ម៉ូដសម្លៀក​បំពាក់​​​ពេលចូលឆ្នាំ​​​ខ្មែរ២០០៦

ម៉ូដសម្លៀក​បំពាក់ខ្មែរ​មានច្រើនបែបច្រើនសណ្ឋាន ដែល​សមស្រប​ទៅតាម​ប្រពៃណី និងវប្បធម៌​ដ៏សម្បូរ​បែប​របស់ខ្មែរ។ បុរស​នារីខ្មែរគួរជ្រើសរើស​សម្លៀបំពាក់ ដែល​សក្ដិសម​នឹងខ្លួន មិនសិច​ស៊ី​​​ពេក មានលក្ខណៈ​សុភាព​រាបសា និងស្រប​តាម​ពិធី នីមួយៗ។ ព្រោះការ ចេះ​ប្រើប្រាស់​សម្លៀក​បំពាក់ មានសារៈ​សំខាន់​ក្នុងការ​ជួយលើក​កម្ពស់​កិត្ដិយស សេចក្ដី​ថ្លៃថ្នូរ និងសម្រស់​យើង បានមួយ​កម្រិតដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

បច្ចុប្បន្ន​នេះ សម្លៀក​បំពាក់​ខ្មែរ​មានម៉ូដ​ស្អាតៗ ប្លែកៗ ហើយមាន​កាន់តែ​ច្រើនឡើងៗ ដែលច្នៃ​ចេញពី​សូត្រ និងហូលខ្មែរ។ ការ​និយមម៉ូដ គឺគេ​និយម​ទៅតាម​ឆ្នាំ។ ចំពោះ​ឆ្នាំ២០០៦នេះ ប្រជាពលរដ្ឋខ្មែរ​ច្រើន​និយម​ម៉ូដសម្លៀក​បំពាក់ ដែលប្រើ​ជាមួយ​ផលិត ផល​បរទេស ដូចជា​កាប្រើ​ក្រណាត់​សារូ​លាយ​ជាមួយ​ក្រណាត់​សូត្រ ឬក្រណាត់​ប៉ាក់​ជាដើម។

សម្លៀក​បំពាក់នារី សម្រាប់​ពិធីផ្សេងៗ

សម្រាប់ពិធី​បុណ្យទាន ឬទៅវត្ត

បច្ចុប្បន្ននេះ ក្នុងឱកាស​បុណ្យទាន ឬទៅ​វត្ដក្ដី នារីខ្មែរ​ចូលចិត្ដ​ប្រើក្រណាត់​ហូល ឬសូត្រ​សម្រាប់​កាត់ជា​សំពត់។ ចំពោះអាវ គេច្រើន​ប្រើ​ក្រណាត់​ប៉ាក់ ព្រោះវា​មិនសូវ​ប្រឡាក់ និងមិន​ធ្វើឱ្យ​ហប់​ទ្រូងពេក ហើយយើង​ពានា​ជាមួយ​ក្រមាសូត្រ​មើល​ទៅសម។

ចំណែក​កអាវវិញ ពេលមាន​ពិធី​បុណ្យទាន ខ្មែរយើង​ច្រើនប្រើ​កអាវ ដែលតូច​មានលក្ខណៈ​ជិតមិន​វាល​ធំពេក​ទេ។ យើងគួរ ប្រើ​សម្លៀក​បំពាក់​បែប​បុរាណ​ឱ្យបាន​ច្រើន។ យើងអាច​ប្រើសម្លៀក​បំពាក់​ក្លាយ​បែបសម័យ​ក៏បាន ប៉ុន្ដែមាន​លក្ខណៈ​ជាខ្មែរ​សម័យ ឧទាហរណ៍ ក្រណាត់​ប៉ាក់ យើងកាត់​អាវកមូល​ជាម៉ូដ​បុរាណមែន ប៉ុន្ដែយើង​អាចច្នៃ ឱ្យទៅ​ជាម៉ូដ​សម័យ​បានដោយ​ថែមភ្លី ឬជីពជាយ ឬធ្វើជា​អំភាយ​នៅ ត្រង់ក ឬនៅចុង​ដៃអាវ​ពីលើ​ក្រណាត់​ប៉ាក់។ ធ្វើបែប​នេះ គឺដើម្បី​ឱ្យមាន​សម្រស់ថែម​មួយកម្រិត​ទៀត នៅពេល ទៅវត្ដ​យើងមាន​ពានាក្រមា​ថែមពី​លើទៀត​ទៅរិត​តែសក្ដិសម។

កអាវយើង​មានច្រើន​ម៉ូដ ដូចជា​មានកមូល កមូលខ្ទះ ខ្ទះស្ទើរ​មូល ស្ទើរខ្ទះ កខ្ទះចំ ឬកត្របុតត្រី​ជាដើម។ កអាវ​ទាំងនេះជា កអាវ​បែបខ្មែរ​តាំងពី​បុរាណមក ហើយងាយ​ស្រួលពាក់ ព្រោះវា​មានលក្ខណៈ​ជិតក​មិនសូវ​វាល​ជ្រៅពេក។ ប្រសិន​បើយើង​ធ្វើកជ្រៅ ពេកនាំ​ឱ្យពិបាក​នៅពេល​ឱនសំពះ​ព្រះសង្ឈ ហើយវា​មិនសមរម្យ​ទៅនឹង​ប្រពៃណីខ្មែរ​យើង​ផងដែរ។

ចំពោះ​នារី​នៅលីវ គាត់អាច​ប្រើរូត​អាវនៅ​ពីក្រោយ ជួនកាល​គាត់ប្រើ​អាវមាន​បិទឡេវ​ពីក្រោយ ប៉ុន្ដែយើង​ដាក់អ្វី​ឱ្យប្លែក ដូចជា​ណ្រាត់សារូ​ជីព​ជាម៉ូដ​បន្ថែម។ សម្រាប់​ដៃអាវ យើង​ជ្រើសរើស​យកដៃខ្លី ដៃក្លឹង ដៃត្រ័រកា ឬដៃបំពង់​ក៏បាន​ទៅតាម​ការចូល ចិត្ដ។ ជួនកាល​បងប្អូន​នារីពាក់​ទៅវត្ដអាវ​ដៃវែង គាត់ពិបាក​លើកសំពះ​ព្រះសង្ឈពេក គាត់កាត់​ត្រឹមដៃក្លឹង ឬដៃត្រ័រកា។

សម្រាប់​ពិធីបុណ្យ​ទាន គេច្រើន​ប្រើពណ៌​អាវតែ​ពីរពណ៌ទេ គឺពណ៌ស និងពណ៌ពង​មាន់ខ្ចី។ សំពត់ប្រើ​ពណ៌អ្វី​ក៏បាន ហើយ ប្រសិនបើ បងប្អូន​នារីអាច​ស្លៀកពាក់​បានតាម​ថ្ងៃទៀត​រឹតតែ​ប្រសើរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

សម្រាប់​ពិធីរាត្រី​សមោស ឬពិធី​អាពាហ៍ពិពាហ៍

ចំពោះពិធី​សមោស​ផ្សេងៗ បច្ចុប្បន្ននេះ​នារីខ្មែរ​ចូលចិត្ដ​ប្រើសំពត់​បត់ជីព​ភ្លីពីរ ឬបីជាម៉ូដ​សម័យថ្មី ដែលទើប​ច្នៃចេញ​ពីម៉ូដ ចាស់។ ចំពោះរ៉ូប​មិនសូវ​មានប្រើ​ច្រើនទេ ប្រសិន​បើមាន​ប្រើ គេច្រើន​តែនិយម​ម៉ូដចាប់​ភ្លីដោយ​ប្រើក្រណាត់​សូត្រលាយ​ជាមួយ ក្រណាត់​សារូ។ ចំពោះ ពិធី​អាពាហ៍ពិពាហ៍ យើងគួរ​ប្រើម៉ូដ​សម័យច្រើន​បន្ដិចនៅ​ពីលើអាវ​ប៉ាក់ ឬយើងអាច​ប្រើកអាវ​ដែលមាន​រាង វាលបន្ដិច ឬឆើតឆាយ​បន្ដិចដើម្បី ឱ្យទាន់​សម័យ ដោយយើង​ប្រើកអាវ ដូចជា​កមូលខ្ទះ ឬជ្រុងជីព​ភ្លីជ្រួញស្មា​ជាម៉ូដឱ្យ​ទាន់សម័យ បន្ដិច។

សម្លៀក​បំពាក់បុរស សម្រាប់​ពិធីផ្សេងៗ

ម៉ូដសម្លៀក​បំពាក់​សម្រាប់​បុរសគ្មាន​អ្វីប្លែកទេ មិន​ទាមទារ​នូវម៉ូដ​ច្រើនពេក​ទេ គឺប្រើអាវ​កឌុប ដៃឌុប កតាំង ឬកកុត។ ប៉ុន្ដែនៅ​ពេលមាន​កម្មវិធី​ផ្សេងៗ គេច្រើន​ប្រើម៉ូដ​បន្ដិចដែរ ដើម្បីឱ្យ​មើលទៅ​ឃើញ​ថ្លៃថ្នូរ។

ប្រសិនបើ​ជាម្ចាស់​កម្មវិធី ជាអ្នក​ទទួលភ្ញៀវ​គេច្រើន​ប្រើក្រណាត់​សូត្រ និងហូល​ជាការ​ល្អ ដើម្បីឱ្យ​មានទម្ងន់​សក្ដិសម​ជា ម្ចាស់​កម្មវិធី។ ម៉ូដអាវ​អាចប្រើ​អាវកឌុប ដៃឌុប ជួនកាល​អាវអាចារ្យ ខោអាចារ្យ ឬខោថ្នេរប្រាំ ឬខោបារាំង​ក៏បាន។ ការតែងខ្លួន បែបបុរាណ​ចំនោះ មើលទៅក៏​ស្អាតម្យ៉ាងដែរ។ បុរសៗ​ជួនកាល​គាត់និយម​ប្រើក្រណាត់​សូត្រលាត មិនសូវ​ប្រើក្រណាត់​ហូលទេ។ តែ បុរស​សម័យឥឡូវ​និយមបែប​សម័យជាង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការជ្រើសរើស​ពណ៌សម្លៀក​បំពាក់

ចំពោះអ្នក​ដែលមាន​សប្បុរខ្មៅ​ស្រអែម គួរជ្រើសរើស​ពណ៌ស្រស់ ដើម្បីឱ្យ​លើកសាច់​បានមួយ​កម្រិត។ បើប្រើ​ពណ៌ល្ងិត​នាំ ឱ្យគាត់​មានសប្បុរ​កាន់តែ​ស្រអាប់​ថែមទៀត។ ឧទាហរណ៍ ពណ៌ក្រហម យើងប្រើ​ពណ៌ឱ្យ​ក្រហម​ស្រស់​បន្ដិច តែមនុស្ស​វ័យរាង​ចាស់ មិនគួរ​ប្រើពណ៌​ស្រស់ពេក​ទេ។

ដំបូន្មាន​អ្នកជំនាញ

ប្រជាពលរដ្ឋខ្មែរ​ទាំងប្រុស​ទាំងស្រី គួរចេះ​រៀបចំ​ខ្លួនទៅ​តាម​កាលៈទេសៈ​ប្រើ។ ចូលកម្ម​វិធីសម័យ យើងស្លៀក​ពាក់បែប សម័យ។ ប៉ុន្ដែចំពោះ​កម្មវិធី​ប្រពៃណី យើងគួរ​ប្រើសម្លៀក​បំពាក់​បែប​ប្រពៃណី​ឱ្យច្រើន​ជាងសម័យ កុំគួរ​សិចស៊ី​វាលខ្នង​ពេក ឬកវាល ពេក។ ចំពោះពិធី រាត្រីសមោស​ផ្សេងៗ យើងត្រូវ​ប្រើរបៀប​សម័យ​បន្ដិច ប៉ុន្ដែ​មិនមែន​មានន័យថា​ស្លៀកខើច​លើខើច​ក្រោម​នោះទេ។ ចំពោះស្ដ្រី​នៅលីវ យើងត្រូវ​ជ្រើសរើស​ពណ៌ណា​ដែលស្រាល​មែនទែន ទើបជា​ការល្អ​បំផុត ដែលតំណាង​ឱ្យយើង​នៅបរិសុទ្ធ។ ឧទាហរ ណ៍ ពណ៌ស៊ីជំពូ យើង​ជ្រើសរើស​យកពណ៌​រាងខ្ចី​បែប​ផ្កាឈូក ពណ៌ទឹក​សមុទ្រខ្ចី ពណ៌បែប​នេះវាធ្វើឱ្យ​យើងមើល​ទៅនៅក្មេង។

បើយើង​ជ្រើសរើស​ពណ៌ទៅ​តាមវ័យ​យើងក៏មិន​កើតដែរ វានាំឱ្យ​មើលទៅ​ចាស់​ថែមទៀត។ យើងត្រូវ​ចេះជ្រើស​រើសពណ៌ ណា ដែលមើល​ទៅលើក​សាច់បន្ដិច នាំឱ្យយើង​ក្មេង​បន្ដិចដែរ។ ការចេះ​ច្នៃម៉ូដ ហើយចេះ​ជ្រើសរើស​ពណ៌សម្លៀក​បំពាក់ វានាំឱ្យ​យើង ក្មេងជាង​វ័យមួយ​កម្រិតដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *