ជម្រាបសួរលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ។ ខ្ញុំបាទមានអាយុ៣២ឆ្នាំ រីឯភរិយាខ្ញុំបាទអាយុ១៩ឆ្នាំ យើងបានរៀបការជាមួយគ្នាមួយខែមកហើយ។ ហើយខ្ញុំចង់ឱ្យគាត់មានផ្ទៃពោះលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ខ្ញុំឮគេនិយាយថា វាអាស្រ័យទៅនឹងថ្ងៃខែដែលរួមភេទ ក្រោយពីធ្លាក់“ឈាមរដូវ”។ សូមលោកវេជ្ជបណ្ឌិតមេត្ដាជួយផ្ដល់ដំបូន្មានល្អៗដល់ខ្ញុំបាទផង។ សូមអរគុណទុកជាមុន។ ខ្ញុំទន្ទឹងរង់ចាំចម្លើយរបស់លោកវេជ្ជបណ្ឌិត។ លោក ម. ហ. រ អាយុ៣២ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ អរគុណប្អូនប្រុសដែលបានសួរសំណួរដ៏មានសារៈសំខាន់មកកាន់ខ្ញុំបាទ។ គឺជាការត្រឹមត្រូវណាស់ ភរិយារបស់ប្អូននៅក្មេង អាចមានផ្ទៃពោះបានយ៉ាងងាយ បើមានការរួមភេទចំថ្ងៃធ្លាក់មេជីវិត។ ថ្ងៃធ្លាក់មេជីវិតគឺជាចន្លោះកណ្ដាល ពេលនៃការមករដូវទាំង២ដង។ ជាឧទាហរណ៍ បើភរិយារបស់ប្អូនប្រុសមករដូវទៀងទាត់រៀងរាល់២៨ថ្ងៃម្ដង នោះថ្ងៃធ្លាក់មេជីវិតគឺ ថ្ងៃទី១៤រាប់ចាប់ពីថ្ងៃទី១នៃថ្ងៃមករដូវចុងក្រោយគេ។ បើថ្ងៃមករដូវចុងក្រោយគឺថ្ងៃទី២៨ឧសភា ថ្ងៃធ្លាក់មេជីវិតដែលគណនា ឃើញគឺថ្ងៃទី១២ ខែមិថុនា។ នៅថ្ងៃទី១២ ខែមិថុនា បើមានការរួមភេទគឺជាថ្ងៃដែលអាចមានផ្ទៃពោះបាន។ ប៉ុន្ដែការធ្លាក់មេជីវិត អាចធ្លាក់មុនឬក្រោយ១ថ្ងៃឬ២ថ្ងៃ ហេតុនេះលោកអាចរួមភេទពីថ្ងៃទី១០ទៅ១៤ មិថុនា ជាថ្ងៃអាចមានកូនបាន។ សរុបសេចក្ដីមក ករណីគូស្រកររបស់ប្អូនប្រុសមិនពិបាកមានកូននោះទេ គ្រាន់តែធ្វើយ៉ាងណាត្រូវមានការរួមភេទនៅរវាងថ្ងៃធ្លាក់មេជីវិតរៀងរាល់ខែ។ សូមប្អូនប្រុស និងភរិយាមានសំណាងល្អ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១
Leave a Reply