កាលពីមុននៅប្រទេសកម្ពុជា សម្បូរត្រីខ្លាំងណាស់ ជាអាទិឃ្លាមួយបានលើកឡើងថា “ទីណាមានទឹក ទីនោះមានត្រី”។ បច្ចុប្បន្ននេះទិន្នផលត្រីធម្មជាតិ មានការថយចុះទាបគួរឱ្យកត់សំគាល់។ នៅលើទីផ្សារ ត្រីមានតម្លៃខ្ពស់ ហើយសម្បូរទៅដោយត្រីចិញ្ចឹម។ ដើម្បីថែរក្សាសុខភាព ត្រូវគិតគូរអំពីការបរិភោគ។ សាច់ត្រីមានសារធាតុចិញ្ចឹម ជំនួសសាច់សត្វបាន១០០% លើសពីនេះ វាជាអាហារផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ តើសាច់ត្រីមានអត្ថប្រយោជន៍យ៉ាងណាខ្លះទៅ?
សាច់ត្រីជួយសម្រស់ និងសុខភាពរាងកាយ
សាច់ត្រីដូចគ្នានឹងសាច់សត្វ និងស៊ុតបក្សីដែរ គឺជាចំណីអាហារមួយប្រភេទ ដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន (ក្នុង១០០ក្រាម មានប្រមាណជា១៥ ទៅ២០ក្រាម)។ ប្រូតេអ៊ីនទាំងនេះមានគុណភាពប្រសើរណាស់ ព្រោះវាផ្ទុកទៅដោយអាស៊ីតអាមីនេសារវ័ន្ដ ដែលសាព៌ាង្គកាយយើង មិនអាចធ្វើសំយោគបាន ហើយមានតែនៅក្នុងចំណីអាហារដែលបរិភោគចូលតាមមាត់តែប៉ុណ្ណោះ។
សាច់ត្រីមានផ្ទុកជាតិដែកដែលមានប្រភពពីសត្វ ដូចសាច់សត្វដែរ និងដែលជ្រាបចូលទៅក្នុងសាព៌ាង្គកាយដោយងាយ។ សារជាតិដែលជំពូកនេះ ជាធម្មតាមិនសូវសម្បូរនៅក្នុងចំណីអាហារឡើយ។
សាច់ត្រីមានផ្ទុកទៅដោយជាតិអំបិលខនិជ ជាតិរ៉ែកម្រ និងជាតិវីតាមីន ដូចជាតិផូរស្ព័រ ម៉ាញ៉េស្យូម សេឡេនីញ៉ូម ផ្លុយអរ ស័ង្គសី វីតាមីនបេ២ បេ១២ វីតាមីនប៉េប៉េជាដើម។ លើសពីនេះទៅទៀត សាច់ត្រីសម្បូរទៅដោយជាតិអ៊ីយ៉ូដ។
តើលោកអ្នកបរិភោគសាច់សត្វបន្ដិចបន្ដួច ឬមិនបរិភោគ ដោយជម្រើសដោយចូលចិត្ដ ឬមិនចូលចិត្ដ? ទោះជាយ៉ាងណាក៏ដោយ សាច់ត្រីអាចពិសាជំនួសសាច់សត្វដទៃទៀតបាន ដោយមានបរិមាណកម្រិតអាហារូបត្ថម្ភ អាចទទួលយកបាន។
សាច់ត្រីជួយរបបអាហារតមជាតិខ្លាញ់
សាច់ត្រីជាចំណីអាហារមិនសូវសម្បូរជាតិខ្លាញ់ឡើយ។ ត្រីគ្មានខ្លាញ់ មានផ្ទុកជាតិលីពីដតិចជាង ៣%។ ចំពោះត្រីខ្លាញ់ មានជាតិលីពីដច្រើនជាង ប្រមាណជាពី៤ទៅ២០% មានកម្រិតជាតិខ្លាញ់ប្រហាក់ប្រហែលគ្នានឹងនៅក្នុងសាច់សត្វគ្មានខ្លាញ់ដែរ។
ប្រសិនបើអ្នកតមខ្លាញ់ សូមជ្រើសរើសយកអាហារសាច់ត្រី ពិតជាប្រសើរណាស់។ ព្រោះថាសាច់ត្រីអាចស្ល ឬធ្វើជាម្ហូបដោយមិនប្រើខ្លាញ់ និងវាជាអាហារងាយរំលាយ។ ប៉ុន្ដែសូមចៀសវាងសាច់ត្រីបំពង និងចៀនដោយប្រើខ្លាញ់។
សាច់ត្រីជួយបង្ការោគបេះដូង និងសរសៃឈាម
ជាតិខ្លាញ់សាច់ត្រីផ្ទុកទៅដោយជាតិអាស៊ីតខ្លាញ់មិនឆ្អែតចម្រុះ ហើយជាពិសេសមានជាតិអាស៊ីតខ្លាញ់ ប្រភេទអូមេហ្គា៣។ តាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា អាស៊ីតខ្លាញ់ទាំងនេះ មានផលល្អជួយការពារសរសៃឈាម។
ស្ថាប័នជំនាញខាងចំណីអាហារ នៅតាមបណ្ដាប្រទេសមួយចំនួន បានចេញសេចក្ដីប្រកាសឱ្យបរិភោគសាច់ត្រីជំនួសសាច់សត្វដទៃទៀត ឱ្យបានលើសពី២ទៅ៣ដង ក្នុង១សប្ដាហ៍។ សូមជ្រើសរើសត្រីដែលស្ទូច ឬនេសាទបានពីធម្មជាតិ ប្រសើរជាងត្រីចិញ្ចឹម។ សាច់ត្រីទាំងពីរប្រភេទនេះ មានរសជាតិខុសគ្នា និងក៏គ្មានកម្រិតបរិមាណអាហារូបត្ថម្ភស្មើគ្នាដែរ។ យ៉ាងណាមិញ កម្រិតអាស៊ីតខ្លាញ់អូមេហ្គា៣ មានតិចនៅក្នុងសាច់ត្រីចិញ្ចឹម និងមានកម្រិតផលការពាររោគបេះដូង និងសរសៃឈាមក៏តិចតួចជាងដែរ។
ប្រការត្រូវយល់ដឹងអំពីសាច់ត្រី
ត្រីធម្មជាតិសម្បូរតែនៅក្នុងរដូវនេសាទប៉ុណ្ណោះ។ ត្រីស្រស់ដែលចាប់បានពីធម្មជាតិ ដូចជាបឹង ព្រែក និងទន្លេធម្មជាតិ មិនអាច គ្របដណ្ដប់តម្រូវការបានទេ។ បច្ចុប្បន្ននេះ មានការលំបាកក្នុងការរកទិញត្រីសាច់ស្រស់ធម្មជាតិ។ ប៉ុន្ដែសាច់ត្រីចិញ្ចឹមសម្បូរ ដោយសារប្រជាពលរដ្ឋខ្មែរចាប់ផ្ដើមចេះចិញ្ចឹមត្រី។
ដើម្បីសុខភាព សូមទិញត្រីមកពិសាដែលនៅរស់និងស្រស់ ហើយបរិភោគក្នុងថ្ងៃនោះតែម្ដងទើបប្រសើរ។ បើមិនដូច្នេះទេ សូមដាក់ក្លាសេវាទៅក្នុងទូរទឹកកក ក្នុងកម្រិតសីតុណ្ហភាពទាបជាង៤អង្សារសេ ឬបង្កកវាតែម្ដង។ អត្រាបរិមាណជាតិអូមេហ្គា៣ នៅក្នុងសាច់ត្រីបង្កក មានកម្រិតទាបជាងសាច់ត្រីស្រស់បន្ដិចបន្ដួចប៉ុណ្ណោះ។ តែក្នុងករណីនៃការបង្កកនេះ យកត្រីស្រស់ៗដែលទើបតែនេសាទ ឬចាប់បាន។
ចំពោះត្រីផ្អក និងត្រីប្រហុក ដែលជាវិធីបម្រុងទុកត្រីរបស់ជនរួមជាតិខ្មែរយើងនោះ តាមកម្រិតយល់ដឹង មិនទាន់ឃើញមានស្ថិតិ ស្រាវជ្រាវលើគុណភាព ដោយប្រៀបធៀបជាមួយសាច់ត្រីស្រស់នៅឡើយទេ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ សាច់ត្រីបម្រុងទុក ដូចជាត្រីកំប៉ុងជាដើម រក្សាបរិមាណជាតិអូមេហ្គា៣បានល្អ តែជាតិវីតាមីន ជីវជាតិ និងជាតិខនិជមិនមានអត្រាគុណភាពដូចត្រី ស្រស់ឡើយ ហើយរសជាតិទៀតសោត ក៏ត្រូវបាត់បង់ខ្លះដែរ។ ចំពោះត្រីងៀត និងត្រីឆ្អើរ នៅសម្បូរទៅដោយជាតិអូមេហ្គា តែសម្បូរជាតិអំបិល។
បើចង់រក្សាគុណភាពរសជាតិ និងបរិមាណអាហារូបត្ថម្ភ ដែលជាសារធាតុចិញ្ចឹមឱ្យបានល្អ ត្រូវចេះជ្រើសរើសវិធីចម្អិន។ ការចម្អិនដែលប្រសើរបំផុត គឺការចំហុយ ដុតល្មមៗ ឬស្ងោរមួយពុះទឹក (មួយភ្លែតបំផុត)។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦
Leave a Reply