យ៉ាម៉ា​ប្រហារ​សង្គមខ្មែរ

ការ​ប្រើប្រាស់​ថ្នាំញៀន មានការ​កើនឡើង​គួរឱ្យ​ព្រួយ​បារម្ភ​ជារៀង​រាល់ឆ្នាំ។ ថ្នាំញៀន​មានច្រើន​ប្រភេទ ដូចជា​ហេរ៉ូអ៊ីន ម័រហ្វីន អំហ្វេតាមីន កញ្ឆា​ជាដើម និងមាន​ច្រើន​សណ្ឋាន ដូចជាប្រភេទ​ម្សៅ ចាក់​បញ្ចូល និងជក់។ ថ្នាំញៀន​ទាំងនេះ គឺជា​ជាតិពុល​ម្យ៉ាង ដែលនៅ ពេលជ្រាប​ចូលទៅ​ក្នុងខ្លួន វាធ្វើ​ឱ្យខួរ​ក្បាលយើង មាន​តម្រូវ​ការបំពេញ​ថែមទៀត​ដោយខាន​មិនបាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

យ៉ាម៉ា​ជាអ្វី?

មេតំហ្វេតាមីន​ដែលហៅថា យ៉ាបា ឬយ៉ាម៉ា​(ថ្នាំឆ្កួត) គឺជា​ប្រភេទ​ថ្នាំញៀន​សំយោគ ដែលផ្សំ​ឡើងពី​សារធាតុ​គីមី​ឈ្មោះថា អេហ្វេ ដ្រីន ឬ​ផ្សឺដូអេហ្វេឌ្រីន។ វាជា​ក្រាមម្សៅ​ម្យ៉ាង ពណ៌ស គ្មានក្លិន មានរស​ជាតិចត់ ហើយមាន​សណ្ឋាន ដូចជា​គ្រីស្ដាល់ ដែលងាយ​រលាយក្នុង ទឹក ឬ​អាល់កុល។ ថ្នាំញៀន​ប្រភេទនេះ ត្រូវបាន​ប្រើ​បំពាន​យ៉ាង​ខ្លាំង ជាពិសេស​ក្នុង​ចំណោម​យុវវ័យ ទាំងក្នុង និងក្រៅ​ប្រព័ន្ធ​អប់រំ។ អ្នកទាំង នោះ អាចជា​ក្រុម​យុវវ័យ​ដែលមាន​ជីវភាព​ធូរធារ អ្នក​ស៊ីឈ្នួល​លក់កម្លាំង​ពលកម្ម កម្មករ ស្ដ្រីរក​ស៊ីផ្លូវ​ភេទ ស្ដ្រីលក់​ស្រាបៀរ ស្ដ្រី​ខារ៉ាអូខេ ជាដើម។ បច្ចុប្បន្ន​នេះ ការ​ប្រើប្រាស់​គ្រឿង​ញៀន បានលុក​លុយដល់​ស្រទាប់​យុវជន ដែលមាន​ឪពុកម្ដាយ​ក្រីក្រ និងក្រុម​កុមារតាម​ចិញ្ចើម ថ្នល់។ តើថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីននេះ ប៉ះពាល់​ដល់បុគ្គល និងសង្គមខ្មែរ​ដល់​កម្រិត​ណាដែរ?

ផលប៉ះពាល់​ចំពោះបុគ្គល​ដែល​ប្រើប្រាស់

តាមពត៌មាន​វិទ្យាសាស្ដ្រ ថ្នាំមេតំហ្វេតាមីន ដែលគេ​តែងហៅ​យ៉ាងខ្លីថា ម៉ា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល។ វា បង្កើន​នូវភាព​រស់រវើក បន្ថយ​ចំណង់​បរិភោគ​អាហារ និងធ្វើឱ្យ​មាន​អារម្មណ៍​រីករាយ ហើយវា​មាន​ឥទ្ធិពល ពី៦​ទៅ៨ម៉ោង។

លោកវេជ្ជបណ្ឌិត កា ស៊ុនបូណាត ជាអ្នក​ឯកទេស​វិកលវិទ្យា​បាន​បង្ហាញថា ការប្រើប្រាស់​ថ្នាំ​មេតំហ្វេតាមីន​នេះ ធ្វើឱ្យ​ពិការទាំង ផ្លូវកាយ ទាំងផ្លូវចិត្ដ។ ពីព្រោះ​ថ្នាំញៀន​ប្រភេទ​នេះ វាធ្វើឱ្យ​ខូច​សរសៃ​ខួរក្បាល។ ឥទ្ធិពល​នៃថ្នាំ​នេះ ធ្វើឱ្យ​អ្នក​ប្រើប្រាស់​ញ័រ​ដៃជើង មាន អារម្មណ៍​វេទនា រហូត​ដល់​ប្រកាច់​បីទៅ​បួនដង​ក្នុងមួយ​ថ្ងៃ។ អ្នកញៀន​ថ្នាំ បាត់​ចំណង់​អាហារ និងទទួល​ទានដំណេក រស់នៅ​ក្នុងភាព​គ្មាន អនាម័យ ដែលជា​លទ្ធផល ធ្វើឱ្យ​អ្នកញៀន​មានរូបរាង​ស្លេកស្លាំង ស្គមស្គាំង និងងាយ​ទទួល​នូវជម្ងឺ​ផ្សេងៗ។ លើសពី​នេះទៀត ពួកគេ​មាន​ ស្មារតី ការ​ចងចាំ​តិចតួច​ និងមិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន។ បញ្ហាដែល​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត​នោះ គឺការចម្លង​មេរោគអេដស៍ តាម រយៈ​ការប្រើ​ម្ជុល និងសឺរ៉ាំង​រួមគ្នា ដើម្បីចាក់​បញ្ចូល​ថ្នាំញៀន និងការ​រួមភេទ​ជាមួយ​ដៃគូ​ច្រើនមិន​ប្រើស្រោម​អនាម័យ ដែលពួក​គេប្រព្រឹត្ដ​ជា រៀង​រាល់ថ្ងៃ។ ការ​ប្រើប្រាស់​ថ្នាំ​មេតំហ្វេតាមីន​កម្រិតខ្ពស់ អាចបង្កើន​សីតុណ្ហភាព​ក្នុងខ្លួន​ដល់​កម្រិតខ្ពស់ ដែលបណ្ដាល​ឱ្យគ្រោះ​ថ្នាក់ ជួនកាល អាចបណ្ដាល​ឱ្យបាត់បង់​ជិវិត។ ចំពោះ​ផ្លូវចិត្ដវិញ អ្នកញៀន​ថ្នាំអាចក្លាយ​ទៅជាឆ្កួត​វង្វេង ភ័យខ្លាច បញ្ចេញ​កាយវិការ​រវើរវាយ និងកើតវិបត្ដិ ផ្លូវចិត្ដចង់​សម្លាប់ខ្លួន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផលប៉ះពាល់​ចំពោះសង្គម​ជាតិខ្មែរ

អ្នកញៀនថ្នាំ​ទាំងនេះ មិន​ត្រឹមតែ​មានផល​ប៉ះពាល់​បុគ្គល​ខ្លួនឯង​ជាអ្នក​ប្រើប៉ុណ្ណោះ​ទេ ថែមទាំង​បង្កផល​ប៉ះពាល់​ដល់សង្គម និង ក្រុមគ្រួសារ​យ៉ាងខ្លាំង។ ពួកគេ​អាច​ប្រព្រឹត្ដ​អំពើអាក្រក់ អន្ធពាល និងបទឧក្រឹដ្ឋ​ផ្សេងៗ ដូចជា​ឆក់ប្លន់ ចាប់រំលោភ សម្លាប់មនុស្ស​ជាដើម។ សម្រាប់​យុវវ័យ​ដែលជា​សសរ​ទ្រូងជាតិ ពួកគេ​ត្រូវបាត់បង់​ការសិក្សា ការងារ បាត់បង់​អត្ដសញ្ញាណ ខូចកេរ្ដិ៍ឈ្មោះ អនាគត និងក្លាយ​ជាបន្ទុក មួយយ៉ាង​ធ្ងន់ធ្ងរ​ដល់សង្គម និងរដ្ឋាភិបាល ក្នុងការ​ថែទាំ​ព្យាបាល និងអប់រំ។ នេះជា​វិបត្ដិ​ដែលនាំ​ឱ្យសង្គម​មានភាព​អនាធិបតេយ្យ គ្មានសីល ធម៌ និងមិនមាន​ភាពរីក​ចម្រើន។

បណ្ដាំផ្ញើ​របស់អ្នក​ជំនាញ

ចំពោះ​បញ្ហានេះ  លោកសាស្ដ្រាចារ្យ កា ស៊ុនបូណាត យល់ឃើញថា វិធានការ​ចម្បង គឺរដ្ឋាភិបាល​ត្រូវរួម​សហការ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​លុបបំបាត់​ការជួញដូរ និងប្រើប្រាស់​ថ្នាំញៀន។ ត្រូវ​សហការ​ជាមួយ​ក្រសួង និងស្ថាប័ន​នានាដែល​ពាក់ព័ន្ធ ដោយផលិត​ជាឯកសារ និង កម្មវិធី​ផ្សព្វផ្សាយ ដើម្បីលើក​កម្ពស់ការ​យល់ដឹង​ពី​គ្រោះថ្នាក់ នៃការ​ប្រើប្រាស់​គ្រឿងញៀន។ រដ្ឋាភិបាល​ត្រូវធ្វើ​ការព្យាបាល និងស្ដារនិតិ សម្បទា​អ្នកញៀន​ថ្នាំទាំង​នេះ ដើម្បី​ឱ្យពួកគេ​ក្លាយជា​បុគ្គលល្អ អាចចូល​រួមក្នុង​សង្គមជាតិ​ជាថ្មី​ម្ដងទៀត។

លោកវេជ្ជបណ្ឌិត​បានធ្វើការ​ផ្ដាំផ្ញើដល់​មាតាបិតា ដែលមាន​កូនស្ថិត​ក្នុងវ័យ​ងាយទទួល​រងការ​ប្រើប្រាស់​ថ្នាំញៀន ឱ្យជួយ​យកចិត្ដ ទុកដាក់​អប់រំ និងសង្កេត​មើលពីការ​សេពគប់ អាកប្ប​កិរិយា​របស់កូន ដើម្បីអូស​ទាញពួក​គេឱ្យទាន់​ពេលវេលា កុំឱ្យ​ពួកគេលង់​ខ្លួនក្នុងការ​សេពគប់គ្រឿង​ញៀន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *