង្អោរ ធ្ងន់ដៃ​ធ្ងន់ជើង ឬស្ពឹក​ស្រពន់​មួយរយៈ​ប៉ុណ្ណោះ រមាស់​កបណ្ដាល​មកពីការ​ស៊កបំពង់​ស្នាម ក្រហម​ឬឈឺចាប់​នៅម្ដុំ​ត្រង់ស្នាម​ចាក់ ពិបាក​ប្រមូលអា​រម្មណ៍ ឬបា​ត់បង់​ការ​ចងចាំ​មួយរយៈ​ជាដើម។ ទាំងនេះ​ជាផល​ប៉ះពាល់​ស្រាលៗ មិននាំឱ្យ​បាត់បង់​ជីវិត​​នោះឡើយ។ ផ្ទុយ​ទៅវិញ ឃើញ​មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​តិចតួច​បំផុត ប្រមាណ​ជា១ភាគ១​សែន ប៉ុណ្ណោះ ដែលអាច​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​បណ្ដាល​មកពី​ការប្រើ​ថ្នាំសន្លប់​ឬថ្នាំ​សណ្ដំ គឺជា​ករណី​ប្រតិកម្ម​ទៅនឹង​សារធាតុ​សណ្ដំ គាំង​បេះដូង ឬ​គាំង​ដង្ហើម កើតមាន​នៅពេល​ប្រើថ្នាំ​សណ្ដំ​ឬពេល​ដឹងខ្លួន​មកវិញ។ ត្រង់​នេះ សូម​បញ្ជាក់ថា​វាជាករណី​កម្របំ​ផុត សឹងតែ​មិនដែល ជួប​ប្រទះផង ពីព្រោះ​រាល់ពេល​វះកាត់​មានអ្នក​ជំនាញ​ខាងថ្នាំ​សណ្ដំ​ត្រឹមត្រូវ​អង្គុយ​តាមដាន។ ហេតុ​នេះ សូម​លោកស្រី​កុំមាន​ការបារម្ភអី ប៉ុន្ដែ​ត្រូវទៅ​ព្យាបាល​នៅកន្លែង​ដែលមាន​ជំនាញ​ច្បាស់លាស់ ទើប​ជាការ​ប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *