ភាពប៉ិនប្រសព្វក្នុងការតែងនិពន្ធបទភ្លេង និងជាតារាចម្រៀងមួយដួងដែលទទួលបានការគាំទ្រយ៉ាងច្រើនពីប្រិយមិត្ដ ជាពិសេសមិត្ដយុវវ័យនោះគឺលោក ណាំ ប៉ុណ្ណារ័ត្ន។ បច្ចុប្បន្ននេះលោក ណាំ ប៉ុណ្ណារ័ត្ន មានការមមាញឹកជាច្រើន ក្នុងនាមជាអ្នកសិល្បៈ និងជាមន្ដ្រីរាជការ។
លោក ណាំ ប៉ុណ្ណារ័ត្ន បានចូលខ្លួនមកបកស្រាយពីការថែរក្សាសម្រស់ និងសុខភាពរបស់លោកផ្ទាល់ជូនដល់ប្រិយមិត្ដអ្នកអានទាំងអស់ ជាពិសេសប្រិយមិត្ដដែលមានការគាំទ្រចំពោះរូបលោកទទួលជ្រាប តាមរយៈកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិមុនឈានចូលសិល្បៈ
មុនឈានជើងចូលសិល្បៈ លោកប៉ុណ្ណារ័ត្នជានិសិ្សតរៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈខាងផ្នែកវិទ្យាល័យសូរ្យតន្ដ្រី ជំនាញព្យាណូ បន្ទាប់មកលោកបានទៅបន្ដការសិក្សាផ្នែកសូរ្យតន្ដ្រីនៅប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។ ពេលបានបញ្ចប់ការសិក្សា និងបានត្រឡប់មកមាតុភូមិវិញ ស្របពេលជាមួយគ្នានោះលោក ប៉ុណ្ណារ័ត្នបានក្លាយខ្លួនទៅជាអ្នកចម្រៀងនៅ ផលិតកម្មយូធូក្នុងឆ្នាំ២០០៥ តាមរយៈម្ចាស់ផលិតកម្មយូធូ។ មុនពេលចូលច្រៀងឱ្យផលិតកម្មយូធូ លោក ប៉ុណ្ណារ័ត្ន បានសរសេរ អត្ថបទចម្រៀងចំនួន១០បទទៅឱ្យម្ចាស់ផលិតកម្ម មិនយូរប៉ុន្មានម្ចាស់ផលិតកម្មមានការពេញចិត្ដនូវអត្ថបទ និងទឹកដមសម្លេងរបស់ លោក ទើបម្ចាស់ផលិតកម្ម យូធូ ឱ្យលោកក្លាយទៅជាអ្នកចម្រៀងនៅផលិតកម្មយូធូ។ បទចម្រៀងដំបូងរបស់លោក ប៉ុណ្ណារ័ត្ន ដូច ជាបទ អស់ជំនឿ បទម៉ែ និងបទជាច្រើនទៀត មានការទទួលស្គាល់ពីប្រិយមិត្ដយ៉ាងខ្លាំង ហើយបទចម្រៀងទាំងអស់នេះជាការនិពន្ធ ទំនុកច្រៀងដោយខ្លួនឯង រីឯបទភ្លេងលោកសម្រួលពីបទបរទេស។
ការថែរក្សាសម្រស់
– ការថែរក្សាសក់ ៖ លោកមិនយកចិត្ដទុកដាក់ទេ ពីព្រោះលោកជាមនុស្សប្រុស។ លោកបន្ដទៀតថា សក់មិនត្រូវកក់រាល់ ថ្ងៃនោះទេ មានន័យថាក្នុងមួយសប្ដាហ៍លោកកក់សក់បីដង និងធ្វើការបន្ទន់សក់២ដង។
– ការថែរក្សាស្បែកមុខ ៖ លោកមិនសូវតុបតែងមុខទេក្នុងកម្មវិធី ខនសឺតឬក្នុងរាត្រីកម្សាន្ដ ប៉ុន្ដែគ្រាន់តែនៅពេលដែល បញ្ចប់ពីកម្មវិធី លោកតែងតែធ្វើការសម្អាតផ្ទៃមុខលោកជាប្រចាំជាមួយផលិតផលដែលល្អ និងមានគុណភាព ដើម្បីធ្វើការសម្អាតជាតិ ខ្លាញ់ និងធូលីដីដែលនៅជាប់តោងលើផ្ទៃមុខ។
– កាថែរក្សាស្បែកដងខ្លួន ៖ លោកមិនភ្លេចទេក្នុងការថែរក្សាស្បែក។ នៅពេលដែលលោកងូតទឹក ឬជម្រះរាងកាយ លោកតែងតែធ្វើការសម្អាតខ្លួនប្រាណដោយប្រើសាប៊ូដុសខ្លួនជាប្រចាំ ព្រោះសាប៊ូជួយកម្ចាត់នូវបាក់តេរីកខ្វក់ និងជួយឱ្យស្បែកភ្លឺ រលោង។
– ការថែរក្សាភ្នែក ៖ បច្ចុប្បន្ននេះភ្នែករបស់លោកមានបញ្ហាដោយលោកឧស្សាហ៍ធ្វើការងារជាមួយកុំព្យូទ័រ ដូច្នេះលោក តែងតែមើលអ្វីដែលមានពណ៌បៃតង ព្រោះពណ៌នេះជំនួយដល់បញ្ហាភ្នែករបស់លោក។ ចំពោះការថែរក្សាភ្នែកវិញ នៅពេលដែលភ្នែក របស់លោកមានបញ្ហា និងមានធូលីដីលោកធ្វើការសម្អាតចេញ។
– ការថែរក្សាធ្មេញ ៖ សុខភាពមាត់ធ្មេញជាបញ្ហាសំខាន់ណាស់សម្រាប់លោក ប៉ុណ្ណារ័ត្ន។ លោកតែងតែធ្វើការសម្អាត មាត់ធ្មេញ(ដុសធ្មេញ)យ៉ាងតិច៣ដងក្នុងមួយថ្ងៃ និងទៅពិនិត្យមាត់ធ្មេញ២ដងក្នុងមួយឆ្នាំ និយាយរួម៦ខែទៅពិនិត្យម្ដង។
ការថែរក្សាសុខភាពរាងកាយ
– ការទទួលទានដំណេក ៖ ដោយមានការមមាញឹកនឹងការងារពេក ហេតុនេះហើយទើបបានជារ័ត្នមិនសូវបានទទួលទាន ដំណេកគ្រប់គ្រាន់។ ប៉ុន្ដែសង្ឃឹមថានៅថ្ងៃមុខ លោកនឹងព្យាយាមទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ ដោយលោកសម្អាងថា ដើម្បីឱ្យ សុខភាពល្អគួរតែទទួលទានដំណេកឱ្យបានគ្រប់៨ម៉ោងទើបជាការប្រសើរសម្រាប់សុខភាពមនុស្សម្នាក់ៗ។
– ការទទួលទានអាហារ ៖ លោកទទួលទានអាហារមិនសូវបានទៀងទាត់ទេ ដោយលោកជាប់រវល់ក្នុងការតែងនិពន្ធជាបទ ភ្លេង និងការងារនៅក្នុងស្ដូដយ៉ូ ដូច្នេះការទទួលទានអាហាររបស់លោកមិនបានទៀងទាត់ឡើយ។
– លំហាត់ប្រាណ ៖ ការហាត់ប្រាណគឺជារឿងមួយដ៏សំខាន់សម្រាប់មនុស្សម្នាក់ មិនថារូបលោក ឬអ្នកដទៃឡើយ។ ពី មុនលោកតែងតែធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃមិនសូវខានទេ ដោយលោកបានហាត់ប្រាណនៅក្នុងក្លឹបមួយកន្លែង ប៉ុន្ដែសម្រាប់ បច្ចុប្បន្ននេះលោកមិនមានពេលគ្រប់គ្រាន់ទេ ដោយរូបលោកមានការមមាញឹកនឹងការងារជាខ្លាំង។
គោលបំណងទៅថ្ងៃអនាគត
សព្វថ្ងៃនេះលោកប៉ុណ្ណារ័ត្នជាមន្ដ្រីរាជការនៅក្រសួងវប្បធម៌វិចិត្រសិល្បៈ ដូច្នេះគោលបំណងទៅថ្ងៃអនាគតរបស់លោក ប៉ុណ្ណារ័ត្នមានបំណងចង់បើកនូវសាលាបង្រៀនភ្លេងមួយកន្លែង ដើម្បីបណ្ដុះបណ្ដាលឱ្យកូនខ្មែរមួយចំនួនដែលមាននិស្ស័យខាងភ្លេង ឱ្យមានចំណេះដឹងគ្រប់គ្រាន់ និងចង់បង្កើតជា Business ផ្ទាល់ខ្លួនផងដែរ។
បណ្ដាំផ្ញើរបស់លោក ណាំ ប៉ុណ្ណារ័ត្ន
សូមផ្ដាំផ្ញើទៅប្រិយមិត្ដ ជាពិសេសមិត្ដយុវវ័យនិងយុវតីទាំងឡាយសូមមេត្ដាកុំប្រើប្រាស់ក៏ដូចជាការសេពនូវគ្រឿងញៀន ព្រោះគ្រឿងញៀនបណ្ដាលឱ្យលោកអ្នកខូចនូវសុខភាព រាងកាយចាស់ទ្រុឌទ្រោម ខាតថវិកា ខាតទាំងពេលវេលា។ និយាយរួម ទៅការប្រើប្រាស់ និងសេពគ្រឿងញៀនបង្កតែគុណវិបត្ដិគ្មានទេគុណសម្បត្ដិសម្រាប់លោកអ្នក។ ជាចុងក្រោយនេះលោកប៉ុនណារ័ត្ន សូមអរគុណចំពោះប្រិយមិត្ដ និងប្រជាពលរដ្ឋខ្មែរ ដែលមានការគាំទ្រចំពោះរូបលោកឱ្យមានសុខភាពល្អ និងរកស៊ីទទួលទានមានបាន គ្រប់ៗគ្នា។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ណាំ ប៉ុណ្ណារ័ត្ន
- អាយុ ៖ ២៧ឆ្នាំ
- ថ្ងៃ ខែ ឆ្នាំកំណើត ៖ ១៩៨៥
- ទីកកន្លែងកំណើត ៖ ភ្នំពេញ
- កម្ពស់ ៖ ១,៦៧សង់ទីម៉ែត្រ
- កម្រិតវប្បធម៌ ៖ បញ្ចប់បរិញ្ញាបត្រផ្នែកសូរ្យតន្ដ្រីនៅក្រៅប្រទេស
- ទម្ងន់ ៖ ៦០គីឡូក្រាម
- បងប្អូន ៖ ៤នាក់ ប្រុស២ ស្រី២(ជាកូនទី២)
- អាជីពនាពេលបច្ចុប្បន្ន ៖ ជាអ្នកសិល្បៈ និងជាមន្ដ្រីរាជការ
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១
Leave a Reply