ការតាមដានសុខភាព ជារឿងចាំបាច់ណាស់សម្រាប់មនុស្សគ្រប់រូប ដើម្បីបង្ការជម្ងឺផ្សេងៗ និងអាចព្យាបាលបានទាន់ពេលវេលា។ ជាធម្មតា ប្រសិនបើយើងមានសុខភាពធម្មតា គឺយើងមិនចាំបាច់ទៅមន្ទីរពេទ្យទេ ប៉ុន្ដែស្ដ្រីដែលមានជម្ងឺ ចាំបាច់ត្រូវតែទៅពិនិត្យសុខភាព។ សម្រាប់ពេលនេះ ទស្សនាវដ្ដី សុខភាពយើង សូមណែនាំស្ដ្រីនៅលីវឱ្យយល់ដឹងនូវបញ្ហាមួយចំនួន ដែលគួរទៅពិគ្រោះជាមួយគ្រូពេទ្យ។
តើអ្វីទៅជាសុខភាពធម្មតារបស់ស្ដ្រីនៅលីវ?
ស្ដ្រីត្រូវយល់ដឹងថា បញ្ហាអ្វីខ្លះ ដែលជាបញ្ហាធម្មតារបស់ខ្លួន។ ការមករដូវរាល់ខែ ឬពីរទៅបីខែម្ដង គឺមិនជាបញ្ហាអ្វីទេ វាជារឿងធម្មតា ចំពោះអ្នក នៅលីវ។ ហើយការមករដូវ មានការចុកពោះបន្ដិចបន្ដួច ក៏មិនមានបញ្ហាអ្វីដែរ។ ស្ដ្រីត្រូវដឹងអំពីការធ្លាក់ស។ កាលណាធ្លាក់សធម្មតា គឺវាមានលក្ខណៈអន្លាយដូច សម្បោរ ឯការធ្លាក់សមិនធម្មតា មានពណ៌បៃតង លឿង និងមានលក្ខណៈដុំៗ។
ហេតុអ្វីត្រូវទៅជួបជាមួយគ្រូពេទ្យជំនាញ?
លោកស្រីវេជ្ជបណ្ឌិត ជូ ពិន ឯកទេសសម្ភព និងរោគស្ដ្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានទូន្មានថា ស្ដ្រីនៅលីវត្រូវយល់ដឹងចំពោះបញ្ហាធ្លាក់ស។ ឧទាហរណ៍ ការធ្លាក់សមានការរមាស់ ឬមានបញ្ហាដែលឆ្ងល់ អ្នកគួរទៅសួរគ្រូពេទ្យប្រសើរជាជាងទៅសួរមិត្ដភក្ដិ ឬបងប្អ្អូនដែលមិនមែនជាគ្រូពេទ្យ។ ឆាប់ដឹងជម្ងឺ គ្រូពេទ្យ អាចព្យាបាលបានទាន់ពេលវេលា ព្រោះថាអ្នកជម្ងឺខ្លះ គ្រាន់តែប្រើថ្នាំលេប ឬចាក់ទៅ អាចជាសះស្បើយ ដោយមិនចាំបាច់ធ្វើការវះកាត់ទេ។ គ្រូពេទ្យមានវិធីធ្វើ ឱ្យគាត់ឆាប់ជាឡើងវិញបាន។ ចំពោះស្ដ្រីដែលមានជម្ងឺ ហើយគាត់មិនបានទៅពិនិត្យព្យាបាលជាមួយគ្រូពេទ្យជំនាញ និងនៅមន្ទីរពេទ្យ (សម្រេចចិត្ដព្យាបាលខ្លួន ឯងដោយមិនត្រឹមត្រូវ) គាត់នឹងជួបផលវិបាកអាក្រក់ ដូចជាធ្លាក់សរមាស់ ជម្ងឺមហារីក ជម្ងឺទ្វារមាសរ៉ាំរៃជាដើម។ ចំពោះស្ដ្រី ដែលមានអាការចុកពោះ ពេលមិន មករដូវ ក៏ត្រូវទៅមន្ទីរពេទ្យដែរ។ ជួនកាលគាត់មានដុំដៃស្បូនរួចទៅហើយ តែគាត់មិនចាប់អារម្មណ៍ លុះពេលដុំនោះកាន់តែរីកធំ វាបង្កការចុកពោះកាន់តែខ្លាំង ទើបគាត់ទៅមន្ទីរពេទ្យ។ ដំណាក់កាលនោះ គ្រូពេទ្យពិបាកក្នុងការវះកាត់ណាស់។
ដំបូន្មានរបស់អ្នកជំនាញ
បងប្អូនស្ដ្រីទាំងឡាយ គួរចៀសវាងការប្រើថ្នាំដោយខ្លួនឯង។ គ្មានអ្វីប្រសើរជាងការទៅពិគ្រោះជម្ងឺជាមួយគ្រូពេទ្យទេ។ កាលណាយើងជួបពិគ្រោះជម្ងឺ ជាមួយពេទ្យ បានន័យថា គ្រូពេទ្យនោះ ទទួលខុសត្រូវក្នុងការព្យាបាលយើង។ ពីព្រោះថានៅមន្ទីរពេទ្យ មានកត់ត្រាទុកនូវកាលបរិច្ឆេទពិនិត្យ ឬពិគ្រោះជាមួយនឹង គ្រូពេទ្យណាម្នាក់យ៉ាងច្បាស់លាស់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦
Leave a Reply