នៅលេខនេះ គឺដល់វេនជាតិផ្លុយអ័រម្ដងហើយ ដែលត្រូវចូលខ្លួនមកបង្ហាញជូនលោកអ្នកផងដែរ។ លោកអ្នកពិតជាធ្លាប់ឮ ហើយនូវការផ្សព្វផ្សាយអំពីសារជាតិនេះ ដោយគ្រូពេទ្យធ្មេញ និងថ្នាំដុសធ្មេញ។ ជារួមផ្លុយអ័រត្រូវបានស្គាល់ថាជាជាតិជួយធ្មេញ ឬប្រឆាំងនឹងរោគដង្កូវស៊ីធ្មេញ។
តួនាទីជាតិផ្លុយអ័រ
សារធាតុផ្លុយអ័រដែលបានចាត់បញ្ចូលទៅក្នុងចំណាត់ថ្នាក់រ៉ែខនិជ ឬអាហារបំប៉នត្រូវបានគេស្គាល់ថាជាជាតិរ៉ែខនិជប្រឆាំង រោគដង្កូវស៊ីធ្មេញ។ វាមិនមានតួនាទីច្បាស់លាស់ដូចជាជាតិរ៉ែខនិជផ្សេងទៀតនោះទេ ព្រោះវាមិនមានតួនាទី និងសកម្មភាពទូទៅឡើយ។ គេឃើញថាវាមានអត្ថប្រយោជន៍តែជាមួយធ្មេញ ឆ្អឹង និងពួរសាច់ដុំ។ ទោះបីជាបរិមាណតិចតួចក្ដី វាអាចការពារធ្មេញ នឹងរោគដង្កូវស៊ីធ្មេញឬពុកធ្មេញបានយ៉ាងមានប្រសិទ្ធភាព។
របបអាហារូបត្ថម្ភប្រចាំថ្ងៃរបស់ជាតិផ្លុយអ័រ
ផ្លុយអ័រមិនមែនជាជាតិរ៉ែខនិជសារវ័ន្ដ និងមិនមានការឱ្យនិយមន័យបានច្បាស់ថាវាមានសារៈប្រយោជន៍កម្រិតជីវិតនោះទេ ។ ហេតុនេះកម្រិតតម្រូវការប្រចាំថ្ងៃមិនត្រូវបានយកចិត្ដទុកដាក់ខ្លាំងនោះទេ។ ខ្លួនប្រាណរបស់មនុស្សពេញវ័យត្រូវការចំនួនពី២ទៅ២,៥មីលីក្រាមក្នុងមួយថ្ងៃ ដោយឡែកកុមារពួកគេមិនត្រូវទទួលទានលើសពី០,២៥ទៅ១,៥មីលីក្រាមនោះទេ។
ការលើសជាតិផ្លុយអ័រនាំឱ្យប៉ះពាល់ដល់សុខភាពធ្មេញ
ជាតិផ្លុយអ័រខុសពីសារធាតុរ៉ែខនិជដទៃទៀតដែលពេលមានកង្វះអាចបង្កជាផលប៉ះពាល់ដល់សុខភាពសព៌ាង្គកាយ។ ជាតិ ផ្លុយអ័រពេលមានកង្វះមិនឃើញមានផលប៉ះពាល់ធំដុំដល់សុខភាពនោះឡើយ ដោយឡែកវាអាចនាំឱ្យមានផលប៉ះពាល់ដល់ធ្មេញ និងឆ្អឹង នៅក្នុងករណីលើសដូស ឬកម្រិតប្រើប្រាស់ ដោយធ្វើឱ្យធ្មេញ និងឆ្អឹងពុកផុយ។
ចំណីអាហារដែលមានជាតិផ្លុយអ័រ
ជាតិផ្លុយអ័រមាននៅលើចំណីអាហារមួយចំនួន ដូចជាទឹកខនិជ តែ អំបិល សម្លជាដើម។ លើសពីនេះជាតិផ្លុយអ័រមាននៅ ក្នុងថ្នាំដុសធ្មេញ និងថ្នាំខ្ពុរមាត់។
ជាតិផ្លុយអ័រជាគ្រាប់ថ្នាំអាហារបំប៉ន
ការប្រើប្រាស់ថ្នាំអាហារបំប៉នជាតិផ្លុយអ័រ មិនត្រូវបានទូន្មានដោយគ្រូពេទ្យព្យាបាល ឬអ្នកជំនាញខាងចំណីអាហារនោះ ទេ។ ព្រោះជាតិផ្លុយអ័រមាននៅក្នុងថ្នាំដុសធ្មេញ និងអំបិលសម្លអាចជាការគ្រប់គ្រាន់បានហើយ។
(សូមបន្ដអាននៅលេខក្រោយ)
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៦ ខែកក្កដា ឆ្នាំ២០១១
Leave a Reply