ក្នុងទស្សនាវដ្ដី សុខភាពយើង កាលពីលេខមុន យើងខ្ញុំបានបង្ហាញជូនលោកអ្នកពីឧបករណ៍ឆ្លុះក្រពះដោយប្រើរូបភាពវីដេអូ។ ឥឡូវនេះ យើងខ្ញុំសូមលើកមកបង្ហាញជូនលោកអ្នកនូវឧបករណ៍ស្កែននែ និងឧបករណ៍អុីអ៊ែអ៊ឹម ដែលជាភាសាខ្មែរហៅថា ជាឧបករណ៍រូបភាពវេជ្ជសាស្ដ្រទំនើបដោយប្រើមាញ៉េទិក សម្លេង និងប្រូតុងអ៊ីដ្រូសែន។
ឧបករណ៍ស្កែននែ ដែលបង្កើតឡើងនៅក្នុងកំឡុងទសវត្សរ៍ទី៧០ និងដែលមានប្រភពចេញមកពីប្រទេសអង់គ្លេស បានមកដល់ ព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០០១។ រីឯឧបករណ៍អ៊ីអ៊ែរអ៊ឹម ដែលមានដើមកំណើតមកពីទ្វីបអ៊ឺរ៉ុប បានបង្កើតឡើងនៅក្នុងកំឡុងសតវត្សរ៍ ទី៩០ ហើយបានមកដល់មន្ទីរពេទ្យកាល់ម៉ែតនៅឆ្នាំ២០០៣។ ក្នុងការឆ្លុះពិនិត្យមួយលើក អ្នកជម្ងឺត្រូវចំណាយថវិការ៩០ដុល្លារ សម្រាប់ការ ពិនិត្យដោយឧបករណ៍ស្កែននែ និង១៦០ដុល្លាសម្រាប់ការពិនិត្យជាមួយនឹងឧបករណ៍អ៊ីអ៊ែរអ៊ឹម ។
តើឧបករណ៍ស្កែននែ និងអុីអ៊ែអ៊ឹម ជាអ្វី?
លោកវេជ្ជបណ្ឌិត ហង្ស ចន្ទ័វរៈ អ្នកជំនាញផ្នែកវិទ្យុសាស្ដ្រវេជ្ជសាស្ដ្រ នៃមន្ទីរពេទ្យកាល់ម៉ែត បានធ្វើការពន្យល់ថា ឧបករណ៍ ស្កែននែ គឺជាឧបករណ៍វេជ្ជសាស្ដ្រ ដែលប្រើសម្រាប់ឆ្លុះលើសព៌ាង្គកាយអ្នកជម្ងឺ ដើម្បីរករោគវិនិច្ឆ័យ ទីតាំង ទំហំ និងប្រភេទនៃជម្ងឺ ដូចជា ការកកដុំឈាមដែលបណ្ដាលមកពីការដាច់សរសៃឈាមក្នុងខួរក្បាល ស្លោកខួរក្បាលដែលចេញមកពីការស្ទះសរសៃឈាមក្នុងខួរក្បាល ជម្ងឺ ដុះសាច់ មហារីកខួរក្បាល សួត ក្រពះ ពោះវៀនធំ ថ្លើមជាដើម។ ឧបករណ៍នេះ ប្រើកាំរស្មីអ៊ិចបញ្ចាំងទៅលើសព៌ាង្គកាយអ្នកជម្ងឺ។ ពេលនោះ កាំរស្មីអ៊ិចជ្រាបឆ្លងកាត់រាងកាយ ហើយបង្ហាញជាទម្រង់រូបភាពជម្ងឺ នៅលើកញ្ចក់កុំព្យូទ័រ និងចេញជាហ្វីល សម្រាប់ឱ្យគ្រូពេទ្យ ពិនិត្យមើលនៅពេលក្រោយទៀត។ ចំពោះការឆ្លុះថត គេអាចធ្វើការឆ្លុះជាកំណាត់ៗ តាមបណ្ដោយសព៌ាង្គកាយអ្នកជម្ងឺ។ ការថតឆ្លុះនេះ ធ្វើ ឡើងក្នុងរយៈពេលត្រឹមតែពី២ ទៅ៣នាទីតែប៉ុណ្ណោះ។
ចំណែកឧបករណ៍អ៊ីអ៊ែរអ៊ឹម IRM (Imagerie par Résonance Magnétique) មានការប្រើប្រាស់ដូចឧបករណ៍ស្កែននែដែរ ប៉ុន្ដែឧបករណ៍នេះប្រើបច្ចេកវិទ្យាប្រូតុងអ៊ីដ្រូសែន។ គេអាចធ្វើការថតឆ្លុះបានច្រើនជ្រុង ដូចជាពុះបញ្ឈរ ផ្ដេក បណ្ដោយ និងទទឹង។ នៅ ពេលប្រតិបត្ដិការអ៊ីអ៊ែរអ៊ឹម ប្រើរយៈពេលពី២០ ទៅ ៤៥នាទី ឬអាចរហូតដល់ទៅ ១ម៉ោងកន្លះ។
សារប្រយោជន៍របស់ឧបករណ៍ស្កែននែ និងឧបករណ៍អ៊ីអ៊ែរអ៊ឹម សម្រាប់អ្នកជម្ងឺ
ឧករណ៍ស្កែននែ អាចឱ្យគ្រូពេទ្យរកឃើញប្រភេទជម្ងឺនានា នៅលើសព៌ាង្គកាយ ដែលគេមិនអាចវិភាគមើលឃើញដោយភ្នែក ទទេ។ ការឆ្លុះមើលជម្ងឺតាមវិធីទំនើបនេះ អាចធ្វើឱ្យគ្រូពេទ្យដឹងច្បាស់ពីទីតាំង និងទំហំនៃជម្ងឺ ហើយធ្វើការវះកាត់ និងព្យាបាលបានចំរោគ សញ្ញានៃជម្ងឺ។ វាធ្វើឱ្យចំណេញពេលវេលាក្នុងការព្យាបាល មានប្រសិទ្ធិភាព និងចៀសវាងការបង្កស្ថានភាពជម្ងឺឱ្យកាន់តែធ្ងន់ធ្ងរ។ ការពិនិត្យ មើលជម្ងឺនេះ កាន់តែមានភាពចាំបាច់ ចំពោះអ្នកជម្ងឺដែលត្រូវការការសង្គ្រោះបន្ទាន់ ដូចជាគ្រោះថ្នាក់ចរាចរណ៍ រងរបួសបាក់ដៃជើង ពិសេស ទាក់ទងនឹងលលាដ៏ក្បាល ដាច់សរសៃឈាម និងស្លោកឈាមក្នុងខួរក្បាល។
ដោយប្រើបច្ចេកវិទ្យាប្រូតុងអ៊ីដ្រូសែន និងអាចធ្វើការឆ្លុះសព៌ាង្គកាយបានជាច្រើនជ្រុង ឧបករណ៍អ៊ីអ៊ែរអ៊ឹម មានសមត្ថភាពថត ឆ្លុះរកឃើញរោគវិនិច្ឆ័យ ដូចជាឧបករណ៍ស្កែននែដែរ។ ប៉ុន្ដែឧបករណ៍នេះអាចរករោគវិនិច្ឆ័យបានច្បាស់ជាង ឧបករណ៍ស្កែននែ ទៅលើជម្ងឺខួរ ឆ្អឹងខ្នង ដែលបណ្ដាលឱ្យឈឺឆ្អឹងខ្នង និងឈឺចង្កេះ ដុំសាច់ដុះក្នុងខួរឆ្អឹងខ្នង ឬការលៀនចេញនៃទ្រនាប់ឆ្អឹងខ្នងដែល ទៅប៉ះនឹងគល់សរសៃ ប្រសាទបណ្ដាលឱ្យឈឺ ឫបណ្ដាលឱ្យខ្វិនជើង សរសៃឈាមត្បៀតក្នុងខួរក្បាល សន្លាក់ដៃ និងជើង ជាពិសេសគឺប្រព័ន្ធសរសៃប្រសាទ។
ផលប៉ះពាល់ខ្លះនៅពេលប្រើឧបករណ៍ទាំងពីរនេះ
ឧបករណ៍ស្កែននែ មិនអាចប្រើចំពោះស្ដ្រីមានផ្ទៃពោះបីខែដំបូងបានទេ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ទារកដែលនៅក្នុងផ្ទៃ។ វាអាចធ្វើឱ្យទារករលូត ឬប្រសូត មកមិនគ្រប់លក្ខណៈ ដែលអត្រាគ្រោះថ្នាក់មានដល់ទៅ៨០ភាគរយ។ ចំពោះកុមារ វាធ្វើឱ្យប៉ះពាល់ដល់ បរិវេណបំពង់ក ភ្នែក និងប្រដាប់បន្ដពូជ។ ប៉ុន្ដែផលវិបាកទាំងនេះ អាចបញ្ចៀសបានដោយការប្រើឧបករណ៍ សំណគ្របពីលើ។ ទោះមាន ឧបករណ៍ការពារនៅពេលឆ្លុះនេះក៏ដោយ គេមិនអាចឆ្លុះទៅលើបរិវេណផ្ទៃពោះរបស់ស្ដ្រីមានផ្ទៃពោះបានទេ។
ចំពោះឧបករណ៍អ៊ីអ៊ែរអ៊ឹម ផលវិបាកមានតែលើអ្នកជម្ងឺមួយចំនួនដែលមានផ្ទុកសារធាតុលោហៈនៅក្នុងខ្លួន ដូចជាអ្នកជម្ងឺដែល បានដាក់ឧបករណ៍សម្រួលចង្វាក់បេះដូងឱ្យដើរទៀងទាត់ និងអ្នកជម្ងឺធ្លាប់ដាច់សរសៃឈាមខួរក្បាល ហើយបានប្រើសារ ធាតុលោហៈ ដើម្បីគាបសរសៃកុំឱ្យឈាមហូរនៅពេលវះកាត់់ខួរក្បាល។ ដោយឧបករណ៍អ៊ីអ៊ែរអ៊ឹម មានកម្លាំងមេដែកឆក់ស្រូបអ្នកជម្ងឺដែល បានរៀបរាប់ខាងលើនេះ ប្រឈមមុខនឹងការខូចឧបករណ៍ដែលនៅក្នុងបេះដូង និងដាច់សរសៃឈាមខួរក្បាលម្ដងទៀត។
តើឧបករណ៍មួយណាផ្ដល់អត្ថប្រយោជន៍ច្រើនដល់អ្នកជម្ងឺ?
ឆ្លើយតបទៅនឹងសំណួរថាតើឧបករណ៍មួយណាដែលផ្ដល់អត្ថប្រយោជន៍ច្រើនជាងដល់អ្នកជម្ងឺ លោកវេជ្ជបណ្ឌិតរូបនេះបកស្រាយ ថាឧបករណ៍ទាំងនេះ មានសារៈសំខាន់សម្រាប់អ្នកជម្ងឺដូចគ្នា ព្រោះវាបំពេញកង្វះខាតឱ្យគ្នាទៅវិញទៅមក។ ជាការពិតណាស់ នៅខណៈ ដែលឧបករណ៍អ៊ីអ៊ែរអ៊ឹមឆ្លុះរករោគវិនិច្ឆ័យសម្រាប់បេះដូង និងសួតទទួលបានលទ្ឋផលមិនល្អ ដោយទទួលបានរូបភាពមិនច្បាស់ រីឯឧបករណ៍ ស្កែននែ បែរជាមានប្រសិទ្ឋិភាពវិញចំពោះផ្នែកនេះ។ ផ្ទុយទៅវិញ នៅពេលដែលឧបករណ៍ស្កែននែ អាចឆ្លុះពិនិត្យដោយទទួលផលមិនបាន ច្បាស់លាស់នូវរោគសញ្ញា ដូចជារបេងឆ្អឹងខ្នង និងរកទីតាំងសរសៃឈាមត្បៀតមិនឃើញ ឧបករណ៍អ៊ីអ៊ែរអ៊ឹមអាចឆ្លុះរកឃើញនូវជម្ងឺទាំង នេះ។ ជាទូទៅឧបករណ៍ស្កែននែ ប្រើសម្រាប់ជម្ងឺដែលត្រូវការសង្គ្រោះបន្ទាន់។ ចំណែកឯឧបករណ៍អ៊ីអ៊ែរអ៊ឹម គឺប្រើសម្រាប់អ្នកជម្ងឺរ៉ាំរ៉ៃ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦
Leave a Reply