កាលពីជំនាន់មុនៗ ភាពពេញវ័យរបស់ស្ដ្រី គឺនៅក្នុងវ័យ១៧ ឬ១៨ឆ្នាំ។ ភាពពេញវ័យ ជាវ័យដែលស្ដ្រីចាប់ផ្ដើមមានរដូវ ឬដែលចាស់បុរាណហៅថា ជាវ័យចូលម្លប់ ឬវ័យគ្រប់ការ។ ផ្ទុយទៅវិញបច្ចុប្បន្ននេះ ស្ដ្រីឆាប់មានរដូវ ហើយអាយុនៃការមករដូវដំបូងរបស់ស្ដ្រី ធ្លាក់មកនៅត្រឹម១១ឆ្នាំ ឬ១២ឆ្នាំតែប៉ុណ្ណោះ។ ការរីកចម្រើនរបស់សង្គម រូបភាពផ្សេងៗដែលធ្វើឱ្យមានការស្រើបស្រាល ជាកត្ដាមួយដែល ជម្រុញឱ្យស្ដ្រីឆាប់មានរដូវ។
ស្ដ្រីនៅពេលជិតពេញវ័យ មានអាការៈប្រែប្រួលបន្ដិចបន្ដួច ដូចជាការប្រែសម្លេងពីតូចមកជាសម្លេងធំ ឬសម្លេងប្រែជាស្អកស្អា និង មានការឡើងសុដន់បន្ដិចបន្ដួចជាដើម។ ការឡើងសុដន់នេះ ជាសញ្ញាមួយបញ្ជាក់ថា គាត់ជិតពេញវ័យ ឬជិតមករដូវហើយ។ ចំពោះរយៈពេល មករដូវរបស់ស្ដ្រីត្រឹមត្រូវ គឺឈាមរដូវធ្លាក់មក ក្នុងរយៈពេលពីបីថ្ងៃទៅមួយសបា្ដហ៍ ជាទៀងទាត់រាល់មួយខែម្ដង។
តើស្ដ្រីត្រូវអនាម័យខ្លួនដូចម្ដេចខ្លះ នៅពេលមករដូវដំបូង?
លោកស្រីសាស្ដ្រាចារ្យ គ្រុយ លាងស៊ីម ប្រធានផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែត បានផ្ដល់ដំបូន្មានដល់យុវតីខ្មែរដូចតទៅ។ ប្អូនៗស្ដ្រី ត្រូវប្រើប្រាស់សំឡីអនាម័យឱ្យបានត្រឹមត្រូវ នៅមុនពេលចេញទៅសិក្សា ឬទៅធ្វើការ។ លុះពេលត្រឡប់មកផ្ទះវិញ ពេលថ្ងៃត្រង់ គប្បីត្រូវផ្លាស់សំឡីអនាម័យចេញ មិនត្រូវទុកវានៅពីព្រឹករហូតដល់ល្ងាចនោះទេ។ ត្រូវផ្លាស់ទាំងខោទ្រនាប់ផងដែរ ប្រសិនបើឈាមរដូវ ប្រឡាក់ គឺដើម្បីកុំឱ្យប្រឡាក់ដល់សំពត់ ឬខោខាងក្រៅទៀត។ ត្រូវឧស្សាហ៍ប្ដូរសំឡីអនាម័យ ដើម្បីកុំឱ្យកកិត ឬរលាកទ្វារមាស និងចៀស វាងការជះក្លិនមិនល្អមកខាងក្រៅ។ ក្នុងការចូលបន្ទប់ទឹកផ្លាស់ប្ដូរសំឡី គឺត្រូវដុសលាងឱ្យបានស្អាតរហូតដល់បាត់ក្លិន ទើបយើងផ្លាស់សំឡី មួយទៀត។ ចំពោះនារីដែលមករដូវច្រើន ត្រូវប្រើសំឡីអនាម័័័យដែលក្រាស់បន្ដិច។
ប្អូនៗនារី នៅពេលដឹងថាខ្លួនមានរដូវហើយ មានន័យថាខ្លួនពេញក្រមុំហើយ ពោលគឺជាវ័យគ្រប់ការ។ ដូច្នេះកាលណាយើងមាន ការរួមដំណេកជាមួយមនុស្សប្រុស យើងនឹងអាចមានកូន។ ប្អូនៗស្ដ្រី នៅពេលមករដូវលើកដំបូង មិនត្រូវអល់ឯកទេ។ ត្រូវហ៊ាននិយាយប្រាប់ ម្ដាយ ឬចាស់ទុំដើម្បីឱ្យលោកជួយពន្យល់ណែនាំ។
តើឪពុកម្ដាយត្រូវយកចិត្ដទុកដាក់ចំពោះកូនយ៉ាងដូចម្ដេចខ្លះ?
នៅពេលកូនស្រីអាយុបាន៨ទៅ៩ឆ្នាំ មាតាបិតាគួរតែស្សាហ៍សង្កេតមើលកូន។ នៅពេលដែលឃើញកូនមានធ្លាក់ឈាមរដូវ មាតា ឬបងស្រីត្រូវជួយពន្យល់ណែនាំពីបញ្ហាមករដូវនេះថា ជាបញ្ហាដែលត្រូវតែកើតមាននៅលើស្ដ្រីគ្រប់រូប។ សមាជិកនៅក្នុងគ្រួសារ ត្រូវ ជួយលើកទឹកចិត្ដកូនស្រី ឬប្អូនស្រីឱ្យចេះថែរក្សាខ្លួន ព្រោះថាកុមារីពុំទាន់យល់ដឹងពីបញ្ហានេះនៅឡើយទេ។ គេពុំដឹងថា ត្រូវប្រើប្រាស់សំឡីអនាម័យរបៀបណា។ ម្យ៉ាងទៀតកុមារីមានការខ្មាស់អៀនច្រើន ហើយគេមិនដឹងថា ត្រូវធ្វើអនាម័យខ្លួនរបៀបដូចម្ដេច។ ដូច្នេះនៅក្នុង សង្គមគ្រួសារ ឪពុកម្ដាយត្រូវស្រឡាញ់កូន និងណែនាំកូន។ នៅពេលដែលកូនផ្លាស់វ័យ គួរឧស្សាហ៏និយាយលេងជាមួយកូន ផ្ដល់ទំនុកចិត្ដដល់ កូន ដើម្បីនៅពេលមានរឿងអ្វី កូនអាចប្រាប់យើងបាន ហើយយើងអាចជួយគេបានទាន់ពេលវេលា។ មិនត្រូវអាងអំណាចគាបសង្កត់កូន នាំ ឱ្យកូនខ្លាចមិនហ៊ាននិយាយរឿងប្រាប់នោះទេ។
ប្រការត្រូវធ្វើ ពេលមានអាការៈឈឺចាប់
នៅពេលមករដូវ ស្ដ្រីខ្លះតែងតែមានភាពរំខានបន្ដិចបន្ដួច ដូចជាចុកពោះជាដើម។ នៅពេលមានអាការៈបែបនេះ បើទ្រាំពុំបាន ស្ដ្រី ត្រូវប្រើថ្នាំបំបាត់ការឈឺចាប់ ដូចជាថ្នាំដែលមានជាតិប៉ារ៉ាសេតាម៉ុល អាស្ពីរីនជាដើម។ ប៉ុន្ដែថ្នាំទាំងនេះក៏ធ្វើឱ្យយើងឈឺក្រពះដែរ ដូច្នេះសូម ពិសាថ្នាំទាំងនេះជាមួយទឹកឱ្យបានច្រើន ឬញ៉ាំបាយឱ្យឆ្អែតជាមុនសិន។ សូមចងចាំថា ថ្នាំអាស្ពីរីនអាចបង្កការហូរឈាមខ្លាំង។ ដូច្នេះការប្រើ ប្រាស់វាត្រូវមានការប្រុងប្រយ័ត្ន។ ជាការប្រសើរ សូមទៅជួបជាមួយគ្រូពេទ្យជំនាញ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦
Leave a Reply