ការលាប​ពណ៌សក់​ប៉ះពាល់ដល់​សុខភាព​សក់?

បច្ចុប្បន្ននេះ ការលាប​ពណ៌សក់​ឬការប្ដូរ​ពណ៌សក់​ទទួលការ​ពេញនិយម​សឹងតែ​គ្រប់វ័យ​ទាំងអស់ ជាពិសេស​ចំពោះយុវវ័យ។  ជាការពិតណាស់ ការលាប​ពណ៌សក់​អាចលើកបន្ថែម​សោភ័ណភាពមុខ​របស់លោកអ្នក​បានមួយ​កម្រិតទៀត ក៏ប៉ុន្ដែ​លោកអ្នក​ធ្លាប់ស្វែង​យល់ដែរ​ឬទេថា តើការ​ប្រើប្រាស់ ថ្នាំប្ដូរពណ៌សក់​ទាំងនោះ​អាចមាន​ការប៉ះពាល់​ដល់សុខភាពសក់​របស់លោកអ្នក?
រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីឆ្លើយតប​ទៅនឹងបញ្ហានេះ ទស្សនាវដ្ដី​សុខភាពយើង​បានជួបសមា្ភស​ជាមួយនឹងលោក សុខ ឌឺនី ជាអ្នកឯកទេស​ផ្នែកសក់។ លោកបានមាន ប្រសាសន៏ថា ការលាប​ពណ៌សក់​ពិតជាអាច​ប៉ះពាល់ដល់​សុខភាពសក់។ សព្វថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរ​ភាគច្រើន បានប្រើប្រាស់ថ្នាំ​ប្ដូរពណ៌សក់ ដែលសុទ្ឋសឹង​តែជា​ផលិតផលផ្សំ​ពីសារធាតុគីមី​ដែលអាចប៉ះពាល់​ដល់សុខភាពសក់។

ធាតុផ្សំ​ថ្នាំលាប​សក់

ជាទូទៅ នៅក្នុង​សមាសធាតុផ្សំ​របស់ថ្នាំប្ដូរ​ពណ៌សក់​ទាំងនោះ ត្រូវបាន​ផ្សំឡើងពី​សារធាតុគីមី ដូចជាអាម៉ូនីញ៉ាក​ជាដើម សម្រាប់បន្សាប​ពណ៌ធម្មជាតិ​របស់សក់ ដើមី្បធ្វើឱ្យ​សារធាតុ​គីមីពណ៌​មានប្រសិទ្ឋិភាព​ទៅលើ​សរសៃសក់។  សារធាតុគីមី​អាម៉ូនីញ៉ាក​នេះហើយ ដែលធ្វើឱ្យសក់​អស់ជាតិ​សំណើម​ទៅជាស្ងួត និងអាចឈាន​ទៅដល់​បាត់បង់ជិវិត ដែលយើង​ហៅថាសក់​ងាប់នោះ។

ផល​ប៉ះពាល់​ដែល​បង្ករដាយ​ថ្នាំលាប​សក់

ការលាបថ្នាំ​ប្ដូរពណ៌សក់​ញឹកញាប់ពេក និងមិនមាន​ការប្រយ័ត្នប្រយែង លាបទៅ​តាមក្បួនខ្នាតឱ្យ បានត្រឹមត្រូវ​នោះទេ វាអាចបង្ក ការលាក​ស្បែកក្បាល របកស្បែកក្បាល​មានអង្គែរ និងកន្ទួលផ្សេងៗ។ ទាំងនេះហៅថា​ជំងឺស្បែកក្បាល​ដែលធ្វើឱ្យ​សក់គា្មន​សុខភាពល្អ និងឈាន​ទៅដល់​ការជ្រុះសក់ ពីព្រោះដោយ​សារតែជំងឺ​ស្បែកក្បាលនេះ​បង្កលក្ខណៈ​ងាយស្រួល​ដល់មេរោគ និងបាក់តេរីផ្សេងៗ ជ្រៀតចូលទៅ​ក្នុងគល់សក់ និងឬសសក់ ធ្វើឱ្យសរសៃឈាម​ចិញ្ចឹមសក់​ផ្ដាច់ខ្លួនចេញ ហើយឈប់​ផ្ដល់សារ​ធាតុចិញ្ចឹម​ដល់សរសៃសក់។

រូបភាពទស្សនាវដ្តីសុខភាពយើង

របៀប​ថែរក្សាសក់​ដែលឧស្សាហ៍​លាបពណ៌

ដើមី្បជៀសវាង​ការទទួលផល​ជាអវិជ្ជមាន​ក្នុងការប្រើប្រាស់​ថ្នាំលាបសក់​ដែលបានរៀបរាប់ ការប្រីប្រាស់​ថ្នាំលាបសក់​ត្រូវមាន​គម្លាតពីគ្នា​ឱ្យបានយ៉ាង​ហោចណាស់​ក៏មានរយៈពេល​បីខែដែរ។ ពីព្រោះជា​រយៈពេល សម្រាប់ឱ្យ​សរសៃសក់​មានសុខភាព​ល្អឡើងវិញ ហើយក៏ជា​ពេលដែលអាចឱ្យ យើងដឹងពី​លទ្ឋផល​ពីការប្រើប្រាស់​ថ្នាំលាប​លើកមុនថា តើសរសៃសក់​នោះអាច​ទទួលការ​លាបប្ដូរ​ពណ៌បាន។

ទន្ទឹមគ្នា​នេះផងដែរ អ្នកជំនាញ​ខាងសក់​រូបនេះ​បានបន្ដទៀតថា មានថ្នាំ​លាបសក់​ដែលមិន​ប៉ះពាល់​ដល់សុខភាពសក់ ក៏ប៉ុន្ដែវាមិន​បានលទ្ឋផល ដូចចិត្ដចង់​បាននោះទេ ដូចជា​បណ្ដាលឱ្យមាន​ការឆាប់សាបពណ៌​ជាដើម។ នោះគឺជាថ្នាំលាប​សក់ផ្សំពី​សារធាតុ​ធម្មជាតិ។ ជាទីបញ្ចប់ លោក សុខ ឌឺនី បានឱ្យដឹង​ថាមិនទាន់ ឃើញមាន​ផលិតផល​ថ្នាំលាបសក់ ដែលផ្សំពី​សារធាតុ​ធម្មជាតិ​មានលក់​នៅលើ​ទីផ្សារ​ប្រទេសយើងទេ ប្រហែលជា​ដោយសារតែ ថ្នាំលាបសក់​ផ្សំពីសារធាតុ​ធម្មជាតិ មានតម្លៃថ្លៃ បើប្រៀបធៀប​ទៅនឹង​ផលិតផល​ដែលមានលក់​នៅតាមទីផ្សារ​សព្វថ្ងៃ។ ម្យ៉ាងទៀត​ប្រជាពលរដ្ឋយើង ក៏នៅមិនទាន់​បានឃើញពី​ផលិតផល​បែបនេះ នៅឡើយទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *