មូលហេតុ៧យ៉ាង​​​​ដែលស្ដ្រី​​​​មិនព្រម​​​រៀបការ

ធម្មជាតិ​​​បង្កើត​​​មនុស្សលោក​​​មក​តម្រូវឱ្យ​​​មានគូ ហើយនរណា​​​ក៏ទន្ទឹងការ​​​​មកដល់​​​នៃថ្ងៃរៀបការ ដើម្បីបាន​​​បុរសម្នាក់​​​មករួមសុខ​​​រួមទុក្ខជាមួយគ្នា​​​​អស់មួយ​​​ជីវិតដែរ។ ប៉ុន្ដែ​​​មានស្ដ្រី​​​មួយចំនួន​​​សុខចិត្ដ​​​ជ្រើសរើស​យកការរស់ម្នាក់ឯងទៅវិញ។ មានហេតុផល​ជាច្រើនដែលជាកត្ដាលីករជំរុញឱ្យស្ដ្រី​មួយចំនួនព្រមទទួលយកជីវិតនៅលីវ​អស់មួយជីវិតទៅតាមព្រេងវាសនា ព្រហ្មលិខិតចារមក។

រូបភាពទស្សនាវដ្តីសុខភាពយើង

តាមស្ថិតិ​ស្រាវជ្រាវបានឱ្យដឹងថា មានស្ដ្រីរហូតដល់ទៅ២៧.៦ភាគរយ ឬច្រើនជាង១ភាគ៤​នៃស្ដ្រីអាយុ៥០ឆ្នាំពុំមាន គូគ្រង។ អ្នកខ្លះសម្លឹងរកបុរសក្នុងសុបិនដែរ តែមិនជួបទាល់តែសោះ។ តើមកពីមូលហេតុអ្វីទៅ? សូមលោកអ្នកតាមដានទស្សនាវដ្ដី សុខភាពយើង អំពីមូលហេតុមួយចំនួន​ដែលស្ដ្រីមិនព្រមរៀបការ។

មូលហេតុដែល​ស្ដ្រីមិនព្រមរៀបការ

មិនមែនជាការមិនព្រម​ឬមិនចង់រៀបការនោះទេ ស្ដ្រីមួយចំនួនចង់ណាស់ តែគ្មានឱកាសដើម្បី​រៀបការទាល់តែសោះ។ នៅលើលោកយើង​ទោះបីជាស្ដ្រីដែលមានរូបរាងអាក្រក់​យ៉ាងណាក៏ទីបំផុតនៅតែមានបុរសម្នាក់​ព្រមរួមរស់ជាមួយនាងដែរ គ្រាន់តែបុរសនោះសមបំណង សមចិត្ដនាងដែរឬអត់ប៉ុណ្ណោះ។ ខាងក្រោមនេះជាការសិក្សាស្រាវជ្រាវ​អំពីមូលហេតុមួយចំនួន ដែលជាដើម ចមឱ្យស្ដ្រីព្រមរស់នៅម្នាក់ឯង ៖

១ . ឈឺហើយរាងមួយជីវិត មានស្ដ្រីមួយចំនួនក្រោយពីបានឆ្លងកាត់​ទុក្ខសោកនិងការឈឺចាប់​ចំពោះរឿងស្នេហា ធ្វើឱ្យមានការ​រាងចាលជារៀងរហូត។ ស្នេហាបែកបាក់បានធ្វើឱ្យស្ដ្រីខ្លាចស្នេហា ខ្លាចប្រវត្ដិសាស្ដ្រច្រំដែល ហេតុនេះធ្វើឱ្យនាង​ពិបាកក្នុងការ សម្លឹងរកស្នេហាថ្មី ឬក៏បើកបេះដូងសេពគប់​នរណាឱ្យអស់ពីចិត្ដឡើយ។

២ . គ្មានជំនឿលើខ្លួនឯង ដោយសាររូបរាងមិនស្អាត ការងារមិនសូវល្អ ប្រាក់ចំណូលតិច បានធ្វើឱ្យស្ដ្រីមួយចំនួនខ្សឹប ប្រាប់ខ្លួនឯងថា “តើមាននរណាមកស្រឡាញ់ខ្ញុំទៅ បើខ្ញុំមិនមានអ្វីសោះបែបនេះ”។ សូមសុភាពនារីគិតថា នាងត្រូវតែមានការជឿ ជាក់លើខ្លួនឯង ដើម្បីស្វែងរកស្នេហា​មួយដែលសមបំណង។

៣ . គំនិតអគតិប្រុសល្អគ្មានទេ គំនិតអាចកើតចេញពីហេតុផល​ដំបូងដែលនាងមានការឈឺចាប់​ក្នុងអតីតកាល។ ប៉ុន្ដែក៏នៅមាន​ហេតុផលផ្សេងៗទៀតដែរ ដូចជានាងលើកតម្កើង​ខ្លួនឯងហួសហេតុពេក អ្នកក្រមិនហ៊ានអ្នកមានមិនមក។ តាមពិត​ទៅបុរសល្អមានច្រើនណាស់ គ្រាន់តែនាងសម្លឹង​មិនទាន់ចំតែប៉ុណ្ណោះ។

៤ . គ្មានពេលសម្រាប់ស្នេហា ជាស្ដ្រីសម័យថ្មីដែលត្រូវក្រោកពីព្រឹក​ទៅធ្វើការមកដល់ផ្ទះនៅពេលយប់ មានអារម្មណ៍ អស់កម្លាំងល្ហិតល្ហៃ ជាដើមហេតុធ្វើឱ្យស្ដ្រី​គ្មានពេលចេញទៅសង្គមខាងក្រៅ ដើម្បីសេពគប់នរណាម្នាក់​ឱ្យដល់ឫសគល់ពិតប្រាកដ នោះទេ។

៥ . ព្រហ្មលិខិតជាអ្នកសម្រេច ស្ដ្រីមួយចំនួនគិតគូព្រេង​មិនចាំបាច់ដើររកទេ ឱ្យតែដល់ពេលនឹងមកដោយខ្លួនឯង ព្រោះទេវតាឬព្រហ្មលិខិត​បានកម្រិតពីធម្មជាតិរួចទៅហើយ។ ហេតុនេះហើយទើបបានជាស្ដ្រីមួយចំនួន​ដេកចាំព្រេងវាសនាធ្លាក់មក ពីលើមេឃ។ ជួនកាលនោះគ្រាន់តែជាសុបិនប៉ុណ្ណោះ ហេតុនេះនាងត្រូវតែរកឱកាស​ដើម្បីឱ្យការសុបិន​នោះក្លាយជាការពិត។

៦ . ខ្លាចដូចគេ មានស្ដ្រីមួយចំនួនដោយតែមើលឃើញ​ពីហេតុការណ៍អាក្រក់ផ្សេង​ដែលកើតមានឡើងនៅក្នុងសង្គម គ្រួសារខ្លួនឯង ដូចជាឪពុកប្រើហិង្សា​ទៅលើម្ដាយនិងកូនៗ គ្មានសុភមង្គល ការលែងលះ ជាហេតុធ្វើឱ្យរអា​ក្នុងការរៀបការ ព្រោះ ខ្លាចជីវិតនាង​ដូចពួកគេទាំងនោះ។

៧ . ចង់បានសេរីភាព ស្ដ្រីខ្លះយល់ថា​ការរស់នៅម្នាក់ឯងអាចធ្វើឱ្យនាង​បានសម្រាកកាយ មានសេរីភាព និងអាចត្រួតត្រា ខ្លួនឯងបាន ចង់ទៅណាស្រេចនឹងចិត្ដ។ ការរស់នៅម្នាក់ឯង​ព្រោះមិនចង់ជាប់ចំណងអាពាហ៍ពិពាហ៍​កូនចៅរញ៉េរញ៉ៃច្រើន អាចរស់ យ៉ាងស្ងប់ស្ងាត់​តែម្នាក់ឯង។

អ្វីដែលលើកមកជម្រាប​ជូននៅពេលនេះ គ្រាន់តែជាមូលហេតុខ្លះ​ប៉ុណ្ណោះទេ នៅមានមូលហេតុផ្សេងៗ​ជាច្រើនទៀត ដែលធ្វើឱ្យសុភាពស្ដ្រីទាំងឡាយ​សុខចិត្ដនៅលីវអស់មួយជីវិត។

រស់នៅម្នាក់ឯងក៏មានសេចក្ដីសុខ

ទោះបីជាអ្នកនាងព្រមទទួលយកការរស់​នៅម្នាក់ឯងអស់មួយជីវិត ក៏អ្នកនាងអាចធ្វើឱ្យជីវិត​របស់ខ្លួនមានសេចក្ដីសុខបាន ដែរ។ អ្នកនាងអាចធ្វើឱ្យជីវិតប្រចាំថ្ងៃ​របស់អ្នកនាងបានរីករាយ ដោយគ្រាន់តែឆ្លៀតពេល​សម្រាកពីការងារ ៖

– ហាត់ប្រាណ ការហាត់ប្រាណនៅតាមទីសាធារណៈ ឬទីធ្លាស្រឡះណាមួយ ដូចជារត់ ដើរ ជិះកង់ វាយកូនគោល ឬជិះសេះ នឹងអាចផ្ដល់ភាពស្រស់ស្រាយ​យ៉ាងពិសេស ព្រោះវាបានបង្ហាញនូវអារម្មណ៍​សេរីភាពមួយយ៉ាងពិតប្រាកដ។

– ដើរមើលរបស់ល្អៗ ទៅតាមហាងធំៗរកមើល​សម្ភារៈតុបតែងផ្ទះស្អាតៗ ឬក៏ម៉ូតខោអាវថ្មីៗ ហើយបើមានអ្វីជក់ចិត្ដ នោះ អ្នកអាចចំណាយពេលធ្វើ​ឬនៅជាមួយវាពេញមួយថ្ងៃក៏បាន ដើម្បីកាត់បន្ថយភាពអផ្សុកបានខ្លះ។

– ចេញទៅជួបមិត្ដភក្ដិ អ្នកនាងអាចចំណាយពេល​ដើរកម្សាន្ដជាមួយមិត្ដភក្ដិ ឬក៏ធ្វើទេសចរណ៍​ទៅតំបន់ឆ្ងាយៗ ដើម្បី ជួយឱ្យ​ជីវិតរីករាយឡើង។

– រកការងារដែលពេញចិត្ដ ដើម្បីកាត់បន្ថយអារម្មណ៍​ស្រងេះស្រងោច អ្នកនាងគប្បីរកការងារ​ដែលខ្លួនពេញចិត្ដធ្វើក្នុង គោលដៅធ្វើខ្លួនឱ្យក្លាយ​ទៅជាអ្នករវល់ម្នាក់។ ការទុកខ្លួនឱ្យនៅទំនេរ អ្នកនឹងគិតកាន់តែវែងឆ្ងាយ​នាំតែពិបាកចិត្ដឥតប្រយោជន៍។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការប៉ះពាល់​នៃការរស់នៅ​ម្នាក់ឯង

បើទោះជានៅពេលបច្ចុប្បន្ននេះ​មិនទាន់មានការស្រាវជ្រាវណាមួយ​អំពីផលប៉ះពាល់នេះក៏ដោយ។ ប៉ុន្ដែមានសិក្សាមួយបាន បង្ហាញថា អ្នកដែលនៅលីវមានអត្រាប្រឈមមុខនឹងជម្ងឺផ្លូវចិត្ដ​ច្រើនជាងអ្នកដែលមានគូ។ ក្រៅពីនេះ បើស្ថានភាពនៃការរស់នៅ ម្នាក់ឯងរបស់វប្បធម៌ខ្មែរយើង​គឺពិតជាមានការពិបាក នៅពេលដែលអ្នកនាងមានវ័យកាន់តែចាស់​ទ្រុឌទ្រោម ពេលមានជម្ងឺគ្មាន អ្នកមើលថែជាដើម។

បណ្ដាំ​ផ្ញើ

មិនមែនអ្នកដែលមិនមានគូ​សុទ្ធតែជាជនបរាជ័យនោះទេ ព្រោះមានមនុស្សស្រីមួយចំនួនក៏រស់នៅក្នុង​សភាពមេម៉ាយដែរ។ បែបនេះមិនមែនមានន័យថា ជំរុញឱ្យអ្នកនាងរស់នៅម្នាក់​ឯងនោះទេ សំខាន់នៅលើការពិចារណាផ្ទាល់​របស់អ្នកនាងមាន ឬគ្មានប្ដីល្អជាង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *