ទារកដែលទើបតែកើតចេញពីផ្ទៃរបស់មាតា រមែងតែងត្រូវការរបស់ដែលមានតម្លៃបំផុតសម្រាប់ចិញ្ចឹមជីវិត នោះគឺទឹកដោះម្ដាយ។ ទឹកដោះគឺជាវត្ថុដ៏ល្អបំផុត ហើយក៏មិនបាច់ចំណាយថវិកាសម្រាប់ទិញយកមកប្រើប្រាស់ដែរ។ ទឹកដោះម្ដាយមាន សារធាតុជាច្រើនដែលអាចទ្រទ្រង់ជីវិតរបស់ទារក ធ្វើឱ្យទារកលូតលាស់បានល្អ និងអាចការពារការឆ្លងនូវមេរោគផ្សេងៗបានថែមទៀតផង។ ប៉ុន្ដែនៅក្នុងរណីដែលមាតាមានជម្ងឺរ៉ាំរ៉ៃមួយចំនួន ការបំបៅកូនដោយទឹកដោះម្ដាយត្រូវបានផ្លាស់ប្ដូរ ជាហេតុដែលបង្កឱ្យ មានផលវិបាកសម្រាប់សុខភាពរបស់ទារក។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេសជម្ងឺកុមារនៃមន្ទីរពេទ្យកុមារជាតិ ដើម្បី យល់អំពីមូលហេតុដែលមាតាមិនអាចបំបៅដោះកូនបាន។
សារៈប្រយោជន៍នៃទឹកដោះម្ដាយ
នៅក្នុងការចិញ្ចឹមកូន ជាពិសេសទារកទើបនឹងកើត អាហារដែលសមស្របសម្រាប់ទារកទើបនឹងកើត ជាពិសេសទារក ដែលមានអាយុពី៤ទៅ៦ខែដំបូងនោះគឺទឹកដោះម្ដាយ។ ទឹកដោះមានពីរប្រភេទ គឺទឹកដោះម្ដាយ និងទឹកដោះគោម្សៅ។ នៅក្នុង ចំណោមទឹកដោះទាំងពីរយ៉ាងនោះ ទឹកដោះម្ដាយគឺជាអាហារដែលល្អបំផុត និងមានផលប្រយោជន៍ច្រើនសម្រាប់ទារកក៏ដូចជា សម្រាប់ម្ដាយ។ ទឹកដោះម្ដាយមានសមាសសារធាតុចិញ្ចឹមល្អបំផុត មានទាំងជាតិក្លុយស៊ីត ប្រូតេអ៊ីន ខ្លាញ់ និងវីតាមីនផ្សេងៗជា ច្រើនទៀត ដែលទឹកដោះគោម្សៅពិបាកនឹងធ្វើដូច។ ដោយសារទឹកដោះម្ដាយមានសមាមាត្រចិញ្ចឹមល្អបែបនេះហើយ ទើបអាចធ្វើឱ្យ អាហារងាយនឹងរំលាយបានល្អ មិនមានបញ្ហា ដូចជាឈឺពោះ តឹងពោះញឹកញាប់ ដូចទឹកដោះគោម្សៅនោះទេ។ ទឹកដោះ ម្ដាយមានសូដ្យូមតិចតួចមិនច្រើនពេក ដែលសមស្របជាមួយមុខងារតម្រងនោមរបស់ទារកទើបនឹងកើត ព្រោះទារកទើបនឹងកើត មិនត្រូវការជាតិសូដ្យូមច្រើនទេ ព្រោះសូដ្យូមច្រើនអាចធ្វើឱ្យកាល់ជាតិទឹក អំបិល តម្រងនោមបញ្ចេញមិនអស់ អាចធ្វើឱ្យហើមពោះ។ ទឹកដោះម្ដាយប្រែប្រួលទៅតាមពេលវេលា ទៅតាមតម្រូវការរបស់កូន។ ក្នុងទឹកដោះម្ដាយមានសារធាតុជួយដល់ប្រព័ន្ធការពារសម្រាប់ទប់ទល់ទៅនឹងជម្ងឺឆ្លងផ្សេងៗបានច្រើនយ៉ាង អាចការពារជម្ងឺអាឡែកហ្ស៊ីចំណីអាហារ អាឡែកហ្ស៊ីផ្លូវដង្ហើម ជាពិសេសទឹកដោះម្ដាយអាចការពារកុំឱ្យកើតមានជម្ងឺធាត់ បើសិនជាម្ដាយបំបៅដោះកូនបានលើសពី៦ខែ។ ទឹកដោះម្ដាយជួយឱ្យកូន លូតលាស់បានល្អ ទាំងចិត្ដគំនិត សតិអារម្មណ៍ល្អជាដើម។
មាតាមានជម្ងឺរ៉ាំរ៉ៃអាចបំបៅដោះកូនបានដែរឬទេ?
នៅក្នុងករណីដែលមាតាមានជម្ងឺរ៉ាំរ៉ៃមួយចំនួនដូចជា ៖
១ . មាតាមានជម្ងឺអេដស៍ ជម្ងឺខ្សោយបេះដូង ជម្ងឺខ្សោយក្រលៀន ជម្ងឺថ្លើមរ៉ាំរ៉ៃ។
២ . នៅក្នុងករណីដែលមាតាមានជម្ងឺត្រូវព្យាបាលជាចាំបាច់ ដោយប្រើថ្នាំ ហើយថ្នាំនោះអាចជ្រាបចូលទៅទឹកដោះដែល អាចធ្វើឱ្យប៉ះពាល់ដល់កូន។ មាតាត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យ សុំយោបល់ ថាត្រូវប្រើថ្នាំណា ទើបអាចបំបៅដោះកូនបាន ឬក៏អ្វីផ្សេងៗទៀតទៅតាមការណែនាំរបស់គ្រូពេទ្យ។
៣ . ករណីដែលមាតាមានក្បាលដោះមិនធម្មតា មិនមានក្បាលដោះ ក្បាលដោះតូចពេក កូនបៅដោះមិនកើត។
៤ . ករណីដែលមាតាគ្មានចិត្ដចង់បំបៅដោះឱ្យកូន។
ទាំងនេះគឺជាករណីមួយចំនួនដែលមាតាមិនអាចបំបៅដោះកូនបាននោះទេ ព្រោះអាចធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាព ទាំងម្ដាយ និងកូន។ ដូចនេះក្នុងករណីដែលមាតាមិនអាចបំបៅដោះកូនបាន គឺត្រូវតែជ្រើសរើសម្សៅទឹកដោះគោមកប្រើប្រាស់ចំពោះទារកតូចក្រោមអាយុពី៤ខែទៅ៦ខែ ព្រោះមិនមានអាហារអ្វីផ្សេងក្រៅពីម្សៅទឹកដោះគោឡើយ។ ហើយចាប់ពី៤ទៅ៦ខែឡើងទៅទើបអាចឱ្យទារកទទួលទានអាហាររឹងៗបានដូចជាបបរជាដើម។ មាតាបិតាគួរតែជ្រើសរើសម្សៅទឹកដោះគោទៅតាមអាយុរបស់ទារក។
ផលប៉ះពាល់នៃការប្រើប្រាស់ទឹកដោះគោម្សៅ
ជាទូទៅទឹកដោះគោម្សៅគឺមិនល្អដូចជាទឹកដោះម្ដាយទេ ហើយផលប៉ះពាល់គឺដោយសារតែទឹកដោះគៅម្សៅមិនមាន លក្ខណៈល្អដូចជាទឹកដោះម្ដាយ។
– ទឹកដោះគោម្សៅអាចធ្វើឱ្យទារកបៅហើយរាក ជួនកាលធ្វើឱ្យទល់លាមក ហើមពោះ ឈឺពោះជាដើម។ ករណីខ្លះដែលម្ដាយរៀបចំទឹកដោះគៅម្សៅហើយមិនបានធ្វើអនាម័យបានល្អ អាចធ្វើឱ្យឆ្លងរោគ ឆ្លងជម្ងឺ ធ្វើឱ្យទារកកើតមានជម្ងឺផ្សេងៗ ជួនកាលអាចធ្ងន់ធ្ងរ ធ្វើឱ្យរលាកពោះវៀន ឬក៏អាចធ្វើឱ្យកុមារធាត់លើសទម្ងន់ថែមទៀតផង។
វិធីការពារចំពោះមាតាដែលឱ្យកូនបៅទឹកដោះគោ
មាតាគ្រប់រូបបានដឹងហើយថា ការបំបៅដោះកូនដោយទឹកដោះគោបានបង្កឱ្យមានផលវិបាក តែផលវិបាកខ្លះអាចការពារ បាន ហើយខ្លះទៀតក៏មិនអាចការពារបានទេ។ ផលវិបាកដែលមិនអាចការពារបាន ដូចជាបញ្ហាការស្រូបមិនបានល្អ ដែលធ្វើឱ្យទារករាករូស ហើមពោះ ងាយនិងកើតមានជម្ងឺ។ ចំណែកឯផលវិបាកដែលអាចការពារបាន ឬអាចកាត់បន្ថយបានខ្លះ គឺផលវិបាកកើតឡើងដោយសារការខ្វះអនាម័យនៅក្នុងការរៀបចំ។ ដូចនេះមាតាត្រូវតែមានអនាម័យនៅក្នុងការៀបចំម្សៅទឹកដោះគោឱ្យកូនបៅដោយត្រូវអនាម័យទៅតាមការណែនាំរបស់គ្រូពេទ្យមួយចំនួនដូចជា ៖
– ត្រូវសម្អាតកន្លែងដាក់ម្សៅទឹកដោះគៅ និងដបទឹកដោះគោឱ្យបានស្អាតជានិច្ច។
– ត្រូវលាងដៃឱ្យបានស្អាតជាមួយនឹងសាប៊ូ មុននឹងរៀបចំលាយម្សៅទឹកដោះគោឱ្យទារក។
– ដបទឹកដោះគោ ក្បាលដប គម្របដប និងសម្ភារៈដែលប្រើប្រាស់សម្រាប់លាយទឹកដោះគោនោះ ត្រូវលាងសម្អាត ហើយត្រូវស្ងោរសម្លាប់មេរោគ។ ត្រូវលាងសម្អាតឱ្យសព្វគ្រប់កន្លែង ហើយស្ងោរសម្លាប់មេរោគ។
– ទឹកដោះគោដែលលាយហើយត្រូវឱ្យទារកបៅដោះភ្លាមៗ
– ទឹកដោះគោមួយដបត្រូវឱ្យទារកដោះឱ្យអស់ក្នុងរយៈពេលមួយម៉ោង ហើយបើទារកបៅឆ្អែត នៅសស់ត្រូវតែចាក់ចោល ព្រោះកាលណាដែលទុកគឺអាចមានមេរោគដែលធ្វើឱ្យទារកឈឺ។
– បើសិនជាលាយទឹកដោះគោម្សៅ ហើយទារកមិនទាន់បៅត្រូវទុកក្នុងទូទឹកកកដែលត្រជាក់ តែមិនត្រូវទុកកន្លែងកកទេ។ ដល់ពេលទារកចង់បៅទើបឱ្យទារកបៅ។
ដំបូន្មានអ្នកជំនាញ
ចំពោះមាតាដែលមិនអាចធ្វើការបំបៅដោះកូនបាន ដោយត្រូវជ្រើសរើសយកទឹកដោះគោម្សៅ មាតាបិតាត្រូវធ្វើទៅតាម ការណែនាំ ដែលសរសេរនៅលើកំប៉ុងម្សៅ។ ជាពិសេសត្រូវប្រើស្លាបព្រាវាល់ដែលគេដាក់មកជាមួយកំប៉ុងម្សៅទឹកដោះគោ មិនត្រូវ យករបស់អ្វីផ្សេងៗមកវាល់ក្រៅពីស្លាបព្រាម្សៅទឹកដោះគោនោះទេ។ ត្រូវគោរពក្បួនច្បាប់អនាម័យក្នុងការរៀបចំលាយម្សៅទឹក ដោះគោឱ្យបានត្រឹមត្រូវ។ ត្រូវគោរពពេលវេលានៅក្នុងការរក្សាទឹកដោះគោ។ លោកស្រីអ្នកនាងកញ្ញាដឹងហើយថា ការលាយម្សៅ ទឹកដោះគោគឺលាយជាមួយទឹកក្ដៅ ដូចនេះត្រូវប្រុងប្រយ័ត្នទុកទឹកក្ដៅ ឬសម្ភារៈក្ដៅឱ្យផុតពីដៃក្មេង។ ជាពិសេសមិនត្រូវទុកឱ្យទារក ដេកបៅទឹកគោតែឯងនោះទេ ព្រោះអាចធ្វើឱ្យកូនឈ្លក់ កូនថប់ដង្ហើម មាតាបិតាមិនដឹង អាចបង្កឱ្យមានគ្រោះថ្នាក់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១
Leave a Reply