កូនក្រៅស្បូន​អាចបង្ការ​បាន

កូនក្រៅស្បូន ជាគភ៌​ដែល​កកើតឡើង​នៅក្រៅស្បូន ដូចជា​នៅលើ​ដៃស្បូន ប្រមោយស្បូននៅក្នុងពោះ​ជាដើម។ តើមាន​វិធីបង្ការ ចៀសវាង​ការមាន​កូនក្រៅស្បូន​បានទេ? កូនក្រៅស្បូន​ផ្ដល់ផល​វិបាក​ធ្ងន់ធ្ងរ​ដែរឬទេ?

រូបភាពទស្សនាវដ្តីសុខភាពយើង 1-កូននៅក្រៅស្បូន; 2-កូននៅក្នុងស្បូន

តើធ្វើ​ដូចម្ដេច​ទើបដឹងថា មានកូន​ក្រៅស្បូន?

លោកវេជ្ជបណ្ឌិត លៀង ចន្ទរិទ្ឋិ អ្នកឯកទេស​ខាងរោគស្ដ្រី និងសម្ភព បានប្រាប់​ឱ្យដឹង​ពីសញ្ញាណ​ខ្លះៗនៃ​ការមាន​កូនក្រៅស្បូន។ ដំបូងស្ដ្រី​ដែលធ្លាប់​មានរដូវ​ទៀងទាត់ បែរជា​បាត់រដូវ មានអាការៈ​ចាញ់កូន ចុកពោះ និងមានអារម្មណ៍​ថប់ ព្រមទាំង​អាចធ្លាក់​ឈាមតិចៗ ពណ៌ខ្មៅ។ កាលណា​មានអាការៈ​ដូចខាងលើ ស្ដ្រីគួរមក​មន្ទីរពេទ្យ​ឱ្យគ្រូពេទ្យ​ពិនិត្យ​ផ្ទៃពោះ ដើម្បីឱ្យ​ដឹងថា តើមានកូន​ក្រៅស្បូនដែរ ឬទេ? ក្នុងករណីខ្លះ អាការៈដូច​រៀបរាប់​ខាងលើ មិនអាច​សន្និដ្ឋានថា ស្ដ្រីមាន​កូនក្រៅស្បូន​នោះទេ។ ដំបូង​គ្រូពេទ្យ​នឹងធ្វើការ​ស្ទាបពិនិត្យលើ បរិវេណស្បូន។ ប្រសិនបើ​មានការ​ឈឺចាប់ គ្រូពេទ្យ​នឹងតម្រូវ​ឱ្យអ្នក​ជម្ងឺពិនិត្យវិភាគរក​អ័រម៉ូន​ហ្គោណាដូត្រូហ្វីន កូរីយ៉ូនិក (ដែលសរសេរ កាត់ជាភាសាបច្ចេកទេស​ថា hCG) និងពិនិត្យ​អេកូ។ ក្នុងករណី​មិនច្បាស់ អ្នកជម្ងឺ​ត្រូវពិនិត្យ​ឆ្លុះដោយ​ឧបករណ៍ឆ្លុះ​សឺលីយ៉ូស្កុប។ ជាទូទៅ ពលរដ្ឋខ្មែរ បានត្រឹមតែ​ពិនិត្យអេកូ​តែប៉ុណោ្ណះ។ ការពិនិត្យ​អេកូ មានពីរ​របៀប័ ទីមួយ  មើលទៅ​តាមពោះ  និងទីពីរ មើលតាម​ទ្វារមាស។ វិធី​ទីពីរនេះ ទទួលលទ្ធ​ផលជាក់​លាក់ជាង។

ផលវិបាក​នៃការមាន​កូនក្រៅស្បូន

ករណីស្ដ្រីខ្មែរ​ដែលមាន​កូនក្រៅស្បូន នៅពេល​មកដល់​មន្ទីរពេទ្យ គឺច្រើនតែ​បែកដៃស្បូន​រួចទៅហើយ។ ដូច្នេះ​គ្រូពេទ្យ ត្រូវធ្វើ ការវះកាត់​ដេរភ្ជិត និងសម្អាតឈាម​ដែលនៅក្នុង​ពោះនោះ។ ពេលមានឈាម​ហូរច្រើនពេក អ្នកជម្ងឺ​ត្រូវបញ្ចូលឈាម។ ការចាក់​បញ្ចូលឈាម អាចប្រឈម​មុខនឹងការ​ឆ្លងជម្ងឺផ្សេងៗ។ លើសពីនេះ ស្ដ្រីដែល​វះកាត់រួច អាចមាន​កូនក្រៅស្បូន​ម្ដងទៀត និងលែង​មានកូន។ ផ្ទុយទៅវិញ ប្រសិនបើ​ស្ដ្រីដឹងពី​ការមានកូន​ក្រៅស្បូន ហើយមក​ធ្វើការវះកាត់​ទាន់ពេល​វេលា នោះនឹង​ធ្វើឱ្យ​ការវះកាត់ មានភាព​ងាយស្រួល​ជាង និងមិន ចាំបាច់​ធ្វើការ​បញ្ចូលឈាម។ កូនកកើត​ក្រៅស្បូន លើប្រមោយស្បូន និងដៃស្បូន មានអាយុ​មិនលើស​២ខែទេ។ ចំណែកឯកូន​នៅក្នុងពោះ អាចមាន​អាយុដល់​ទៅ៥ខែ។ ទារកនៅ​ក្រៅស្បូន មិនមាន​ជីវជាតិ​ចិញ្ចឹមដូច​ទារកក្នុងស្បូន​ទេ ដូច្នះវា​មានកាយ​សម្បទា​ទន់ខ្សោយ​ខុស ប្រក្រតី។ គេត្រូវ​ធ្វើការវះកាត់​យកទារក​ចេញ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដល់ស្ដ្រី​ជាម្ដាយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការបង្ការ​កុំឱ្យមានកូន​ក្រៅស្បូន

ដើម្បីចៀសវាង​ការមាន​កូនក្រៅស្បូន ស្ដ្រីជាមាតា​គួរចៀសវាង​ជម្ងឺផ្សេងៗ ដូចជា​ជម្ងឺរលាក​ដៃស្បូន ជម្ងឺកាមរោគ​ជាដើម។ ស្ដ្រី ដែលប្រើ​វិធីពន្យាកំណើត​ដោយដាក់កង និងថ្នាំគ្រាប់​ប្រភេទ​មីក្រូប្រូស្សែសស្ដាទីវ​រៀបរៀង​សេតាតិថប ស្ដ្រីដែល​ជក់បារីច្រើន និងស្ដ្រីដែល មានរោគ​អង់ដូមេទ្រីយ៉ូស នៅក្នុងស្បូន ក៏អាចបណ្ដាលឱ្យ​មានកូនក្រៅស្បូន​ដែរ។ ស្ដ្រីដែល​មានជម្ងឺ ដូចបាន​រៀបរាប់ខាង លើ គួរទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ឬទៅមន្ទីរពេទ្យ​ព្យាបាលជម្ងឺ ដើម្បី​ចៀសវាង​ការមាន​កូនក្រៅស្បូន។

ហេតុដូច្នេះ ស្ដ្រីជាមាតា​ទាំងឡាយ ត្រូវយក​ចិត្ដទុកដាក់​ចំពោះ​រោគសញ្ញា ឬអាការៈ​មិនប្រក្រតី​ដូចបាន​រៀបរាប់​ខាងលើ។ ជាពិសេស គប្បីទៅ​មន្ទីរពេទ្យ​ពិនិត្យ​ជម្ងឺស្ដ្រី និងផ្ទៃពោះ​ឱ្យបាន​ទៀងទាត់ និងត្រឹមត្រូវ ​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *