គ្រូពេទ្យមានតួនាទីសំខាន់ណាស់នៅក្នុងការជួយជ្រោមជ្រែងគាំពារសុខភាពម្ដាយ និងកូនដែលនៅក្នុងផ្ទៃ ប៉ុន្ដែស្ដ្រីខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារក៏ដើរតួនាទីសំខាន់ផងដែរនៅក្នុងការឃ្លាំមើលថែសុខភាពម្ដាយនិងកូន។ ការតាមដានរបស់ខ្លួនស្ដ្រីផ្ទាល់អាចជាជំនួយសកម្មមិនអាចខ្វះបានសម្រាប់គ្រូពេទ្យ។
ដំបូន្មាន៧យ៉ាងដើម្បីតាមដានសុខភាពប្រចាំថ្ងៃ
១. សូមស្ដាប់ការហត់នឿយរបស់រាងកាយ
វាគឺជាការវាយតម្លៃសុខភាពរបស់គភ៌។ មានតែស្ដ្រីជាសាមីខ្លួនដែលពពោះទេ ដែលអាចដឹងថាខ្លួនត្រូវការការសម្រាកកាយកម្រិតណា។ តើអស់កម្លាំងខ្លាំងទេ? បើចម្លើយថា ច៎ាស នោះសូមណាត់ជួបជាមួយគ្រូពេទ្យភ្លាម ដើម្បីត្រួតពិនិត្យសុខភាពនិងផ្ទៃពោះ។ គ្រូពេទ្យពិតជាអាចជួយលោកស្រីអ្នកនាងបានយ៉ាងពិតប្រាកដ។
២. សូមកុំប្រើកម្លាំងហួសហេតុ
ស្ដ្រីមានផ្ទៃពោះត្រូវថែទាំខ្លួនយ៉ាងម៉េចឱ្យដើរឆ្ងាយពីការពិបាកចិត្ដ និងការតានតឹងអារម្មណ៍ដែលយើងនិយមហៅថា ស្រេស្សនោះឯង។ ត្រូវរស់នៅក្នុងស្ថានភាពធម្មតា មិនត្រូវរស់របៀបជាអ្នកជម្ងឺដែលត្រូវការការពារយ៉ាងខ្លាំងក្លានោះទេ ហើយក៏មិន ត្រូវធ្វើដូចជាស្ដ្រីជើងឆើត (Superwoman)នោះដែរ។
៣. សូមតាមដានការកន្ដ្រាក់នៃស្បូន
ចាប់ពីខែទី៦ទៅ ស្បូនរបស់ស្ដ្រីមានផ្ទៃពោះចាប់ផ្ដើមកន្ដ្រាក់ជារៀងរាល់ថ្ងៃតិចៗរួចទៅហើយ។ ជារឿងធម្មតានោះទេ ព្រោះជាការហាត់សមមុន ទំហំដល់ពេលសម្រាលមែនទែន។ ការកន្ដ្រាក់កម្រិតណាអាចជាសញ្ញាអាសន្នមួយដែលខ្លួនប្រាណស្ដ្រីបាន បញ្ជូនប្រាប់។ បើជាករណីកន្ដ្រាក់ខ្លាំង ស្ដ្រីត្រូវសម្រេចចិត្ដយកការសម្រាកស្ងៀម ទើបជាការប្រសើរ និងអ្វីៗទាំងអស់នឹងវិលមករៀប រយធម្មតាវិញ។ បើនៅតែមិនស្រួលទៀត លោកស្រីអ្នកនាងត្រូវអនុវត្ដការតាមដានត្រួតពិនិត្យល្អិតល្អន់មួយ។
៤. សូមតាមដានការធាក់របស់ទារក
ចាប់ពីអាយុបាន៤ខែឡើងទៅ ទារកចាប់ផ្ដើមកម្រើក។ នេះគឺជាតឹកតាងមួយដែលអាចប្រាប់ថា អ្វីៗដំណើរការទៅយ៉ាងល្អ សម្រាប់គាត់។ សូមតាមឃ្លាំមើលការធាក់បង្វិលរបស់ទារក។ ដើម្បីងាយស្រួលក្នុងការរាប់ការធាក់បង្វិល សូមលោកស្រីអ្នកនាងដេកផ្អៀងទៅខាងឆ្វេង។ សូមធ្វើការទម្រេតបែបនេះជារៀងរាល់ថ្ងៃ។
ប្រសិនបើចលនាទាំងនេះថមថយ ឬបាត់មួយរយៈយូរខុសពីធម្មតា សូមទៅជួបគ្រូពេទ្យជាបន្ទាន់។ ប៉ុន្ដែមិនត្រូវភ្លេចគិតថាអ្នកជើងឯងដ៏តូចរបស់លោកស្រីអ្នកនាងម្នាក់នេះ មានកន្លែងតិចទៅៗនៅក្នុងស្បូន ដែលអាចធ្វើឱ្យគាត់លែងសូវកម្រើកបានដែរ។
៥. សូមថ្លឹងទម្ងន់ខ្លួន១សប្ដាហ៍ម្ដង
លោកស្រីអ្នកនាងមិនចាំបាច់ធ្វើការថ្លឹងទម្ងន់ខ្លួនរាល់ថ្ងៃនោះទេ គឺអាចថ្លឹងជាប្រចាំ១ដងក្នុង១សប្ដាហ៍ជាការស្រេចទៅហើយ។ ការថ្លឹងអាចឱ្យដឹងថា ការឡើងទម្ងន់នោះថេរឬអត់។ បើសិនជាទម្ងន់ឡើងច្រើនជ្រុល សូមទៅជួបគ្រូពេទ្យ ដើម្បីស្វែងរកមធ្យោបាយណាមួយក្នុងការទប់ស្កាត់។
៦. សូមតាមដានទឹកនោមដោយខ្លួនឯងនៅផ្ទះ
គ្រូពេទ្យរបស់លោកអ្នកអាចស្នើសុំការតាមដានវិភាគទឹកនោមជាញឹកញាប់។ ហេតុនេះ លោកស្រីអ្នកនាងអាចធ្វើតេស្ដទឹកនោមដោយខ្លួនឯងបាននៅឯផ្ទះ។
៧. សូមមានទំនុកចិត្ដលើខ្លួនឯង
សូមប្រាប់នូវអាការរោគ ឬបញ្ហាដែលលោកស្រីអ្នកនាងមានទៅដល់គ្រូពេទ្យ។ ហើយត្រូវក្លាហាន ហ៊ានសាកសួរនូវរាល់ចម្ងល់ដែលលោកស្រីអ្នកនាងមាន។ ជាការបញ្ចៀសនូវការភ្លេច ឬនឹកមិនឃើញនូវបញ្ហាណាមួយ សូមលោកស្រីអ្នកនាងសរសេរសំណួរទាំងនោះនៅក្នុងក្រដាស ពេលទៅជួបជាមួយគ្រូពេទ្យ។
ដំបូន្មាន៥យ៉ាងដើម្បីថែទាំជីវភាពប្រចាំថ្ងៃ
ពេលដែលមានផ្ទៃពោះ ស្ដ្រីមានផ្ទុកទារក និងគឺជាការផលិតមនុស្សម្នាក់ផ្សេងទៀត ដែលផ្ដល់ឱ្យដោយក្ដីស្រឡាញ់។ ហេតុនេះសូមជួយទារកឱ្យមានសុខភាព និងលំនឹងល្អ។ ជាបន្ដទៅទៀតសូមបន្ដជ្រាបអំពីដំបូន្មានថែទាំខ្លួនប្រចាំថ្ងៃ។
១. អាការៈស្ដ្រេស្ស
សូមយកចិត្ដទុកដាក់លើស្ថានភាពសុខភាពផ្ទាល់ខ្លួន កុំឱ្យហត់នឿយអស់កម្លាំងពេក។ និយាយបែបនេះ មិនមែនមានន័យថា លោកស្រីអ្នកនាងមិនត្រូវធ្វើអ្វីសោះនោះទេ។ សូមចៀសឱ្យបានរាល់ការគិត ឬខឹងសម្បារដែលមិនបានការ គ្រាន់តែជាការនាំឱ្យ ខាតពេល និងកម្លាំងចិត្ដកាយយ៉ាងឥតប្រយោជន៍។ សូមធ្វើគធ្វើថ្លង់ជាមួយរឿងអ្នកដទៃ។ ប្រសិនបើមានអាការស្ដ្រេស្សឬតានតឹង អារម្មណ៍ សូមធ្វើសមាធិភ្លាម។ ជាពិសេសមិនត្រូវយកពេលសម្រាកនេះទៅធ្វើការងារដែលនៅសេសសល់នោះទេ។ ការសមាធិត្រូវ ធ្វើដូចតទៅ ៖
– ជ្រើសរើសយកកន្លែងដែលស្ងាត់ស្ងៀម
– ដេកផ្ងារលើគ្រែ ឬលើកម្រាល ដោយកើយខ្នើយទាប
– សូមលើកជើងរបស់លោកស្រីអ្នកនាងទាំងពីរឡើងលើដាក់នៅលើកៅអីអង្គុយ
– សូមដកដង្ហើមយឺតៗ មួយៗ
– សូមព្រលែងចោល មិនទប់អ្វីឡើយ រាល់សាច់ដុំទាំងអស់លែងកម្រើក
– សូមឱ្យខួរក្បាលសម្រាកដោយមិនគិតអ្វីទាំងអស់។
២. តម្រូវការខ្យល់ដង្ហើម
លោកស្រីអ្នកនាងបានដកដង្ហើមធម្មតា ប៉ុន្ដែនៅតែខ្វះខ្យល់អុកស៊ីសែន។ តម្រូវការនេះមិនមែនជារឿងគ្រាន់តែគិតនោះទេ។ នៅពេលមានផ្ទៃពោះ ស្ដ្រីត្រូវដកដង្ហើមសម្រាប់មនុស្សពីរនាក់ ហេតុនេះតើត្រូវធ្វើដូចម្ដេច?
– សូមឱ្យបន្ទប់ដែលលោកស្រីអ្នកនាងស្នាក់នៅមានខ្យល់ចេញចូលគ្រប់គ្រាន់
– សូមទទួលទានដំណេកដោយបើកបង្អួច និងមានខ្យល់អុកស៊ីសែនគ្រប់គ្រាន់
– សូមឧស្សាហ៍ដើរកម្សាន្ដនៅកន្លែងទីវាល ដែលមានខ្យល់បរិសុទ្ធ។
៣. ការសម្អាតរាងកាយ
– ការបែកញើស ៖ ស្ដ្រីមានផ្ទៃពោះ អាចមានការបែកញើសច្រើនជាងមុន ពិតជាគួរឱ្យធុញទ្រាន់ណាស់ ប៉ុន្ដែជាការ ធម្មតាទេ។ ព្រោះថាសារពាង្គកាយរបស់ស្ដ្រីមានផ្ទៃពោះបញ្ចេញចោលនូវកាកសំណល់បន្ថែម ដែលបញ្ចេញដោយទារក។ ដើម្បីជម្រះ ញើសទាំងនេះ លោកស្រីអ្នកនាងត្រូវបង្កើនការងូតទឹកដុសលាងខ្លួន។ ការងូតទឹកក្ដៅឧណ្ហៗនៅពេលល្ងាច ឬក្បាលព្រលប់អាចជួយឱ្យលោកស្រីអ្នកនាងលង់លក់បានស្រួលខ្លួនស្កប់ស្កល់។ សូមកុំងូតទឹកដែលក្ដៅខ្លាំងពេក ដែលអាចបង្កឱ្យមានការចុះសម្ពាធឈាម អាកទែរខ្លាំង។
– អនាម័យសរីរាង្គភេទ ៖ អ័រម៉ូនផ្ទៃពោះ នាំឱ្យមានការកើនឡើងនូវទឹករំអិលទ្វារមាស។ ប្រសើរបំផុតត្រូវបង្កើនការ លាងសម្អាតនៅមាត់ទ្វារមាស និងប្រដាប់ភេទខាងក្រៅ២ដងក្នុង១ថ្ងៃ ដោយទឹក និងសាប៊ូ។ ផលិតផលទាំងអស់នេះ អាចរកទិញ បាននៅតាមឱសថស្ថាន និងផ្សារទំនើប។ បើសិនជាការចេញទឹករំអិល ឬធ្លាក់វត្ថុរាវតាមទ្វារមាសច្រើនហួសហេតុ សូមទៅជួបជាមួយ គ្រូពេទ្យ។ សូមចៀសឱ្យបាននូវការចាក់បញ្ចូលអ្វីមួយទៅក្នុងទ្វារមាស គឺជារឿងឥតប្រយោជន៍ជាងមានប្រយោជន៍។
៤. ការទទួលទានដំណេក
ស្ដ្រីមានផ្ទៃពោះត្រូវទទួលទានដំណេកយ៉ាងតិចបំផុត៨ម៉ោងក្នុងមួយយប់ និងច្រើនជាងនេះក្នុងករណីមានអារម្មណ៍ថាត្រូវ ការដេកបន្ដទៀត។ នៅប៉ុន្មានខែដំបូង លោកស្រីអ្នកនាងពិតជាចង់ដេក និងសម្រាកច្រើន។ ផ្ទុយទៅវិញ នៅពេលជិតសម្រាល ប្រហែលជាពីរបីសប្ដាហ៍មុនសម្រាលបុត្រ ស្ដ្រីមានផ្ទៃពោះទទួលទានដំណេកមិនសូវលក់នោះទេ។ ហេតុនេះត្រូវសាកសួរយោបល់ និងដំបូន្មានពីគ្រូពេទ្យ។ ទទួលទានដំណេកបានលក់ស្កប់ស្កល់ គឺផ្ដល់អត្ថប្រយោជន៍ជាច្រើន និងជាសកម្មភាពដូចតទៅ ៖
– បើសិនជាអាចស្ដ្រីមានផ្ទៃពោះត្រូវធ្វើការសម្រាក ធ្មេចភ្នែកពេលថ្ងៃត្រង់មួយសន្ទុះ។ បែបនេះមានអត្ថប្រយោជន៍ខ្លាំង ណាស់សម្រាប់ពេលហល់បាយ ឬចរន្ដឈាមរត់មិនស្រួល។
– ធ្វើកាយវិការសមស្របណាមួយដោយមិនខ្វាយខ្វាល់ពីការគាបសង្កត់ទៅលើទារកនោះទេ។ ពោះរបស់ស្ដ្រីអាចការពារទារកបានយ៉ាងល្អ។
៥. សូមកុំជក់បារី និងផឹកស្រា
– សូមកុំជក់បារី និងកុំស្រូបផ្សែងបារី ៖ ប្រសិនបើស្ដ្រីមានផ្ទៃពោះជក់បារី គឺមានន័យថាទារកក៏ជក់បារីដែរ។ ទារកអាច ទទួលយកជាតិនីកូទីនតាមរយៈសុក។ ការសិក្សាបានបង្ហាញថា ស្ដ្រីមានផ្ទៃពោះហើយជក់បារីអាចទទួលរងនូវផលប៉ះពាល់ជាច្រើន ជាអាទិគឺការសម្រាលកូនមុនខែ ឬកើតមិនគ្រប់ខែ វិបត្ដិនៃការលូតលាស់ប្រព័ន្ធសរសៃប្រសាទនិងខួរក្បាល ទម្ងន់ទាបជាទារក សុខភាពល្អដល់ទៅ១០ភាគរយ។ល។ ប្រការទាំងនេះហើយដែលគ្រូពេទ្យតែងតែណែនាំស្ដ្រីមានផ្ទៃពោះមិនឱ្យជក់បារីជាដាច់ខាត។ ហេតុនេះស្ដ្រីមានផ្ទៃពោះមិនត្រូវជក់បារី និងស្រូបផ្សែងបារីពីអ្នកជក់បារីនោះទេ តាមរយៈការអនុវត្ដដូចតទៅ ៖ គឺសូមប្រាប់អ្នកដទៃ ឬអ្នកដែលនៅជិតខ្លួនកុំឱ្យជក់បារីពេលខ្លួនមានវត្ដមាន និងត្រូវគេចចេញឱ្យឆ្ងាយពីកន្លែងដែលមានផ្សែងបារី។
– សូមកុំទទួលទានស្រា ៖ ជាតិសុរាឬស្រាជ្រាបចូលយ៉ាងលឿនទៅក្នុងឈាម សុកមិនអាចមានលទ្ធភាពច្រោះឬអាចទប់ ស្កាត់មិនឱ្យជាតិស្រាចូលទៅក្នុងខ្លួនទារកនោះទេ។ ហេតុនេះ បើម្ដាយផឹកស្រាឬប្រមឹក ទារកក៏ផឹកស្រាឬប្រមឹកផងដែរ។ ផល ប៉ះពាល់នៃសុរាឬស្រា ក៏មិនស្រាលប៉ុន្មានដែរទេ គឺធ្វើឱ្យការលូតលាស់របស់ទារកថមថយ ឬយឺតយ៉ាវ ជាពិសេសនៅប៉ុន្មានខែដំបូង ពេលសរីរាង្គកាយកំពុងត្រូវបានបង្កើត និងលេចជារូបរាងឡើង។ ហេតុនេះទម្លាប់របស់ស្ដ្រីខ្មែរមួយចំនួនដែលនាំគ្នាទទួលទានស្រា ឬស្រាថ្នាំក្នុងពេលមានផ្ទៃពោះ គឺជាការខុសឆ្គង ដែលមិនគួរធ្វើនោះទេ។
(សូមបន្ដអាននៅលេខក្រោយទៀត)
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ដកស្រង់ ៖ សៀវភៅក្បួនថែរក្សាគភ៌ និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១
Leave a Reply