កាលពីម្សិលម៉ិញ ខ្ញុំបានទៅជួបអតីតសង្សាររបស់ខ្ញុំ។ យើងក៏បាននាំគ្នាដើរលេងញ៉ាំបាយជាមួយគ្នា ចូលកន្លែងរាំ និងច្រៀងខារ៉ាអូខេយ៉ាងសប្បាយ។ ទីបំផុតយើងបានរួមភេទជាមួយគ្នាដោយមិនខ្វល់អ្វីទាំងអស់។ ខ្ញុំភ័យខ្លាំងណាស់ពេលដែល នាងប្រាប់ខ្ញុំថា ប្ដីរបស់នាងបានស្លាប់បាត់ទៅដោយសារជម្ងឺ។ សូមលោកវេជ្ជបណ្ឌិតជួយខ្ញុំបាទផង។
លោក ហ. ហ. រ អាយុ៤០ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ពេលដែលមានការរួមភេទមិនបានប្រើស្រោមអនាម័យ ឬរហែកស្រោមអនាម័យ គឺអាចសន្មតថាជាការរួមភេទដែលគ្មានសុវត្ថិភាព។ ស្ថានភាពទាំងនេះគឺជាប្រភពនៃការឆ្លងមេរោគអេដស៍ ជម្ងឺអេដស៍៍ និងមេរោគជម្ងឺ កាមរោគដែលជាជម្ងឺឆ្លងតាមផ្លូវភេទដទៃទៀត។ បើសិនជាលោកមានការសង្ស័យ មិនត្រូវនៅស្ងៀមនោះទេ។ លោកត្រូវសាកសួរ ទៅកាន់ស្ដ្រីជាដៃគូនោះថា តើស្វាមីរបស់នាងស្លាប់ដោយសារជម្ងឺអេដស៍ ឬជម្ងឺអ្វីទៅ។ តើនាងធ្លាប់ធ្វើតេស្ដរកមេរោគអេដស៍ថ្មីៗនេះ ដែរឬទេ? តើនាងមានដៃគូណាផ្សេងដែរឬទេ បន្ទាប់ពីធ្វើតេស្ដរួចមក? បើចម្លើយពាក់ព័ន្ធនឹងការមានឆ្លងមេរោគអេដស៍ ឬនាង សង្ស័យថាអាចឆ្លងមេរោគអេដស៍នោះ លោកត្រូវជួបគ្រូពេទ្យដើម្បីប្រើប្រាស់ថ្នាំកាត់បន្ថយការឆ្លងពីនាង។ ចំពោះរូបលោកក៏ត្រូវ ធ្វើតេស្ដផងដែរ ថាមានមេរោគដែរឬក៏អត់។ សកម្មភាពទប់ទល់ទាំងនេះត្រូវធ្វើភ្លាមៗក្រោយពីការរួមភេទរួច ក្នុងកំឡុងរយៈពេល ក្រោម៤៨ម៉ោង។ បើសិនជាតេស្ដអះអាងថានាងមានផ្ទុកមេរោគអេដស៍(លទ្ធផលវិជ្ជមាន) និងលោកមិនមានផ្ទុកមេរោគអេដស៍ (លទ្ធផលអវិជ្ជមាន)នោះ តម្រូវឱ្យមានការប្រើប្រាស់ថ្នាំទៅតាមដំបូន្មានរបស់គ្រូពេទ្យឯកទេសខាងជម្ងឺអេដស៍។ រីឯករណីជម្ងឺកាមរោគ ឬជម្ងឺឆ្លងតាមផ្លូវភេទដទៃទៀតក៏ត្រូវចាត់វិធានការផងដែរ។
ផ្ទុយទៅវិញ បើសិនជាការរួមភេទដែលសង្ស័យនោះយូរពេលលើសពី៤៨ម៉ោង វិធីព្យាបាលកាត់បន្ថយការឆ្លងលែងសូវ មានប្រសិទ្ធភាពហើយ។ អ្វីដែលលោកត្រូវធ្វើគឺត្រូវទៅជួបជាមួយគ្រូពេទ្យធ្វើតេស្ដឈាម ឬគ្រូពេទ្យព្យាបាល ដើម្បីវាយតម្លៃលម្អិត ថាត្រូវធ្វើអ្វីខ្លះសម្រាប់លោក។ សូមបញ្ជាក់ថាការសង្ស័យថាឆ្លងក្រោយរយៈពេលក្រោម៣ខែ តេស្ដដែលប្រើនៅតាមមណ្ឌលធ្វើតេស្ដ ឈាមទូទៅមិនអាចវាយតម្លៃបាននោះទេ គឺត្រូវធ្វើតេស្ដនៅ៣ខែក្រោយទៀតម្ដងទៀត។ សូមលោកមានសំណាងល្អ គេចផុតពីគ្រោះ ឆ្លងមេរោគអេដស៍នេះ។ សង្ឃឹមថា លោកនឹងប្រើប្រាស់បាតុភូតនេះជាមេរៀន សម្រាប់សុវត្ថិភាពទៅថ្ងៃក្រោយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply