ការចាញ់កូនជាអាការៈចង្អោរ ក្អួត និងអាការៈរំខានផ្សេងទៀត ដែលកើតមានខែដំបូងនៃការតាំងគភ៌។ តើត្រូវទប់ទល់ កាត់បន្ថយ ឬបំបាត់អាការៈចង្អោរ និងក្អួតពេលចាញ់កូនបែបណា?
តើស្រ្តីគ្រប់រូបទទួលរងអាការៈចាញ់កូនកម្រិតណា? គ្រោះថ្នាក់ដល់ជិវីតទេ?
អាការៈចង្អោរ និងក្អួតពេលមានផ្ទៃពោះ មានកម្រិតតិច ឬខ្លាំងទៅតាមស្រ្តីម្នាក់ៗ។ អាការៈទាំងនេះកើតមាននៅខែទី១ ដល់ខែទី៣នៃការតាំងគភ៌ ហើយស្រ្តីមានគភ៌ជាង៥០%ទទួលរងការចាញ់កូន។ ស្រ្តីខ្លះកើតមានអាការៈចាញ់មុនដំបូងតិច ក្រោយមកទើបខ្លាំង តែស្រ្តីខ្លះទៀត កើតមានអាការៈចាញ់ខ្លាំងក្លាពិបាកទ្រាំតែម្តង។ អាការៈចាញ់ក្អួតចង្អោរ បាត់ពីចុងខែទី៣នៃការតាំងគភ៌។ ស្រ្តីភាគតិចបំផុតដែលនៅទទួលរងអាការៈក្អួតចង្អោរ រហូតដល់ត្រីមាសទី២ និងត្រីមាសទី៣នៃគភ៌ ពោលគឺចាប់ពីខែទី៤ដល់សម្រាល។
ជាទូទៅអាការៈក្អួតចង្អោរចាញ់កូននេះ មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពស្រ្តីជាមាតា និងសុខភាពកូនក្នុងផ្ទៃទេ។ រហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានអ្នកវិទ្យាសាស្រ្ត រកឃើញដើមហេតុនៃអាការៈចាញ់នេះជាក់លាក់នៅឡើយ អ្វីៗស្ថិតនៅជាអាថ៌កំបាំង។
អាការៈចាញ់ចង្អោរ កើតមានជាញឹកញាប់នៅពេលព្រឹកព្រលឹម ពេលទើបនឹងងើបពីគ្រែ និងមិនទាន់បានបរិភោគអ្វីសោះ។ ហើយក៏មានស្រ្តីទើបតែមានគភ៌មិនតិចនាក់ដែរទេ បានត្អួញត្អែរថា អាការៈក្អួតចង្អោរនេះកើតមានពេញមួយថ្ងៃ។
តើត្រូវទៅជួបគ្រួពេទ្យជំនាញនៅពេលណា?
ប្រសិនអាការៈចាញ់គ្អួតចង្អោរ នៅតែបន្តមាន ឬក៏អាការៈទាំងនេះកើតមានបែបខ្លាំងក្លា ឬបែបញឹកញាប់មែនទែន សូមអញ្ចើញទៅសាកសួរប្រឹក្សា ឬដំបូន្មានជាមួយគ្រួពេទ្យជំនាញជាបន្ទាន់។ គ្រួពេទ្យនឹងធ្វើការពិនិត្យផ្ទៀងផ្ទាត់ថាមានផ្ទៃពោះមែនទេ? បើជាករណី មានផ្ទៃពោះហើយចាញ់ គ្រូពេទ្យនឹងផ្តល់ថ្នាំលាបប្រឆាំងអាការៈក្អួត។
ដំបូន្មានសម្រាប់ស្រ្តីទើបតែមានផ្ទៃពោះ
ដើម្បីទប់ស្កាត់អាការៈចង្អោរពេលព្រឹកព្រលឹម ប្រសិនបើអាច សូមកុំអាលងើបពីលើគ្រែ និងពិសារអាហារពេលព្រឹកនៅលើគ្រែគេងនោះតែម្តង។ រួចហើយសូមរងចាំឲ្យបាន១៥នាទី ទើបងើបពីលើគ្រែ តែសូមងើបដោយសន្សឹមៗ និងថ្នមៗចៀសវាងការងើបដោយគំហុក។
សូមកុំពិសារអាហារជាតិខ្លាញ់ និងអាហារលាយជាតិមិនលារលឿន។ ជាពិសេសនៅពេលព្រឹក កាហ្វេទឹកដោះគោ ឬតែទឹកដោះគោ គួរចៀសវាង។ សូមខិតខំពិសារអាហារស្ងួត ឬក្រៀម ដែលមានជាតិស្ករជ្រាបយឺតដូចជា បាយ នំបុ័ង គ្រាប់ធុញ្ញជាតិ នំស្រួយជាដើម។
សូមបរិភោគតិចៗ តែច្រើនដង ជាពិសេសសូមបន្ថែមពេលបរិភោគ ពាក់កណ្តាលព្រឹក(ប្រមាណជាម៉ោង១០) និងពាក់កណ្តាលរសៀល(ប្រមាណជាម៉ោង៣ ឬ៤)ដោយពិសារនំស្រួយ ផ្លែឈើ យ៉ាអ៊ូរជាដើម។
សូមប្រយ័ត្នចំពោះក្លិនផ្សេងៗ ជាពិសេសក្លិនថ្នាំជក់ ឬបារី ក្លិនទឹកអប់មួយចំនួន និងក្លិនចំណីអាហារខ្លះ ដែលអ្នកមិនចូលចិត្ត។
ប្រសិនបើក្អួតច្រើន សូមពិសារទឹក ឬភេសជ្ជៈបន្តិចៗ និងញឹកញាប់។ ព្រមទាំងសូមសម្រាកកាយឲ្យបានគ្រប់គ្រាន់។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦
Leave a Reply