ការរួមភេទ​បង្កជម្ងឺ​កាមរោគ

ការរួមភេទ ជាតម្រូវ​ការចាំបាច់​ពីធម្មជាតិ​របស់មនុស្ស​ភាគច្រើន​បំផុត។ ធម្មជាតិ​បង្កើតមនុស្ស​ឱ្យមាន​ការរួមភេទ​មែន តែលោកអ្នក​ត្រូវជ្រើសរើសយកការ​រួមភេទ​ណាដែល​គ្មាន​គ្រោះថ្នាក់ និងមាន​សុវត្ថិភាព​ដល់សុខភាព និងអនាគត មិនមែន“សប្បាយមិន​ស្គាល់ស្លាប់ ដូចមមាច​រត់សម្ដៅ​ភ្លើង” នោះទេ។ ដូច្នេះ មុននឹង​ឈានដល់​ការរួមភេទ លោកអ្នក​ត្រូវគិត​ទៅដល់​ជម្ងឺកាមរោគ និងការ​មានគភ៌​(ការមានផ្ទៃពោះ) ដែលមិន​ចង់បាន។ កាមរោគ​ជាជម្ងឺ​មួយដែល​កើតមាន​ជា ញឹកញាប់ ហើយជួន​បង្កឱ្យ​មានបញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទៀតផង។ កាមរោគ អាចបង្ក​ការប្រឈម​គ្រោះថ្នាក់​សុខភាព​ជាច្រើន ដូចជាការ​លែងមាន​កូនទារក​ស្លាប់ពេល ប្រសូត្រ​ទារកកើត​មកមិន​គ្រប់លក្ខណៈ ខ្វាក់ភ្នែក ឬឆែបមាត់​ជាដើម។ ជម្ងឺអេដស៍​ដ៏សាហាវ ក៏ជាជម្ងឺ​កាមរោគមួយ​ប្រភេទដែរ។ តើធ្វើ​យ៉ាងណា​ដើម្បីបង្ការ​ខ្លួនកុំ ឱ្យឆ្លង​ជម្ងឺកាមរោគ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រទេស​កម្ពុជាបាន និងកំពុង​ទទួលរង​ការរីករាល​ដាលនៃ​ជម្ងឺអេដស៍​យ៉ាងធ្ងន់ធ្ងរ ហើយមាន​ប្រជាពលរដ្ឋ​ខ្មែរប្រមាណ​ជាជាង​១២ម៉ឺននាក់ កំពុង​រស់នៅ ជាមួយ​មេរោគ​អេដស៍។ រីឯអត្រា​រាលដាល​នៃជម្ងឺ​កាមរោគ ក៏មិន​ទាបដែរ។ ទាំងនេះ​បណ្ដាលមក​ពីកង្វះ​ការយល់ដឹង អំពីជម្ងឺ​កាមរោគ និងជម្ងឺ​អេដស៍។ ទស្សនាវដ្ដី សុខភាពយើង សូមចូល​ខ្លួនមក​ណែនាំ​លោកអ្នកអាន អំពីរបៀប​ចម្លង ការបង្ការ ដំបូន្មានល្អៗ គួរប្រតិបត្ដិ និងផលប៉ះពាល់​នៃជម្ងឺ​កាមរោគ។

កាមរោគ ជាអ្វី?

កាមរោគ ជាជម្ងឺដែល​ឆ្លងពី​មនុស្សម្នាក់ ទៅមនុស្ស​ម្នាក់ទៀត តាមរយៈ​ការរួមភេទ។ ជម្ងឺកាម​រោគអាច​ព្យាបាល​ជាសះស្បើយ បើឆាប់​ទៅទទួលការ ព្យាបាល​ត្រឹមត្រូវ និងទាន់ពេល​វេលា។ បើមិន​ព្យាបាល ឬព្យាបាល​មិនត្រឹមត្រូវ កាមរោគ​អាចបង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរដល់​សុខភាព។ ជម្ងឺអេដស៍ និងជម្ងឺ​រលាកថ្លើម ជាករណី​ដោយឡែកមួយ អាចព្យាបាល​បាន តែមិនអាច​ឱ្យជាសះស្បើយ​បាន១០០%ទេ។

ប្រភេទ​ជម្ងឺកាម​រោគ

ជម្ងឺកាមរោគ ដែលជួប​ប្រទះ​ញឹកញាប់​ជាងគេ​នៅប្រទេស​កម្ពុជា មានដូចជា​ជម្ងឺអេដស៍ ជម្ងឺរលាកថ្លើម​ប្រភេទបេ ជម្ងឺប្រមេះ​ទឹកបាយ ជម្ងឺប្រមេះ​ទឹកថ្លា ជម្ងឺស្វាយ ជម្ងឺសេមាន់ ជម្ងឺទាមឡា​ជាដើម។ នៅឱកាស​ក្រោយទៀត ទស្សនាវដ្ដី សុខភាពយើង នឹងលើក​យកករណី​ជម្ងឺនីមួយៗ យកមក​បង្ហាញជូន​ជាការ​យល់ដឹង​បន្ថែមទៀត។

តើជម្ងឺ​កាមរោគ​ឆ្លងតាម​របៀបណាខ្លះ?

ជាទូទៅ ជម្ងឺកាមរោគ​ឆ្លងពី​មនុស្សម្នាក់ ទៅមនុស្ស​ម្នាក់ទៀត​តាមរយៈ​ការរួមភេទ ដែលមិន​បានបង្ការ​ដោយមិន​បានប្រើ​ស្រោមអនាម័យ។ ក្រៅពីនេះ មេរោគ​អាចឆ្លង​ពីម្ដាយ​ទៅកូន នៅពេល​តាំងគភ៌(ពពោះ) និងពេល​សម្រាល។ ហើយម្យ៉ាងទៀត កាមរោគ​អាចឆ្លង​ពីមនុស្សម្នាក់ ទៅអ្នកផ្សេង​ទៀតតាម​រយៈការ ប្រើឧបករណ៍​ដែលមុត​ចេញឈាម​ជាមួយគ្នា និងតាមរយៈ​ការបញ្ចូល​ឈាម ដែល​មិនបាន​ត្រួតពិនិត្យ​ត្រឹមត្រូវ។ លោកអ្នក​អាចប្រឈមមុខ​នឹងការឆ្លង​ជម្ងឺកាមរោគ បើលោកអ្នក​ប្រព្រឹត្ដខុសឆ្គង​លើប្រការ​មួយចំនួន​ដូចជា+

  • រួមភេទជាមួយដៃគូក្រៅពីប្ដី ឬប្រពន្ធ​ដោយមិន​ប្រើ​ស្រោមអនាម័យ
  • រួមភេទនៅពេលមាន​ជម្ងឺកាមរោគ ដែលបង្កើន​ការឆ្លង និងចម្លង​ទៅអ្នកដទៃ
  • ប្រើគ្រឿងស្រវឹងមុនពេល ឬក្នុងពេល​រួមភេទ អាចឱ្យ​លោកអ្នក​ភ្លេចប្រើ​ស្រោមអនាម័យ
  • បញ្ចូលឈាមដែលមិនបាន​ត្រួតពិនិត្យ​រកមេរោគ​កាមរោគ ដូចជា​មេរោគអេដស៍ មេរោគ​រលាកថ្លើម មេរោគ​ស្វាយក្រាប​ជាដើម
  • ប៉ះពាល់ឈាម ផលិតផល​ឈាម ទឹកកាម និងសារធាតុរាវ​មួយចំនួន​ដែលចេញ​ពីប្រដាប់​បន្ដពូជ ដែលមាន​ជម្ងឺកាមរោគ។
រូបភាពទស្សនាវដ្តីសុខភាពយើង

ផលវិបាក​របស់ជម្ងឺ​កាមរោគ

ជម្ងឺកាមរោគ​អាចបង្ក​ផលវិបាក​ស្រាល ឬធ្ងន់​ទៅតាម​ប្រភេទ​នៃជម្ងឺ​កាមរោគ​នីមួយៗ។ ជាអាទិដ៏​ជម្ងឺអេដស៍ និងជម្ងឺរលាកថ្លើម អាចបង្កផល​វិបាកយូរ អង្វែង និងធ្ងន់ធ្ងរ​អាចដល់​អាយុជីវិត។ ដើម្បីងាយ​ស្រួលយល់ ឆាប់ចងចាំ សូមធ្វើ​ការសង្ខេប​ផលប៉ះពាល់ ដែលបណ្ដាល​មកពីជម្ងឺ​កាមរោគ​ដូចតទៅនេះ+

  • ជម្ងឺរលាកស្បូន និងរលាកដៃស្បូន
  • កូនក្រៅស្បូន
  • គ្មានសមត្ថភាពបន្ដពូជ (ភាព “អារ”) ឬលែង​មានកូន
  • ទារកស្លាប់ក្នុង​ផ្ទៃពោះ
  • ទារកកើតមិនគ្រប់លក្ខណៈ ឬកើតមក​មិនធម្មតា ដូចជា​ខ្វាក់ភ្នែក ឆែបមាត់​ជាដើម
  • ការរួមត្បៀតនៃ​បង្ហូរនោម ឬស្ទះ​បង្ហូរនោម
  • ជម្ងឺមហារីកប្រដាប់​បន្ដពូជ និងជម្ងឺរ៉ាំរ៉ៃ​ដ៏ទៃទៀត។ល។

ការស្រាវជ្រាវថ្មីៗនេះបាន​បង្ហាញថា កាមរោគ​បង្កលក្ខណៈ​ងាយស្រួល​ដល់ការឆ្លង​មេរោគអេដស៍ និងជម្ងឺអេដស៍។ ជាអាទិដ៏ អ្នកមាន​ជម្ងឺកាម​រោគងាយ ឆ្លងមេរោគ​អេដស៍ ជាងមនុស្ស​សុខភាពល្អ ប្រមាណជា​១០ដង។

វិធីបង្ការ​កុំឱ្យឆ្លង​កាមរោគ

វិធីបង្ការ​កាមរោគ ដែលមាន​ប្រសិទ្ធិភាព១០០% គឺការរួមភេទ​មានសុវត្ថិភាព​ដោយប្រើ​ស្រោមអនាម័យ និងរួមភេទ​តែជាមួយ ដៃគូដែល​ស្មោះត្រង់ មួយទល់មួយ ដូចឃ្លាមួយ​ដែលថា មួយទល់​នឹងមួយ មិនព្រួយ​ឆ្លងមេរោគ​អេដស៍។ សូមលោក​អ្នកប្រើ​ស្រោមអនាម័យ​ឱ្យបាន​ត្រឹមត្រូវ និងទៀងទាត់​គ្រប់ពេលរួមភេទ ជាមួយដៃគូក្រៅ ឬដៃគូ​ដែលមិនទាន់​បានធ្វើ​តេស្ដឈាមថា គ្មានមេរោគ​អេដស៍​ (ដៃគូសង្ស័យ ​ឬមិនទុកចិត្ដ)។

ដំបូន្មានគួរ​ប្រតិបត្ដិ

ប្រសិនបើ​លោកអ្នកនាង​សង្ស័យថា​មានជម្ងឺ​កាមរោគ ដូចជានោម​ឈឺផ្សា ឬក្រហាយ ទឹកនោម​មានខ្ទុះ ធ្លាក់ស ដុះផ្កាស្ពៃ​លើប្រដាប់ភេទ ដំបៅប្រដាប់ភេទ ពងខ្ទុះ​ជាដើម ទាំងនេះ​ជារោគសញ្ញា​ជម្ងឺកាមរោគ នោះ​លោកអ្នកនាង​ត្រូវប្រញាប់​ទៅពិគ្រោះ​ជម្ងឺ និងទទួល​ការព្យាបាល​ជាបន្ទាន់​ជាមួយ​គ្រូពេទ្យ​ជំនាញខាង កាមរោគ និងគ្លីនិក​កាមរោគ។ ដើម្បី​សុខភាព​លោកអ្នក សូមជូន​ដំបូន្មាន​ដូចតទៅនេះ ៖

  • សូមរួសរាន់ស្វែងរកការ​ព្យាបាល​ជាមួយ​អ្នកជំនាញ​ត្រឹមត្រូវ ឱ្យបានឆាប់​បំផុត។
  • លោកអ្នកត្រូវគោរព​ឱ្យបាន​ត្រឹមត្រូវ​តាមការ​ណែនាំ​របស់អ្នក​ជំនាញ។
  • មិនត្រូវស្វែងរកការព្យាបាល ដោយទិញ​ថ្នាំលេប​ដោយខ្លួនឯង ឬដោយ​គ្មានវេជ្ជបញ្ជា​ឡើយ។
  • ការព្យាបាល​ដែលមិន​ធ្វើឡើង​ដោយអ្នក​ជំនាញខាង​ជម្ងឺកាមរោគ ពុំអាចឱ្យ​អ្នកជម្ងឺ​បានជា​សះស្បើយ​ប្រកបដោយ​ប្រសិទ្ធិភាព​ឡើយ។
  • សូមនាំដៃគូរួមភេទ មកទទួល​ការពិនិត្យ និងព្យាបាល​ជាមួយផង​រឹតតែ​ប្រសើរ។
  • ពេលមានជម្ងឺកាមរោគ ឬពេលកំពុង​ទទួលការ​ព្យាបាល​មិនទាន់​ជាសះស្បើយ មិនត្រូវ​រួមភេទ ឬបន្ដការ​រួមភេទ​ឡើយ។
  • ហើយបើលោកអ្នក​មិនចង់ឱ្យ​ឆ្លងជម្ងឺ​កាមរោគទៀត ត្រូវប្រើ​ស្រោមអនាម័យ​រាល់ពេល​រួមភេទ ដែលសង្ស័យ​បង្កការឆ្លង។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *