ស្ដ្រីកម្ពុជា​​​អាចប្រឈមមុខ​​​​នឹងជម្ងឺមហារីក​​​មាត់ស្បូន​​​​ច្រើនជាង​​​ប្រទេសជិតខាង

ជម្ងឺមហារីកគឺជាជម្ងឺមួយដ៏កាចសាហាវបំផុត ដែលអាចសម្លាប់មនុស្ស​បានយ៉ាងងាយស្រួល ប្រសិនបើអ្នកជម្ងឺមានការធ្វេសប្រហែស​ក្នុងការព្យាបាលមិនបានទាន់ពេលវេលា។ ជម្ងឺមហារីកកំពុង​គម្រាម​​​ស្ដ្រីកម្ពុជា។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជម្ងឺមហារីក​នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត​បាននិយាយឱ្យដឹងថា ស្ដ្រីកម្ពុជា​អាចប្រឈមមុខ​នឹងជម្ងឺមហារីក​មាត់ស្បូនច្រើនជាងប្រទេសជិតខាង។ ប្រធានផ្នែកជម្ងឺមហារីក​រូបនេះបាននិយាយកាលពីថ្ងៃទី​០៦ ខែ មិថុនា ឆ្នាំ២០១១ ឱ្យដឹងថា មន្ទីរពេទ្យខ្មែរសូវៀត​បានបើកព្យាបាលជម្ងឺមហារីក​នៅឆ្នាំ២០០៣ហើយ​រហូតដល់ឆ្នាំ២០១០ យើងបាន ទទួលអ្នកជម្ងឺទៅពិគ្រោះ និងព្យាបាលចំនួនជិតពីរម៉ឺននាក់។ លោកបានបន្ដ​ទៀតថា មានជម្ងឺមហារីកមាត់ស្បូន​ប្រហែលជា ២៥ភាគរយ ជម្ងឺមហារីកសុដន់១៩ភាគរយ មហារីកច្រមុះ និងត្រចៀក១៦ភាគរយ មហារីកកូនកណ្ដុរ៩ភាគរយ មហារីកសួត ៦ភាគរយ មហារីកក្រពះ និងពោះវៀន៤ភាគរយ។

លោកវេជ្ជបណ្ឌិត អ៊ាវ សុខា បានឱ្យដឹងទៀតថា ផ្អែកតាមតួលេខខាងលើនេះ បើប្រៀបធៀបទៅនឹង​ប្រទេសជិតខាង ដូចជាប្រទេសថៃ វៀតណាម យើងអាចសន្និដ្ឋានបានថា អ្នកជម្ងឺមហារីក​នៅកម្ពុជាមានអាយុក្មេង​ជាងអ្នកជម្ងឺនៅវៀតណាម និងថៃ។ លោកបានលើកឧទាហរណ៍មកបញ្ជាក់ថា ជាក់ស្ដែងដូចជាជម្ងឺមហារីកសុដន់ និងមហារីកមាត់ស្បូន អ្នកជម្ងឺមានអាយុ​ក្រោម៣៥ឆ្នាំ ចំនួន១៥ភាគរយ។ បើប្រៀបធៀបទៅនឹងប្រទេសវៀតណាម​មានតែ១៥ភាគរយ និងថៃមាន៤ភាគរយ​ប៉ុណ្ណោះ។ ដូចនេះស្ដ្រីកម្ពុជា អាចនឹងប្រឈមមុខ​នឹងជម្ងឺមហារីកមាត់ស្បូន និងមហារីកសុដន់​ច្រើនជាងប្រទេសជិតខាង។

លោកវេជ្ជបណ្ឌិតបានពន្យល់ទៀតថា មូលហេតុដែលបណ្ដាលឱ្យស្ដ្រីកម្ពុជា​កើតជម្ងឺមហារីកមាត់ស្បូន គឺដោយសារតែ មេរោគឆ្លងតាមរយៈការរួមភេទ និងមិនមានអនាម័យ។ ចំណែកឯជម្ងឺមហារីកសុដន់វិញ​មកដល់ពេលនេះនៅមិនទានមានអ្នក វិទ្យាសាស្ដ្រណា​ដឹងអំពីមូលហេតុដែលនាំឱ្យកើតជម្ងឺ​នេះនៅឡើយទេ។      លោកវេជ្ជបណ្ឌិត​បានកត់សម្គាល់ថា ស្ដ្រីដែលកើតជម្ងឺ មហារីកសុដន់​គេសម្គាល់ទៅលើស្ដ្រីនោះមានរូបរាង​ធាត់ហើយ​ការមករដូវយូរ។

ចំពោះការព្យាបាល​អ្នកជម្ងឺមហារីកមាត់ស្បូនដែលបានមក​ព្យាបាលនៅមន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត មានចំនួន២៥ ភាគរយ ហើយអាចព្យាបាល​ជាបាន៧០ភាគរយ។ អ្នកជម្ងឺមហារីកសុដន់​អាចព្យាបាលជាសះស្បើយ៧៤ភាគរយ មហារីកកូនកណ្ដុរ អាចព្យាបាលជា៥០ភាគរយ មហារីកច្រមុះ បំពង់ក ត្រចៀក ព្យាបាលជាសះស្បើយ៣០ភាគរយ មហារីកក្រពះពោះវៀន​អាចព្យាបាលជា៤១ភាគ រីឯមហារីកសួតមិនអាចព្យាបាលជាទេ។

លោកវេជ្ជបណ្ឌិត សាយ សេងលី នាយកមន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀតបានបញ្ជាក់ថា បច្ចុប្បន្ននេះមន្ទីរពេទ្យ​មានសេវា ២៧ផ្នែក ប៉ុន្ដែផ្នែកដែលលេចធ្លោជាងគេ​មានជម្ងឺវះកាត់ទូទៅ ជម្ងឺផ្លូវចិត្ដ ជម្ងឺកាមរោគ អេដស៍ របេងសួត និងជម្ងឺមហារីក។ ជម្ងឺមហារីក​នេះមានតែមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតប៉ុណ្ណោះ ដែលមានសេវានេះហើយ​ដោយសារតែអ្នកជម្ងឺច្រើននោះ មន្ទីរពេទ្យ បានកសាងអគារមួយទៀត​ដែលនៅជាប់នឹងអគារចាស់​ដែលអាចដាក់អ្នកជម្ងឺបានពី៤០-៥០គ្រែ ដែលអគារចាស់​អាចដាក់បានតែ២០ គ្រែប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅដើមឆ្នាំ២០១១ ដោយទទួលបានវ៉ាក់សាំង​ពីសមាគមគ្រូខ្មែរស្រុកបារាំង៨០០០នាក់ មន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត​បានចាក់វ៉ាក់សាំងប្រឆាំងមេរោគHPV​ដែលបង្កនាំឱ្យកើតជម្ងឺមហារីកមាត់ស្បូន​នេះដល់បុគ្គលិកមន្ទីរពេទ្យ​ចំនួន២០០០នាក់ និង៦០០០នាក់ដល់សិស្សសាលា​ដែលមានអាយុចាប់ពី១០ឆ្នាំឡើងទៅ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *