សម្រាម គឺជាផ្នែកមួយនៃសំណល់រឹង ដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាពក្នុងទីក្រុងប៉ុណ្ណោះទេ ថែមទាំងអាចប៉ះពាល់ដល់សុខុមាលភាពសាធារណៈផងដែរ។ នៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន ទោះបីជាមានលក្ខណៈល្អប្រសើរច្រើន ជាងមុនទាក់ទិននឹងការគ្រប់គ្រង និងការប្រមូលសម្រាមក៏ដោយ ក៏នៅតែមានប្រជាពលរដ្ឋមួយចំនួន បានបោះសម្រាមចោលពាស វាលពាសកាល គ្មានសណ្ដាប់ធ្នាប់ ដោយមិនបានវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដែលបង្កឱ្យមានភាពកខ្វក់ និងការលំបាកដល់ការប្រមូល សម្រាម។ ប្រឈមមុខនឹងបញ្ហានេះ តើនរណាខ្លះត្រូវចូលរួមសហការ ដើម្បីរក្សាអនាម័យ និងសោភ័ណភាពនៅក្នុងទីក្រុង?
ឆ្លើយតបទៅនឹងសំណួរខាងលើនេះ លោក ចៅ ស៊ីមកុសល នាយកការិយាល័យរដ្ឋបាលនៃក្រុមហ៊ុនស៊ីនទ្រី ដែលជាក្រុម ហ៊ុនទទួលបន្ទុកពីសាលាក្រុង ក្នុងការប្រមូលសម្រាមក្នុងរាជធានីភ្នំពេញ បានបកស្រាយថា ដើម្បីថែរក្សាអនាម័យ និងសោភ័ណភាព ទីក្រុង ចាំបាច់ត្រូវមានការចូលរួមសកម្មភាពពីសាលាក្រុងភ្នំពេញ ក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានីភ្នំពេញ ក្រុមហ៊ុនដឹកជញ្ជូន សម្រាមស៊ីនទ្រី និងជាពិសេសការចូលរួមដោយផ្ទាល់ពីសំណាក់អាជ្ញាធរខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋតាមគេហដ្ឋានតែម្ដង ព្រោះ ប្រជាពលរដ្ឋជាអ្នកបញ្ចេញសម្រាម។
បញ្ហាដែលជួបប្រទះកន្លងមកនៅបន្ដកើតមាន
បញ្ហាដែលនៅតែកើតមានឡើង គឺប្រជាពលរដ្ឋមួយចំនួន នៅតែបោះចោលសម្រាមពាសវាលពាសកាលគ្មានការទទួលខុស ត្រូវ។ សម្រាមត្រូវបានបោះចោលក្រៅធុងរប៉ាត់រប៉ាយ និងមិនបានវេចខ្ចប់ឱ្យបានត្រឹមត្រូវ បណ្ដាលឱ្យរលួយមានក្លិនស្អុយ។ បញ្ហា មួយទៀត គឺពួកអ្នករើសអេតចាយ តែងតែរើកកាយសម្រាម ដើម្បីស្វែងរកសំណល់ដែលអាចលក់បានសម្រាប់ចិញ្ចឹមជីវិត។ សូម្បីតែ សម្រាមនៅក្នុងធុង ក៏ត្រូវពួកគេរើចេញដែរ។ ដូច្នេះការប្រមូលសម្រាម ត្រូវចំណាយពេលយូរជាងការកំណត់ ហើយបណ្ដាលឱ្យមាន ការយឺតយ៉ាវក្នុងការប្រមូលសម្រាមដទៃទៀត ដែលបន្សល់សម្រាមស្អុយរលួយ និងកកស្ទះតាមកន្លែងនីមួយៗជាបន្ដបន្ទាប់។
បញ្ហាសម្រាមនេះ ក្រុមហ៊ុនដឹកជញ្ជូនសម្រាមស៊ីនទ្រីក៏ទទួលសា្គល់ដែរថា ជួនកាលអាចមានភាពយឺតយ៉ាវក្នុងការដឹក ជញ្ជូនសម្រាម ដោយបណ្ដាលមកពីចរាចរណ៍ចង្អៀត ឬកកស្ទះ និងការជាប់ផុងរថយន្ដដឹកសម្រាម ជាពិសេសច្រើនកើតមានឡើងនៅ ខែវស្សា។
រួមគ្នាដើម្បីបរិស្ថានល្អ
អាជ្ញាធរខណ្ឌ និងសង្កាត់ ត្រូវចូលរួមយ៉ាងជិតស្និទ្ឋជាមួយប្រជាពលរដ្ឋ ដើម្បីយល់ដឹងពីពេលវេលាក្នុងការដាក់ និងប្រមូល សម្រាម ចៀសវាងការដាក់សម្រាមរយៈពេលយូរមុនការប្រមូល។ ប្រជាពលរដ្ឋត្រូវវេចខ្ចប់ឱ្យបានត្រឹមត្រូវ រួចដាក់នៅមុខផ្ទះរៀងៗ ខ្លួន ឬដាក់ក្នុងធុងសម្រាមដែលបានកំណត់។ ប្រជាពលរដ្ឋ ត្រូវមានស្មារតីភ្ញាក់រលឹកយល់ដឹងពីអនាម័យតាមលំនៅដ្ឋានរបស់ខ្លួន តាម ការសម្អាតសម្រាម និងដាក់សម្រាមតែនៅក្នុងធុង ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង និងសុខភាពខ្លួនផង ក៏ដូចជាមិនបង្កការយឺត យ៉ាវក្នុងការប្រមូលសម្រាម។ ទន្ទឹមគ្នានេះដែរ អាជ្ញាធរសង្កាត់ត្រូវជួយចាត់ធានការទប់ស្កាត់ កុំឱ្យក្រុមរើសអេតចាយរើកកាយ បង្ក ឱ្យសម្រាមខ្ចាត់ខ្ចាយតទៅទៀត។ ដោយឡែកបុគ្គលិករបស់ក្រុមហ៊ុនប្រមូលសម្រាម ក៏ត្រូវខិតខំបំពេញតួនាទី និងបង្កើនការ ប្រមែប្រមូលឱ្យបានទាន់ពេលវេលា ដោយសហការបានល្អជាមួយដៃគូពាក់ព័ន្ធផងដែរ។
វិធានការ និងដំណោះស្រាយឆ្ពោះទៅរកជោគជ័យ
ទោះបីកន្លងមកបញ្ហាសម្រាមនៅតែជាកង្វល់មួយក៏ដោយ យើងនៅតែមានសុទិដ្ឋិនិយមយ៉ាងខ្លាំង ក្នុងការកែប្រែអនាម័យ និងសោភ័ណភាពទីក្រុង ដោយសម្អាងទៅលើការចូលរួមពីគ្រប់មជ្ឈដ្ឋានដែលទាក់ទិន។ ក្នុងកិច្ចប្រឹងប្រែងដើម្បីថែរក្សាការពារ អនាម័យ និងបរិស្ថានក្នុងទីក្រុងឱ្យបានល្អ និងជម្រុញឱ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចូលរួមថែរក្សាការពារអនាម័យឱ្យកាន់តែប្រសើរនោះ សាលាក្រុងភ្នំពេញមានគម្រោងធ្វើការផាកពិន័យជាទឹកប្រាក់១០ម៉ឺនរៀល ដល់ប្រជាពលរដ្ឋណា ដែលចោលសម្រាមអាណាធិបតេយ្យ ខ្វះអនាម័យធ្វើឱ្យខូចសោភ័ណភាពទីក្រុង។ ទន្ទឹមគ្នានេះដែរ កាលពីដើមខែកុម្ភៈ ឆ្នាំ២០០៦នេះ សាលាក្រុងភ្នំពេញ និង ក្រសួងបរិស្ថាន បានធ្វើយុទ្ឋនាការអប់រំដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងពីការថែរក្សាអនាម័យ និងការវេចខ្ចប់សម្រាមដាក់ធុងឱ្យបាន ត្រឹមត្រូវ។
ដោយឡែកក្រុមហ៊ុនស៊ីនទ្រី ដែលជាអ្នកទទួលបន្ទុកពីសាលាក្រុងភ្នំពេញ ក្នុងការប្រមូលសម្រាម ក៏បានប្រាប់ឱ្យដឹងផង ដែរ ក្រុមហ៊ុនមានគម្រោងនឹងដាក់បន្ថែមនូវធុងសម្រាមតាមផ្លូវសាធារណៈ និងទីប្រជុំជនឱ្យបានគ្រប់គ្រាន់ និងអប់រំជម្រុញប្រជាពល រដ្ឋឱ្យចេះធ្វើការបែងចែកសម្រាម ដើម្បីយកសម្រាមទៅធ្វើការកែច្នៃ។ បច្ចុប្បន្នក្រុមហ៊ុនស៊ីនទ្រី កំពុងប្រើប្រាស់នូវរថយន្ដចំនួន៨០ គ្រឿង ដើម្បីប្រមូលនូវសម្រាមចំនួនពី៩០០ ទៅ១០០០តោនក្នុងមួយថ្ងៃ ពីខណ្ឌទាំង៧ នៃរាជធានីភ្នំពេញ ទៅចាក់ចោលនៅកន្លែង ចាក់សម្រាមតំបន់ស្ទឹងមានជ័យ។ លោក ចៅ ស៊ីមកុសល បានឱ្យដឹងថា ប្រជាពលរដ្ឋណាដែលមិនសប្បាយចិត្ដនឹងបញ្ហាសម្រាមនេះ អាចលើកបញ្ហាទាំងនេះ ទៅដល់អ្នកតំណាងស៊ីនទ្រី ដែលមាននៅគ្រប់ខណ្ឌ និងសង្កាត់ដើម្បីធ្វើការដោះស្រាយ។ ដូច្នេះ ជាមួយនឹង ការអប់រំជាបណ្ដើរៗ ដោយមានការផាកវិន័យ ការពង្រឹងសមត្ថភាពដឹកជញ្ជូនសម្រាមរបស់ក្រុមហ៊ុនស៊ីនទ្រី ព្រមទាំងកិច្ចសហការ របស់ប្រជាពលរដ្ឋទាំងអស់ នាពេលអនាគត យើងពិតជាអាចរក្សាអនាម័យ បរិស្ថានបានស្អាត និងលើកសោភ័ណភាពទីក្រុងយើងបាន ជាក់ជាមិនខាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply