ប៉ុន្មានថ្ងៃកន្លងមកនេះ មានការបង្ហោះរូបសាច់ជ្រូក មានពងព្រូនតាមរយៈបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើន បង្កឲ្យមានចម្ងល់ជាច្រើនដល់សាធារណៈជន ហេតុនេះវេបសាយសុខភាពកម្ពុជា បានទំនាក់ទំនងជាមួយមន្រ្តីជំនាញដើម្បីពន្យល់ពីបញ្ហានេះ។
លោក សែន សុវណ្ណ អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃច័ន្ទ ទី២៩ តុលានេះថា រូបភាពបែបនោះ មិនដឹងពួកគេយកមកពីទីណានោះទេ ប៉ុន្តែសាច់ជ្រូកពិតជាមានពងតេញ៉ានៅក្នុងនោះមែន ប្រសិនជាជ្រូកនោះចិញ្ចឹមមិនបានត្រឹមត្រូវ។ ពងតេញ៉ានោះ ខ្មែរយើងនិយមហៅចុងអង្ករ ប៉ុន្តែភាសាបច្ចេកទេសគឺជាពងតេញ៉ា វានឹងចូលទៅក្នុងខ្លួនមនុស្ស និងបង្កជសតេញ៉ាក្នុងខ្លួនមនុស្ស ប្រសិនជាសាច់ជ្រូកនោះចំអិនមិនបានត្រឹមត្រូវ ។
លោកបន្តថា “ពងតេញ៉ានោះពេលវាចូលក្នុងខ្លួនមនុស្ស វានឹងបង្កគ្រោះ ថ្នាក់ដល់មនុស្ស ព្រោះវានឹងប៊ឺតសារជាតិក្នុងខ្លួនមនុស្សករណីធ្ងន់ធ្ងរ វានឹងក្លាយជាគីសក្នុងខួរក្បាល ដែលបង្កឲ្យមានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ុន្តែករណីនេះមានដោយកម្របំផុត ”។ លោកបន្ថែមថា “ប្រសិនជាជ្រូកនោះកាប់ក្នុងទីសត្តឃាតត្រឹមត្រូវ ពេទ្យសត្វនិងមន្រ្តីបច្ចេកទេស នឹងមិនអនុញ្ញាត្តឲ្យចរាចរលើទីផ្សារទេ ប៉ុន្តែប្រសិនជាជ្រូកនោះ លួចកាប់ដោយលួចលាក់ពិតជាមានបញ្ហា ”។
លោក សុវណ្ណ បានបន្តថា ហេតុនេះទាំងមន្រ្តីបសុពេទ្យ ទាំងអ្នកបច្ចេកទេសទាំងប្រជាជនជាអ្នកបរិភោគ គួរប្រុងប្រយ័ត្ន ប្រសិនជារកឃើញករណីបែបនេះគួរប្រុងប្រយ័ត្នកុំទិញ និងកុំគួរបិរភោគ។ លោកបន្តថា ជ្រូកដែលកើតជំងឺបែបនេះ ជាប្រភេទជ្រូកដែលចិញ្ចឹមពាសវាលពាសកាល មិនមានរោងចិញ្ចឹមប្រកបដោយអនាម័យត្រឹមត្រូវ ព្រោះពេលណាជ្រូកទៅប៉ះលាមកមនុស្ស ដែលមានពងតេញ៉ាវានឹងឆ្លងមកជ្រូក។ លោកបន្តថា សម្រាប់ជ្រូកចិញ្ចឹកជាលក្ខណៈឧស្សាហកម្ម មិនមានប្រភេទពងតេញ៉ាក្នុងសាច់របស់ជ្រូកទ្បើយ ព្រោះទាំងចំណីអាហារ និងកន្លែងចិញ្ចឹមគេអនុវត្តន៍អនាម័យត្រឹមត្រូវ ពិសេសការនាំចូលមកនូវបច្ចេកវិទ្យាពីខាងក្រៅក៏ច្រើននាពេលបច្ចុប្បន្ននេះ។ ខុសពីទសវត្សរ៍កន្លងទៅ ដែលមានករណីជ្រូកមានជំងឺបែបនេះច្រើន។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២
Leave a Reply