សកម្មភាពផ្លូវកាយ ដូចជាហាត់ប្រាណ លេងកីឡាជាដើម ដែលមានរយៈពេលកន្លះម៉ោងជារៀងរាល់ថ្ងៃ ជួយកាត់បន្ថយគ្រោះថ្នាក់បង្កដុំសាច់មហារីក ជាពិសេសពួកមហារីកពោះវៀនធំ និងមហារីកសុដន់។ ផ្ទុយទៅវិញ ការឡើងទម្ងន់ និងការធាត់កន្ដ្រល នាំឱ្យកើត ជម្ងឺមហារីក។ ដូច្នេះ អាវុធដ៏សក្ដិសិទ្ធប្រឆាំងនឹងជម្ងឺមហារីក ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោកអ្នក។ តើលោកអ្នកគិតយ៉ាងណា?
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរមួយចំនួនមានការទទួលទានគ្រប់គ្រាន់ ដូចដែលធ្លាប់ឮពាក្យលេងសើចបែបបន្ដុះបង្អាប់ថា “ កាលពី ជំនាន់ប៉ុលពត យើងស្លាប់ដោយអត់ឃ្លាន តែជំនាន់នេះយើងស្លាប់ដោយស៊ីច្រើន ”។ យ៉ាងណាម៉ិញ សព្វថ្ងៃមានប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ ទេ ចាប់ផ្ដើមធាត់ទ្រលុកទ្រលន់ និងធាត់កន្ដ្រល។ ការស្រាវជ្រាវបានឱ្យដឹងថា ការលើសទម្ងន់ និងធាត់ ជាដើមចមនៃជម្ងឺបេះដូងសរសៃ ឈាម និងជម្ងឺទឹកនោមផ្អែម។ បើតាមការអង្កេតស្រាវជ្រាវថ្មីៗ ដែលធ្វើឡើងនៅអឺរ៉ុបឈ្មោះអេពិច បានបង្ហាញដែរថា ការលើសទម្ងន់ និង ធាត់អាចបង្កការកើតមានជម្ងឺមហារីកដែរ។
សកម្មភាពផ្លូវកាយបង្ការជម្ងឺមហារីក
ជាច្រើនឆ្នាំមកហើយ អ្នកស្រាវជ្រាវមានការសង្ស័យថាសកម្មភាពផ្លូវកាយ និងការបង្ការជម្ងឺមហារីក មានទំនាក់ទំនងរវាងគ្នា។ ក្នុងឱកាសសន្និបាតអឺរ៉ុបស្ដីពីជម្ងឺមហារីក អឺរ៉ូមហារីក ប្រារព្វធ្វើឡើងកាលពីខែមិថុនា ឆ្នាំ២០០៥ លោកស្រីវេជ្ជបណ្ឌិត គ្រីស្ទីន ហ្វ្រាយឌែនរិច បានប្រមូលផ្ដុំទិន្នន័យអង្កេតអេពីដេមីសាស្ដ្រនួន។ លោកស្រីបានធ្វើការសន្និដ្ឋានរួមថា អ្នកលេងកីឡាចៀសផុតជម្ងឺមហារីកពោះវៀនធំ និង មហារីកសុដន់មកកម្រិតទាប ហើយកីឡាក៏អាចកាត់បន្ថយជម្ងឺមហារីកប្រូស្ដាត មហារីកសួត និងមហារីកស្បូនបានដែរ។ ស្របគ្នាផងដែរ ការលើសទម្ងន់អាចបង្កការកើនឡើងគ្រោះថ្នាក់មហារីកពោះវៀនធំ មហារីកសុដន់ចំពោះស្ដ្រីអស់រដូវ មហារីកស្បូន មហារីកតម្រង់នោម និងមហារីកបំពង់ក។
ការស្រាវជ្រាវជាច្រើនផ្ដោតទៅលើសកម្មភាពផ្លូវកាយរបស់អ្នកជម្ងឺមហារីក ហើយត្រូវបានយកចិត្ដទុកដាក់ជាឃ្លាំង។ ការស្រាវ ជ្រាវអេពិច ដែលធ្វើទៅលើជនជាតិអឺរ៉ុបអាយុពី៣៥ ទៅ៧០ឆ្នាំ ប្រមាណជាជាង៥ម៉ឺននាក់ ដែលមានសុខភាពល្អ បានធ្វើឡើងក្នុងរយៈពេល ៧ឆ្នាំ ទៅលើចំណុចសំខាន់ជាច្រើន ដែលមានសកម្មភាពផ្លូវកាយផងដែរ។ ការប្រៀបធៀបទម្លាប់របស់អ្នកជម្ងឺ ដែលមានជម្ងឺមហារីក និង អ្នកជម្ងឺដែលគ្មានជម្ងឺមហារីក បានទទួលលទ្ធផលគួរឱ្យភ្ញាក់ផ្អើល។
ការស្រាវជ្រាវបំភ្លឺការបង្ការជម្ងឺមហារីក
លោកអ្នកគួរជ្រើសរើសសកម្មភាពផ្លូវកាយ ប្រើកម្លាំងកាយល្មម ដូចជាការដើរលឿន ជិះកង់ ឡើងចុះជណ្ដើរដោយជើង ការហាត់ កាយសម្ព័ន្ធជាដើម ឱ្យបានក្នុង១ថ្ងៃ៣០នាទី ហើយ៥ដងក្នុង១សបា្ដហ៍រឹតតែប្រសើរ។ ស្ដ្រី និងបុរសត្រូវរក្សាកម្រិតម៉ាសខ្លួន ឱ្យនៅកម្រិតទាប ជាង២៥ ទោះបីពេលអស់រដូវហើយក្ដី។ តាមអង្កេតនៅអឺរ៉ុបដោយឡែកមួយធ្វើនៅឆ្នាំ២០០៣ ទៅលើរបបចំណីអាហារដែលបរិភោគ។ អ្នក ដែលបរិភោគផ្លែឈើ និងបន្លែស្រស់ច្រើន ហើយសារធាតុអាហារផ្សេងទៀតបរិភោគតិចតួចបំផុត ដូចជាសាច់សត្វ សាច់ផាកឡូវ ជាតិស្ករ ខ្លាញ់សត្វ និងស៊ុតសត្វជាដើម អ្នកទាំងនោះអាចកាត់បន្ថយជម្ងឺមហារីកផ្លូវរំលាយអាហារ (ជាពិសេសពោះវៀនធំ បំពង់អាហារ និងក្រពះ) រហូតដល់ទៅ៣០%ឯណោះ។
រហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានការពន្យល់លម្អិត ចំពោះអត្ថប្រយោជន៍នៃសកម្មភាពផ្លូវកាយ និងរបបអាហារនៅឡើយ ទេ។ ប៉ុន្ដែមានការសន្និដ្ឋានជាច្រើនបានលើកឡើងថា ប្រហែលជាមកពីកត្ដាបម្រែបម្រួលអ័រម៉ូន(អ័រម៉ូនផ្លូវភេទ អ័រម៉ូនមេតាបូលីស)ការប្រែ ប្រួលនៃកត្ដាធំលូតលាស់ ឬការផ្លាស់ប្ដូរមុខងារប្រព័ន្ធការពារសព៌ាង្គកាយ។ សព្វថ្ងៃនេះ នៅមានការអង្កេតស្រាវជ្រាវដ៏ទៃទៀត កំពុងដាក់ ដំណើរការ ដើម្បីរកឱ្យឃើញថាសកម្មភាពផ្លូវកាយជួយបង្កើនប្រសិទ្ធិភាពលើការព្យាបាលជម្ងឺមហារីកដែរ ឬទេ។
លេងកីឡារឹតតែច្រើន ជម្ងឺមហារីកកាន់តែថយចុះ
ទំនាក់ទំនងរវាងសកម្មភាពផ្លូវកាយ និងជម្ងឺមហារីក ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយ គួរឱ្យកត់សម្គាល់។ ជារួមសកម្ម ភាពផ្លូវកាយ ទោះបីក្នុងរូបភាពជីវភាពរស់នៅ សកម្មភាពប្រកបមុខរបរ វិជ្ជាជីវៈ ការកំសាន្ដសប្បាយ និងសកម្មភាពផ្សេងៗនៅផ្ទះជាដើមក្ដី សុទ្ធតែអាចជួយកាត់បន្ថយការកើតជម្ងឺមហារីកបានយ៉ាងច្រើន ជាពិសេសជម្ងឺមហារីកពោះវៀនធំ និងជម្ងឺមហារីកសុដន់។ តាមការឱ្យដឹង របស់លោកសាស្ដ្រាចារ្យ មីសែល ប័ររ៉ុង ជានាយកស្ថាបនិកអ៊ឺរ៉ូមហារីក បានបង្ហាញថាក្នុង១ឆ្នាំ ជម្ងឺមហារីកពោះវៀនធំកើតលើមនុស្ស ប្រមាណជា ៣៦០០០នាក់ រីឯជម្ងឺមហារីកសុដន់កើតលើស្ដ្រីជាង ៤០០០០នាក់។
រីឯការអង្កេតអេពិចបានបង្ហាញថា អ្នកដែលមានសកម្មភាពផ្លូវកាយយ៉ាងសកម្មបំផុតនោះ អាចជួយកាត់បន្ថយជម្ងឺមហារីកពោះ វៀនធំ បានដល់ទៅប្រមាណជា២០%។ ផ្ទុយទៅវិញ ទំហំចង្កេះធំ (ក្បាលពោះធំ) អាចបង្កើនការកើតជម្ងឺមហារីកដល់ទៅ៤០% ករណីនេះ ច្រើនតែកើតលើបុរស។
ស្ដ្រីដែលឧស្សាហ៍មានសកម្មភាពផ្លូវកាយសកម្ម អាចកាត់បន្ថយការកើតជម្ងឺមហារីកសុដន់ដល់ទៅ៣០% ច្រើនជាងស្ដ្រីមិនប្រើ កម្លាំងពលកម្ម។ ផ្ទុយទៅវិញ ការធាត់កន្ដ្រលពេលអស់រដូវ អាចបង្កើនការកើតជម្ងឺមហារីកដល់ទៅជាង៣០%ឯណោះ។
អ្នកស្រាវជ្រាវហាក់ដូចជាមានការលំបាកក្នុងការកាត់ផ្ដាច់សកម្មភាពផ្លូវកាយ និងការលើសទម្ងន់។ ព្រោះថាការលេងកីឡា អាច ជួយទប់ស្កាត់ការឡើងទម្ងន់ ដែលជាគីឡូដែលលើស។ ដូច្នេះ លេងកីឡាអាចឱ្យមានទម្ងន់ខ្លួនថេរ និងចៀសផុតពីជម្ងឺមហារីកមួយចំនួន។ នេះ មិនមែនចង់ និយាយថា មនុស្សស្គមមិនមានបញ្ហាអ្វីកើតឡើងនោះទេ។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply