ការយារធ្លាក់នៃស្បែកត្រគាក និងកំប៉េះគូទ តែងតែកើតមានឡើងមិនអាចចៀសផុតទៅតាមអាយុកាល និងការប្រែប្រួលរបស់សរីរាង្គ។ ការថែរក្សាត្រគាកឱ្យនៅតែស្រស់ស្អាត ជាបញ្ហាចាំបាច់សម្រាប់លោកអ្នកដែលខ្វល់ខ្វាយពីការថែរក្សារាងកាយឱ្យនៅតែមានរាងស្អាត និងណែនតឹងគួរឱ្យទាក់ទាញនៅពេលស្លៀកពាក់។
នៅក្នុងលេខនេះ ទស្សនាវដ្ដី សុខភាពយើង នឹងលើកយកវិធីសាស្ដ្រក្នុងការបន្ដឹងស្បែកកំប៉េះគូទ តាមរយៈការបកស្រាយ របស់លោកវេជ្ជបណ្ឌិត ស្រេង រាសី អ្នកឯកទេសស្បែកនៅមជ្ឈមណ្ឌលអាមេរិកាំង។
របៀបបន្ដឹងស្បែកគូទ
ការបន្ដឹងស្បែកកំប៉េះគូទមានន័យថាការកែច្នៃសាច់កំប៉េះគូទឱ្យមានរាងស្អាត និងមូលក្លុំឡើងវិញបន្ទាប់ពីធ្លាក់យារ។ ការ បន្ដឹងត្រូវធ្វើឡើងជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ក្នុងការវះកាត់សាច់យារចេញ និងបន្ថែមសាច់គូទសាជាថ្មី។
វិធីបន្ដឹងស្បែកគូទ
មានវិធីសាស្ដ្រជាច្រើនដែលអ្នកជំនាញយកមកប្រើប្រាស់ក្នុងការបន្ដឹងស្បែកកំប៉េះគូទឱ្យមានសភាពស្រស់ស្អាតឡើងវិញ ទៅតាមប្រភេទនៃការយារធ្លាក់របស់អ្នកជម្ងឺ។ បើសិនជាអ្នកជម្ងឺមានខ្លាញ់ច្រើនក្នុងសាច់ ត្រូវព្យាបាលដោយការបូមខ្លាញ់ទាំងនោះ ចេញ ដើម្បីកាត់បន្ថយការយឺតធ្លាក់យាររបស់់ស្បែកដោយសារទម្ងន់របស់ខ្លាញ់។ ប៉ុន្ដែចំពោះអ្នកជម្ងឺពុំសម្បូរសាច់គូទ ជាទូទៅ គ្រូពេទ្យតែងតែធ្វើការវះកាត់ចំណុចកណ្ដាលនៃសាច់កំប៉េះគូទ ឬក៏ចំហៀងសម្រាប់ស៊កអុផ្លានចៀលចូលទៅក្នុងសាច់គូទ។ ប្រសិនបើ ការខូចគុណភាពស្បែកបង្កឡើងដោយសារតែភាពចាស់នៃអាយុ គ្រូពេទ្យអាចកាត់សាច់ដែលគ្មានគុណភាពនោះចេញ ហើយចាក់ បញ្ចូលជាតិខ្លាញ់ដើម្បីបន្ដឹងឡើងវិញ។ ជាទូទៅវិធីវះកាត់បន្ដឹងស្បែកកំប៉េះគូទមានប្រសិទ្ធភាពជាងការបូមខ្លាញ់ និងការចាក់បំពេញ ជាតិខ្លាញ់ឡើងវិញ ហើយជាវិធីដែលអ្នកជំនាញតែងតែយកមកព្យាបាលអ្នកជម្ងឺ។ សូមចងចាំ និងប្រយ័ត្នចំពោះការចាក់សារធាតុ ស៊ីលីកូនដើម្បីបន្ដឹងស្បែក ព្រោះមានផលប៉ះពាល់យ៉ាងខ្លាំង។
មូលហេតុដែលត្រូវបន្ដឹងស្បែកគូទ
មានមូលហេតុបីដែលធ្វើឱ្យស្បែកគូទធូរធ្លាក់ ដូចជាលោកអ្នកពុំមានសាច់ត្រគាក ភាពសម្បូរទៅដោយជាតិខ្លាញ់ច្រើននៅ សាច់គូទ និងការយារធ្លាក់របស់ស្បែកកំប៉េះគូទទៅតាមអាយុកាល។ ករណីទាំងអស់នេះសុទ្ធសឹងតែធ្វើភាពស្អាតនៃសាច់កំប៉េះគូទ បាត់បង់ និងយារធ្លាក់។
ផលប៉ះពាល់នៃការបន្ដឹងស្បែកគូទ
ថ្វីត្បិតតែការវះកាត់តែងតែផ្ដល់នូវភាពស្រស់ស្អាតឡើងវិញដល់រូបរាងក៏ដោយ ពេលខ្លះការវះកាត់ដើមី្បបន្ដឹងស្បែកគូទ ក៏ផ្ដល់នូវផលលំបាកខ្លះដែរ ដូចជាការប្រតិកម្មជាមួយស្បែក បើសិនជាការវះកាត់នោះពុំប្រព្រឹត្ដទៅដោយអនាម័យនោះទេ។ ព្រោះ ថាការវះកាត់នោះត្រូវធ្វើឡើងនៅកន្លែងដែលជាកង្វល់នៃរាងកាយ។
ដំបូន្មានអ្នកឯកទេស
ការថែរក្សារូបរាងឱ្យនៅតែមានភាពស្រស់ស្អាត ជាប្រការចាំបាច់មួយក្នុងចំណោមប្រការសំខាន់ផ្សេងៗ ដែលលោកអ្នក ត្រូវតែយកចិត្ដទុកដាក់។ លោកអ្នកគួរតែស្វែងយល់ឱ្យបានកាន់តែច្បាស់ក្នុងវះកាត់បន្ដឹង ឬបង្កើនទំហំសារពាង្គកាយ ត្រូវចៀសវាងឱ្យ ឆ្ងាយចេញពីការអនុវត្ដន៍ដែលប៉ះពាល់ដល់សុខភាពលោកអ្នក ដូចជាការប្រើប្រាស់ទឹកចន្ទន៍ និងសារធាតុស៊ីលីកូន ដើម្បីការចាក់ ពង្រីកអវយវៈនៃរាងកាយជាដើម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១
Leave a Reply