ស្ថានភាព​​​ជម្ងឺគ្រុនឈាម​​​​កំពុង​​​ស្ថិតនៅ​​​ក្នុង​​​ការ​​​ប្រកាស​​​អាសន្ន

មន្ដ្រីកម្មវិធីជាតិប្រយុទ្ធនឹងជម្ងឺគ្រុនឈាម​បានប្រកាសដំណឹងអាសន្ន​ទៅកាន់មន្ទីរសុខាភិបាល​នៅតាមបណ្ដាខេត្ដ ដើម្បីឱ្យពួកគេ​មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការត្រួតពិនិត្យមើល​អំពីស្ថានផ្ទុះជម្ងឺគ្រុនឈាម ខណៈដែលកុមារអាយុក្រោម១៥ឆ្នាំចំនួន៨នាក់​ត្រូវបានស្លាប់ដោយសារជម្ងឺនេះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក ង៉ាន់ ច័ន្ទថា ប្រធានកម្មវិធីប្រយុទ្ធនឹងជម្ងឺគ្រុនឈាម​បានប្រាប់ទស្សនាវដ្ដី សុខភាពយើង កាលពីចុងខែឧសភាថា ប៉ុន្មានថ្ងៃមុននេះលោកបានផ្ញើសេចក្ដីជូនដំណឹង​មួយតាមប្រព័ន្ធអ៊ិនធឺណេតទៅកាន់គ្រប់​មន្ទីរសុខាភិបាលទាំង២៤ខេត្ដ-ក្រុង នៅទូទាំងប្រទេស​ដើម្បីឱ្យពួកគេមានការយកចិត្ដទុកដាក់​ប្រុងប្រយ័ត្នបន្ថែមទៀត ក្នុងការត្រួតពិនិត្យ​មើលស្ថានភាពផ្ទុះជម្ងឺគ្រុនឈាម ខណៈ ដែលកុមារចំនួន៨នាក់​ត្រូវបានស្លាប់ដោយសារជម្ងឺគ្រុនឈាម​ក្នុងពេលថ្មីៗនេះ។ លោកបញ្ជាក់ថា ៖“បើតាមទិន្នន័យប្រព័ន្ធតាមដាន របស់យើងបានឱ្យដឹងថា បច្ចុប្បន្ននេះ ស្ថានភាពជម្ងឺគ្រុនឈាម​នៅប្រទេសយើង​កំពុងតែស្ថិត​នៅក្នុងការ​ប្រកាសអាសន្នហើយ ដូច្នេះ យើងត្រូវប្រុងប្រយ័ត្នខ្លាំង​ថែមទៀត បើទោះបីជាយើងបានត្រៀម​សកម្មភាព​ទប់ស្កាត់រួចហើយក្ដី ប៉ុន្ដែយើងនៅមិនទាន់ដឹងទេថា តើស្ថានភាពនាពេលខាងមុខទៀត វានឹងប្រែប្រួលទៅជា​បែបណានោះ?

កុមារចំនួន៨នាក់​បានស្លាប់នៅក្នុងខែឧសភានេះ

គិតមកដល់ដើមឆ្នាំ២០១១នេះ មានកុមារចំនួន៨៤៥ករណី​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមានកុមារ ចំនួន៨នាក់ត្រូវបានស្លាប់​ដោយសារជម្ងឺគ្រុនឈាម។ ចំនួននេះបើគិតក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១០បានឱ្យដឹងថា ករណីឈឺ មានត្រឹមតែ៧៣១នាក់ រីឯករណីស្លាប់មាន៤នាក់។

លោក ង៉ាន់ ច័ន្ទថា បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យករណីស្លាប់​មានការកើនឡើងជាងឆ្នាំមុន ក៏ព្រោះតែ​ស្ថានភាពជម្ងឺគ្រុនឈាម​មានការប្រែប្រួល​ពីមួយឆ្នាំទៅមួយឆ្នាំ និងផ្ទុះខ្លាំងក្នុងរយៈពេលពី៥ឆ្នាំ ដែលនេះជាហេតុធ្វើឱ្យ​កម្មវិធីជាតិមិនទាន់អាចធ្វើ ការគ្រប់គ្រងបាន។ ម្យ៉ាងទៀតភាគច្រើនអាណាព្យាបាលកុមារ​តែងនិយមប្រើប្រាស់ឱសថ​ដែលមានតម្លៃថោក​ជាជាងយកកូនមកមន្ទីរពេទ្យ លុះដល់ពេលកូនឈឺ​មានប្រតិកម្មជាមួយនឹងថ្នាំ ទើបយកកូនមក​មន្ទីរពេទ្យព្យាបាល ដែលពេលខ្លះធ្វើឱ្យគ្រូពេទ្យពិបាក និងជួយសង្គ្រោះទាន់ពេលវេលា។ លោកថ្លែងថា ៖“មកដល់សប្ដាហ៍ទី២០នេះ ខេត្ដដែលមានករណីផ្ទុះជម្ងឺគ្រុនឈាមខ្លាំងជាង មាន រាជធានី កំពង់ធំ សៀមរាប កណ្ដាល តាកែវ កំពង់ស្ពឺ ព្រៃវែង គឺសុទ្ធតែជាតំបន់​ដែលត្រូវប្រុងប្រយ័ត្ន”។

អាជ្ញាធរខេត្ដកំពង់ធំ​បានត្រៀមយុទ្ធនាការ​សម្អាតផ្ទះសម្បែង និងយុទ្ធនាការអប់រំ

លោក ប៉ិក គឹមសាន្ដ អនុប្រធានមន្ទីរសុខាភិបាលខេត្ដកំពង់ធំ​បានមានប្រសាសន៍ថា មកដល់សប្ដាហ៍ទី២១នេះ មិនមានអ្វី ប្រែប្រួលដូច​សប្ដាហ៍មុនៗទេ។ លោកបន្ដថា លោកមិនទាន់បានទទួលសេចក្ដីជូនដំណឹង​នោះនៅឡើយទេ ប៉ុន្ដែទោះបីជាយ៉ាងណា លោកនៅតែមានវិធានការណ៍​ប្រុងប្រយ័ត្នទប់ស្កាត់​ជានិច្ចដែរ ព្រោះថារដូវគ្រុនឈាមបានឈាន​មកដល់ហើយ ដូច្នេះលោកនឹងត្រៀម យុទ្ធនាការ​សម្អាតផ្ទះសម្បែង និងយុទ្ធនាការផ្សព្វផ្សាយអប់រំ​ពីជម្ងឺគ្រុនឈាម​ជាមួយនឹងការដាក់ថ្នាំអាល់បេត​ផងដែរ។ លោកថ្លែងថា ៖“គិតមកដល់ឆ្នាំ២០១១នេះ មានកុមារឈឺចំនួន១៤០ករណី ក្នុងនោះស្លាប់២ករណី”។ ចំនួននេះបើគិតក្នុងរយៈពេលដូចគ្នាឆ្នាំ២០១០ ជម្ងឺគ្រុនឈាម​បានឆ្លងមកកុមារក្រោម១០០នាក់ ក្នុងនោះស្លាប់២នាក់ដូចគ្នា។ លោកថា ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ​មានការយល់ ដឹងច្រើន ដោយមិនធ្វេសប្រហែស​ក្នុងការថែរក្សាកូនទេ នៅពេលកូនឈឺពួកគេតែងតែយក​កូនមកមន្ទីរពេទ្យ​ដែលនេះខុសគ្នាពីពេល មុន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *