មនុស្សទទួលស្គាល់គុណសម្បត្ដិរបស់សកម្មភាពផ្លូវកាយ ដូចជាហាត់ប្រាណ កីឡាជាដើម។ តែនៅមានប្រជាពលរដ្ឋខ្មែរតិចតួច ដែលនិយមលេងកីឡា ដោយផ្អែកលើលេស ឬហេតុផលផ្សេងៗ។ តាមពិត កីឡាផ្ដល់គុណសម្បត្ដិមហាសាល ជាពិសេសក្នុងយុគសម័យទំ នើបសព្វថ្ងៃនេះ ដូចជាជួយលាងខួរក្បាល ជួយរក្សារាងកាយឱ្យនៅក្មេងជាងវ័យ ជួយកុំឱ្យឡើងទម្ងន់ជាដើម។ ខ្លួនមនុស្សប្រៀបបាននឹងគ្រឿងចក្រមួយ តើត្រូវថែរក្សាវាបែបណា?
មនុស្សជាច្រើននាក់គិតថា លេងកីឡាដោយអាស្រ័យលើហេតុផលសំខាន់ជាងគេ គឺដើម្បីបែកញើស ប្រយោជន៍ជួយបញ្ចេញជាតិពុលពីក្នុងខ្លួន។ តោងតែដឹងថា ពេលធ្វើសកម្មភាពផ្លូវកាយ ខួរក្បាលរបស់យើងបានផលិតចេញជាតិអ័រម៉ូនម្យ៉ាងមានឈ្មោះថា អង់ឌ័រហ្វីន។ អ័រម៉ូននេះមានគុណសម្បត្ដិជួយសម្រួលអារម្មណ៍ ជួយបង្កើនភាពអត់ធ្មត់ធន់នឹងការប្រើកម្លាំង ជួយកែតម្រូវលំនឹងបញ្ហាផ្លូវចិត្ដ និងជួយប្រ យុទ្ធប្រឆាំងនឹងអាការៈតានតឹងផ្លូវចិត្ដ។
ម្យ៉ាងទៀត កីឡាបានកែសាព៌ាង្គកាយឱ្យក្មេងជាងវ័យ ដោយអុកស៊ីហ្សែនស្រោចស្រប់ជាលិកាបានល្អ ច្រានចោលសារធាតុអាក្រក់ ជាកាកសំណល់ និងដុតបញ្ឆេះជាតិចំណីអាហារដែលលើស។
មនុស្សគ្រប់រូបគួរស្វែងយល់អំពីគុណសម្បត្ដិដ៏វិសេសវិសាលរបស់កីឡា ជាពិសេសកីឡាជាក្រុម បើអាចធ្វើទៅបានគួរតែចាប់ផ្ដើម ពីកុមារភាពរឹតតែប្រសើរ។ លើសពីនេះ កីឡាជាសុភមង្គល សម្រាប់អ្នកដែលស្រឡាញ់ខ្លួន ចង់រំដោះខ្លួន បន្ធូរភាពស្មុគស្មាញពីក្នុងខួរក្បាល (លាងខួរក្បាល) ឬសម្រាប់អ្នកដែលចូលចិត្ដការសប្បាយ។ សូមលេងកីឡាឱ្យបានត្រឹមត្រូវ ទើបជាការប្រសើរ។
ហេតុអ្វីបានជាត្រូវលេងកីឡា?
សកម្មភាពផ្លូវកាយអាចធ្វើបាន សម្រាប់គ្រប់វ័យទាំងអស់ មិនថាក្មេង មិនថាចាស់ ។ ហើយកីឡាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន សន្ធឹកដល់សុខភាព និងខួរក្បាលសតិស្មារតី។ សកម្មភាពផ្លូវកាយ មិនធ្វើឱ្យស្គមទេ ប៉ុន្ដែជួយកែខៃរូបរាងកាយឱ្យស្អាត និងជួយកុំឱ្យឡើងទម្ងន់។
តាមការស្រាវជ្រាវអំពីប្រវត្ដិដើមកំណើតរបស់មនុស្ស បានបង្ហាញថា សកម្មភាពផ្លូវកាយបានប្ដូរសត្វស្វាឱ្យក្លាយខ្លួនជាមនុស្ស តាមរយៈពលកម្មជាច្រើនពាន់លានឆ្នាំ។ បច្ចុប្បន្ននេះ សកម្មភាពផ្លូវកាយ នៅតែដើរតួនាទីសំខាន់ៗជាច្រើនដដែល ជាពិសេស ÷
– កែតម្រូវការបែងចែក និងបោះទីតាំងជាតិខ្លាញ់នៅលើខ្លួនប្រាណ
– បង្កើនកម្លាំងពលំ និងកម្លាំងសាច់ដុំ
– កែតម្រូវកាយវិការ និងអាកប្បកិរិយា និងបំបាត់ការឈឺចាប់ឆ្អឹងខ្នង
– កែតម្រូវតុល្យភាពសារជាតិនៅក្នុងឈាម ដូចជាអត្រាជាតិខ្លាញ់ អត្រាជាតិស្ករជាដើម
– កែតម្រូវសង្វាក់ដង្ហើម និងសមត្ថភាពនៃការដកដង្ហើមចេញចូល
– ជួយសម្រួលអារម្មណ៍ និងកាត់បន្ថយភាពតានតឹងអារម្មណ៍(លាងខួរក្បាល)
– បង្កសកម្មភាពសង្គម បង្កើនសាមគ្គីភាពក្នុងសង្គម និងជាឱកាសឱ្យមនុស្សម្នាជួបជុំគ្នា។
ត្រូវជ្រើសរើសសកម្មភាពណា?
មុននឹងចាប់ផ្ដើម ជាចាំបាច់លោកអ្នកគួរតែត្រួតពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញ ដោយវិភាគទៅលើតុល្យភាពខ្លួនប្រាណទូទៅ។ លំហាត់ប្រាណដែលលោកអ្នកគួរជ្រើសរើស ជាលំហាត់បែបអត់ធ្មត់ ដូចជាការដើរ ការរត់ត្រឹកៗ ការរត់ចម្ងាយ ការជិះកង់ ការហែល ទឹកជាដើម។
ត្រូវធ្វើសកម្មភាពកម្រិតណា?
ការលេងកីឡា ឬហាត់ប្រាណជាប្រចាំជាពាក្យគន្លឹះ។ យ៉ាងហោចណាស់ ក៏គួរបញ្ចេញសកម្មភាពផ្លូវកាយ ហាត់ប្រាណ និងលេង កីឡាឱ្យបានពី២ទៅ៣ដងដែរ ក្នុង១សបា្ដហ៍ មួយលើកៗ គួរតែចំណាយពេលឱ្យបានប្រមាណជា៣០នាទី។ បើលោកអ្នកចង់បង្កើនសកម្មភាព ផ្លូវកាយខ្លាំងក្លា គួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញសិន ទើបជាការប្រសើរស់ ក៏គួរបញ្ចេញសកម្មភាពផ្លូវកាយ ហាត់ប្រាណ និងលេងកីលា ឱ្យបានពី២ទៅ៣ដងដែរ ក្នុង១សបា្ដហត់ត្រឹកៗ ការរត់ចម្ងាយជាដើម។ ព្រោះថាការប្រើប្រាស់កម្លាំង និងភាពអត់ធ្មត់ វាអាស្រ័យទៅ លើស្ថានភាពសុខភាពខ្លួនប្រាណផងដែរ។
ប្រការត្រូវប្រកាន់យកពេលហាត់ប្រាណ និងលេងកីឡា
ការហាត់ប្រាណ និងការលេងកីឡា ដែលគ្មានកម្មវិធីកំណត់ច្បាស់លាស់ ជាការឥតប្រយោជន៍ ហើយថែមទាំងបង្កផលអាក្រក់ដល់ សុខភាពទៀតផង។ ប្រការដែលត្រូវធ្វើគួរ តែចាប់ផ្ដើមពីដំបូង ដោយកម្មវិធីត្រឹមត្រូវ ពោលត្រូវធ្វើពីសកម្មភាពងាយស្រួល ហើយស្រាលៗ បន្ទាប់មកបង្កើនទៅតាមសង្វាក់លំដាប់លំដោយ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ដំបូង។ ខ្លួនមនុស្សប្រៀបបាននឹងគ្រឿងចក្រមួយដែរ ដូច្នេះមុន ពេលដំណើរការ ពេលកំពុងធ្វើដំណើរការ និងពេលបញ្ឈប់ដំណើរការ ត្រូវត្រួតពិនិត្យម៉ាស៊ីនឱ្យបានល្អត្រឹមត្រូវ។
– ពេលចាប់ផ្ដើមហាត់ សូមចាប់កម្ដៅសាច់ដុំជាដំបូង ដូចជាដាស់សាច់ដុំ និងសន្លាក់(ក ប្រអប់ដៃ ដៃ និងដងខ្លួន)
– សូមចាប់ផ្ដើមសកម្មភាពពីយឺតៗ ហើយបង្កើនការលេង ឬហាត់បន្ដិចម្ដងៗ
– ចំពោះកម្រិតប្រើកម្លាំង ត្រូវធ្វើពីតិចទៅខ្លាំង
– មិនត្រូវឈប់ភ្លាមតែម្ដងទេ! ត្រូវបន្ថយកម្លាំងខំប្រឹងបន្ដិចម្ដងៗ ក្នុងរយៈពេល២ ឬ៣នាទី។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦
Leave a Reply